ពលរដ្ឋអតីតសមាជិកសហគមន៍បឹងកក់ ជិត ៥០នាក់ បាននាំគ្នាវេចមុងកន្ទេល ដឹកទាំងចានឆ្នាំងទៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ មេសា ដើម្បីទៅសម្រាកតវ៉ានៅទីនោះទាំងថ្ងៃទាំងយប់រយៈពេល ៣ថ្ងៃជាប់គ្នាក្នុងបំណងទាមទារសំណងបន្ថែមពីការបណ្ដេញចេញដោយបង្ខំ កាលពីឆ្នាំ២០១១។ ប៉ុន្តែត្រូវបានក្រុមសន្តិសុខសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ រារាំងនិងបណ្ដេញចេញមិនឲ្យពួកតវ៉ាស្នាក់នៅមុខសាលារាជធានី ដូចការគ្រោងទុកទេ។
គម្រោងដាំបាយ ស្ល និងបោះតង់ ដេកទាំងយប់ទាំងថ្ងៃនៅមុខសាលារាជធានីភ្នំពេញ របស់ពលរដ្ឋអតីតសមាជិកសហគមន៍បឹងកក់ ត្រូវបរាជ័យ។ ប៉ុន្តែខាងសាលារាជធានីភ្នំពេញ យល់ព្រមទទួលយកញត្តិស្នើសុំទាមទារសំណងបន្ថែមទៅពិចារណា។
ពលរដ្ឋអតីតសមាជិកសហគមន៍បឹងកក់ ដែលសព្វថ្ងៃរស់នៅផ្សេងៗគ្នានៅជាយរាជធានីភ្នំពេញ បានណាត់គ្នាមកជួបជុំតវ៉ានៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ មេសា ដោយសន្យាថា នឹងធ្វើការតវ៉ាទាំងយប់ទាំងថ្ងៃ និងបានវេចមុខកន្ទេល ដឹកទាំងចានឆ្នាំងមកពីផ្ទះរៀងៗខ្លួនមកជាមួយ។ ប៉ុន្តែក្រុមសហគមន៍មិនទាន់ទាំងជួបជុំគ្នាស្រួលបួលផង ស្រាប់តែកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ បានដកហូតសម្ភារៈទាំងនោះម្ដងម្នាក់ៗរហូតអស់ និងបានរុញច្រានពួកគេចេញពីមុខសាលារាជធានីភ្នំពេញ មិនឲ្យតាំងទីស្នាក់បណ្ដោះអាសន្នថែមទៀត។ ប៉ុន្តែមិនបង្កជាអំពើហិង្សាណាមួយនោះទេ។
តំណាងពលរដ្ឋអតីតសមាជិកសហគមន៍បឹងកក់ លោកស្រី សយ កូឡាប ឲ្យដឹងថា ពលរដ្ឋបឹងកក់ ចាកចេញជាង ១ពាន់គ្រួសារ ដែលត្រូវបានក្រុមហ៊ុនស៊ូកាគូ (Shukaku) បូមខ្សាច់ពន្លិចផ្ទះ និងបណ្ដេញចេញដោយបង្ខំពីតំបន់បឹងកក់ ស្នើសុំទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ឲ្យដោះស្រាយសំណងបន្ថែម ២ម៉ឺនដុល្លារក្នុងមួយខ្នងផ្ទះ ដើម្បីបំពេញបន្ថែមចំពោះកម្រិតជីវភាពខ្វះខាតពេលកន្លងមក។
លោកស្រីបន្តថា ក្រោយការបណ្ដេញចេញដោយបង្ខំ ពួកគាត់កំពុងជួបបញ្ហាខ្វះខាតជីវភាព បាត់បង់ផ្ទះ បាត់មុខបរ ធ្វើការចំណាកស្រុក ពិសេសជំពាក់បំណុលគេសង់ផ្ទះថ្មីរស់នៅ ដោយសារតែក្រុមហ៊ុនស៊ូកាគូ ផ្ដល់សំណងមិនត្រឹមត្រូវ មិនអាចឲ្យពលរដ្ឋទិញដីនិងផ្ទះថ្មីរស់នៅបានសមរម្យ៖ «គាត់ចេះតែពន្យារពេល គាត់អត់ដោះស្រាយ ឲ្យរង់ចាំម៉េចជីវិតមនុស្ស វាអត់រង់ចាំបានដូចជាគាត់ទេ គាត់អ្នកមានគាត់រង់ចាំបានហើយ ព្រោះគាត់ដេកលើវីឡាក្នុងម៉ាស៊ីនត្រជាក់ គាត់អត់ពិបាកទេ តែជីវិតពួកមីងមួយថ្ងៃដើម្បីមួយថ្ងៃ»។
ក្រុមអតីតអ្នកបឹងកក់ ដែលឈរតវ៉ាក្រោមកម្ដៅថ្ងៃខ្លាំង ត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យតំណាងពីរនាក់ទៅជួប និងព្រមទទួលយកញត្តិស្នើសុំនោះ។ ប៉ុន្តែនៅមិនទាន់សម្រេចយ៉ាងណានៅឡើយ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា សំណើសុំសំណងបន្ថែម ២ម៉ឺនដុល្លារនោះ គឺផុតពីលទ្ធភាពដែលអាចដោះស្រាយឲ្យបាន។ អ្វីដែលខាងសាលារាជធានីភ្នំពេញ អាចដោះស្រាយបាននៅពេលនេះ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហគមន៍របស់ពួកគាត់រស់នៅសព្វថ្ងៃ។
លោក ឡុង ឌីម៉ង់៖ «ការដោះស្រាយលំនៅឋាន កន្លែងស្នាក់នៅរបស់គាត់ដែលគាត់បានទទួលគោលនយោបាយបានក្នុងសហគមន៍របស់គាត់ដែលមានការខ្វះខាតបញ្ហាហេដ្ឋារចនាសម្ព័ន្ធ គឺសាលារាជធានីភ្នំពេញ អាចដោះស្រាយបាន»។
លោក ឡុង ឌីម៉ង់ នៅមិនទាន់អាចបញ្ជាក់ថា ខាងសាលារាជធានីភ្នំពេញ មានផែនការយ៉ាងណាជាមួយក្រុមហ៊ុនស៊ូកាគូ ចំពោះសំណងទាមទារបន្ថែមរបស់អតីតអ្នកបឹងកក់ នោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនស៊ូកាគូ បានទៅនៅថ្ងៃទី២៨ មេសា ដើម្បីសួរនាំរឿងនេះ។
នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩ ក្រុមហ៊ុនស៊ូកាគូ បានប្រើសកម្មភាពបូមខ្សាច់ចាក់បំពេញតំបន់បឹងកក់ ហើយបានពន្លិចផ្ទះពលរដ្ឋអស់ជាង ៣ពាន់គ្រួសារ។ អង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពនោះថា ជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលោភសិទ្ធិលំនៅឋានដោយជ្រកក្រោមគម្រោងអភិវឌ្ឍន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
