នៅថ្ងៃច័ន្ទ ទី១២ កញ្ញា សហគមន៍ក្រីក្រចំនួន ៥០ នៅទីក្រុងភ្នំពេញ ចូលរួមវេទិកាទាក់ទងនឹងការរំលោភសិទ្ធិដីធ្លី។ នៅក្នុងវេទិកានោះ តំណាងសហគមន៍ចូលរួមជជែកពិភាក្សា និងលើកឡើងពីបញ្ហាផ្សេងៗទាក់ទងនឹងការរំលោភដីធ្លីដែលពួកគាត់កំពុងជួបប្រទះ ក្រោមក្តីសង្ឃឹមថា ការព្រួយបារម្ភរបស់គាត់ នឹងមានគេជួយដឹងឮ ហើយជួយរកដំណោះស្រាយសមស្របសម្រាប់ពួកគាត់។
វេទិកាស្ដីពី "សេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រ" ត្រូវបានរៀបចំឡើងដោយសមាគមធាងត្នោត ដើម្បីផ្តល់ឱកាសឲ្យតំណាងសហគមន៍ដែលរងផលប៉ះពាល់ដោយការរំលោភសិទ្ធិដីធ្លី បានចូលទៅបង្ហាញពីទុក្ខលំបាករបស់ពួកគាត់ និងស្វែងរកដំណោះស្រាយជាមួយសង្គមស៊ីវិល៖ « ពួកខ្ញុំនៅជ្រោយចង្វារ សាលាក្រុងកាត់យកដីដែលពួកខ្ញុំកាន់កាប់ម្ភៃសាមសិបឆ្នាំមកហើយ ប្រគល់មកឲ្យពួកខ្ញុំម្ចាស់ដីវិញ ១០ភាគរយនៃទំហំដីដែលពួកខ្ញុំកាន់កាប់។ នេះប្រសិនបើពួកខ្ញុំយកដី ប្រសិនបើពួកខ្ញុំយកលុយវិញ គេឲ្យ ១៥ដុល្លារ ( អាមេរិក ) ក្នុងមួយការ៉េ ឬតម្លៃទិញប៉ុណ្ណា គេឲ្យប៉ុននោះវិញ។ តើមានសមធម៌ក្នុងសង្គម មានតម្លាភាពដែរឬអត់ ? ឥឡូវនេះពួកខ្ញុំកំពុងតែក្តៅ គេមកឈូសឆាយបំពានលើដីលំនៅឋាន ដីស្រែ ដីចម្ការ » ។
នេះជាការលើកឡើងពីបញ្ហាដីធ្លីដោយតំណាងសហគមន៍ជ្រោយចង្វារ លោក ជា សុផាត ទៅកាន់វេទិកាដែលមានអ្នកចូលរួមជាង ១៣០នាក់។ តំណាងមកពីសហគមន៍ក្រីក្រ ៥០ នៅក្នុងទីក្រុងភ្នំពេញ ដាក់វេនគ្នាចាប់ក្បាលមេក្រូចែករំលែកពីការព្រួយបារម្ភជុំវិញរឿងរំលោភសិទ្ធិដីធ្លី ឬលើកជាសំណួរទៅកាន់វេទិកា។
ស្ថិតនៅក្នុងសម្លៀកបំពាក់ខ្មៅមួយឈុត តំណាងឲ្យការចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ លោក អំ សំអាត អង្គុយទន្ទឹមគ្នានឹងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង និងអគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលកំពុងស្ថិតក្នុងឈុតខ្មៅដូចគ្នា។ លោកទាំងបីជាតំណាងសង្គមស៊ីវិល ដែលវេទិកាអញ្ជើញមកធ្វើវាគ្មិន ដើម្បីចូលរួមស្តាប់ការព្រួយបារម្ភរបស់សហគមន៍ក្រីក្រ ៥០ នោះ និងឆ្លើយសំណួររបស់ពួកគាត់។
ចំណុចសំខាន់ៗត្រូវបានលើកយកមកពិភាក្សា មានដូចជា ការបង្ក្រាបរបស់អាជ្ញាធរទៅលើការប្រមូលផ្តុំតវ៉ាដីធ្លីរបស់សហគមន៍ ការចាប់សកម្មជនដីធ្លី និងការចោទប្រកាន់ការប្រមូលផ្តុំតវ៉ាថាជាចេតនាចង់ធ្វើបដិវត្តន៍ពណ៌ ដោយមានការញុះញង់ពីគណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល។
ចំពោះបញ្ហានេះ លោក អំ សំអាត បកស្រាយទៅកាន់អ្នកចូលរួមថា អ្វីដែលជំរុញឲ្យប្រជាជនទៅធ្វើបាតុកម្មតវ៉ាដីធ្លី គឺមិនមែនការអុចអាលពីសង្គមស៊ីវិលឡើយ តែគឺការអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទៅវិញទេ៖ « បើគាត់ ( រដ្ឋាភិបាល ) ដោះស្រាយទៅ សួរថាបងប្អូន ( ប្រជាជន ) សុខចិត្តទៅធ្វើបាតុកម្មឈរហាលក្តៅអត់បាយអត់ទឹក ? សួរថាសុខចិត្តទេ ? បើគេដោះស្រាយឲ្យ ( ប្រជាជនស្រែកអត់ ) ការចោទនេះគឺខុសតែម្តង ដោយសារកំហុសខ្លួនឯងមិនព្រមដោះស្រាយ។ ចង់បិទបាំងកំហុស បែរជាចោទប្រកាន់គេ លាបពណ៌នេះ លាបពណ៌នោះ។ ចង់ធ្វើបដិវត្តន៍ពណ៌ ប៉ុន្តែការពិត គឺដោយសារខ្លួនឯងដោះស្រាយបញ្ហាឲ្យគេមិនចេញ » ។
ក្រៅពីការសិក្សាទៅលើបញ្ហា វេទិកាក៏ជជែកទៅលើដំណោះស្រាយផ្សេងៗផងដែរ។ លោក ប៉ា ងួនទៀង អំពាវនាវឲ្យមានការសហការគ្នាពីប្រជាជន ជៀសវាងការមិនអើពើធ្វើមិនដឹងធ្វើមិនឮ។ លោកថា ការបែរខ្នងទៅកាន់អំពើអយុត្តិធម៌ គឺប្រៀបដូចការគាំទ្រអំពើអយុត្តិធម៌ដែរ៖ « បងប្អូន ( ប្រជាពលរដ្ឋ ) ត្រូវចាំថា ពេលដែលសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី ចាប់ផ្ដើមតវ៉ា ចាប់ផ្ដើមបញ្ចេញមតិ ហើយពួកយើងនេះអត់ចូលរួមគាំទ្រទេ បានន័យថាយើងគាំទ្រអ្នកដែលរំលោភ។ យើងនៅស្ងៀមមិនមែនមានន័យថាយើងអព្យាក្រឹត្យទេ។ កាលណាយើងអត់បញ្ចេញមតិ យើងអត់ចូលរួមគាំទ្រ បានន័យថាយើងគាំទ្រអ្នកដែលរំលោភគេ។ បើយើងមិនចូលរួមពន្លត់ផ្ទះគេកំពុងតែឆេះទេ បានន័យថាយើងគាំទ្រអ្នកដែលដុតផ្ទះគេហើយ។ អ៊ីចឹងយើងកុំប្រព្រឹត្តអំពើបែបហ្នឹង » ។
លោក ថេង សាវឿង បានប្រៀបធៀបការរំលោភសិទ្ធិដីធ្លីប្រជាពលរដ្ឋទៅនឹងជំងឺមហារីកសង្គម ដែលកំពុងរាតត្បាតប៉ះពាល់ទៅមនុស្សគ្រប់គ្នា ទោះបីជាប្រជាជនកំពុងគិតថាបញ្ហាដីធ្លីនេះមិនប៉ះពាល់ដល់ខ្លួនក៏ដោយ។ អ្វីដែលប្រជាជនគ្រប់រូបអាចជួយបាន គឺការចែករំលែកព័ត៌មាន និងមតិ ទោះបីជាមានការគាបសង្កត់បំបិទសំឡេងទាំងនេះក្តី៖ « ភាពអយុត្តិធម៌សង្គមចេះតែកើនឡើង ដូច្នេះយើងត្រូវចងក្រងគ្នាជាបណ្ដាញ ហើយចែករំលែក ( ព័ត៌មាន ) ។ ឥឡូវកាន់តែងាយស្រួល គឺយើងមានបណ្ដាញសង្គម។ នាំគ្នាចែករំលែកវា ហើយនាំគ្នានិយាយ ហើយផ្សព្វផ្សាយពីបញ្ហាទាំងអស់ហ្នឹង។ សេរីភាពនៃការបញ្ចេញមតិនៅពេលគេកាន់តែរឹតត្បិត យើងត្រូវតែកាន់តែរឹងមាំ ហើយកាន់តែខ្លាំង » ។
នៅក្នុងវេទិការបស់សហគមន៍នេះ ក៏មានការចែករំលែកបទពិសោធន៍ផ្ទាល់ពីតំណាងសហគមន៍ដែលបានទទួលជោគជ័យក្នុងការតវ៉ាកន្លងមកផងដែរ ដូចជាតំណាងសហគមន៍បឹងកក់ អ្នកស្រី បូវ សោភា។ អ្នកស្រីអំពាវនាវឲ្យសហគមន៍មានការតស៊ូក្នុងការតវ៉ា ទោះបីជាត្រូវបានគេចាប់ចងដាក់គុកដូចអ្នកស្រីក៏ដោយ ព្រោះទីបំផុត លទ្ធផលនឹងចេញរូបរាងដូចករណីបឹងកក់ដែរ ដែលប្រជាពលរដ្ឋ ៦ពាន់គ្រួសារទាមទារទទួលប្លង់កម្មសិទ្ធិ នៅសល់តែ ១៩គ្រួសារប៉ុណ្ណោះដែលមិនទាន់បានប្លង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។