អ្នក​ភូមិ​ឡពាង​បរាជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ភូមិ​២​នាក់

0:00 / 0:00

ពលរដ្ឋ​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ភូមិ ២​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ និង​សុំ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ពួក​គាត់ ៨​នាក់​ផ្សេង​ទៀត។

អ្នក​ភូមិ​ទាំង​នោះ បាន​នាំ​គ្នា​ដើរ​ក្បួន​លើក​បដា​ពី​ទីតាំង​ដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ចម្ងាយ​ប្រមាណ ៣០​គីឡូ​ម៉ែត្រ​មក​តុលាការ​នេះ តាំង​ពី​ថ្ងៃ​ទី​៥ ខែ​សីហា និង​បាន​សម្រេច​បោះ​តង់​ស្នាក់​អាស្រ័យ​នៅ​មុខ​តុលាការ​រហូត​ដល់​មាន​ដំណោះស្រាយ។

អ្នក​ភូមិ​ឡពាង បាន​បរាជ័យ​ក្នុង​ការ​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត ទាមទារ​ឲ្យ​ដោះ​លែង​គ្នា​គាត់ ២​នាក់ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ ៨​នាក់ ដោយសារ​តែ​គ្មាន​មន្ត្រី​តុលាការ​រូប​ណា​ចេញ​មក​ដោះស្រាយ​នោះ​ទេ ហើយ​ទ្វារ​តុលាការ​បាន​បិទ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។

បុរស​អ្នក​ភូមិ​ឡពាង ដែល​ចៅក្រម​ស៊ើបសួរ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ សីហា គឺ​លោក ហុង ដារ៉ូ ថ្លែង​នៅ​ថ្ងៃ​ទី​៦ សីហា ថា ពួក​គាត់​ប្ដេជ្ញា​ថា​នឹង​បោះ​តង់​ស្នាក់​អាស្រ័យ ហូប​ចុក​នៅ​មុខ​តុលាការ​រហូត​ដល់​មាន​ដំណោះស្រាយ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គាត់​ទាមទារ​នេះ គឺ​តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​ភូមិ ២​នាក់​ដោយ​អយុត្តិធម៌ ហើយ​ពួក​គាត់​ទាំង ៨​នាក់ ក៏​មិន​ចូល​ខ្លួន​តាម​ការ​កោះ​របស់​តុលាការ​ដែរ៖ «ពួក​ខ្ញុំ គឺ​ធ្វើ​ការ​តវ៉ា​នៅ​ដេក​នៅ​ទី​នេះ គឺ​បោះ​តង់​មាន​ឆ្នាំង​បាយ​សម្រាប់​ដាំ​ទុក​ហូប មាន​ជា​កន្ទេល​អី​ដេក​នៅ​មុខ​តុលាការ​ហ្នឹង​តែ​ម្ដង ដើម្បី​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​ពួក​យើង ២​រូប​មក​វិញ។ ពួក​គាត់​ក៏​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​ដែរ គឺ​ដោយសារ​ធ្វើ​ការ​មិន​ឯករាជ្យ ចេះ​តែ​ចោទ​ប្រកាន់​មិន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ តុលាការ​កាន់​ជើង​តែ​ខាង​ក្រុមហ៊ុន។ ខ្ញុំ​មិន​មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ត​ទៅ​ទៀត​ទេ។ បើ​សិន​ជា​គ្មាន​ការ​ដោះ​លែង ពួក​ខ្ញុំ​នៅ​តែ​ក្រាញ​ននៀល​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ជា​រៀង​រាល់​ថ្ងៃ លុះត្រា​តែ​មាន​ថ្ងៃ​ដោះ​លែង​តំណាង​ពួក​យើង​ខ្ញុំ ឲ្យ​ពួក​យើង​ទៅ​ផ្ទះ​យ៉ាង​ម៉េច បើ​សិន​ជា​ពួក​យើង​អត់​មាន​ដីធ្លី​ដដែល»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក ញូង ចន្ធី ដើម្បី​បកស្រាយ​ចំពោះ​ការ​ទាមទារ​របស់​អ្នក​ភូមិ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។

តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​ភូមិ ២​នាក់​ដាក់​ពន្ធនាគារ គឺ​ឈ្មោះ ម៉ាង យាវ និង​លោក សៀង ហេង ហើយ​ចេញ​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ​ចំនួន ៨​នាក់​ទៀត ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម រវាង​អ្នក​ភូមិ និង​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។ ការ​ប៉ះ​ទង្គិច​នោះ បណ្ដាល​ឲ្យ​រង​របួស​ជាង ២០​នាក់​ទាំង​សង​ខាង ខណៈ​ដែល​អ្នក​ភូមិ​ព្យាយាម​រារាំង​សកម្មភាព​ធ្វើ​របង និង​វាយ​ទម្លុះ​របង​ថ្ម​ក្រុមហ៊ុន ដែល​ពួក​គាត់​អះអាង​ថា បាន​សង់​រំលោភ​លើ​ដី​របស់​អ្នក​ភូមិ​មិន​ទាន់​មាន​ការ​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។

ទាក់ទង​បញ្ហា​នេះ អនុ​ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ដែល​បាន​ឃ្លាំ​មើល​ការ​តវ៉ា​នេះ មាន​មតិ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ ៥០​នាក់ បាន​ដាក់​កម្លាំង​ការពារ​សន្តិសុខ​នៅ​ខាង​មុខ​តុលាការ ដោយសារ​តែ​នៅ​ខាង​ក្រោយ​តុលាការ គឺ​មាន​ពន្ធនាគារ និង​ខាង​មុខ​តុលាការ គឺ​សាលា​ខេត្ត។ យ៉ាង​ណា​ក៏ដោយ ពាក់ព័ន្ធ​ការ​តវ៉ា​របស់​អ្នក​ភូមិ អង្គការ​សង្គម​ស៊ីវិល បាន​ព្យាយាម​ជួយ​អន្តរាគមន៍ តែ​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​តុលាការ៖ «តុលាការ​ធ្វើ​កិច្ច​ការងារ​នេះ ហាក់​បី​ដូច​ជា​គ្រាន់​តែ​ធ្វើ​តាម​របៀប​ការ​សម្ដែង​ឲ្យ​ធ្វើ វា​មិន​មែន​ជា​ចេញ​ពី​ឆន្ទៈ​របស់​តុលាការ ហើយ​តុលាការ​មិន​ទាន់​បាន​អង្កេត​រឿង​ហ្នឹង​ច្បាស់​លាស់​ផង ថា​តើ​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច ព្រោះ​រឿង​អំពើ​ហិង្សា ត្រូវ​ចោទ​ប្រកាន់​នៅ​ក្នុង​មាត្រា​២១៧ ២១៨ ៤១០ ៤១១ អី​ក្ដី ចាំបាច់​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​ដល់​ចឹង​ទៅ អត់​មាន​ការ​ស៊ើប​អង្កេត​អី​បន្តិច​សោះ ហើយ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន។ អ្នក​ភូមិ​ឡពាង គឺ​ជា​អ្នក​ភូមិ​ក្រីក្រ​ជាង​គេ​បំផុត​នៅ​ក្នុង​សហគមន៍ ដែល​មាន​ទំនាស់​ដីធ្លី​ដទៃៗ​ទៀត​ណាស់ ហើយ​អ្នក​ភូមិ​ហ្នឹង​ទទួល​រង​អយុត្តិធម៌​ម្ដង​ហើយ​ម្ដង​ទៀត។ វា​ជា​រឿង​មួយ​ដែល​តុលាការ​ត្រូវ​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​ផ្ទាល់​ខ្លួន ឲ្យ​សមស្រប​ទៅ​តាម​លក្ខខណ្ឌ​ការពារ​សិទ្ធិ​ពលរដ្ឋ​ការពារ​សិទ្ធិ​មនុស្ស»

យ៉ាង​ណា​ក៏​ដោយ មេធាវី​ការពារ​ក្ដី​អ្នក​ភូមិ​ឡពាង មក​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោកស្រី សាម សុគន្ធា ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៥ សីហា ក្រុម​មេធាវី​នៃ​អង្គការ​លីកាដូ (Licadho) មជ្ឈមណ្ឌល​អប់រំ​ច្បាប់ និង​ក្រុម​គ្រួសារ រួម​ទាំង​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់ បាន​ដាក់​លិខិត​ទៅ​តុលាការ​សុំ​ធានា​នៅ​ក្រៅ​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។