ពលរដ្ឋ​ខេត្ត​បាត់​ដំបង​ចោទ​មេឃុំ​បឹង​ប្រាំ​ថារំលោភ​យក​ដី​គាត់​ជាង​៣.៦០០​ហិកតារ

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ១២៣​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ៣០៣​គ្រួសារ មកពី​ឃុំ​បឹង​ប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង សម្រេច​ចិត្ត​ត្រឡប់​ទៅ​លំនៅឋាន​វិញ ក្រោយពី​អភិបាលខេត្ត​សន្យា​ថា​ នឹង​បង្កើត​គណៈកម្មការ​ដោះស្រាយ​លើ​ដី​កំពុង​មាន​វិវាទ​នេះ។ ជុំវិញ​បញ្ហា​នេះ​តំណាង​ប្រជាពលរដ្ឋ​ព្រមាន​ក្រោយ​កិច្ចប្រជុំ​បាន​បិទ​បញ្ចប់​ថា ប្រសិនបើ​យន្តការ​របស់​អាជ្ញាធរ​ខេត្ត​នៅតែ​មិន​អាច​ជួយ​អ្វី​បានទេ ពួកគេ​នឹង​តវ៉ា​ប្រឆាំង​ទៅ​ថ្នាក់​ជាតិ​បន្ត។

នៅ​សប្ដាហ៍​ខាងមុខ​នេះ គណៈកម្មការ​ត្រួតពិនិត្យ និង​អង្កេត​ទៅលើ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ថ្នាក់​ខេត្ត នឹង​ត្រូវ​ចាប់​អនុវត្ត ដោយ​មាន​សមាសភាព​ចូលរួម មកពី​អង្គការ​ក្រៅរដ្ឋាភិបាល​ផង ដើម្បី​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​វិវាទ​ដីធ្លី​បន្ត​អូស​បន្លាយ​រហូតមកដល់​ពេលនេះ។

គណៈកម្មការ​នេះ​មាន​រូបរាង​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​ជាង ១​រយ​នាក់ នៅ​ឃុំ​បឹង​ប្រាំ ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ របស់​រដ្ឋាភិបាល​ដោះស្រាយ តាមរយៈ​ការ​ដង្ហែ​ជា​ក្បួន​ដោយ​ថ្មើរជើង ក្នុង​ចម្ងាយ​ដី​ជាច្រើន​គីឡូម៉ែត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ពី​ស្រុក​បវេល សំដៅ​មកកាន់​សាលាខេត្ត​បាត់ដំបង ។

នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​សាលាខេត្ត​បាត់ដំបង ដែល​ចំណាយ​ពេល​ជាង ២​ម៉ោង ជាមួយ​ភាគី​ពាក់ព័ន្ធ​ផង លោក ឆាន់ មុន្នី ដែល​អះអាង​ថា ត្រូវ​បាន​ប្រជាពលរដ្ឋ​ជ្រើសរើស​ឲ្យ​ធ្វើជា​តំណាង នៅ​ពេល​ជួប​ប្រជុំ​ជាមួយ​អភិបាលខេត្ត ថ្លែង​ថា​គណៈកម្មការ​ដើម្បី​សិក្សា​ពី​ហេតុផល ដែល​នាំ​ឲ្យ​ហិង្សា​ដីធ្លី​បន្ត​អូស​បន្លាយ នឹង​ត្រូវ​ចាប់ផ្ដើម​ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​ព្រមាន​ថា ប្រសិន​បើ​គណៈកម្មការ​ដែល​គ្រោង​នឹង​បង្កើត​ដូច​ការសន្យា​របស់​អភិបាលខេត្ត​លោក ច័ន្ទ សុផល នេះ​នៅតែ​មិន​អាច​កាត់ក្ដី​រក​ខុសត្រូវ ឬ​ជួយ​អ្វី​បានទេ ប្រជាពលរដ្ឋ​នឹង​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ជាថ្មី​ម្ដងទៀត នៅ​ថ្នាក់​ជាតិ​វិញ​៖ « បើសិនជា​មិន​មាន​ការ​ដោះស្រាយ​ដោយ​សមស្រប ដោយ​យុត្តិធម៌​ទេ ពួក​យើង​ខ្ញុំ​នេះ​ឡើង​មក​ធ្វើ​ការ​តវ៉ា​នៅ​ទីនេះ​ម្ដងទៀត ក៏​អាច​ផ្លោះ​ទៅ​ណោះ​ទៀត ក៏​អាច​ថា​បាន»

​ប្រជាពលរដ្ឋ​និយាយ​ថា ប្រភេទ​ដីស្រែ​ដែល​កំពុង​មាន​វិវាទ​ជាង ៣​ពាន់ ៦​រយ​ហិកតារ​នេះ បាន​អូស​បន្លាយ​តាំងពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ។ ប្រជាពលរដ្ឋ​ចោទប្រកាន់​មេឃុំ​បឹង​ប្រាំ មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈា នី ថា គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បង្ក​ឲ្យ​មាន​វិវាទ​ដី​នេះ​កើតឡើង​។ ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​បញ្ជាក់​ថា ដី​ជាង ៣​ពាន់ ៦​រយ​ហិកតារ (៣៦៥៨) គឺជា​ប្រភេទ​ដី​សមាហរណកម្ម សម្រាប់​បែងចែក​ឲ្យ​គ្រួសារ​យោធិន​ខ្មែរ​ក្រហម កាត់​រំសាយ​ចាប់​តាំង​ពី​១៩៩៨ ទុក​ដើម្បី​បង្កបង្កើត​ផល និង ធ្វើ​លំនៅឋាន។

ស្រប​ពេល​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​នៅ​សាលាខេត្ត ចំណែក​នៅ​មូលដ្ឋាន​ឯណោះ​វិញ លោក ឈា នី ក៏​សម្រុក​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ ដែល​លោក​ចាត់​ទុក​ថា គឺជា​អ្នក​ត្រូវ​ទទួល​បាន​ប្លង់​កាន់កាប់ លើ​ដី​កំពុង​មាន​ទំនាស់​ដោយ​ស្របច្បាប់​ដែរ។

​ក្រុម​អ្នក​តវ៉ា​និយាយ​ទៀត​ថា ហេតុផល​ដែល​ជំរុញ​ឲ្យ​មាន​វិវាទ​បន្ត​អូស​បន្លាយ​ដល់​បច្ចុប្បន្ន​នេះ គឺ​ដោយសារតែ​លោក ឈា នី ស្នើសុំ​បង្កើត​ឃុំ​ថ្មី​មួយទៀត គឺ​ឃុំ​បឹង​ប្រាំ​នេះ ហើយ​កាត់​ភូមិ​មួយ​ចំនួន ដែល​នៅ​ជុំវិញ​ឃុំ​ថ្មី​នេះ ដាក់បញ្ចូល​ទៅ​ក្នុង​ឃុំ​ថ្មី​នេះ​ផង។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​ក្រុម​អ្នក​តវ៉ា អះអាង​ថា លោក ឈា នី បាន​ប្រព្រឹត្ត​អំពើពុករលួយ យក​លុយ​រាប់​ម៉ឺន​ដុល្លារ​ពី​ការ​បង្កើត​ឃុំ​ថ្មី​នេះ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ចំណូល​ថ្មី បង់លុយ​ក្នុង​ម្នាក់ ៤​លាន​រៀល ជា​ថ្នូរ​ទទួល​បាន​ដី​មួយ​ឡូត៍ ទំហំ ៥​ហិកតារ ក្នុង​មួយ​គ្រួសារ។

បដិសេធ​នឹង​ការចោទប្រកាន់​នេះ មេឃុំ​បឹង​ប្រាំ​លោក ឈា នី ប្រៀបធៀប​ថា ការ​ចោទ​ប្រកាន់​រូប​លោក​ថា​បាន​បង្កើត​រដ្ឋបាល​ឃុំ ជា​ថ្នូរ​នឹង​ធ្វើ​មាន​ធ្វើ​បាន​ដោយ​អំពើពុករលួយ​នោះ វា​មិន​ខុស​អ្វី​ដូច​ចោទ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ លោក​ចាត់ទុកថា ព្រោះ​ការ​បង្កើត​ឃុំ​ទៅ​បាន​វា​ត្រូវ​មាន​ការចូលរួម និង ពាក់ព័ន្ធ​ទៅ​ផ្នែក​ដទៃ​ទៀត ដែល​ជា​ជំនាញ​របស់​រដ្ឋាភិបាល ទើប​អាច​ដំណើរការ​ទៅ​រួច។ ធ្លាប់​ជា​អតីត​អ្នក​ជាប់ពន្ធនាគារ​ដោយ​ការ​តវ៉ា រឿង​ដីធ្លី​ដែរ មុននឹង​បាន​ក្លាយ​ជា​មេឃុំ​នេះ​លោក ឈា នី អះអាង​ថា ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​នៅ​ពេល​នេះ គឺជា​ក្រុម​មនុស្ស​ចំណូល​ក្រៅ ដែល​ពុំ​មាន​នៅ​ក្នុង​ស្ថិតិ​រដ្ឋបាល​ឃុំ​របស់​លោក​គ្រប់គ្រង​ឡើយ។

លោក​បន្ត​ថា៖ «គាត់​បាន​ថា​ប្រជាជន​អូស​ប្រជាជន​ថ្មី មក​បង្កើត​ជា​រដ្ឋបាល​ឃុំ​មួយ ដោយ​យក​លុយ​យក​កាក់។ វា​ស្មើនឹង​ចោទ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ភូមិ​បង្កើត​ឃុំ​សុទ្ធតែ​យក​លុយ ពី​អ្នកស្រុក​ទើប​បង្កើត​ភូមិ​បាន​បង្កើត​ឃុំ​បាន»។

និយាយ​ពី​រឿង​ហែ​ក្បួន​វិញ ប្រជាពលរដ្ឋ​បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ព្រឹក ដោយ​ធ្វើដំណើរ​ថ្មើរ​ជើង ក្នុង​ចម្ងាយ​ផ្លូវ​ជាច្រើន​គីឡូម៉ែត្រ មុននឹង​មកដល់​គោលដៅ។ មាន​មនុស្ស​មួយ​ចំនួន ក្នុង​ចំណោម​នោះ ជា​អតីត​យោធា​ខ្មែរក្រហម មាន​អ្នកខ្លះ​ពិការ​ជើង​ម្ខាង​ដោយ​សង្គ្រាម ហើយ​បង្ខំចិត្ត​ធ្វើ​ដំណើរ​ដោយ​ជើង​ឈើ និង មាន​អ្នក​ខ្លះ​ទៀត ពិការ​ភ្នែក​ម្ខាង​ផង ក៏​ត្រូវ​ជម្នះ​ក្រោម​កម្ដៅ​ថ្ងៃ​ហួតហែង មុននឹង​ដល់​សាលាខេត្ត​បាត់ដំបង។ ចំណែក​របាំង​ការពារ ត្រូវ​បាន​បិទ​ជុំវិញ​សាលាខេត្ត និង មាន​កម្លាំង​ចម្រុះ​ការពារ​រួចជាស្រេច មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ឆ្លងកាត់។ ប៉ុន្តែ​ជា​សំណាង​ល្អ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ មិន​ត្រូវ​បាន​រារាំង និង ប្រើ​ហិង្សា​ពី​ក្រុម​សមត្ថកិច្ច ក្រៅពី​ជួយ​សម្រួល​ការ​ធ្វើ​ដំណោះ មុននឹង​ត្រូវ​រំសាយ​ទៅវិញ នៅ​ល្ងាច​ថ្ងៃ​ទី ១៨ សីហា ។​

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង​លោក ហេង សាយ​ហុង រក​ឃើញ​ថា វិវាទ​ដែល​បង្ក​ឲ្យ​ក្លាយ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នៅ​ពេល​នេះ ពិត​ជា​កើត​ឡើង​ដោយ​អំពើ​ពុករលួយ។លោក​ចាត់​ទុក​ថា នេះ​ជា​ហេតុផល​ចម្បង​ក្នុងចំណោម​ធាតុ​ផ្សំ​នៃ​បញ្ហា​ផ្សេងទៀត ដែល​ជំរុញ​ឲ្យ​បញ្ហា​ដោះ​មិន​ចេញ។ ម្យ៉ាងទៀត​ជម្លោះ​នេះ​កើតឡើង តាំងពី​ក្នុង​អំឡុង​អតីត​អភិបាលខេត្ត លោក ប្រាជ្ញ ច័ន្ទ គ្រប់គ្រង​មក។ លោក​និយាយ​ថា​ដោយសារ​ការប្រព្រឹត្ត​អំពុក​រលួយ​ជា​ប្រព័ន្ធ​នេះ​ហើយ ទើប​បន្ទុក​នេះ បន្ត​ចាក់ស្រេះ​ដល់ពេល​បច្ចុប្បន្ន។

លោក ហេង សាយហុង៖ «បាន​ឃើញ​ឯកសារ​ជាច្រើន​ហើយ ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​អ្នកភូមិ​បឹង​ប្រាំង​ហ្នឹង​គាត់ បាន​ទិញ​ដី​ហ្នឹង បាន​ទិញ​ដី​ហ្នឹង​ឥឡូវ​ឥតមាន​បាន​ដី អស់​លុយ​ឥត​បាន​ដី។ អ៊ីចឹង​បាន​ជា​ថា តំបន់​បឹង​ប្រាំ​និយាយ​ជា​រួម​ទៅ​គឺថា​វា​មាន​បញ្ហា​អំពើ​ពុករលួយ វា​មាន​ផលប្រយោជន៍»។

ប្រជាពលរដ្ឋ​និយាយ​ថា ក្នុង​ជម្លោះដីធ្លី​នេះ​មាន​មនុស្ស​២​នាក់ កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ ខេត្ត​នៅ​ឡើយ ក្រោម​ការ​ចោទ​ប្រកាន់​ពី​លោក ឈា នី និង មាន​ស្ត្រី​ម្នាក់​ផង​ត្រូវ​ស្លាប់ ដោយ​ការ​ប្រើ​ហិង្សា​ពី​ក្រុម​របស់​មេឃុំ​លោក ឈា នី វាយ​ធ្វើបាប ក្នុង​ពេល​មាន​ទំនាស់​ផលប្រយោជន៍​លើ​ដី​វិវាទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។