សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប កំពុងព្រួយបារម្ភទៅលើបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ នៅភូមិអូរផ្អាវ នៃឃុំស្រែណូយ ជាមួយកងទាហាននៃយោធភូមិភាគទី៤ ដែលកំពុងតែដណ្ដើមគ្នាកាប់ដីច្រើនរយហិកតារ។ ការព្រួយបារម្ភបានកើតឡើងបន្ទាប់ពីក្រុមអ្នកភូមិ និងទាហាន បានប្រឈមមុខដាក់គ្នាម្ដងមកហើយ ក្នុងពេលដែលទាហានព្យាយាមដកហូតយកឧបករណ៍ធ្វើកសិកម្មពីប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋ នៅភូមិអូរផ្អាវ ឃុំស្រែណូយ ស្រុកវ៉ារិន អះអាងថា យ៉ាងហោចណាស់ក៏មានអ្នកភូមិ ១៧គ្រួសារ ក្នុងចំណោមជាង ១០០គ្រួសារ កំពុងប្រឈមមុខនឹងការគ្មានដីធ្វើកសិកម្មទេ នៅក្នុងរដូវវស្សាឆ្នាំនេះ ដោយសារតែកងទាហានបានចូលទៅហាមឃាត់យ៉ាងតឹងតែង។
តំណាងប្រជាពលរដ្ឋភូមិអូរផ្អាវ លោក ជួប ជួន មានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែឧសភា ថា រូបគាត់និងអ្នកភូមិជាង ១០០គ្រួសារទៀត កំពុងមានទំនាស់ដីប្រមាណ ៤០០ហិកតារ ជាមួយកងទាហាន នៃយោធភូមិភាគទី៤ ដែលមានមូលដ្ឋាននៅជិតនោះ។ លោក ជួប ជួន បញ្ជាក់ទៀតថា ក្នុងចំណោមអ្នកភូមិដែលមានទំនាស់ដីជាង ១០០គ្រួសារនោះ គឺទាហានអាចអនុញ្ញាតឱ្យធ្វើកសិកម្មលើដីខ្លះ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋ ១៧គ្រួសារវិញ គឺទាហានបានហាមឃាត់តឹងតែង៖ «ទាហានយោធភូមិភាគ៤ គេថាដីគេ គេទុកជូនកងទ័ព។ គេថាហ៊ានតែធ្វើគឺរឿងគ្នាមិនខាន។ អត់មានដីធ្វើសោះនេះ ហើយកំពុងតែរង់ចាំថ្នាក់លើគេដោះស្រាយ មិនដឹងយ៉ាងណា ?»។
តំណាងប្រជាពលរដ្ឋអះអាងថា កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ ទាហានមួយក្រុមបានទៅដុតបំផ្លាញផ្ទះប្រជាពលរដ្ឋមួយខ្នង ដកហូតយកម៉ាស៊ីនកាត់ស្មៅចំនួន ៣គ្រឿង ព្រមទាំងប្រមូលយកកាំបិតផ្គាក់ពីប្រជាពលរដ្ឋចំនួន ៣០ នៅពេលដែលអ្នកភូមិព្យាយាមធ្វើកសិកម្មនៅលើដីហាមឃាត់ទាំងនោះ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការយោធាប្រចាំតំបន់នោះ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលលរដ្ឋបានថាយ៉ាងណានៅឡើយ។
កាលពីសប្ដាហ៍មុន ក្រុមប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹង ចំពោះករណីហិង្សារបស់កងទាហាននេះ មកសមាគមការពារសិទ្ធិមនុស្សអាដហុក ដើម្បីឱ្យជួយរកយុត្តិធម៌ និងដោះស្រាយ។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ គឺលោកបានចុះស៊ើបអង្កេតករណីនោះ ហើយរកឃើញថា កងទាហាន ពិតជាបានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ ១គ្រួសារ ក្នុងរឿងទំនាស់ដីធ្លីទីនោះមែន។ លោក សួស ណារិន បញ្ជាក់ទៀតថា តាមការស្រាវជ្រាវរបស់លោករកឃើញថា អ្នកភូមិជាង ១០០គ្រួសារ បានចូលទៅកាន់កាប់ដីទីនោះ តាំងតែពីអំឡុងឆ្នាំ២០០២ ក៏ប៉ុន្តែទាហានទើបតែស្នើសុំកាន់កាប់កាលពីឆ្នាំ២០០៧។
មន្ត្រីសាលាខេត្តសៀមរាប ឆ្លើយតបថា គេពុំទាន់បានដឹងអំពីការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋភូមិអូរផ្អាវ ជាមួយកងទាហាននោះទេ។
អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថា បញ្ហាដែលទើបតែកើតមានរវាងប្រជាពលរដ្ឋ និងកងទាហាន កាលពីពេលថ្មីៗគឺលោកពុំទាន់បានទទួលព័ត៌មានអ្វីទេ ក៏ប៉ុន្តែលោកដឹងថាបញ្ហាដីធ្លីនៅទីនោះ គឺកើតមានជាយូរមកហើយ ដោយសាលាខេត្តក៏កំពុងរៀបចំដីធ្លីជូនអ្នកភូមិទាំងនោះ ឱ្យទៅរស់នៅម្ដុំភូមិត្រពាំងក្រសាំង ជាមួយប្រជាពលរដ្ឋមួយភូមិទៀត។
លោក ប៊ុន ថាឬទ្ធិ បញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិអូរផ្អាវ នោះបានចូលទៅកាន់កាប់ដី ដែលពាក់ព័ន្ធ និងតំបន់យោធាហ្វឹកហាត់បាញ់ស៊ីប។ លោកអភិបាលរងបញ្ជាក់ថា ទោះយ៉ាងណាសាលាខេត្តនឹងដោះស្រាយរកដីជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែមិនមែនជាដីដែលពួកគេរស់នៅនិងធ្វើកសិកម្មពេលបច្ចុប្បន្ននេះទេ៖ «យើងដូចជាមិនអាចឱ្យគាត់បានទេ ពីព្រោះកន្លែងហ្នឹង ជាកន្លែងសម្រាប់កងទ័ពហាត់ហ្វឹកហ្វឺន។ ប៉ុន្តែចាំមើលថ្ងៃច័ន្ទ ស្អែកខ្ញុំឱ្យស្រុកគេរាយការណ៍ ធ្ងន់ធ្ងរអីយ៉ាងម៉េច គឺទៅសម្របសម្រួលគ្នា ដោះស្រាយជាបណ្ដើរៗទៅ»។
បណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលដាក់ជូនអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បញ្ជាក់ថា បច្ចុប្បន្នមានអ្នកភូមិប្រមាណ ១០៧គ្រួសារ កាន់កាប់ដីចំនួនជាង ៤០០ហិកតារ ដែលកំពុងតែមានជម្លោះជាមួយទាហាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
