អ្នក​មាន​ជម្លោះ​ដីធ្លី​៣​សហគមន៍​សុំ​ឲ្យ​លោក ស៊ូប៊ែឌី ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដី

0:00 / 0:00

តំណាង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ចំនួន ៣​សហគមន៍ នាំ​គ្នា​តវ៉ា​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​សុំ​អន្តរាគមន៍​ពី​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅ​ថ្ងៃ​ទី​១៩ មិថុនា។

តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ទាំង ៣​សហគមន៍​ចំនួន​ជិត ១០០​នាក់ ដែល​មក​ពី​ខេត្ត​ក្រចេះ ត្បូងឃ្មុំ និង​អតីត​បឹងកក់ រាជធានី​ភ្នំពេញ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​រសៀល​ថ្ងៃ​ទី​១៩ មិថុនា គឺ​មាន​បំណង​ជួប និង​ដាក់​ញត្តិ​ជូន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក សុរិយា ស៊ូប៊ែឌី។

តំណាង​ឱ្យ​អ្នក​ភូមិ​ប៉ោដើមស្វាយ និង​ប៉ោដើមចេក ក្នុង​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ហេង គង់ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ពួក​លោក​ជួប លោក សុរិយា ស៊ូប៊ែឌី គឺ​ដើម្បី​ដាក់​ញត្តិ និង​សុំ​ឱ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល ដោះស្រាយ​រឿង​ដី​ធ្លី​របស់​ពួក​គាត់​ចំនួន ៤១៩​គ្រួសារ។

លោក ហេង គង់៖ «ឱ្យ​យើង​ធ្វើ​សំណើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ត្រពាំងឈូក ដែល​គាត់​ថា គេ​បាន​ផ្ដល់​ឱ្យ​ហើយ​ចំនួន ៧៥០​ហិកតារ។ ប៉ុន្តែ​យើង​ចង់​នៅ​កន្លែង​ហ្នឹង​ទេ។ យើង​ចង់​បាន​នៅ​ទីតាំង​ចាស់​របស់​យើង​វិញ។ មូលហេតុ​យើង​ធ្លាប់​បាន​បង្កបង្កើនផល​នៅ​ទី​នោះ​ស្រាប់​ហើយ។ អ៊ីចឹង​បើ​ឱ្យ​ទៅ​កន្លែង​ថ្មី យើង​ពិបាក​បង្កបង្កើន​ផល ហើយ​ណា​មួយ​ដី​នៅ​តំបន់​នោះ​គេ​មាន​ចំនួន​គ្រួសារ​គេ​ច្បាស់​លាស់​ហើយៗ។ បើ​យើង​ទៅ​ទៀត មាន​តែ​ឈ្លោះ​គ្នា​ឯង​ហើយ»

លោក ហេង គង់ បញ្ជាក់​ថា ពួក​លោក​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​កាល​ពី​ដើម​ខែ​មិថុនា ដែល​អាជ្ញាធរ​ខេត្ត​ឱ្យ​ទៅ​រស់​នៅ​ទីតាំង​ថ្មី ដែល​មាន​ម្ចាស់​រួច​ទៅ​ហើយ​នោះ​ទេ។ ម្យ៉ាង​ពួក​គាត់​ធ្លាប់​ដាំដុះ​ដំណាំ​បាន​ផល​នៅ​ដី​ចាស់​ហើយ។ ពួក​គាត់​រស់​នៅ​ភូមិ​ប៉ោដើមស្វាយ និង​ប៉ោដើមចេក តាំង​ពី​ឆ្នាំ​២០០៩។ អាជ្ញាធរ​ចម្រុះ​បាន​បណ្ដេញ និង​ដុត​ផ្ទះ​ពួក​គាត់​កាល​ពី​ខែ​កុម្ភៈ។

រី​ឯ​តំណាង​សហគមន៍​មួយ​រូប​ទៀត មក​ពី​ភូមិ​ខ្នង​ក្រពើ​លិច និង​កើត ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ​អ្នកស្រី អ៊ុន ស៊ូចេង មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អ្នកស្រី​មក​ជួប លោក សុរិយា ស៊ូប៊ែឌី ព្រោះ​តែ​សមាជិក​សហគមន៍​របស់​អ្នកស្រី​ចំនួន ៥២៤​គ្រួសារ មាន​បញ្ហា​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ តាំង​ពី​ឆ្នាំ​២០០៨ មក។ អ្នកស្រី​ថ្លែង​ថា មិន​បាន​ទទួល​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ទេ ទាំង​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ៖ «ចង់​ឱ្យ​គាត់​ជួយ​អន្តរាគមន៍ ដើម្បី​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​យើង​ហ្នឹង​ជួយ​ដោះស្រាយ ធ្វើ​យ៉ាង​ម៉េច​ផ្ដល់​កម្មសិទ្ធិ​ឱ្យ​ពួក​យើង​ខ្ញុំ​រស់​នៅ ព្រោះ​ដី​នេះ​ជា​ដី​ភូមិ​ទេ។ ទោះ​បី​វិនិយោគ​ទៅ ក៏​មិន​ដឹង​ធ្វើ​អី។ ដី ១៦​ហិកតារ ប្រជាជន​ច្រើន​ណាស់»

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដី​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​នៅ​ពេល​ដែល​មក​ទទួល​ញត្តិ​របស់​អ្នក​តំណាង​សហគមន៍​ដីធ្លី​ទាំង​នោះ​ថា លោក​កំពុង​ឃ្លាំ​មើល​បញ្ហា​ដីធ្លី​ទាំង​នោះ ហើយ​នឹង​ខិតខំ​ដោះស្រាយ​បន្ត​ទៀត៖ «ស្ថានភាព និង​បញ្ហា​ដែល​លោក​អ្នក​កំពុង​ជួប​ប្រទះ ខ្ញុំ​បាន​ឃ្លាំ​មើល ហើយ​ខ្ញុំ​នឹង​បន្ត​ឃ្លាំ​មើល​ស្ថានភាព​ហ្នឹង​ទៀត ហើយ​ខ្ញុំ​ខំ​ឱ្យ​អស់​លទ្ធភាព​ការពារ​សិទ្ធិ​របស់​លោក​អ្នក។ ខ្ញុំ​នឹង​មាន​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជាក់​លាក់​មួយ​ចំនួន ហើយ​ខ្ញុំ​នឹង​លើក​បញ្ហា​នេះ​ជាមួយ​មន្ត្រី​ទាំង​នោះ»

ដោយ​ឡែក​តំណាង​ក្រុម​អតីត​អ្នក​រស់នៅ​តំបន់​បឹងកក់ វិញ អ្នកស្រី សយ កុឡាប ក៏​មក​រក​អន្តរាគមន៍​ពី លោក សុរិយា ស៊ូប៊ែឌី ដែរ ដោយ​សុំ​ឱ្យ​លោក​ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​សំណង​បន្ថែម​ដល់​ពួក​គាត់​ចំនួន ២​ម៉ឺន​ដុល្លារ បន្ថែម​លើ​សំណង​ដំបូង ៨​ពាន់​ដុល្លារ។ ពួក​គាត់​ថា សំណង​នោះ​មិន​អាច​ឲ្យ​ពួក​គាត់​រស់នៅ​បាន​សមរម្យ​ទេ។ អ្នកស្រី សយ កុឡាប ដូច​គ្នា​នឹង​តំណាង​សហគមន៍​ផ្សេង​ទៀត​ដែរ បង្ហាញ​ភាព​រីករាយ​បន្ទាប់​ពី លោក សុរិយា ស៊ូប៊ែឌី ទទួល​ញត្តិ និង​សន្យា​ខំ​ជួយ​ដោះស្រាយ​បញ្ហា​ពួក​គាត់។

លោក ហេង គង់៖ «បើ​មាន​ការ​អន្តរាគមន៍​ពី​អន្តរជាតិ មីង​ជឿ​ថា ដំណោះស្រាយ​របស់​មីង​ហ្នឹង​បាន​ជោគជ័យ ព្រោះ​អី​រដ្ឋាភិបាល​ស្រុក​ខ្មែរ​យើង បើ​សិន​ជា​ប្រជាជន​ទៅ​និយាយ គាត់​មិន​សូវ​ស្ដាប់​យើង​ទេ តែ​បើ​សិន​ជា​មាន​អន្តរាគមន៍​ពី​អន្តរជាតិ ភាគ​ច្រើន​គាត់​ត្រូវ​តែ​ជួយ​ប្រជាពលរដ្ឋ ព្រោះ​យើង​រងគ្រោះ​ដោយសារ​ការ​អភិវឌ្ឍ​ហ្នឹង​ពិត​ប្រាកដ​មែន​ណា​ក្មួយ ពួក​មីង»

ទោះ​យ៉ាង​ណា ពលរដ្ឋ​បាន​រំសាយ​វិញ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក សុរិយា ស៊ូប៊ែឌី ចេញ​មក​ទទួល​ញត្តិ​របស់​ពួក​គាត់។ ពួក​គាត់​សង្ឃឹក​ថា មន្ត្រី​អង្គការ​សហប្រជាជាតិ នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ ពីព្រោះ​ពួក​គាត់​ថ្លែង​ដូច​គ្នា​ថា ពួក​គាត់​អស់​លទ្ធភាព​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។