អ្នក​មាន​ជម្លោះ​ដីធ្លី​ហែ​ជុំវិញ​តុលាការ​កំពូល​ទាមទារ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​បី គឺ​អ្នក​ភូមិ​បឹងកក់ បុរីកីឡា អ្នក​ភូមិ​ថ្មគោល សរុប​ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​បី​ជុំ​នៅ​មុខ​តុលាការ​កំពូល ទាមទារ​ឲ្យ​ដោះ​លែង អ្នកស្រី យ៉ោម បុប្ផា នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៩។

0:00 / 0:00

នៅ​ក្នុង​ឱកាស​នោះ​ដែរ អ្នក​ភូមិ​ទាំង​នោះ​ ក៏​បាន​ធ្វើ​ពិធី​ដុត​ដីកា​ចាប់​ខ្លួន​ អ្នកស្រី​ យ៉ោម បុប្ផា​ ដែល​ចេញ​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ខាង​មុខ​តុលាការ​កំពូល​នោះ​ដែរ ដោយ​ចាត់​ទុក​ដីកា​នោះ​ផ្តល់​ភាព​អយុត្តិធម៌​។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​តុលាការ​កំពូល​គ្រោង​បើក​សវនាការ​លើ​ករណី​ អ្នកស្រី​ យ៉ោម បុប្ផា​ នៅ​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ខាង​មុន​នេះ​។

តំណាង​អ្នក​ភូមិ​ជាង​១០​នាក់​បាន​ស្លៀកពាក់​ស​ ចង​ក្បិន​ ដើរ​ជើង​ទទេ​ និង​មាន​ទូល​បាយ​សី​។ អ្នក​ខ្លះ​ ទូល​កញ្ជើ​រណ្តាប់​សែនព្រែន​ជា​ច្រើន​ រួម​មាន​ស្រូវ​ ពោត​ សណ្តែក​ ល្ង​ ល្ពៅ​ ត្រប់​ ត្រាវ​ ត្រឡាច​ និង​ដូង​។ ក្រៅ​ពី​នេះ​អ្នក​ចូលរួម​ភាគ​ច្រើន​ ដៃ​ម្ខាង​កាន់​ផ្កា​ឈូក​ និង​ដៃ​ម្ខាង​ទៀត​កាន់​ដីកា​ចាប់​ខ្លួន​ អ្នកស្រី​ យ៉ោម បុប្ឆា​ កាល​ពី​ចុង​ឆ្នាំ​២០១២​កន្លង​មក​។ ដីកា​នោះ​ត្រូវ​បាន​ដុត​ចោល​ម្តង​មួយ​ៗ​ នៅ​ពេល​ដែល​ក្បួន​ដង្ហែ​បាន​មួយ​ជុំ​មក​ចំ​ពី​មុខ​ខ្លោង​ទ្វារ​តុលាការ​កំពូល​។

តំណាង​អ្នក​ភូមិ​បឹង​កក់​ លោក​ស្រី​ ទេព​ វន្នី​ មាន​ជំនឿ​ថា​ពិធី​បួងសួង​នេះ​ នឹង​អាច​បន្ទន់​ចិត្ត​ដល់​ អាជ្ញាធរ​រដ្ឋាភិបាល​ពិសេស​តុលាការ​កំពូល​ ឲ្យ​ជួយ​ដោះលែង​អ្នកស្រី​ យ៉ោម បុប្ឆា​ មាន​សេរីភាព​វិញ​។

ក្បួន​ដង្ហែ​នោះ​មិន​មាន​ព្រះ​សង្ឃ​និមន្ត​ចូលរួម​ តាម​ការ​គ្រោង​ទុក​ទេ​។ ប៉ុន្តែ​មាន​ព្រះសង្ឃ​ជាង​១០​អង្គ​ និមន្ត​មក​ក្បែរ​ៗ​ តុលាការ​ និង​បាន​ទត​ពី​ចំងាយ​។ យ៉ាងណា​តា​អាចារ្យ​បាន​ចូលរួម​ ក្នុង​ពិធី​បួងសួង​នេះ​ និង​បាន​សូត្រធម៌​ ដោយ​មាន​ការ​ទូង​ស្គរ​បួងសួង​ដល់​បុព្វការីជន​ ដែល​ចែកឋាន​ និង​ស្រលាញ់​យុត្តិធម៌​ទាំងអស់​ ឲ្យ​ជួយ​បន្ទន់​ចិត្ត​ដល់​តុលាការ​កំពូល​ ឲ្យ​ដោះលែង​អ្នកស្រី​ យ៉ោម បុប្ឆា​។ គ្រា​ដែល​តុលាការ​នេះ​ គ្រោង​បើក​សវនាការ​ជំរះ​ក្តី​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ខាងមុខ​។

លោកស្រី​ យ៉ោម បុប្ឆា​ សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ ជាប់​ពន្ធនាគារ​បាន​១​ឆ្នាំ​ហើយ​ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាត់​ឲ្យ​មាន​ទោស​៣​ឆ្នាំ​ ហើយ​ក្រោយ​មក​ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​បន្ធូរបន្ថយ​ ឲ្យ​មក​ជាប់​ទោស​២​ឆ្នាំ​វិញ​ ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ភូមិ​។

កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ អាជ្ញាធរ​ខណ្ឌ​ និង​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ​ បាន​ហៅ​ប្តី​លោកស្រី​ យ៉ោម បុប្ឆា​ គឺ​លោក​ លួស សាខន​ ទៅ​ជួប​ ដើម្បី​ឲ្យ​លោក​ផ្តិត​មេ​ដៃ​លើ​លិខិត​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​សាលា​ រាជធានី​ភ្នំពេញ​ ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល​ឲ្យ​ដោះលែង​ លោកស្រី​ យ៉ោម បុប្ឆា​។

លោក​ លួស សាខន​ ជឿ​ថា​នេះ​ជា​សញ្ញា​មួយ​ ដែល​អាច​ឲ្យ​តុលាការ​ដោះលែង​ប្រពន្ធ​របស់​គាត់​ នៅ​ចំ​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ខាង​មុខ​។

ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ សង្ឃឹម​ថា​តុលាការ​កំពូល​នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក​ស្រី​ យ៉ោម បុប្ឆា​ ហើយ​ថា​ប្រសិន​បើ​លោកស្រី​ យ៉ោម បុប្ឆា​ មិន​មែន​ជា​សកម្មជន​ដី​ធ្លី​ សកម្ម​នៅ​តំបន់​បឹងកក់​ទេ​នោះ​ វាសនា​របស់​គាត់​មិន​ត្រូវ​ជាប់​ពន្ធនាគារ​ឡើយ​ ព្រោះ​គ្មាន​ភស្តុតាង​ ណាមួយ​ បញ្ជាក់​ថា​គាត់​ និង​ប្តី​លោក​ លួស សាខន​ បាន​ប្រព្រឹត្ត​ហិង្សា​នោះ​ទេ​។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ អ្នកស្រី​ យ៉ោម បុប្ផា​ ជា​បន្ទាន់​ ដោយ​ពុំ​មាន​ដាក់​លក្ខខណ្ឌ​។ អង្គការ​នេះ​ចាត់​ទុក​ករណី​របស់​ លោកស្រី​ យ៉ោម បុប្ឆា​ និង​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​បញ្ហា​មួយ​ចំនួន ដែល​បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ​មិន​ស្មើភាព​ ជម្លោះ​ដីធ្លី ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​កិច្ច​ការពារ​សិទ្ធិ​ពលរដ្ឋ​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ៕

១-ក្រុមអ្នកមានជម្លោះដីធ្លីត្រៀមរៀបចំចេញដំណើរពីបឹងកក់។

២-ក្រុមអ្នកមានជម្លោះដីធ្លីត្រៀមហែក្បួននៅជិតតុលាការកំពូល។

៣-ក្រុមអ្នកមានជម្លោះដីធ្លីហែក្បួនជុំវិញតុលាការកំពូល។

៤-ក្រុមអ្នកមានជម្លោះដីធ្លីហែក្បួនជុំវិញតុលាការកំពូល។

៥-ក្រុមអ្នកមានជម្លោះដីធ្លីហែក្បួនជុំវិញតុលាការកំពូល។

៦-ក្រុមអ្នកមានជម្លោះដីធ្លីហែក្បួនជុំវិញតុលាការកំពូល។

៧-ក្រុមអ្នកមានជម្លោះដីធ្លីដុតដីកាចាប់ខ្លួនអ្នកស្រី យ៉ោម បុប្ផា។

៨-ក្រុមអ្នកមានជម្លោះដីធ្លីកាន់បដាសរសេរថា ដោះលែង បុប្ផា។

៩-ក្រុមអ្នកមានជម្លោះដីធ្លីកាន់បដាដែលសរសេរប្រៀបធៀបរវាង លោក ឈូក បណ្ឌិត និងអ្នកស្រី យ៉ោម បុប្ផា។

១០-ក្រុមអ្នកមានជម្លោះដីធ្លីបួងសួងនៅមុខតុលាការកំពូល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។