បក្ស LDP ថា​ការ​ចាប់​ខ្លួន​សកម្មជន​ទាក់ទង​រឿង​ដីធ្លី​នៅ​ខេត្ត​កំពត​ជា​រឿង​អយុត្តិធម៌

0:00 / 0:00

សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ជាច្រើន​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​របស់​ខ្លួន​ចំនួន ១៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់ទង​នឹង​បញ្ហា​ទំនាស់​ដីធ្លី​កាល​ពី​រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ។ អាជ្ញាធរ​ខេត្ត​កំពត បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​អ្នក​ទាំង ១៣​នាក់ គឺ​ដោយសារ​ពួក​គេ​បាន​ឈូស​រាន​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ និង​ដោយសារ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ។

ក្រុម​បាតុករ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​រំសាយ​គ្នា​នៅ​ម៉ោង​ជាង ៣​រសៀល ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​កំពត បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​ប្រមូល​ផ្តុំ​គ្នា ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ជា​ទង្វើ​ខុស​ច្បាប់។ អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​កុំ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទាញ​ភ្ជាប់​បញ្ហា​នៃ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​បុគ្គល​ល្មើស​ច្បាប់ ទៅ​ជា​រឿង​នយោបាយ ហើយ​ស្នើ​ឲ្យ​តំណាង​គណបក្ស​នេះ​តវ៉ា​តាម​ផ្លូវ​តុលាការ ក្នុង​ករណី​មិន​ពេញ​ចិត្ត​ការ​អនុវត្ត​របស់​សមត្ថកិច្ច៖ «ករណី​ចាប់​ខ្លួន​បុគ្គល​ ១៣​នាក់ ធ្វើ​ឡើង​ដោយសារ​ជនល្មើស​ជា​បុគ្គល​ និង​ប្រជាពលរដ្ឋ​ គឺ​មិន​មែន​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​ LDP នោះ​ទេ។ ដូច្នេះ​បើសិន​ជា​លោក​ ខឹម វាសនា និង​សមាជិក LDP ទាំង​អស់ ផ្សារភ្ជាប់​ទៅ​នឹង​​បញ្ហា​បុគ្គល និង​ផ្លូវ​ច្បាប់​ គឺ​លោក ខឹម វាសនា និង​សមាជិក​ដែល​ចូល​រួម​បាតុកម្ម​នៅ​ទី​នេះ​ទាំង​អស់ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»

តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម លោក ឆឺយ ប៊ុនធឿន បញ្ជាក់​ថា វា​ជា​រឿង​អយុត្តិធម៌​ដែល​អាជ្ញាធរ​ខេត្ត​កំពត ចាប់​ខ្លួន​សកម្មជន​របស់​លោក​ទាំង ១៣​នាក់ ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស។ លោក​បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ដើម្បី​បញ្ជាក់​ពី​ជំហរ និង​បង្ហាញ​ពី​ផែនការ​បន្ទាប់​របស់​គណបក្ស៖ «យើង​វា​អត់​មាន​ខុស​អី​ផង។ បញ្ហា​ទំនាស់​រវាង​​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ហ្នឹង ហើយ​ប្រជាពលរដ្ឋ​ជា​អ្នក​ប្តឹង​ ហើយ​អាជ្ញាធរ​ចាប់​មនុស្ស​ទាំង​ហ្វូង​ទៅ​ វា​អយុត្តិធម៌​នៅ​លើ​គោក​ពេក។ បើ​ពួក​យើង​ខុស​ច្បាប់ អា​ហ្នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ទៅ​តែ​ពួក​យើង​អត់​មាន​ខុស​អី​ផង។ អ៊ីចឹង​បាន​ថា គេ​អនុវត្ត​មក​លើ​ពួក​យើង​ទាំង​បំពាន​ ទាំង​កម្រោល​តែ​ម្តង។ ច្បាប់​ស្រេច​តែ​នៅ​លើ​មាត់ ស្រេច​តែ​គេ​ថា គេ​និយាយ​ហ្នឹង»

កាល​ពី​រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ សមត្ថកិច្ច​ខេត្ត​កំពត ដឹកនាំ​ដោយ​អភិបាល​រង​ខេត្ត លោក ស៊ឹម វុទ្ធា និង​លោក ខាន់ សុផល ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​កំពត បាន​ចុះ​ឃាត់​ខ្លួន​ពលរដ្ឋ​ចំនួន ១៣​នាក់ ដែល​អាជ្ញាធរ​ចោទ​ថា ពួក​គេ​បាន​ឈូស​ឆាយ​យក​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ បំផ្លាញ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ និង​ដុត​ទន្ទ្រាន​ព្រៃ​យក​ដី​ឧទ្យាន​ជាតិ​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​ភូមិសាស្ត្រ​ភូមិ​តេជោ​ក្បាលដំរី ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខាន់ សុផល ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​នេះ គឺ​ផ្អែក​តាម​បណ្ដឹង​ពលរដ្ឋ ហើយ​ម្យ៉ាង​ដោយសារ​ជន​ទាំងនោះ​មិន​បាន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ ដោយ​ធ្វើ​ការ​ឈូស​ឆាយ​រំលោភ​បំពាន​ដី​រដ្ឋ​ជាច្រើន​ដង។ លោក​ថា សមត្ថកិច្ច​កំពុង​ពិនិត្យ​លើ​ករណី​នេះ មុន​នឹង​សម្រេច​បញ្ជូន ឬ​មិន​បញ្ជូន​ពួក​គេ​ទៅ​តុលាការ៖ «យើង​ចាំ​មើល​ផុត​រយៈ​ពេល​នៃ​ការ​ឃាត់​ខ្លួន​ហ្នឹង​សិន​ តើ​យើង​សម្រេច​បញ្ជូន​គាត់​ទៅ​តុលាការ ឬ​មួយ​ក៏​ត្រូវ​ដោះ​លែង​គាត់​វិញ។ អ៊ីចឹង​យើង​ចាំ​មើល​ផុត​រយៈពេល​នៃ​ការ​ឃាត់​ខ្លួន​គាត់​សិន»

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក សេត វណ្ណៈ ដែល​បាន​តាមដាន​រឿង​នេះ​យល់​ឃើញ​ថា អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ ដោយ​វាស់វែង​ដី​ដែល​ពលរដ្ឋ​ធ្លាប់​កាន់​កាប់​ទៅ​តាម​សភាព​ជាក់ស្តែង។ លោក​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ច្រើន​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដ្បិត​ពួក​គេ​គ្រាន់​តែ​ឈូស​ឆាយ​ដី​ដែល​ខ្លួន​ធ្លាប់​កាន់​កាប់​តែ​ប៉ុណ្ណោះ មិន​បាន​បង្ក​ហិង្សា ឬ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ណា​មួយ​នោះ​ទេ៖ «វា​មិន​មាន​អ្វី​ឱ្យ​ច្បាស់​លាស់ ដូច​ជា​ការ​បំផ្លិចបំផ្លាញ​ ឬ​ការ​បង្ក​របួស​ស្នាម​ដល់​ជន​ណា​ម្នាក់​ក្នុង​វិវាទ​ដីធ្លី​ហ្នឹង គ្រាន់​តែ​គាត់​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​របស់​ពួក​គាត់​ដែល​ធ្លាប់​កាន់​កាប់​កន្លង​មក បែរ​ជា​ចំណាត់​ការ​នេះ​លឿន​ដូច​ព្យុះ​ ចាប់​ប្រជាពលរដ្ឋ​រហូត​ដល់​ជាង ១០​នាក់​មក​ភ្លាមៗ​បែប​នេះ»

ស្រប​ពេល​ដែល​មាន​ការ​ប្រមូល​ផ្តុំ​សកម្មជន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដើម្បី​ប្រឆាំង​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ មាន​ពលរដ្ឋ​មួយ​ក្រុម​ដែល​អះអាង​ថា ជា​ក្រុម​សោធន​និវត្តន៍ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ឃុំ​តេជោ​អភិវឌ្ឍន៍ គាំទ្រ​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ។ តាម​រយៈ​ខ្សែ​វីដេអូ​ខ្លី និង​រូបថត​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការ​ខេត្ត​កំពត ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​តេជោ​អភិវឌ្ឍន៍ ឃុំ​តេជោ​អភិវឌ្ឍន៍ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​សាលា​ឃុំ អបអរ​សាទរ​ចំពោះ​សកម្មភាព​អនុវត្ត​ច្បាប់​របស់​ក្រុម​ការងារ​ថ្នាក់​ខេត្ត ជុំវិញ​ការ​បង្ក្រាប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។