អតីត​អ្នកភូមិ​បឹង​កក់​បន្ត​ទាមទារ​សំណង​បន្ថែម

អតីត​អ្នក​ភូមិ​បឹងកក់ ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​សំណង​មួយ​ចំនួន​បន្ថែម​លើ​គោលនយោបាយ​ដែល​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​ឲ្យ​នៅ​ពេល​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចេញ​ពី​លំនៅឋាន​កាល​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១។

អតីត​អ្នក​បឹងកក់ អ្នកស្រី ស៊ា ណារ៉េត ថ្លែង​ថា ពួកគាត់​មក​ទាមទារ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ចំពោះ​ករណី​ដែល​ពួកគាត់​ទាមទារ​សំណង​បន្ថែម​លើ​គោលនយោបាយ​ដែល​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​ឲ្យ​កាល​ពី​ឆ្នាំ​២០០៨ គឺ​លុយ ៨.៥០០​ដុល្លារ ជា​ថ្នូរ​ចាកចេញ​ពី​លំនៅឋាន​នោះ។ អ្នកស្រី​បន្ត​ថា នៅ​ពេល​នោះ​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគាត់​ទើប​ពួកគាត់​ចាកចេញ​ដោយ​បង្ខំ។

ទាក់ទង​បញ្ហា​នេះ អ្នក​ភូមិ​បាន​នាំ​គ្នា​យក​លិខិត​សុំ​អន្តរាគមន៍​ដាក់​ជូន​មន្ត្រី​សាលា​រាជធានី ដើម្បី​ដោះស្រាយ។ ជា​លទ្ធផល​អ្នកស្រី​បញ្ជាក់​ថា មន្ត្រី​សាលា​រាជធានី​សន្យា​ថា សាលា​រាជធានី​នឹង​ព្យាយាម​ដោះស្រាយ​ជូន​ពួកគាត់​នៅ​ចុង​ខែ​មិថុនា​នេះ តាមរយៈ​ការ​ប្រជុំ​ជាមួយ​ម្ចាស់​ជំនួយ ដូចជា​ធនាគារ​ពិភពលោក សភា​ពាណិជ្ជកម្ម និង​ម្ចាស់​ជំនួយ​ធំៗ ដើម្បី​ស្វែងរក​ថវិកា​ជួយ​អតីត​អ្នក​បឹងកក់។ ប៉ុន្តែ​សាលា​រាជធានី​សុំ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​បុរី​កីឡា ជា​មុន​សិន​ដើម្បី​ជា​គំរូ។

ពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​សលាកបត្រ​ព័ត៌មាន​អំពី​សំណូមពរ​របស់​អតីត​អ្នក​បឹងកក់​សុំ​សំណង​បន្ថែម​គឺ​មាន​ជាង​១​ពាន់​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។