តំណាងប្រជាពលរដ្ឋ ២៤គ្រួសារដែលតុលាការខេត្តព្រះសីហនុ ចុះអនុវត្តដីកាសម្រេចរក្សាការពាររុះរើខ្ទម ឬរោងប្រក់កៅស៊ូសម្រាប់ជ្រក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ បន្តដង្ហោយរកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ នៅគ្រាទំនាស់នេះបានអូសពេលតាំងពីឆ្នាំ១៩៩៦ រហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយ។
ទោះយ៉ាងណា ភាគីទំនាស់ម្ខាងទៀតដែលមានងារជាឧកញ៉ា និងជាឈ្មួញមានទ្រព្យធន បានអះអាងថា ទីតាំងដីដែលប្រជាពលរដ្ឋទាំង ២៤គ្រួសារតវ៉ាទាមទារនេះ ពួកគេមានប្លង់កម្មសិទ្ធិតាំងពីឆ្នាំ២០០៨ និងបានបង់ពន្ធដីជូនរដ្ឋរាល់ឆ្នាំ។
ការទន្ទឹងរង់ចាំយុត្តិធម៌លើទំនាស់ដីធ្លីរ៉ាំរ៉ៃជិត ២០ឆ្នាំរបស់ប្រជាសហគមន៍កំពេញចាស់ ទាំង ២៤គ្រួសារ បានឈានដល់ប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅក្រោមតំណក់ទឹកភ្លៀង និងកម្ដៅថ្ងៃជាបន្តបន្ទាប់ នៅជាប់របងដីមានទំនាស់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយរំពឹងថា នឹងមានដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌។ ការប្រមូលផ្តុំគ្នាតវ៉ានេះ ក៏មានលើកបដាព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ សម្ដេចម៉ែ រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា គឺអ្នកស្រី ប៊ុន រ៉ានី។
មន្ត្រីវ័យចាស់មានអាយុចន្លោះពី ៧០ ទៅ ៨០ឆ្នាំ បានលើកដៃសំពះនៅក្រោមដំបូលរោងប្រក់តង់កៅស៊ូ កាលពីរសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា នៅជាប់របងដីមានទំនាស់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ អំពាវនាវឲ្យប្រមុខដឹកនាំជួយផ្តល់យុត្តិធម៌លើជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលក្រុមប្រជាពលរដ្ឋអះអាងថា ត្រូវឈ្មួញ និងមន្ត្រីមានអំណាចឃុបឃិតជាមួយមន្ត្រីស្ថាប័នមួយចំនួននាខេត្តព្រះសីហនុ លួចធ្វើប្លង់កម្មសិទ្ធិរំលោភយក៖ «រាល់ថ្ងៃខ្ញុំរស់នៅលើចិញ្ចើមផ្លូវថ្នល់ ព្រោះគ្មានដីសង់ផ្ទះ ដោយសារគេរំលោភយក។ សំណូមពរដល់សម្ដេច ហ៊ុន សែន ជួយរកយុត្តិធម៌ផ្តល់ដីឲ្យពួកខ្ញុំបានសង់ផ្ទះដូចមុនវិញ និងជួយអន្តរាគមន៍កុំឲ្យតុលាការឈប់ចាប់ខ្ញុំដាក់គុក និងដាក់ច្រវាក់ជើងដូចពេលមុនទៀត។ ខ្ញុំជាមន្ត្រីរាជការ ខំតស៊ូតាំងពីឆ្នាំ១៩៧៩ រហូតមក ប៉ុន្តែត្រូវគេរំលោភយកដីធ្លី និងឈូសឆាយដំណាំដាំដុះរបស់ខ្ញុំចោលគ្មានសល់។ សូមសម្ដេចជួយរកយុត្តិធម៌ដល់រូបខ្ញុំផង»។
តំណាងពលរដ្ឋមានទំនាស់ដីធ្លី ២៤គ្រួសារ នៅសហគមន៍កំពេញចាស់ លោកស្រី ហង្ស ចិន្តា បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថា ទំហំផ្ទៃដីរបស់ពួកគាត់ទាំង ២៤គ្រួសារ សរុបមានចំនួនជាង ៤ហិកតារ ត្រូវឈ្មួញមានទ្រព្យធនឃុបឃិតជាមួយមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ លួចធ្វើប្លង់កម្មសិទ្ធិ ទោះបីពួកគាត់បានដាក់បណ្ដឹងតវ៉ា ឬជំទាស់បែបណាក្តី។
ផ្ដើមពីបញ្ហានេះ លោកស្រី ហង្ស ចិន្តា បានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីទៀត ស្នើជួយបញ្ជូនមន្ត្រីជំនាញឯករាជ្យ ចុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការឃុបឃិតជាលក្ខណៈប្រព័ន្ធ ចេញប្លង់កម្មសិទ្ធិរំលោភយកដីធ្លីពួកគាត់ដែលធ្លាប់រស់នៅក្រោយឆ្នាំ១៩៧៩ មក ហើយដែលអាជ្ញាធរពាក់ព័ន្ធមិនផ្តល់ដំណឹងពិតជូនប្រមុខដឹកនាំ៖ «ដើមឡើយទំនាស់នេះពាក់ព័ន្ធជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុង ហើយកាលពីឆ្នាំ២០០៨ ទំនាស់នេះ សម្ដេចក៏បានចុះមកផ្ទាល់ដល់ទីតាំងនេះ ដោយបានតម្រូវឲ្យក្រុមហ៊ុនថៃ ប៊ុនរ៉ុង កាត់ដីពីក្រុមហ៊ុនចំនួន ១៦ហិកតារ ចែកជូនពលរដ្ឋពួកខ្ញុំចេញពីទំហំផ្ទៃដីចំនួន ៩២ហិកតារ ប៉ុន្តែបទបញ្ជារបស់សម្ដេច មន្ត្រីថ្នាក់ខេត្តមិនអនុវត្តតាមទេ ហើយពលរដ្ឋខ្ញុំទាំង ២៤គ្រួសារ ក៏មិនទាន់ទទួលបានចំណែកដីដែររហូតមកដល់ពេលនេះ»។
ថ្លែងក្រោមដំបូលរោងប្រក់តង់កៅស៊ូ កាលពីថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា នាទីតាំងជាប់របងដីមានទំនាស់ស្ថិតក្នុងសង្កាត់លេខ៣ លោកស្រី ហង្ស ចិន្តា និងប្រជាពលរដ្ឋក្នុងសហគមន៍កំពេញចាស់ ច្រើននាក់ទៀត បានអះអាងថា ពួកគាត់បានមកតាំងទីលំនៅលើដីទំនាស់នេះក្រោយឆ្នាំ១៩៧៩ ប៉ុន្តែនៅឆ្នាំ១៩៩៦ ទើបមានឈ្មួញ ឬមន្ត្រីមានអំណាច បានឃុបឃិតគ្នា និងបណ្ដេញពួកគាត់ចេញពីដីធ្លាប់រស់នៅ ដោយប្រើប្រព័ន្ធតុលាការដើម្បីចាប់តំណាងពលរដ្ឋមួយចំនួនដាក់គុក និងចាក់ច្រវាក់ជើងថែមទៀត៖ «ខ្ញុំបានមករស់នៅលើដីទំនាស់នេះ ៣ជំនាន់ហើយ គឺតាំងពីសម្ដេច ហ៊ុន សែន គេហៅថា សមមិត្ត បន្តរហូតដល់ឯកឧត្តម និងរហូតទទួលបានងារជាសម្ដេច បានមករស់នៅលើដីមានទំនាស់នេះ ហើយខ្ញុំមករស់នៅទីនេះដោយសំអាងថា ខ្ញុំបានរស់នៅស្របច្បាប់ភូមិបាល គឺមានប័ណ្ណស្នាក់នៅ មានប័ណ្ណគ្រួសារ មានអត្តសញ្ញាណប័ណ្ណ និងមានអត្រានុកូលដ្ឋានសម្រាប់ជាគ្រឹះមូលដ្ឋាន។ ដូច្នេះ ការផ្តល់ប្លង់កម្មសិទ្ធិជូនដល់ម្ចាស់ភាគីទំនាស់ម្ខាងទៀត ផ្ដើមដោយមន្ត្រីដឹកនាំខេត្តព្រះសីហនុ និងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឃុបឃិតលួចធ្វើប្លង់កម្មសិទ្ធិនៅលើដីលំនៅឋានរបស់ពួកខ្ញុំធ្លាប់រស់នៅ។ ករណីនេះ ខ្ញុំសូមសំណូមពរដល់សម្ដេច ហ៊ុន សែន ជួយរកយុត្តិធម៌»។
លោកស្រី ហង្ស ចិន្តា ឲ្យដឹងថា សព្វថ្ងៃនេះ ពួកគាត់ទាំង ២៤គ្រួសារ បានបន្តរស់នៅក្រោមដំបូលរោងប្រក់កៅស៊ូនៅជាប់របងដីមានទំនាស់ ដោយរង់ចាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អ្នកស្រី ប៊ុន រ៉ានី ជួយផ្តល់យុត្តិធម៌ដល់ពួកគាត់។ ពលរដ្ឋបញ្ជាក់ថា ទំនាស់នេះបានអូសបន្លាយពេលជិត ២០ឆ្នាំ ប៉ុន្តែមន្ត្រីស្ថាប័នគ្រប់ជាន់ថ្នាក់នាខេត្តព្រះសីហនុ មិនជួយដោះស្រាយទេ ហើយបានបិទបាំងរឿងពិតមិនឲ្យប្រមុខដឹកនាំដឹងទេ។ ប្រជាពលរដ្ឋឲ្យដឹងទៀតថា ដីទំនាស់នេះ ពួកគាត់ធ្លាប់បានប្ដឹងទាស់នឹងការចេញប្លង់កម្មសិទ្ធិទៅកាន់ស្ថាប័នពាក់ព័ន្ធ មានមន្ទីររៀបចំដែនដី ជាដើម ជំទាស់ការផ្តល់ប្លង់កម្មសិទ្ធិ ប៉ុន្តែហេតុអ្វីបានជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បន្តចេញប្លង់កម្មសិទ្ធិជូនភាគីម្ខាងទៀតទៅវិញ។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ លោក គឹម អេង ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាច្រើននាក់ ចុះរុះរើខ្ទមស្នាក់នៅរបស់ប្រជាពលរដ្ឋទាំង ២៤គ្រួសារទៅតាមបណ្ដឹងភាគីទំនាស់ម្ខាងទៀត ដែលអះអាងថា មានប្លង់កម្មសិទ្ធិលើដីមានទំនាស់នោះ។ កាលណោះ លោកចៅក្រម គឹម អេង បានថ្លែងក្នុងកាយវិការឆ្ការដៃឆ្ការជើងថា ការដឹកនាំកម្លាំងចម្រុះរុះរើខ្ទមពលរដ្ឋទាំង ២៤គ្រួសារ គឺតុលាការអនុវត្តទៅតាមខ្លឹមសារដីកាសម្រេចរក្សាការពារ ដែលម្ចាស់បំណុលឈ្មោះ ណាថ សុភក្រ និង ណាថ សុរិទ្ធ ជាអ្នកប្ដឹងទាមទារ។ លោកបន្តថា រឿងក្តីនេះ ម្ចាស់បំណុលបានប្ដឹងសុំចេញដីកាសម្រេចរក្សាការពារកូនបំណុលឈ្មោះ ហង្ស ចិន្តា និង ហង្ស សុភា និងតតិយជនផ្សេងទៀត មិនឲ្យចូលមកកាន់កាប់ដីមួយកន្លែងមានទីតាំងនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឆ្នាំ២០០៨។ បន្ថែមលើនេះ ខាងភាគីម្ចាស់បំណុលខ្លះទៀតដែលមានងារជាឧកញ៉ា ឬកំពុងបម្រើការងារជាថ្នាក់ដឹកនាំស្ថាប័នសភាពាណិជ្ជកម្មផងនោះ ក៏បានអះអាង និងផ្តល់ឯកសារមកវិទ្យុអាស៊ីសេរី ថា ដីធ្លីដែលពលរដ្ឋទាំង ២៤គ្រួសារទាមទារនេះ ពួកគេមានប្លង់កម្មសិទ្ធិត្រឹមត្រូវតាំងពីឆ្នាំ២០០៨ និងបានបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំរហូតមក។
ទោះយ៉ាងណា លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ដែលតាមឃ្លាំមើលទំនាស់ដីធ្លីនេះមានប្រសាសន៍ថា ពលរដ្ឋទាំង ២៤គ្រួសារនៅសហគមន៍កំពេញចាស់ បានរងភាពអយុត្តិធម៌ ដោយសារតែការឃុបឃិតលួចធ្វើប្លង់កម្មសិទ្ធិពីភាគីទំនាស់ម្ខាងទៀត។ លោកបន្តថា ទំនាស់ដីធ្លីនេះទាល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខបញ្ចប់ជម្លោះ ទើបអាចផ្តល់យុត្តិធម៌ជូនពលរដ្ឋរងគ្រោះបានជោគជ័យ។ បើពឹងទៅលើប្រព័ន្ធតុលាការ ឬអាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ គឺមិនអាចដោះស្រាយបានទេ ព្រោះទំនាស់នេះបានកើតមានជិត ២០ឆ្នាំទៅហើយ ហើយមានការឃុបឃិតជាលក្ខណៈប្រព័ន្ធពីស្ថាប័នមួយចំនួន ក្នុងការចេញប្លង់កម្មសិទ្ធិរំលោភយកដីពលរដ្ឋធ្លាប់រស់នៅតំបន់នោះ៖ «មិនថាតែប្រជាពលរដ្ឋរស់នៅសហគមន៍កំពេញចាស់ នោះទេ សូម្បីពលរដ្ឋរស់នៅតាមសហគមន៍ច្រើនទៀតដែលមានទំនាស់ដីធ្លីនាខេត្តព្រះសីហនុ ក៏ដូចគ្នាដែរ។ រាល់ឯកសារដែលប្រជាពលរដ្ឋដាក់ជូនស្ថាប័នពាក់ព័ន្ធតាមជំនាញមួយចំនួននាខេត្តនេះ សុំធ្វើប្លង់កម្មសិទ្ធិដីធ្លីរបស់ខ្លួន ឬឲ្យជួយអន្តរាគមន៍លើបញ្ហាអ្វីមួយ មន្ត្រីស្ថាប័នទាំងនោះតែងទុកចោលមិនចាត់ការទេ ប៉ុន្តែផ្ទុយទៅវិញ បើភាគីអ្នកមានលុយ មានអំណាចវិញ គឺមន្ត្រីស្ថាប័នជំនាញទាំងនោះ អាចធ្វើប្លង់កម្មសិទ្ធិដោយស្ងាត់ៗជូនទៅវិញ»។
លោក ប៊ួន ណារិទ្ធ បញ្ជាក់ទៀតថា អាជ្ញាធរពាក់ព័ន្ធចាប់ពីថ្នាក់មូលដ្ឋានរហូតដល់អាជ្ញាធរថ្នាក់ខេត្ត មានអភិបាលខេត្តជាដើម ដោយសំអាងថា រឿងក្តីនេះបានធ្លាក់ដល់ដៃតុលាការ មន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួននោះមិនរវល់អើពើដោះស្រាយទេ ហើយគេចយករួចខ្លួន ហើយនិយាយថា ផុតពីអំណាចដោះស្រាយរបស់ពួកគេ។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធ បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សេន ជួយបញ្ជូនមន្ត្រីឯករាជ្យឲ្យចុះស៊ើបអង្កេត និងផ្តល់យុត្តិធម៌ជូនពលរដ្ឋទាំង ២៤គ្រួសារឲ្យបានឆាប់ ព្រោះរាល់ថ្ងៃនេះ ពលរដ្ឋទាំងក្មេងចាស់ កំពុងរស់នៅក្រោមដំបូលតង់កៅស៊ូដ៏តូចចង្អៀត និងរងការគំរាមពីអាជ្ញាធរឲ្យរុះរើដំបូលជ្រក បង្ខំឲ្យចាកចេញពីក្បែររបងដីទំនាស់ជាប្រចាំ។
ដូចគ្នាដែរ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ ដែលចុះទៅឃ្លាំមើល និងអង្កេតករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនេះយូរឆ្នាំ ថ្លែងចាត់ទុកការដែលតុលាការពាក់ព័ន្ធ សម្រេចសេចក្តីលើសំណុំរឿងដីធ្លីពលរដ្ឋ ២៤គ្រួសារនៅសង្កាត់៣ ចាញ់ក្តី ដោយសំអាងទៅលើភាគីម្ខាងមានប្លង់កម្មសិទ្ធិ គឺមិនទាន់ត្រឹមត្រូវទាំងស្រុងទេ។ អ្នកស្រីថា តុលាការគួរតែចុះស្រាវជ្រាវ ឬអង្កេតទៅលើប្លង់កម្មសិទ្ធិដែលភាគីម្ខាងទៀតទទួលបាននោះ ថាតើបានមកដោយស្របច្បាប់ ឬទទួលបានដោយការឃុបឃិតមានសំណូកពុករលួយពីស្ថាប័នពាក់ព័ន្ធណាមួយនាខេត្តព្រះសីហនុ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបង្ហាញទស្សនៈថា រឿងក្តីរវាងពលរដ្ឋទាំង ២៤គ្រួសារនេះ ពិតជាមានភាពអយុត្តិធម៌សម្រាប់ពលរដ្ឋ និងទាមទារឲ្យតុលាការ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លូកដៃជួយផ្តល់យុត្តិធម៌ជូនពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះដីធ្លីរ៉ាំរ៉ៃមួយនេះ។
ទីតាំងដីមានទំនាស់របស់ប្រជាសហគមន៍កំពេញចាស់ មានទំហំផ្ទៃដីជាង ៤ហិកតារ មានទីតាំងនៅក្បែរឆ្នេរឯករាជ្យ ឬនៅជាប់មាត់បឹងព្រែកទប់ គឺនៅតាមបណ្តោយផ្លូវថ្នល់ទល់មុខសាលាដំបូងខេត្តព្រះសីហនុ។
បន្ទាប់ពីត្រូវតុលាការចុះរុះរើខ្ទមកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋទាំង ២៤គ្រួសារ ទាំងក្មេងចាស់ បានបន្តរស់នៅហាលកម្ដៅថ្ងៃ និងភ្លៀងនៅក្បែររបងថ្មហ៊ុមព័ទ្ធដីទំនាស់ ដោយមានប្រក់តង់កៅស៊ូបន្តិចបន្តួច និងស្ថិតក្រោមការឃ្លាំមើលពីកម្លាំងនគរបាល និងកងរាជអាវុធហត្ថ។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានដឹងឮចំពោះការតវ៉ារបស់ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅសហគមន៍កំពេញចាស់ ទាំង ២៤គ្រួសារនេះដែរ ព្រោះទីតាំងមានទំនាស់នេះនៅជាប់ផ្លូវថ្នល់ ដែលរូបលោកដើរហាត់ប្រាណស្ទើរជារៀងរាល់ល្ងាច។ លោកបញ្ជាក់ថា សិទ្ធិអំណាចរបស់លោកអាចជួយដោះស្រាយតែទំនាស់ដីធ្លីណាមិនទាន់ធ្លាក់ទៅដល់ដៃតុលាការប៉ុណ្ណោះ ប៉ុន្តែបើទំនាស់ទាំងនោះធ្លាក់ដល់អំណាចតុលាការ ឬក៏តុលាការសម្រេចសាលក្រមស្ថាពររួចហើយ គឺលោកគ្មានសិទ្ធិដោះស្រាយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
