ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​៣​ខេត្ត​ដាក់​ញត្តិ​នៅ​រដ្ឋសភា​សុំ​ជួយ​ដោះស្រាយ​ទំនាស់

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី ៣​ខេត្ត គឺ​ខេត្ត​ព្រះសីហនុ ស្វាយរៀង និង​ខេត្ត​តាកែវ ជាង ២០០​នាក់ ប្រមូល​ផ្តុំ​គ្នា​មុខ​មន្ទីរ​រដ្ឋសភា សុំ​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស។ ជា​ការ​ឆ្លើយ​តប អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស នឹង​អន្តរាគមន៍​ទៅ​មន្ត្រី​រដ្ឋាភិបាល ហើយ​សន្យា​នឹង​ដោះស្រាយ​តាម​នីតិវិធី​ក្រោយ​ពី​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពួក​គាត់។

ក្រុម​ពលរដ្ឋ​កាន់​បដា​ពាក្យ​ស្លោក​បង្ហាញ​ទុក្ខ​កង្វល់ គឺ​សរសេរ​ថា បាត់បង់​ដីធ្លី គឺ​បាត់បង់​អ្វី​ទាំងអស់ និង​កាន់​ញត្តិ​ដាក់​ជូន​តំណាង​រាស្ត្រ ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ ខណៈ​ដែល​ពួក​គាត់​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​អូស​បន្លាយ​ពេល​ជា​យូរ​មក​ហើយ​នោះ។

តំណាង​ពលរដ្ឋ​មក​ពី​តាម​ខេត្ត​នីមួយៗ ថ្លែង​រៀបរាប់​ពី​ទុក្ខ​វេទនា​នៃ​ការ​បាត់បង់​ដី ស្រែក​ហៅ​ឲ្យ​តំណាង​រាស្ត្រ​ទាំង​ពីរ​បក្ស ចេញ​មក​ទទួល​ញត្តិ និង​ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ បើ​មិន​ចេញ​មក​ទទួល​ញត្តិ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន មក​ពី​ខេត្ត​ព្រះសីហនុ លោកស្រី ជុំ សាត ប្រាប់​ថា ដី​ស្រែ​របស់​លោកស្រី​ចាប់​តាំង​ពី​មាន​វិវាទ ពួក​គាត់​គ្មាន​ដី​បង្កបង្កើនផល​លើ​ដី​នោះ​ទេ។ ស្ត្រី​មាន​អាយុ ៨០​ឆ្នាំ​រូប​នេះ រំពឹង​ថា ស្ថាប័ន​រដ្ឋសភា​អាច​ដោះស្រាយ​បញ្ហា​លោកស្រី និង​ពលរដ្ឋ​ផ្សេង​បាន៖ «ឲ្យ​រដ្ឋសភា​លោក​ជួយ​បាន​ប្លង់​រឹង​មក ពិបាក​ណាស់​ក្នុង​ជីវិត ចេះ​តែ​ភ័យ​ក្នុង​មិន​ដឹង​ទៅ​រស់នៅ​ទីណា​ទេ»

ដំណាល​គ្នា​ដែល​ក្រុម​ពលរដ្ឋ​បាន​មក​ដល់​រដ្ឋសភា ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ជាង ២០០​នាក់ ត្រូវ​អាជ្ញាធរ​ស្រុក​រមាសហែក ឃាត់​ឡាន​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ទេ នៅ​រសៀល​ថ្ងៃ​ទី​២០ កក្កដា ដូច​ដែល​ពលរដ្ឋ​មក​ពី​បី​ខេត្ត​ទាំង​នេះ បាន​មក​ដល់​មុខ​រដ្ឋសភា​ដូច​ការ​គ្រោង​ទុក​នោះ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​បំពង​សំឡេង​ស្រែក​សុំ​ឲ្យ​តំណាង​រាស្ត្រ​មក​ទទួល​យក​ញត្តិ​របស់​ពួក​គាត់​នោះ គឺ​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស បាន​ចេញ​ពី​មន្ទីរ​រដ្ឋសភា​មក​ទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ។

ថ្លែង​ក្រោយ​ពី​ទទួល​ញត្តិ អ្នក​តំណាង​រាស្ត្រ អ្នកស្រី ឡោក ខេង ឲ្យ​ដឹង​ថា ក្រោយ​រដ្ឋសភា​ទទួល​ញត្តិ និង​ពិនិត្យ​មើល​ញត្តិ​រួច​ហើយ នឹង​ប្រជុំ​ពិភាក្សា​គ្នា បន្ទាប់​មក​នឹង​ត្រូវ​បញ្ជូន​សំណើ​នេះ​ទៅ​ប្រធាន​រដ្ឋសភា ដើម្បី​អន្តរាគមន៍។ អ្នកស្រី​បញ្ជាក់​ថា រដ្ឋសភា​មាន​សិទ្ធិ​ត្រឹម​សម្រប​សម្រួល​រវាង​គូ​ទំនាស់​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ប៉ុណ្ណោះ៖ «រដ្ឋសភា​មិន​មែន​ជា​តុលាការ​កាត់​ក្តី​ថា ភាគី​ណា​ឈ្នះ​ភាគី​ណា​ចាញ់​ទេ ចឹង​មាន​តែ​ការ​ខិតខំ​សម្រប​សម្រួល​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ជាមួយ​អាជ្ញាធរ»

អ្នក​តំណាង​រាស្ត្រ​រូប​នេះ​ប្រាប់​ថា អ្នកស្រី​នឹង​ប្រាប់​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​បញ្ឈប់​ការ​រារាំង​ពលរដ្ឋ ដែល​ស្វែងរក​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សារឿន ប្រាប់​ថា ក្រុម​ពលរដ្ឋ​ទាំងអស់​ដែល​ស្វែងរក​អន្តរាគមន៍​នៅ​ពេល​នេះ មាន​គោល​បំណង​ធំៗ​ពីរ គឺ​ដាក់​ញត្តិ និង​ពាក្យ​បណ្ដឹង​នៅ​រដ្ឋសភា។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋសភា​មិន​អាច​ដោះស្រាយ​បាន​ទេ​នោះ ក្រុម​ពលរដ្ឋ​នឹង​នាំ​គ្នា​ដង្ហែ​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​ជា​ទ្រង់ទ្រាយ​ធំ​ជាង​នេះ៖ «យើង​គិត​ថា ប្រសិន​បើ​តំណាង​រាស្ត្រ​ធ្វើ​អន្តរាគមន៍ ច្បាស់​ណាស់​អាជ្ញាធរ​នឹង​ដោះស្រាយ»

ក្រុម​តំណាង​រាស្ត្រ​ដែល​ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី បង្ហាញ​ពី​ដំណោះស្រាយ​របស់​ខ្លួន​ទៅ​មន្ត្រី​រដ្ឋាភិបាល​ភ្លាមៗ ដោយ​ការ​ចាត់​តាំង​ក្រុម​ការងារ​ឲ្យ​ទូរស័ព្ទ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​ដោះស្រាយ​នា​ពេល​កន្លង​មក និង​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​ខេត្ត​ដែល​ពលរដ្ឋ​មាន​បញ្ហា​ទាំង​នោះ។

មក​ទល់​ពេល​នេះ គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា បាន​ទទួល​ញត្តិ និង​ពាក្យ​បណ្ដឹង​ចំនួន​ជាង ២០០​បណ្ដឹង មក​ពី​បណ្ដា​ខេត្ត​រាជធានី។ សមាជិក​នៃ​គណៈកម្មការ​នេះ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញេង ឲ្យ​ដឹង​ថា ចំនួន​ញត្តិ និង​បណ្ដឹង​ទទួល​បាន​ច្រើន ប៉ុន្តែ​ដោះស្រាយ​តិច ព្រោះ​ខ្វះ​កិច្ច​សហការ​ពី​អាជ្ញាធរ និង​មន្ត្រី​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។