ជម្លោះផ្លូវលំកាត់ភូមិកែវកាំភ្លើង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ រវាងអ្នកភូមិដែលប្រើប្រាស់ផ្លូវនោះជាមួយគ្រួសារមួយ ដែលបិទផ្លូវយកជាកម្មសិទ្ធិ បានកើតឡើងតាំងពីអំឡុងខែកក្កដា ប៉ុន្តែអាជ្ញាធរភូមិឃុំ មិនអាចដោះស្រាយរួច ទើបអ្នកភូមិប្ដឹងទៅសាលាស្រុកឲ្យដោះស្រាយបន្ត។
ស្ត្រីឈ្មោះ សំអាន រស់នៅភូមិកែវកាំភ្លើង ឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ថា ផ្លូវលំក្បាល ៤ម៉ែត្រ បណ្តោយជាង ៣០ម៉ែត្រ ដែលអ្នកស្រុកប្រើប្រាស់ផ្លូវនោះ ត្រូវគ្រួសារ លោក រាំង ដូ និងលោកស្រី ម៉ម យម បិទយកជាកម្មសិទ្ធិឯកជន។ អ្នកភូមិបានប្ដឹងទៅអាជ្ញាធរភូមិកែវកាំភ្លើង និងអាជ្ញាធរឃុំព្រៃខ្លា តាំងពីថ្ងៃទី១៩ ខែកក្កដា។ អាជ្ញាធរទាំងពីរថ្នាក់មិនអាចដោះស្រាយបាន ដោយអ្នកបិទផ្លូវមិនព្រមបើកផ្លូវ ហើយបង្វែរឲ្យពួកគាត់ទៅដើរកាត់ផ្លូវភូមិផ្សេងវិញ៖ «ប្រជាជននៅដើរហ្នឹងទូទៅ ឥឡូវដល់គាត់បិទជិតអ៊ីចឹងទៅ អត់មានផ្លូវដើរ ឆ្លងទៅឆ្លងឡើង បិទជាប់ទាំងខ្ញុំអីទាំងអស់គ្នារលីងអ៊ីចឹងទៅ។ កំពុងតែដើរគេបិទអ៊ីចឹង ខ្ញុំមិនដឹងដែរ មិនដឹងមូលហេតុអី។ ខ្ញុំប្រាប់បងប្អូនអ្នកស្រុក ដែលគាត់ធ្លាប់ដើរច្រកនេះ ហើយអត់ដឹងដែរហ្នឹង»។
លោក ឈួក ភឿន អ្នករស់នៅជាប់ដី លោក រាំង ដូ និងលោកស្រី ម៉ម យម អះអាងថា ក្រៅពីបិទផ្លូវលំក្នុងភូមិ គ្រួសារនោះបានកាប់ដីជាប់របងគាត់យ៉ាងជ្រៅ ធ្វើឲ្យដីភូមិគាត់ហូរធ្លាក់ទៅក្នុងដី លោក រាំង ដូ ថែមទៀត។ លោកបន្តថា លោក រាំង ដូ ត្រូវជាសាច់ញាតិ លោកមិនតបត តែលោករង់ចាំមើលការដោះស្រាយបើកផ្លូវរបស់អាជ្ញាធរស្រុកកោះអណ្ដែត មកដល់ គាត់នឹងបង្ហាញពីកំហុសគ្រួសារ លោក រាំង ដូ កាប់បង្ហូរយកដីគាត់ដែរ៖ «គេជីកផ្តាច់ផ្លូវ មកដល់ឥឡូវកំពុងបាក់ដីរាល់ថ្ងៃ។ ខ្ញុំដឹកអីចេញក៏មិនបាន ប៉ិនខ្ញុំមិនទាន់និយាយ មិនទាន់អី ហើយទៅនិយាយក្តីក្ដាំគ្នាដល់ឃុំដល់ហើយ គេថាទុកឲ្យខ្ញុំ ៤ម៉ែត្រ អ៊ីចឹងហើយផ្ដិតមេដៃទាំងសងខាងអីហើយ ស្រាប់តែគាត់ទីជាមិនធ្វើអី។ ពិបាកណាស់ គាត់និយាយត្រឡប់ត្រឡិន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពី លោក រាំង ដូ និងលោកស្រី ម៉ម យម បានភ្លាមទេ នៅថ្ងៃ២៤ ខែវិច្ឆិកា។
ប៉ុន្តែ មេភូមិកែវកាំភ្លើង លោក ធឿង ទ្រី ពន្យល់ថា ផ្លូវលំដែលបិទ គឺផ្លូវសម្រាប់ដើរចូលទៅក្នុងផ្ទះអ្នកភូមិ ៤ ទៅ ៥គ្រួសារ រស់នៅក្រោយដី លោក រាំង ដូ។ លោកថា ផ្លូវលំនោះមិនមែនមនុស្សទាំងភូមិដើរកាត់ផ្លូវនោះទេ។ លោកថា លោក រាំង ដូ បិទផ្លូវនោះមែន តែបើកផ្លូវផ្សេងឲ្យគេដើរដែរ តែអ្នកដើរគេមិនព្រម។ លោកថា អាជ្ញាធរភូមិ និងឃុំ ចុះសម្របសម្រួលរឿងនោះច្រើនដង ប៉ុន្តែដើមចោទ និងចុងចោទមិនយល់ព្រម ទើបអាជ្ញាធរមូលដ្ឋានបញ្ជូនសំណុំរឿងទៅអាជ្ញាធរស្រុក សុំដោះស្រាយបន្ត៖ «តាមការដែលយើងជាអាជ្ញាធរសម្រុះសម្រួលទៅ វាមានការរឹងត្អឹងទាំងសងខាង គឺវាពិបាកណាស់ ដឹងនិយាយថាយ៉ាងម៉េច។ ដល់យើងសម្រួលថាទេ ឥឡូវអនុគ្រោះឲ្យម្ចាស់ដីគេទៅ ព្រោះថាគេបិទច្រកហ្នឹងមួយគេ អ៊ីចឹងគេទុកឲ្យច្រកខាងនេះ អ៊ីចឹងយើងគ្រាន់តែអ្នកឆ្លងហ្នឹង យើងឆ្លងតាមហ្នឹងទៅ យើងកុំទៅប៉ះពាល់ ឬក៏ថាទៅប្ដឹងផ្តល់នាំទំនាស់អី យើងមិនព្រម»។
អភិបាលរងស្រុកកោះអណ្ដែត លោក ផេង ឈុន ថ្លែងថា បញ្ហាបិទផ្លូវលំនៅភូមិកែវកាំភ្លើង ឃុំព្រៃខ្លា លោកបានចុះអង្កេតរួចរាល់ហើយ។ នៅថ្ងៃទី២៧ ខែវិច្ឆិកា លោកនឹងដោះស្រាយបញ្ចប់មិនឲ្យរឿងនោះបញ្ជូនទៅសាលាខេត្តទេ។ អាជ្ញាធរបានបញ្ជាឲ្យ លោក រាំង ដូ ជាអ្នកបិទផ្លូវ ត្រូវធ្វើសម្បទានដីផ្លូវមកវិញ បើមិនយល់ព្រម នឹងអនុវត្តតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
