អ្នកតំណាងរាស្ត្រនៃមណ្ឌលព្រៃវែង ចំនួន ៦រូប បានជួបប្រជុំគ្នាជាមួយអភិបាលខេត្តព្រៃវែង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួន ដែលបានកើតមានឡើងនៅក្នុងខេត្តព្រៃវែង ក្នុងពេលកន្លងមកនេះ។ ភាពមិនប្រក្រតីទាំងនោះរួមមាន បញ្ហាដីធ្លី និងបទល្មើសនេសាទ ព្រមទាំងបញ្ហាសន្តិសុខ ជាដើម។
ភាពមិនប្រក្រតីចំនួន ៧ចំណុច នៅក្នុងខេត្តព្រៃវែង ត្រូវលើកយកមកពិភាក្សា និងដោះស្រាយនៅក្នុងកិច្ចប្រជុំមួយរវាងអ្នកតំណាងរាស្ត្រ និងអភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤។
ទាក់ទងបញ្ហាដីធ្លីដែលកើតមានឡើងរវាងប្រជាពលរដ្ឋនៅក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ជាមួយប៉ូលិស ដែលអ្នកភូមិបានចោទក្រុមប៉ូលិសថា បានយកដីរួមរបស់ភូមិទៅលក់ឲ្យឯកជន។
លោក ហាស់ សារ៉េត អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា អាជ្ញាធរកំពុងតែរកដំណោះស្រាយដែលសមរម្យដែលអាចទទួលយកបាន ជាពិសេស គឺភាគីប្រជាពលរដ្ឋ៖ «អ្វីជាជំនឿ និងការចង់បានទាក់ទងនឹងសាលាឆទានរបស់ប្រជាពលរដ្ឋនេះ ក៏យើងគិតដែរ ព្រោះយើងធ្វើការ គឺដើម្បីតែប្រជាពលរដ្ឋទាំងអស់ហ្នឹង។ អ៊ីចឹង បើសិនជាយើងអាចរកដីកន្លែងផ្សេង ហើយមានការធានាលុយកាក់លើការចំណាយសាងសង់ គឺជាការល្អ ដោយពេលនោះយើងបានប៉ុស្តិ៍នគរបាលផង និងបានសាលាឆទានផង។ នេះជាការយល់របស់ខ្ញុំ ដោយយើងដើរតាមផ្លូវនេះ កុំឲ្យមានការប្រទាញប្រទង់គ្នារវាងពលរដ្ឋ និងអាជ្ញាធរ»។

ការអះអាងពីការកាន់កាប់ដីធ្លីរវាងប៉ូលិស និងឯកសារដែលអ្នកតំណាងរាស្ត្រទទួលបានពីពលរដ្ឋនោះ គឺខុសគ្នា ហើយមានភាពមិនច្បាស់លាស់។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានដឹកនាំក្រុមអ្នកតំណាងរាស្ត្រមកប្រជុំនេះ បានស្នើឲ្យមានការអង្កេតបញ្ហានោះឲ្យបានច្បាស់លាស់បន្ថែមទៀត៖ «ប្រសិនបើអំណះអំណាងនៅផ្ទុយគ្នាដូច្នេះ ខ្ញុំគិតថា ទុកឱកាសឲ្យឯកឧត្ដម ឡុង បុន្នី និងជំនួយការរដ្ឋសភារៀបចំសំណុំរឿងបញ្ជូនទៅគណៈកម្មការទី១នៃរដ្ឋសភា ផ្នែកខាងស៊ើបអង្កេត និងសវនកម្ម ដើម្បីមើលប្លង់ដីហ្នឹងឲ្យប្រាកដ។ ទី២ បញ្ជូនសំណុំរឿងទៅឯកឧត្ដម ហ៊ុន ណេង ទទួលបន្ទុកគណៈកម្មការទី៤នៃរដ្ឋសភា។ ហើយមួយទៀត បញ្ជូនទៅគណៈកម្មការទី១០ គឺគណៈកម្មការប្រឆាំងអំពើពុករលួយ ហើយរាយការណ៍ទៅប្រធានសភា»។
ការជួបប្រជុំគ្នារវាងអ្នកតំណាងរាស្ត្រ និងអភិបាលខេត្តនេះ គឺនៅមិនទាន់ដោះស្រាយបានភ្លាមៗនៅឡើយ ទាក់ទងនឹងរឿងដីធ្លីនៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង និងរឿងដីមួយកន្លែងទៀតនៅក្នុងស្រុកមេសាង ហើយអ្នកតំណាងរាស្ត្រ និងមន្ត្រីពាក់ព័ន្ធ បានចុះទៅមើលស្ថានភាពនោះជាក់ស្ដែង នៅរសៀលថ្ងៃទី៣ ខែធ្នូ។
អ្នកសម្របសម្រួលអង្គការអាដហុក (adhoc) ប្រចាំខេត្តព្រៃវែង គឺអ្នកស្រី អ៊ាង គឹមលី ថ្លែងថា នេះជាជំនួបវិជ្ជមានមួយដែលអ្នកតំណាងរាស្ត្រចុះមកស្វែងយល់ និងស្វែងរកដោះស្រាយជាមួយអាជ្ញាធរដែលពាក់ព័ន្ធ៖ «អ្នកតំណាងរាស្ត្រជាធម្មតាជាតំណាងឲ្យប្រជាពលរដ្ឋ ហើយគាត់យល់ពីបញ្ហាផ្លូវច្បាប់។ អ៊ីចឹងនៅពេលដែលគាត់ជជែករកដំណោះស្រាយ ងាយស្រួលជាងពលរដ្ឋមកដោយផ្ទាល់»។
ទោះយ៉ាងណា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា រូបលោក និងអ្នកតំណាងរាស្ត្រផ្សេងទៀត នឹងចុះជួបពលរដ្ឋ ព្រមទាំងជួបប្រជុំជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហានានាជូនពលរដ្ឋឲ្យបានញឹកញាប់នៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
