លីកាដូ​ថា​នឹង​ផ្តល់​ទិន្នន័យ​ជាក់លាក់​ទាក់ទង​ជម្លោះ​ដីធ្លី​ទៅ​ក្រសួង​រៀបចំ​ដែនដី

ដោយ ប្រាជ្ញ ចេវ
2015.08.02
ជម្លោះ​ដីធ្លី ស្ទឹងត្រែង ៦២០ សកម្មភាព​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គិច (Saiv Hkech) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបភាព​សហគមន៍

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អះអាង​ថា​នឹង​ផ្តល់​ទិន្នន័យ​ជាក់លាក់​ចំនួន ៧​ចំណុច ទៅ​ក្រសួង​រៀបចំ​ដែនដី នៅ​ពាក់​កណ្ដាល​ខែ​សីហា នេះ។ ការ​លើក​ឡើង​បែប​នេះ ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ដែល​លើក​ឡើង​ថា អង្គការ​លីកាដូ ត្រឹម​ផ្តល់​របាយការណ៍​ឆៅ​ទាក់ទង​ជម្លោះ​ដីធ្លី​ធ្វើ​ឲ្យ​ក្រសួង​ពិបាក​នឹង​ទទួល​យក​បាន។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ អះអាង​នៅ​ថ្ងៃ​ទី​១ ខែ​សីហា នេះ​ថា ខ្លួន​មិន​ខ្លាច​នឹង​ផ្តល់​ទិន្នន័យ​ជាក់លាក់​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ឲ្យ​ដឹង​ថា អង្គការ​លីកាដូ នៅ​តែ​រីករាយ​ផ្តល់​ទិន្នន័យ​ជាក់លាក់​ពី​ករណី​ជម្លោះ​ដីធ្លី ទៅ​ក្រសួង​តាម​ការ​ចង់​បាន។ លោក​បន្ត​ទៀត​ថា របាយការណ៍​របស់​លីកាដូ នា​ពេល​កន្លង​ទៅ​នោះ គឺ​គ្រាន់​តែ​ជា​ទិន្នន័យ​មូលដ្ឋាន ដើម្បី​ឲ្យ​ក្រសួង​រៀបចំ​ដែនដី យក​របាយការណ៍​ទាំង​នោះ​ធ្វើ​ជា​ពន្លឺ​យក​ទៅ​ដោះស្រាយ និង​ស្វែងរក​បន្ថែម៖ «អង្គការ​លីកាដូ យើង​កំពុង​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​បន្ថែម​ទៀត ផ្ញើ​ទៅ​ក្រសួង​មិន​ឲ្យ​លើស​ពី​សប្ដាហ៍​ទី​២ នៃ​សីហា នេះ»

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​ផ្សាយ​សេចក្តី​ជូន​ដំណឹង បដិសេធ​របាយការណ៍​ដែល​ក្រសួង​ចាត់​ទុក​ថា​គ្មាន​មូលដ្ឋាន​ពិត និង​ស្នើសុំ​អង្គការ​លីកាដូ ផ្តល់​ទិន្នន័យ​ច្បាស់លាស់​រួម​មាន អត្តសញ្ញាណ​ភាគី​ទាំង​សង​ខាង កម្មវត្ថុ​នៃ​បណ្ដឹង​ទាមទារ ទំហំ​ដី​ទំនាស់ ចំនួន​គ្រួសារ ទីតាំង​ដី​វិវាទ អំពី​អង្គភាព​ដែល​បណ្ដឹង​ទាំង​នោះ​បាន​ដាក់ ដើម្បី​សុំ​ជួយ​ដោះស្រាយ និង​ស្ថានភាព​នៃ​ការ​ដោះស្រាយ។

ថ្លែង​បញ្ជាក់​បន្ថែម​ពី​សេចក្តី​ជូន​ដំណឹង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោ សេង ឡូត ថា​កន្លង​មក ក្រសួង​តែង​ស្នើសុំ​ទិន្នន័យ​បន្ថែម​ពី​អង្គការ​លីកាដូ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ អ្នក​នាំ​ពាក្យ​រូប​នេះ​លើក​ឡើង​ថា ទោះ​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី ខុស​ពី​របាយការណ៍​របស់​អង្គការ​លីកាដូ តែ​ក្រសួង​នៅ​តែ​ចង់​បាន​របាយការណ៍​ពី​អង្គការ​លីកាដូ ឬ​អង្គការ​ផ្សេងៗ​ទៀត ដើម្បី​យក​មក​ពិភាក្សា​រក​ដំណោះស្រាយ៖ «ខ្ញុំ​យល់​ថា បើ​សិន​ជា​ក្នុង​ស្មារតី​រួម​គ្នា​ទាំងអស់​គ្នា ក្នុង​ការ​ជួយ​លើ​កិច្ចការ​ជម្លោះ​ដីធ្លី គួរ​ណាស់​តែ​មាន​ការ​ពិគ្រោះ​ជជែក​ជាមួយ​គ្នា​ឲ្យ​ច្បាស់លាស់»

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក​ដល់​បច្ចុប្បន្ន​នេះ ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស កើត​ឡើង​ប្រមាណ ៨.០០០​ករណី ក្នុង​នោះ​ដោះស្រាយ​បាន​ជាង ៣.០០០​ករណី និង​ជាង ២.០០០​ករណី​ត្រូវ​ក្រសួង​ច្រាន​ចោល ហើយ​នៅ​ឆ្នាំ​២០១៥ នេះ នៅ​សល់​ជាង ៨០០​ករណី ក្រសួង​កំពុង​ដោះស្រាយ។

ការ​ឆ្លើយ​ឆ្លង​រវាង​អង្គការ​លីកាដូ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នេះ ក្រោយ​ពេល​ដែល​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​អះអាង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា អង្គការ​លីកាដូ ទទួល​ស្គាល់​ថា របាយការណ៍​ខ្លួន​ចេញ​របាយការណ៍​ជម្លោះ​ដីធ្លី​ឆ្នាំ​២០១៤ នោះ​ខុស និង​បាន​សុំ​ទោស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ ប៉ុន្តែ​អង្គការ​លីកាដូ ចេញ​លិខិត​ជូន​ដំណឹង​ការពារ​របាយការណ៍​របស់​ខ្លួន និង​ថា​មិន​បាន​សុំ​ទោស​ក្រសួង​រៀបចំ​ដែនដី ទេ។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ អង្គការ​លីកាដូ ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា នៅ​ឆ្នាំ​២០១៤ ករណី​ជម្លោះ​ដីធ្លី​មាន​ចំនួន ១១២​ករណី​ទូទាំង ១៣​ខេត្ត​រាជធានី ប៉ុន្តែ​ក្រសួង​រៀបចំ​ដែនដី រក​ឃើញ​តែ ៥៩​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។