ពលរដ្ឋប្រមាណ ២០០នាក់មកពីខេត្តចំនួន៤ ដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ កោះកុង និងខេត្តកំពង់ស្ពឺ ដែលរងផលប៉ះពាល់បាត់ដីធ្លីពីការអភិវឌ្ឍរបស់ក្រុមហ៊ុនស្ករអំពៅមួយចំនួន បានឡើងមកកាន់ទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាឲ្យបានឆាប់លើលិខិតក្របខ័ណ្ឌការងារមួយ ដែលជាក្រុមការងារចម្រុះទើបបង្កើតឡើងដោយអន្តរក្រសួង និងសហភាពអឺរ៉ុប។
ការដាក់ញត្តិនេះ បន្ទាប់ពីក្រុមការងារអន្តរក្រសួង និងក្រុមការងារសហគមន៍អឺរ៉ុប កំពុងរង់ចាំការចុះហត្ថលេខាសម្រេចពីលោកនាយករដ្ឋមន្ត្រី ដើម្បីចុះទៅសិក្សាស្រាវជ្រាវ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះដែលពុំទាន់ទទួលបានសំណងពីក្រុមហ៊ុនស្ករអំពៅ អស់រយៈពេលជាច្រើនឆ្នាំ។
ពលរដ្ឋដែលនាំគ្នាហែញត្តិឡើងពីខេត្តទាំង៤ ទៅដាក់នៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ មករា គឺបន្ទាប់ពីពួកគាត់មិនទាន់ទទួលបានសំណងអ្វីទាំងអស់ និងកំពុងជួបប្រទះបញ្ហាជីវភាពរឹតតែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ពួកគាត់រំពឹងថា លោក ហ៊ុន សែន នឹងចុះហត្ថលេខាលើលិខិតក្របខ័ណ្ឌការងារមួយដែលទើបបង្កើតឡើងដោយអន្តរក្រសួង និងសហភាពអឺរ៉ុប (EU) ដើម្បីឲ្យក្រុមការងារចម្រុះនោះចុះដោះស្រាយផលប៉ះពាល់ជូនពួកគាត់ឲ្យបានឆាប់។ ក្ដីប្រាថ្នាថ្មីនេះ បន្ទាប់ពីពលរដ្ឋទាំងនោះលែងមានក្ដីសង្ឃឹមលើខាងភាគីក្រុមហ៊ុនជាច្រើន ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលដាំដំឡូងមី និងភាគច្រើនដាំស្ករអំពៅនៅខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកោះកុង ថាមិនបានដោះស្រាយផលប៉ះពាល់ជូនពួកគាត់ឡើយ។
តំណាងពលរដ្ឋជាង ៧០០គ្រួសារដែលរងផលប៉ះពាល់ពីការអភិវឌ្ឍក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើ របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សឹង សុខុម ថ្លែងថា រយៈពេលកន្លងមកមានពលរដ្ឋក្នុងឃុំលោកតែ ៦១គ្រួសារប៉ុណ្ណោះ ដែលព្រមទទួលយកសំណង និងឈប់តវ៉ា ហើយពលរដ្ឋជាង ៧០០គ្រួសារដែលមិនព្រមយកសំណង ដោយសារខាងភាគីក្រុមហ៊ុនផ្ដល់សំណងមិនស្មើនឹងអ្វីដែលពួកគាត់បាត់បង់៖ «កាលពីមុន ពលរដ្ឋគាត់មិនសូវហ៊ានចេញមុខតវ៉ា ព្រោះខ្លាចអាជ្ញាធរគេរឹតត្បិត។ កាលពីមុនមានជាង ៣០០ តែក្រោយមកពួកគាត់លែងខ្លាច ដឹងសព្វដឹងគ្រប់មក គាត់មកចូលរួម។ អ៊ីចឹងឡើងដល់ជាង ៧០០គ្រួសារ។ គេដោះស្រាយ ប៉ុន្តែយកអត់យកសំណង ព្រោះគាត់គិតតែមួយគ្រួសារ ៥០០ ហើយគាត់អត់គិតថា ចំនួនហិកតារប៉ុន្មានទេ។ អ៊ីចឹងពួកយើងអត់ទាន់ទទួលយកសំណងអយុត្តិធម៌ទេ»។
តំណាងពលរដ្ឋម្នាក់នេះបន្តថា ក្រៅពីពលរដ្ឋជាង ៧០០គ្រួសារនៅឃុំត្រពាំងជោរ គឺមានពលរដ្ឋជាង ៥០០គ្រួសារផ្សេងទៀតស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ដែលរងផលប៉ះពាល់បាត់ដីធ្លីពីការអភិវឌ្ឍក្រុមហ៊ុនស្ករអំពៅភ្នំពេញស៊ូហ្គើ របស់លោក លី យ៉ុងផាត់ ដូចគ្នា ក៏ពុំទាន់ទទួលបានសំណងដែរ។
នៅក្នុងញត្តិដែលដាក់ទៅខុទ្ទកាល័យលោក ហ៊ុន សែន គឺមានឈ្មោះក្រុមហ៊ុនជាច្រើនដែលពលរដ្ឋចោទថា បានឈូសឆាយដី និងមិនព្រមផ្ដល់សំណងឲ្យពួកគាត់ ក្រៅពីក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺ ក្នុងនោះក៏មានក្រុមហ៊ុន មីតផល (តាមរយៈក្រុមហ៊ុនអង្គរស៊ូហ្គើ ក្រុមហ៊ុនទន្លេស៊ូហ្គើ និងក្រុមហ៊ុន វ៉ាឡេយ៍ ស៊ូហ្គើ) នៅខេត្តឧត្តរមានជ័យ ក្រុមហ៊ុន ឡានហ្វេង ក្រុមហ៊ុន រួយហ្វេង ក្រុមហ៊ុន ហេងណុង ក្រុមហ៊ុន ហេងយូ ក្រុមហ៊ុន ហេងរួយ នៅខេត្តព្រះវិហារ និងក្រុមហ៊ុន កោះកុងស៊ូហ្គើ និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Koh Kong Plantation) នៅខេត្តកោះកុង។
តំណាងក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺ លោក ស៊ិន សត្ថា អះអាងប្រាប់អាស៊ីសេរីថា លោកមិនបដិសេធចំពោះការលើកឡើងរបស់ពលរដ្ឋដែលថារងផលប៉ះពាល់នៅឃុំត្រពាំងជោរ មានជាង ៧០០គ្រួសារ និងឃុំអមលាំង មានជាង ៥គ្រួសារ មិនទាន់ទទួលបានសំណងឡើយ។ ប៉ុន្តែលោកថា ជាផ្លូវការ ពលរដ្ឋដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុន មានតែពីរឃុំប៉ុណ្ណោះ គឺឃុំត្រពាំងជោរ ខាងក្រុមហ៊ុនបានដោះស្រាយបានជាង ៣០០គ្រួសារក្នុងចំណោមគ្រួសារទាំងអស់ ៣៤០គ្រួសារ និងឃុំអមលាំង មានពលរដ្ឋមិនទាន់ទទួលបានសំណងជាង ១០គ្រួសារ ក្នុងចំណោមពលរដ្ឋរងផលប៉ះពាល់ទាំងអស់ និងទទួលបានសំណងចំនួន ៤៩៨គ្រួសារ៖ «បាត់តិចឲ្យច្រើន បាត់ច្រើនឲ្យតិច គឺអត់មានទេ។ តម្លៃដូចខ្ញុំនិយាយអ៊ីចឹង សំខាន់លើការចរចាគ្នាតើ ! ចរចាបើសិនគាត់ទារ ៥ពាន់ ( ដុល្លារ ) អ៊ីចឹងខ្ញុំចរចាថាឲ្យ ៣ពាន់ បើគាត់យកបាន យកទៅ បើគាត់ថាយកមិនបានទេ អ៊ីចឹងខ្ញុំចរចាឲ្យបាន ៣ ពាន់ ៥ – ៤ពាន់ ទៅតាមការជាក់ស្ដែង។ អ៊ីចឹងអត់មានមួយគ្រួសារ ៥០០ទេ»។
ក្រៅពីបញ្ហាដីធ្លីនៅខេត្តកំពង់ស្ពឺ អ្នកតំណាងពលរដ្ឋមកពីខេត្តព្រះវិហារ លោក គឿន វង្ស បញ្ជាក់ថា នៅក្នុងខេត្តរបស់លោកមានពលរដ្ឋរងផលប៉ះពាល់ជាមួយក្រុមហ៊ុនស្ករអំពៅ រួយហ្វេង និង ហេងយូ ជាដើម គឺមានចំនួនបីស្រុក ដូចជាស្រុកឆែក ស្រុកជ័យសែន និងស្រុកត្បែង។ តំណាងរូបនេះអះអាងថា បន្ទាប់ពីមានក្រុមហ៊ុនទៅវិនិយោគដាំស្ករអំពៅ មិនត្រឹមមិនទាន់ទទួលបានសំណងទេ សូម្បីធនធានធម្មជាតិនានាដែលធ្លាប់អាស្រ័យផល ក៏ត្រូវបានក្រុមហ៊ុនបំផ្លាញចោលដែរ៖ «ទាំងបីស្រុក ខ្ញុំមិនអាចគណនាបានទេ ថាមានប៉ុន្មានហិកតារ ប៉ុន្តែតំបន់នោះ មានការពាក់ព័ន្ធជាច្រើន ( ឃុំ ) តំបន់ទាំងនេះកំពុងប្រឈមបញ្ហាលំបាក។ កន្លងមកខាងខ្ញុំមានកន្លែងរកស៊ីដោយសុខស្រួល មានឈើយកមកអាស្រ័យផល ធ្វើផ្ទះ ធ្វើសម្បែងហ្នឹង ប៉ុន្តែចាប់ពីឆ្នាំ២០១២ មក ពួកយើងបាត់បង់ឈើយកមកធ្វើឲ្យសមរម្យ និងទាំងដីធ្លី»។
អាស៊ីសេរី មិនទាន់អាចសុំការបកស្រាយពីតំណាងក្រុមហ៊ុនស្ថិតក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនស្ថិតក្នុងខេត្តចំនួនពីរផ្សេងទៀតបានទេ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
ពលរដ្ឋខ្លះទៀតដែលឡើងមកដាក់ញត្តិ បានត្អូញត្អែរថា ក្រោយពីដីស្រែចម្ការត្រូវបានក្រុមហ៊ុនឈូសឆាយយក បានបណ្ដាលឲ្យពួកគាត់ខាតបង់ប្រាក់ ពេលវេលា សិទ្ធិពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ និងបានធ្វើឲ្យពួកគាត់ក្លាយជាកូនបំណុលរបស់ធនាគារ និងធ្លាក់ខ្លួនក្នុងភាពក្រីក្រ។
ប្រធានគណៈកម្មការចម្រុះចាំទទួល និងដោះស្រាយបណ្ដឹងតវ៉ានៅភូមិគ្រឹះលោក ហ៊ុន សែន ដែលចេញមកទទួលញត្តិពីពលរដ្ឋ លោក ប៉ាល់ ចាន់តារា បានថ្លែងថា លោកនឹងបញ្ជូនញត្តិនេះទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបន្ត៖ «បន្ទាប់ពីទទួលញត្តិនេះទៅ ខ្ញុំនឹងរៀបចំបញ្ជូនទៅក្រសួងដែនដីភ្លាម ព្រោះក្រសួងគាត់មានរៀបចំជាក្រុមការងារតាមខេត្ត។ អ៊ីចឹងយន្តការនេះលឿនណាស់»។
ក្រៅពីដាក់ញត្តិទៅលោក ហ៊ុន សែន អ្នកតំណាងពលរដ្ឋទាំង ៤ខេត្តដែលមានគ្នាចំនួន ១០នាក់ បន្តដំណើរទៅដាក់ញត្តិនេះបន្តនៅស្ថានទូតសហភាពអឺរ៉ុប ដើម្បីទាមទារឲ្យសហភាពអឺរ៉ុប ជំរុញឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាលើលិខិតក្របខ័ណ្ឌការងារឲ្យបានឆាប់ដែរ។
ក្រុមពលរដ្ឋទាំងប្រមាណ ២០០នាក់ដែលឡើងមកដាក់ញត្តិ បានប្ដេជ្ញាថា ប្រសិនបើលោក ហ៊ុន សែន បន្តអូសបន្លាយមិនព្រមចុះហត្ថលេខា ពួកគាត់នឹងលើកគ្នាមកកាន់ទីក្រុងភ្នំពេញម្ដងទៀត ដើម្បីទាមទាររហូតលោក ហ៊ុន សែន សម្រេចចុះហត្ថលេខា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
