ពលរដ្ឋប្រមាណជាង ១៣០គ្រួសារនៅភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយស៊ែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង អំពាវនាវដល់អាជ្ញាធរខេត្តកោះកុងឲ្យជួយអន្តរាគមន៍រកដំណោះស្រាយទំនាស់វិវាទដីធ្លីជាមួយក្រុមហ៊ុន កោះកុង អែស អ៊ី ហ្សិត(KohKong S E Z) របស់លោកឧកញ៉ា លី យ៉ុងផាត់។
នៅក្នុងលិខិតសុំជួយអន្តរាគមន៍របស់ពលរដ្ឋកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន រៀបឲ្យដឹងថា ដីដែលពួកគាត់រស់នៅបង្កបង្កើនផលតាំងពីឆ្នាំ ១៩៨៩ មាន៤គ្រួសារ បានចូលកាប់ឆ្ការ រហូតដល់ឆ្នាំ២០០២ កើនដល់ ១៣៥គ្រួសារ ដោយពុំមានអាជ្ញាធរណាមួយមកហាមឃាត់ឡើយ។ លុះដល់ឆ្នាំ២០០៥ អាជ្ញាធរឃុំ ស្រុក បានចុះវាស់វែងធ្វើបង្កាន់ដៃទទួលស្គាល់ដោយឃុំ ស្រុក និងសុរិយោដីស្រុក។ តែនៅឆ្នាំ២០០៧ មេឃុំព្រែកខ្សាច់ លោក ឡុញ ឃន មេប៉ុស្តិ៍ឃុំ លោក កឹម វណ្ណា និងមន្ត្រីបរិស្ថាន ដឹកនាំកម្លាំងសរុប ៨នាក់ ដោយយកគ្រឿងចក្រ មកឈូសឆាយដីពលរដ្ឋ ហើយលោកមេឃុំថែមទាំងគំរាមពលរដ្ឋមិនឲ្យតវ៉ា ដោយអះអាងថាដីនេះជាតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អភិវឌ្ឍ។
ទាក់ទងបញ្ហានេះដែរលោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលសមាគមអាដហុកខេត្តបានបញ្ជាក់ឲ្យដឹងថាតំណាងក្រុមហ៊ុនមេធាវី លោក ចេង មុន្នីរិទ្ធិ បានទៅជួបជាមួយតំណាងពលរដ្ឋ ហើយថានឹងធ្វើការចរចានៅថ្ងៃទី ៨ ខែកក្កដា ខាងមុខ។
ចំណែក លោកមេធាវី ចេង មុន្នីរិទ្ធិវិញ បានអោយដឹងនៅថ្ងៃទី២៤មិថុនា ថា ក្រុមហ៊ុនមិនទាន់កំនត់ពេលវេលាច្បាស់លាស់អំពីគម្រោងជួបចរចារណាមួយជាមួយពលរដ្ឋជាក់លាក់នោះទេ ដោយលោកបញ្ជាក់ថារឿងរ៉ាវទាំងប៉ុន្មានគឺស្ថិតនៅក្នុងនីតិវិធីរបស់តុលាការនៅឡើយ។
កាលពីព្រឹកថ្ងៃទី ២៣ខែមិថុនាតុលាការខេត្តកោះកុង កោះហៅប្រជាពលរដ្ឋ តំណាង៤ នាក់ ទៅសាកសួរពីករណីទំនាស់ដីជាមួយក្រុមហ៊ុន អេស អ៊ី ហ្សេដ្ស (SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ម្តងរួចមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
