ពលរដ្ឋប្រមាណ ៥០នាក់មកពីសហគមន៍ទំនាស់ដីធ្លី ៤ គឺបឹងកក់ អតីតបឹងកក់ បុរីកីឡា និងថ្មគោល បានទៅជួបជុំគ្នានៅការិយាល័យសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំឲ្យអន្តរាគមន៍ពីប្រធានក្រុមសមាជិកសភាសហគមន៍អឺរ៉ុប ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ពួកគេ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងខាងមុខការិយាល័យសហភាពអឺរ៉ុបនៅថ្ងៃទី២៧ មីនា ថា មូលហេតុដែលពួកគាត់យកញត្តិមកដាក់ជូនប្រធានក្រុមសមាជិកសភាសហគមន៍អឺរ៉ុប លោក វឺនឺរ លេនហ្គិន (Werner Langen) នេះ គឺដើម្បីសុំឲ្យលោកដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្សបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់ដែលពួកគាត់រស់នៅ ហើយដោះលែងមនុស្ស ២១នាក់ ដែលអាជ្ញាធរចាប់ខ្លួនក្នុងពេលទាមទារដំឡើងប្រាក់ឈ្នួលកម្មករកាលពីពេលថ្មីៗនេះ។
អ្នកស្រី ទេព វន្នី៖ «ជាក់ស្ដែងសហគមន៍ជាប្រទេសមួយដែលមាន ២៧ប្រទេស ដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយជាប្រទេសគោរពសិទ្ធិមនុស្ស។ ជាពិសេសទៅទៀតសហគមន៍អឺរ៉ុបជាប្រទេសម្ចាស់ជំនួយដ៏ធំសម្រាប់ប្រទេសកម្ពុជា។ ខ្ញុំបានដឹងច្បាស់ណាស់ថា ជំនួយរបស់គាត់មិនមែនផ្ដល់មកឲ្យរដ្ឋាភិបាលកម្ពុជា សម្រាប់ឲ្យមានការរំលោភសិទ្ធិមនុស្សនិងប្លន់យកដីប្រជាពលរដ្ឋ ឬក៏ធ្វើឲ្យតុលាការមិនឯករាជ្យនិងមិនយុត្តិធម៌ទេ។ សហគមន៍អឺរ៉ុបហ្នឹងគាត់ត្រូវតែមានការទទួលខុសត្រូវទាំងស្រុងនៅលើជំនួយរបស់គាត់ដែលបានផ្ដល់មករដ្ឋាភិបាលកម្ពុជា កន្លងមកដែលរដ្ឋាភិបាលកម្ពុជា មិនបានគោរពតាមគោលការណ៍និងគម្រោងរបស់សហគមន៍អឺរ៉ុប ដែលធ្វើឲ្យយើងរងទុក្ខវេទនា»។
ក្រុមអ្នកភូមិដាក់ញត្តិបានបំបែកគ្នាវិញបន្ទាប់ពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ជេន ហ្វ្រង់ស័រ គូតាំ (Jean-François Cautain) បានចេញមកទទួលញត្តិពីប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។