អ្នកភូមិឡពាង នៅខេត្តកំពង់ឆ្នាំង ជាង ២០នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នាំគ្នាធ្វើពិធីតាមបែបសាសនារំឭកខួប ៨ឆ្នាំ នៃការឈូសកម្ទេចផ្ទះសម្បែង និងផលដំណាំរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុន។ តាមរយៈពិធីនេះ ក្រុមពលរដ្ឋចង់រំឭកដល់អាជ្ញាធរមានសមត្ថកិច្ចថា ផ្ទះ ១៤ខ្នងដែលបានឈូសកម្ទេចកាលពីថ្ងៃ៩ ខែមករា ឆ្នាំ២០០៨ នោះ ម្ចាស់ផ្ទះមិនទាន់ទទួលបានយុត្តិធម៌ទេ។
តំណាងអ្នកភូមិមានជម្លោះដីធ្លី និងជាម្ចាស់ផ្ទះដែលត្រូវគេឈូសកម្ទេច គឺលោក ផេង រ៉ុម មានប្រសាសន៍ថា ក្រុមពលរដ្ឋបានធ្វើពិធីដូចគ្នានេះជារៀងរាល់ឆ្នាំ មិនថាតូច ឬធំ នៅចំណុចទីសក្ការបូជាទួលក្រសាំង ឋិតនៅភូមិឡពាង នៃឃុំតាជេស ដើម្បីបង្ហាញពីការឈឺចាប់របស់អ្នកភូមិ ដែលរងគ្រោះដោយសាររឿងដីធ្លីផង និងចង់ឲ្យអាជ្ញាធរពន្លឿនការដោះស្រាយទំនាស់ដ៏រ៉ាំរ៉ៃរបស់ពួកគាត់ផង៖ «មិនមែនទើបតែឆ្នាំនេះបាទ! ជារៀងរាល់ឆ្នាំ ដល់ថ្ងៃទី៩ ខែមករា មកឈូសឆាយផ្ទះរំលោភយកដីពួកគាត់ អ៊ីចឹងបានពួកគាត់ធ្វើរំឭកដល់ថ្ងៃនេះជាថ្ងៃឈឺចាប់របស់ពួកគាត់ ហើយចង់ឲ្យមតិជាតិ និងអន្តរជាតិបានដឹងបានឮ អំពីការរំលោភសិទ្ធិលើអ្នកភូមិឡពាង ផង»។
អ្នកភូមិធ្លាប់ធ្វើពិធីផ្សេងៗដើម្បីជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ និងពន្លឿនការដោះស្រាយ ប៉ុន្តែទាំងអាជ្ញាធរ និងតំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី ធ្លាប់បញ្ជាក់ថា ក្រុមហ៊ុនមានប្លង់រឹង ហើយក្រុមហ៊ុនបានព្យាយាមដោះស្រាយបញ្ចប់រឿងជាមួយពលរដ្ឋចំនួន ១៥គ្រួសារចុងក្រោយ ប៉ុន្តែមានពលរដ្ឋក្នុងចំណោមនោះខូច និងលោភលន់ ខណៈដែលខ្លួនពុំមានឯកសារត្រឹមត្រូវកាន់កាប់ដីដែលកំពុងតវ៉ានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
