ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ស្នើ​ក្រសួង​យុត្តិធម៌​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង ចំនួន ១៥​គ្រួសារ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ពួក​គេ​ស្នើ​ឲ្យ​ស្ថាប័ន​ការពារ​យុត្តិធម៌​ពីរ​នេះ ស្វែងរក​យុត្តិធម៌​ឲ្យ​ពួក​គេ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​បាន​អូស​បន្លាយ​ប្រមាណ ៦​ឆ្នាំ​មក​ហើយ​នោះ។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​ភាគ​ច្រើន​មាន​វ័យ​ចំណាស់ និង​រួម​ដំណើរ​ដោយ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ ដែល​សព្វថ្ងៃ​កំពុង​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ ព្រម​ទាំង​ព្រះសង្ឃ ដែល​មាន​គ្នីគ្នា​សរុប​ប្រមាណ ៥០​អង្គ និង​នាក់ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌ ស្រែក​ទាមទារ​ឲ្យ​ក្រសួង ស្វែងរក​យុត្តិធម៌​ឲ្យ​ពួក​គេ ជុំវិញ​បញ្ហា​ដីធ្លី​ប្រមាណ ៦០​ហិកតារ។

ក្រោយ​ពី​ឈរ​ស្រែក​តវ៉ា​ប្រហែល ១៥​នាទី តំណាង​អ្នក​ភូមិ​ចំនួន ៤​នាក់ ត្រូវ​បាន​មន្ត្រី​ក្រសួង​យុត្តិធម៌ អនុញ្ញាត​ឲ្យ​ចូល​ជួប ដើម្បី​សាកសួរ និង​ដាក់​ញត្តិ។ នៅ​ក្នុង​ញត្តិ​នោះ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង លើក​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន លើ​តំណាង​របស់​ពួក​គេ គឺ​អ្នកស្រី ផាវ ញ៉ើង ដែល​ត្រូវ​តុលាការ​ខេត្ត​កោះកុង ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ ជំរុញ​ទៅ​ស្ថាប័ន​តុលាការ លុប​ចោល​សាល​ដីកា​កាល​ពី​ឆ្នាំ​២០០៩ ដែល​ពលរដ្ឋ​ថា​សាល​ដីកា​នោះ បាន​កាត់​ដី​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់ លោក ហេង ហ៊ុយ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ហេង ហ៊ុយ អាហ្គ្រីខលឈ័រ គ្រូប (Heng Huy Agriculture Group) និង​សុំ​ឲ្យ​តុលាការ​មាន​ភាព​ឯករាជ្យ យុត្តិធម៌ និង​កាត់​ក្តី​ប្រកប​ដោយ​ឆន្ទៈ ស្មោះ​ត្រង់​មិន​លម្អៀង។ បន្ទាប់​ពី​ដាក់​ញត្តិ​រួច ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រសួង​យុត្តិធម៌ សន្យា​ថា​នឹង​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះស្រាយ​បញ្ហា​ក្នុង​ពេល​ឆាប់ៗ​នេះ។

ក្នុង​ពេល​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​យុត្តិធម៌ នោះ កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ប្រមាណ ១០​នាក់ ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មុខ​ក្រសួង ប៉ុន្តែ​ពួក​គេ​មិន​បាន​រារាំង​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​ឡើយ។ ក្នុង​ពេល​ស្រែក​ទាមទារ​នោះ​ដែរ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ខ្យល់គ និង​សន្លប់ ដែល​តាម​មើល​ទៅ​ប្រហែល​ជា​អស់​កម្លាំង​ពេក ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្យាបាល​នៅ​អង្គការ​លីកាដូ (Licadho)។

បន្ទាប់​ពី​ក្រសួង​យុត្តិធម៌ ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ក្នុង​ខណ្ឌ​ចំការមន។ នៅ​ទីនោះ ពួក​គេ​ត្រូវ​បាន​អនុប្រធាន​នាយកដ្ឋាន​ជំនួយ​ការ​កិច្ចការ​តុលាការ នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម លោក សុង សុខភារម្យ ចេញ​មក​ជួប និង​បាន​អញ្ជើញ​តំណាង​ពលរដ្ឋ​ចំនួន ២​រូប រួម​និង​ព្រះសង្ឃ​ចំនួន ២​អង្គ​ផង​ដែរ ចូល​ទៅ​ខាង​ក្នុង។

ពលរដ្ឋ​មក​ពី​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង និង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ ដែល​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ តវ៉ា​នៅ​មុខ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤។
ពលរដ្ឋ​មក​ពី​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង និង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ ដែល​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ តវ៉ា​នៅ​មុខ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤។ (RFA/Yeang Socheametta)

ក្រោយ​ជំនួប​នោះ ពលរដ្ឋ​ឲ្យ​ដឹង​ថា ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម សន្យា​ថា ពួក​គេ​នឹង​ចែក​ចាយ​ឯកសារ​របស់​ពលរដ្ឋ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ និង​ជួយ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​នេះ។

តំណាង​ពលរដ្ឋ អ្នកស្រី ផាវ ញ៉ើង បាន​ថ្លែង​នៅ​មុខ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម នៅ​ពេល​ដៃ​ម្ខាង​កំពុង​បី​កូន​អាយុ​ទើប​តែ ២៤​ថ្ងៃ​នោះ​ថា អ្នកស្រី និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​អ្នកស្រី រង​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុមហ៊ុន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​អ្នក​ណា​ជួយ​ដោះស្រាយ​ឡើយ បើ​ទោះ​ជា​កន្លង​មក ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើន​កន្លែង ប៉ុន្តែ​អ្នកស្រី​ថា ពេល​នេះ​ពួក​គាត់​ស៊ូ​ទ្រាំ​លែង​បាន​ទៀត​ហើយ៖ «គេ​ប្ដឹង​បង​ពីរ​លើក​ហើយ កាល​ពី​ឆ្នាំ​២០១០ លោក ហេង ហ៊ុយ ប្ដឹង​បង​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​ម្ចាស់​ដី ការ​ពិត​គាត់​មក​រុះ​ផ្ទះ​បង បង​រារាំង​អត់​ឲ្យ​គេ​រុះ អត់​ឲ្យ​គេ​បំផ្លាញ​ផ្ទះ​បង អ៊ីចឹង​គេ​ប្ដឹង​បង​ថា បង​នៅ​លើ​ដី​គេ»

អ្នកស្រី ផាវ ញ៉ើង ឲ្យ​ដឹង​បន្ត​ថា ទាក់ទង​បញ្ហា​ដីធ្លី​នេះ ពលរដ្ឋ​បាន​ប្ដឹង​ទៅ​តុលាការ​ខេត្ត​កោះកុង នៅ​ឆ្នាំ​២០១០ ដើម្បី​ឲ្យ​តុលាការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ប៉ុន្តែ​តុលាការ​ខេត្ត​កោះកុង មិន​ចាត់​ការ​ឡើយ។ ដោយ​រង់ចាំ​យូរ​ពេក អ្នកស្រី​ក៏​ប្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ហើយ​សាលា​ឧទ្ធរណ៍ បាន​កោះ​ហៅ​អ្នកស្រី​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤។ ប៉ុន្តែ​ស្រាប់​តែ​ឡើង​មក​ដល់​ភ្នំពេញ តុលាការ​ប្រាប់​ថា ពួក​គេ​លើក​ពេល​សវនាការ​ទៀត៖ «វា​អយុត្តិធម៌​ណាស់​ចំពោះ​អ្នក​ក្រីក្រ​ដូច​ពួក​ខ្ញុំ បើ​ចង់​លើក​ពេល​ម៉េច​ក៏​លោក​តាំង​ពី​មុន​មក ប្រាប់​ពីរ​ថ្ងៃ​អី​មក ពួក​ខ្ញុំ​ចង​ការ​លុយ​គេ​មក ទម្រាំ​បាន​មក ព្រោះ​អី​ហៅ​ចំ​ខ្ញុំ​ហ្នឹង»

ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស គឺ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​មិន​បាន​ទទួល​ញត្តិ​បញ្ហា​ដីធ្លី​ពី​ពលរដ្ឋ​ក្នុង​ពេល​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​មាន​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​របស់​ពួក​គេ បាន​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ​ជា​ហូរហែ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី លោក ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ។ ទោះ​យ៉ាង​ណា បញ្ហា​របស់​ពួក​គេ​ហាក់​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ជា​ដុំ​កំភួន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។