នៅក្នុងការចរចាជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី២៩ ខែឧសភា អាជ្ញាធរខេត្តក្រចេះ បានយល់ព្រមផ្តល់ដីទំហំ ៧៥០ហិកតារ ដល់ពលរដ្ឋ ៤០៥គ្រួសារ ដែលបានកាប់រានព្រៃរួចនៅតំបន់ពាមប៉ោអូរ៣ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ប៉ុន្តែអ្នកភូមិមិនទាន់ចុះសម្រុងគ្នាក្នុងការព្រមទទួលយកទំហំដីនោះនៅឡើយ ដោយទាមទារឲ្យអាជ្ញាធរខេត្តក្រចេះ ផ្តល់ដីសរុបចំនួន ២.២២៥ហិកតារ ដែលពួកគាត់បានព័ទ្ធទុក។
អាជ្ញាធរខេត្តក្រចេះ ក៏បានសម្រេចទុកពេលអោយពលរដ្ឋដាក់ពាក្យស្នើសុំដី ចាប់ពីថ្ងៃទី៣០ ខែឧសភា ទៅដល់ថ្ងៃទី៥ ខែមិថុនា។
ដីទំហំ ៧៥០ហិកតារ ដែលបានកាប់រាន និងអាស្រ័យផលហើយនៅតំបន់ពាមប៉ោអូរ៣ ត្រូវអាជ្ញាធរខេត្តក្រចេះ សម្រេចប្រគល់ឲ្យក្រុមអ្នកតវ៉ាមកពីឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។
ការសម្រេចប្រគល់ដីនេះ បានធ្វើឡើងបន្ទាប់ពីមានការចរចារវាងតំណាងអ្នកភូមិ ៤០៥គ្រួសារ និងអាជ្ញាធរខេត្តក្រចេះ ខេត្តកំពង់ចាម ក្រសួងការងារ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ ដើម្បីឲ្យអ្នកតវ៉ាទទួលបានដីជាកម្មសិទ្ធិ។
លិខិតសម្រេចរបស់អភិបាលខេត្តក្រចេះ លោក ស ចំរុង ប្រកាសឲ្យប្រជាពលរដ្ឋដែលឡើងមកនៅរាជធានីភ្នំពេញ ឲ្យត្រឡប់ទៅស្នាក់នៅបណ្ដោះអាសន្ននៅសាលាស្រុកស្នួល ដើម្បីដាក់ពាក្យស្នើសុំកាន់កាប់ដី ដែលគ្រួសារនីមួយៗបានកាប់រាន។ ពាក្យសុំកាន់កាប់ដីចាប់ទទួលពាក្យពីថ្ងៃទី៣០ ខែឧសភា ទៅដល់ម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី៥ ខែមិថុនា៖ «សូមបងប្អូនប្រជាពលរដ្ឋ មេត្តាវិលត្រឡប់ទៅកាន់សាលាស្រុកស្នួល ខេត្តក្រចេះ ឲ្យបានឆាប់ ដើម្បីបំពេញបែបបទទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់ទាន់ពេលវេលា។ ក្នុងករណីមានការយឺតយ៉ាវ ក្រុមការងារមិនទទួលខុសត្រូវចំពោះការបាត់បង់ឱកាស នៃការទទួលបានដីនោះឡើយ»។
តំណាងអ្នកភូមិ ៤០៥គ្រួសារ មកពីខេត្តក្រចេះ លោក ឃី ឆាយ ថ្លែងថា តាមលោកពិចារណា ការដោះស្រាយរបស់អភិបាលខេត្តផ្តល់ដីទំហំ ៧៥០ហិកតារមកឲ្យពលរដ្ឋ ៤០៥គ្រួសារ គិតឃើញថា ក្នុង១គ្រួសារអាចទទួលបានដីជាង ១ហិកតារ។ លោកគិតថា ដីនោះអាចដាំដុះបង្កបង្កើនផលបាន ប៉ុន្តែលោកចាំការសម្រេចរួមពីអ្នកភូមិទាំងអស់គ្នាសិន៖ «ខ្ញុំមិនទាន់ហ៊ានសម្រេចថាដូចម៉េច ព្រោះខ្លាចប្រជាពលរដ្ឋហ្នឹងគេមិនយល់ព្រម បើចំពោះខ្ញុំ អាចយល់ព្រម ហើយនិងសុំបន្ថែមបន្ត ចំពោះមុខរដ្ឋាភិបាល និងអាជ្ញាធរ»។
ជនជាតិស្ទៀងម្នាក់ លោកស្រី សឹម សាវិន ថ្លែងថា គាត់មិនទទួលយកការដោះស្រាយដីនោះទេ ព្រោះដីគាត់កាប់រានបានទំហំ ៤ហិកតារ បើអាជ្ញាធរខេត្តឲ្យដីគាត់តែជាង ១ហិកតារ ក្រុមគ្រួសារគាត់មិនអាចចិញ្ចឹមជីវិតបានទេ៖ «មូលហេតុថា ខ្ញុំអត់ព្រម បានតែ១ហិកតារម្នាក់ ហើយឥឡូវចិញ្ចឹមរស់ឬអត់? អត់រស់ទេ ព្រោះកូនវាច្រើន ហើយនៅគេធ្វើផ្លូវទៀត យើងបានអី»។
លោកស្រី សេង ចាន់ធឿន ជនជាតិខ្មែរអតីតអ្នកទៅពីផ្សារសួង ខេត្តកំពង់ចាម ថ្លែងថា គាត់មិនត្រឡប់ទៅវិញទេ បើមិនបានដីតាមទំហំគាត់បានព័ទ្ធយក៖ «ខ្ញុំក្បាលដីហា តែបណ្តោយខ្ញុំខ្វះ ២០ម៉ែត្រស្មើ ៤ហិកតារ ចា៎! ខ្ញុំកាប់បាន ខ្ញុំដាំដំឡូងខ្ញុំត្រឹមៗហ្នឹង»។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ពន្យល់ថា ការព្រមវិលទៅវិញ ឬមិនព្រម គឺនៅប្រមាណ១អាទិត្យនៃថ្ងៃផុតកំណត់ទទួលពាក្យសុំកាន់កាប់ដីធ្លី៖ «ប៉ុន្តែអ្វីដែលសំខាន់នោះ គឺរាជរដ្ឋាភិបាលបានប្រគល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន»។
ថ្លែងស្រដៀងគ្នាដែរ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន ថ្លែងថា ជំហរដោះស្រាយប្រគល់ដីជូនប្រជាពលរដ្ឋដែលចូលកាប់រានដីព្រៃបម្រុងទុករបស់រដ្ឋ របស់អាជ្ញាធរខេត្តក្រចេះ និងស្រុកស្នួល ប្រជាពលរដ្ឋអ្នកតវ៉ាគួរពិចារណាទៅដាក់ពាក្យឲ្យបានទាន់ពេលនៃថ្ងៃទទួលយកការដោះស្រាយ៖ «ទំហំដីដែលបងប្អូនកាប់ទន្ទ្រានកាន់កាប់រួចមានទំហំ ៧៥០ហិកតារ ដែលថ្ងៃនេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ជូនបងប្អូនហើយ»។
ក្រុមអ្នកតវ៉ាបញ្ហាដីមកពីតំបន់ពាមប៉ោអូរ៣ ឃុំឃ្សឹម ស្រុកស្នួល កំពុងពិភាក្សាគ្នានៅឡើយ មិនទាន់ដឹងថា មានពលរដ្ឋប៉ុន្មាននាក់ព្រមយកដីដែលអាជ្ញាធរខេត្តក្រចេះ ដោះស្រាយ និងប៉ុន្មាននាក់ មិនព្រមយកការដោះស្រាយ ព្រោះភាគច្រើនទាមទារយកទំហំដីសរុបជាង ២.០០០ហិកតារ ដែលបានព័ទ្ធទុកដោយមិនទាន់កាប់រានព្រៃអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។