អ្នក​មាន​បញ្ហា​ដី​ជួប​ពិភាក្សា​គ្នា​​អំពី​ជម្លោះ​ដី​និង​ដំណោះស្រាយ

ពលរដ្ឋ​រងគ្រោះ​ដោយ​ទំនាស់​ដី​ធ្លី​ប្រមាណ ២០០​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​ផង បាន​ជួប​ជុំ​គ្នា​នៅ​សណ្ឋាគារ អ៊ិនធើខន់ធីណិនថល (Intercontinental) រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទំនាស់​ដី​ធ្លី​ក្រោយ​ពេល​បោះ​ឆ្នោត និង​អនុសាសន៍​ផ្សេង​ដើម្បី​បញ្ចប់​ជម្លោះ​ដី​ធ្លី​នេះ។

0:00 / 0:00

មាន​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​ចំនួន ២១៩​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង បាន​ជួប​ពិភាក្សា​គ្នា​អំពី​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា ក្រោយ​ពេល​បោះឆ្នោត​សភា​ឆ្នាំ​២០១៣ និង​រក​អនុសាសន៍​ជាក់​លាក់​ផ្សេងៗ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។

ក្នុង​វេទិកា​ពិភាក្សា​ដែល​សហការ​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​អង្គការ​សមធម៌​កម្ពុជា នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ពលរដ្ឋ​ដែល​មាន​បញ្ហា​រឹប​អូស​ដី​ធ្លី និង​ការ​បណ្ដេញ​ចេញ ១៤​ខេត្ត​ក្រុង សុទ្ធ​តែ​បាន​បង្ហាញ​អំពី​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់ បណ្ដាល​មក​ពី​បញ្ហា​ទាំង​នេះ ចាប់​តាំង​ពី​កណ្ដាល​រាជធានី​ភ្នំពេញ រហូត​ដល់​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​តាម​បណ្ដា​ខេត្ត។

វេទិកា​ពិភាក្សា​គ្នា​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា កម្ពុជា ដី​មាន​ជម្លោះ ដោយ​បង្ហាញ​ទិដ្ឋភាព​រួម​អំពី​ឫសគល់ ទម្រង់ និង​ផល​ប៉ះពាល់​នៃ​ជម្លោះ ដែល​កើត​មាន​នៅ​ទូទាំង​ប្រទេស។ របាយការណ៍​នេះ​ក៏​ផ្ដល់​អនុសាសន៍​ទៅ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​នេះ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត ថ្លែង​ថា របាយការណ៍​នេះ គឺ​ជា​លទ្ធផល​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ករណី​ជម្លោះ​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​១៥។ លោក​ថា របាយការណ៍​នេះ​ក៏​បាន​រក​ឃើញ​ហេតុផល​ដែរ​ថា ទោះ​បី​ជា​សិទ្ធិ​ដីធ្លី​ត្រូវ​បាន​ធានា គាំពារ​នៅ​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​ក្ដី ក៏​ការ​អនុវត្ត​ជាក់​ស្ដែង​ទាក់ទង​នឹង​បញ្ហា​ដីធ្លី នៅ​តែ​មាន​ការ​ខ្វះ​ខាត ដែល​ធ្វើ​ឱ្យ​បញ្ហា​ដីធ្លី​កើត​មាន​ច្រើន​ឡើង​នៅ​ទូទាំង​ប្រទេស។

លោក វណ្ណ សូផាត៖ «គឺ​ដោយសារ​តែ​មាន​អំពើ​ពុក​រលួយ បក្ខពួក​និយម និង​ខ្វះ​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ បាន​ធ្វើ​ឱ្យ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​កម្ពុជា និង​សម្បទានិក កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ ហើយ​រឹត​តែ​យ៉ាប់​ទៅ​ទៀត​នោះ គឺ​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​ទោរទន់​ទៅ​ខាង​នយោបាយ បណ្ដាល​ឱ្យ​ខកខាន​ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ​ប្រកប​ដោយ​យុត្តិធម៌ និង​ទាន់​សភាពការណ៍​ចំពោះ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់»

របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា កម្ពុជា ដី​មាន​ជម្លោះ ក៏​បាន​បង្ហាញ​ដែរ​អំពី​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ដែល​បណ្ដាល​មក​ពី​ជម្លោះ​ដី​ធ្លី និង​ការ​បណ្ដេញ​ចេញ ព្រម​ទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គម​របស់​ពលរដ្ឋ​កម្ពុជា ជា​ពិសេស ស្ត្រី កុមារ និង​ជនជាតិ​ដើម​ភាគ​តិច ហើយ​ក៏​ប៉ះពាល់​ដល់​បរិស្ថាន​ផង។

មន្ត្រី​សម្រប​សម្រួល​រឿង​ក្ដី កម្មវិធី​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​សហគមន៍ លោក អាំ សុខា ថ្លែង​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី មាន​ចំនួន​កន្លះ​លាន​នាក់ ដោយសារ​ការ​វិនិយោគ​ឯកជន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។ លោក​ថា ចំនួន​អាច​ច្រើន​ជាង​កន្លះ​លាន​នាក់​នេះ ប្រសិន​បើ​ធ្វើ​ការ​ស្រាវជ្រាវ​ទូទាំង​ប្រទេស៖ «ករណី​ដីធ្លី​ខ្លះ យើង​ឃើញ​អូស​បន្លាយ​រ៉ាំរ៉ៃ​រយៈពេល ៥​ឆ្នាំ ឬ​ក៏​យូរ​ជាង​នេះ​ក៏​មាន ដោយ​ពុំ​មាន​ការ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព។ ប្រជាពលរដ្ឋ​នៅ​តែ​រង​ទុក្ខ​វេទនា​ដោយសារ​ការ​ដោះស្រាយ​មាន​សំណង​តិចតួច មិន​សមរម្យ​តាម​តម្លៃ​ទីផ្សារ»

លោក វណ្ណ សូផាត បន្ត​ថា ការ​ត្រួត​ពិនិត្យ​លើ​ការ​សម្បទាន​ដី​សេដ្ឋកិច្ច​ខ្វះ​តម្លាភាព ដែល​សម្រួល​ឱ្យ​មាន​អំពើ​ពុក​រលួយ ហើយ​អាជ្ញាធរ និង​អ្នក​ជំនួញ​មើល​រំលង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​ថា ដី​សម្បទាន​ប្រមាណ ១៦,៦% នៃ​ផ្ទៃ​ដី​សរុប ត្រូវ​បាន​គ្រប់គ្រង​ដោយ​ធូរ​រលុង។

ទាក់ទង​នឹង​ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា អ្នក​វិភាគ​ឯករាជ្យ គឺ​លោក កែម ឡី ផ្ដល់​អនុសាសន៍​នៅ​ក្នុង​វេទិកា​ពិភាក្សា​នោះ​ថា ដំណោះស្រាយ​ជា​ចម្បង​មួយ គឺ​ការ​ពិនិត្យ​ឡើង​វិញ​ឱ្យ​បាន​ច្បាស់​លាស់​លើ​ដី​សម្បទាន​ដែល​រដ្ឋ​ផ្ដល់​ក្រុមហ៊ុន៖ «បើ​សិន​ជា​ចង់​ដោះស្រាយ​បញ្ហា​ហ្នឹង ពិនិត្យ​សើរើ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់។ អ្នក​ណា​អត់​អនុវត្ត​ច្បាប់ ឬ​មួយ​តាម​អនុក្រឹត្យ​ត្រឹមត្រូវ គឺ​ដក​យក​មក​វិញ។ ទី​ពីរ អ្នក​ផ្ដល់​ហើយ​ហ្នឹង ត្រូវ​រាជ​រដ្ឋាភិបាល គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ (មិន​មែន​តួនាទី​សុរិយោដី​ទេ) តួនាទី​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ទៅ​ពិនិត្យ​ព្រំ​ឱ្យ​បាន​ច្បាស់​លាស់ កុំ​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ សល់​ប៉ុន្មាន​ចាំ​ឱ្យ​ក្រុមហ៊ុន​ដែល​ទទួល​សម្បទាន​សេដ្ឋកិច្ច។ អា​ហ្នឹង​ដោះស្រាយ​បាន​ទី​ពីរ»

ក្រៅ​ពី​នេះ វេទិកា​បាន​ផ្ដល់​អនុសាសន៍​ជាក់​លាក់​មួយ ដើម្បី​បញ្ចប់​ជម្លោះ​ដី​ធ្លី ដូច​ជា ការ​ទូទាត់​សំណង​សមរម្យ​តាម​តម្លៃ​ទីផ្សារ​ដល់​ពលរដ្ឋ និង​សុំ​ឱ្យ​ពាក់ព័ន្ធ​អាជ្ញាធរ​កុំ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន រាល់​ការ​អភិវឌ្ឍ​ត្រូវ​ធ្វើ​តាម​ច្បាប់ និង​គិត​ពី​ប្រយោជន៍​ជាតិ។ ត្រូវ​កែ​ប្រែ​ច្បាប់ និង​លិខិត​ដែល​ប៉ះពាល់​ដី​ពលរដ្ឋ ដូច​ជា សារាចរ​លេខ​០១ ដែល​ប៉ះពាល់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។