ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ភរិយាលោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នាំគ្នាប្រមាណជា ៧០នាក់ បិទផ្លូវជាតិលេខ៥ ត្រង់ភូមិសាស្ត្រឃុំស្វាយស នៃស្រុកកំពង់ត្រឡាច ប្រហែលជាកន្លះម៉ោង។ គោលបំណងនៃការបិទផ្លូវជាតិនេះ គឺដើម្បីដាក់សម្ពាធដល់អាជ្ញាធរឲ្យជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់ និងឲ្យបញ្ឈប់សកម្មភាពគ្រឿងចក្រ ព្រមទាំងកម្លាំងកម្មកររាប់រយនាក់របស់ក្រុមហ៊ុនដែលព្យាយាមធ្វើរបងនៅលើដីកំពុងមានជម្លោះនោះ។
អ្នកភូមិសំរោង បឹងកក់ និងភូមិឡពាង នៃឃុំតាជេស បន្តសកម្មភាពតវ៉ារបស់ខ្លួនទៀតនៅថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីអាជ្ញាធរខេត្តមិនព្រមចេញមុខទទួលយកញត្តិពួកគាត់ទៅដោះស្រាយ ខណៈដែលក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាព។ ក្រុមអ្នកតវ៉ាបានប្រើដបទឹកសុទ្ធ និងដបទឹកត្រីច្រកសាំង ដុតរួចគប់ទៅលើថ្នល់ជាតិ ដើម្បីបង្ហាញអំពីកំហឹងរបស់ខ្លួននៅអំឡុងពេលនៃការតវ៉ាបិទផ្លូវនោះ។
តំណាងអ្នកភូមិឡពាង លោក រាជ សីម៉ា មានប្រសាសន៍ថា យ៉ាងយូររយៈពេល ១៥ថ្ងៃទៀតក្រុមអ្នកភូមិនឹងនាំគ្នាបិទផ្លូវជាថ្មីទៀត ជាទ្រង់ទ្រាយធំ ប្រសិនបើអាជ្ញាធរនៅតែព្រងើយកន្តើយ និងមិនអាចហាមឃាត់សកម្មភាពរបស់ក្រុមហ៊ុនបានទេ។
លោកបន្ដថា បច្ចុប្បន្នសម្រាប់ប្រជាពលរដ្ឋក្រីក្រ ធ្វើអ្វីក៏ខុសដែរដោយខាងសមត្ថកិច្ច និងតុលាការតែងតែចាប់ទោសអូសដំណើរអ្នកតវ៉ាទៅតាមខ្សែញាក់របស់អ្នកមានលុយ ឬមានអំណាច៖ «អ្នកមានចង់មកឈូសផ្ទះរបស់ខ្ញុំរលំក៏អត់ខុសដែរ ចង់មកបំផ្លាញដុតចោលរំលោភយកដីរបស់ពួកខ្ញុំអស់អ៊ីចឹងក៏អត់ដែរ អត់នរណាចាប់អាជ្ញាធរទាំងអស់ហ្នឹងដាក់គុកទេ។ អស់ជំនឿលើប្រព័ន្ធច្បាប់ទាំងហ្នឹងហើយ បានជាយើងសម្រេចចិត្តធ្វើបែបនេះ តែបើសិនជាអាជ្ញាធរមិនធ្វើការទប់ស្កាត់នូវសកម្មភាពដែលក្រុមហ៊ុនទាំងបំពានច្បាប់នេះទេ គឺខ្ញុំនឹងធ្វើទ្រង់ទ្រាយធំបិទផ្លូវជាតិដដែល»។
ក្រុមអ្នកភូមិប្រដាប់ដោយបដាពាក្យស្លោក និងឧបករណ៍បំពងសំឡេងស្រែកតវ៉ាតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់សាលាស្រុកកំពង់ត្រឡាច និងព្យាយាមបិទផ្លូវជាច្រើនដង ប៉ុន្តែមិនបានសម្រេចដោយមានកម្លាំងសមត្ថកិច្ចចម្រុះស្រុក និងខេត្តសរុបប្រមាណជា ៥០នាក់មករារាំង។ក្រោយពីធ្វើដំណើរចម្ងាយជិត ៣គីឡូម៉ែត្រ និងមានការភ្លេចភ្នែកពីការតាមឃ្លាំមើលរបស់កម្លាំងសមត្ថកិច្ចផងនោះ បានធ្វើឲ្យអ្នកភូមិសម្រុកបិទផ្លូវបានទាំងស្រុកនៅម៉ោងប្រហែល ៩ព្រឹក ថ្ងៃទី១១ ខែមិថុនា បន្ទាប់មកក៏បើកផ្លូវឲ្យធ្វើចរាចរណ៍វិញនៅម៉ោងប្រហែលជា ៩កន្លះ។
ទាក់ទងបញ្ហានេះស្នងការរងទទួលបន្ទុកផែនការសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង លោក លី វីរៈ មិនធ្វើអត្ថាធិប្បាយអ្វីច្រើននោះទេ ដោយគ្រាន់តែបញ្ជាក់ថា សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋនាពេលនេះ គឺធ្វើឡើងដោយខុសច្បាប់ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ចំពោះបញ្ហានេះ ខាងសមត្ថកិច្ចនៅតែបន្តឃ្លាំមើល និងរារាំងមិនឲ្យធ្វើអ្វីដែលប៉ះពាល់ដល់ប្រយោជន៍សាធារណៈធ្ងន់ធ្ងរនោះទេ។
ចំណែកនាយការិយាល័យអន្តរវិស័យនៃសាលាស្រុកកំពង់ត្រឡាច លោក រ៉ន សុភ័ណ្ឌ ថ្លែងយ៉ាងខ្លីក្រោយពីទទួលញត្តិរបស់ប្រជាពលរដ្ឋថា លោកមិនអាចដឹងថា មានដំណោះស្រាយយ៉ាងណានោះទេ ប៉ុន្តែលោកនឹងពិភាក្សា ឬបញ្ជូនញត្តិនេះទៅថ្នាក់លើរបស់លោកឲ្យឆាប់បំផុត៖ «ខ្ញុំនឹងយកទៅឲ្យលោកអភិបាលដើម្បីពិចារណា និងពិភាក្សា ដោយសារឥឡូវអភិបាលនៅក្នុងអន្តរកាល (បណ្ដោះអាសន្ន) យើងអត់ទាន់មានអភិបាលមកកាន់កាប់ទេ។ ខ្ញុំមិនទាន់ដឹងថាម៉េចទេ ប៉ុន្តែខ្ញុំជឿជាក់ថា ខ្ញុំនឹងនាំដំណឹងនេះទៅជម្រាបជូនលោកអភិបាល»។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្ដកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិគ្រប់ក្នុងការទាមទារ ឬតវ៉ាលើបញ្ហាអ្វីមួយដែលខ្លួនមិនពេញចិត្ដ។ ចំណែកសកម្មភាពតវ៉ាដែលឈានដល់ការបិទផ្លូវនេះ គឺបណ្ដាលមកពីអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធមិនសូវអើពើលើបញ្ហាពួកគាត់ ដល់ពេលបិទផ្លូវទើបចេញមុខមកដោះស្រាយ៖ «ដូចព្រឹកមិញដោយសារគាត់សម្ដែងមតិមានការបិទផ្លូវបិទអ៊ីចឹងទើបអាជ្ញាធរយកញត្ដិទៅ គាត់ឈប់។ ចុះបើសិនជាអាជ្ញាធរហ្នឹងគាត់ព្យាយាមយកតាំងពីមុនមក ដើម្បីធ្វើការដោះស្រាយគាត់ប្រហែលជាគ្មានពិធីដែលបិទផ្លូវហ្នឹងទេ»។
ក្រុមអ្នកភូមិសម្រេចបើកផ្លូវជាតិលេខ៥ ឲ្យធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីមានតំណាងអាជ្ញាធរស្រុកកំពង់ត្រឡាច ចេញមុខមកទទួលញត្តិ និងសន្យាជាថ្មីទៀតថា នឹងយកញត្តិពួកគាត់ទៅពិភាក្សាជាមួយថ្នាក់លើ។ បច្ចុប្បន្នមានអ្នកភូមិចំនួន ៨៥គ្រួសារទៀត ដែលអះអាងថា ខ្លួនគឺជាជនរងគ្រោះក្នុងរឿងដីធ្លី និងតវ៉ាទាមទារដីទំហំជិត ២០០ហិកតារពីភាគីក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
