ប្រជាពលរដ្ឋជាច្រើនគ្រួសារ រួមនឹងជនជាតិដើមភាគតិចជាង ១០០គ្រួសារ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងព្រួយបារម្ភជុំវិញការបាត់បង់ដីព្រៃចម្ការវិលជុំរបស់ខ្លួន ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនជាច្រើននៅតំបន់ដែលពួកគាត់រស់នៅ។
ក្តីបារម្ភនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ពលរដ្ឋក៏ធ្លាប់បានស្នើឱ្យទុកផ្ទៃដីសម្រាប់ការរស់នៅរបស់ពួកគាត់ ទៅអាជ្ញាធរថ្នាក់ជាតិ ប៉ុន្តែសំណើនោះមិនទាន់មានការឆ្លើយតបនោះទេ។
ការបារម្ភរបស់ប្រជាពលរដ្ឋរស់នៅឃុំង៉ន់ ស្រុកសណ្ដាន់ ពិសេសប្រជាសហគមន៍ជនជាតិដើមភាគតិច កើតឡើងបន្ទាប់ពីពួកគាត់បានដឹងពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយចំនួន ដែលបម្រុងនឹងវិនិយោគលើដីដែលជនជាតិដើមធ្លាប់ធ្វើចម្ការវិលជុំកន្លងមក។
ជនជាតិដើមភាគតិចកួយ ម្នាក់ រស់នៅភូមិរវៀង ឃុំង៉ន់ លោក មិង ខុម ឱ្យដឹងថា ព្រៃដែលពួកគាត់ធ្លាប់តែទទួលអនុផលធម្មជាតិនោះ ឥឡូវចាប់ផ្តើមអស់បន្តិចម្តងៗ ដោយសារតែការអភិវឌ្ឍរបស់ក្រុមហ៊ុននៅទីនោះ។ លោកបន្តថា ការព្រួយបារម្ភរបស់ពួកគាត់ គឺចាប់ផ្តើមតាំងពីឆ្នាំ២០១១ មក ពីព្រោះមានក្រុមហ៊ុនខ្លះបានដំណើរការ ដោយឡែកមានក្រុមហ៊ុនមួយចំនួនទៀត គ្រោងនឹងធ្វើការអភិវឌ្ឍលើដីចម្ការវិលជុំរបស់ពួកគាត់បន្តទៀត។
តំណាងពលរដ្ឋជនជាតិដើមភាគតិចប្រចាំខេត្តកំពង់ធំ និងជាអ្នករស់នៅភូមិរវៀង ដែរនោះ លោក គង់ ឈៀង ឱ្យដឹងថា លោកមិនដឹងប្រាកដថាមានក្រុមហ៊ុនប៉ុន្មានទេ ដែលបានវិនិយោគដីសម្បទានតំបន់នោះ ប៉ុន្តែមានក្រុមហ៊ុនពីរបន្ថែមទៀត គ្រោងនឹងវិនិយោគដីតំបន់នោះ គឺវាធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ជនជាតិដើមភាគតិចជាង ១០០គ្រួសារ និងប្រជាពលរដ្ឋខ្មែរជាច្រើនរយគ្រួសារផ្សេងទៀត។ លោកបន្តថា ក្រុមហ៊ុនពីរដែលគ្រោងនឹងវិនិយោគរួមមាន ក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ (CADI) និងក្រុមហ៊ុន សលសុភា ពាណិជ្ជគ្រូប ដែលកន្លងមកតែងតែហាមឃាត់ប្រជាពលរដ្ឋ មិនឱ្យចូលរុករកអនុផលធម្មជាតិលើដីដែលពួកគាត់ធ្លាប់អាស្រ័យផលពីមុនមកនោះ៖ «បាទ! ហ្នឹងហើយ។ អ៊ីចឹងបានជាពួកគាត់សំណូមពរឱ្យរដ្ឋាភិបាលហ្នឹង បញ្ឈប់នូវការឈូសឆាយ ឬផ្អាកនូវការឈូសឆាយ ដើម្បីទុកព្រៃនោះឱ្យពួកគាត់សម្រាប់ប្រើប្រាស់ ដើម្បីចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចកួយ។ ប្រសិនបើពួកគាត់អស់ព្រៃហ្នឹង ពួកគាត់គ្មានសង្ឃឹមក្នុងជីវិតទេ កំពុងជួបប្រទះនូវបញ្ហាហើយ»។
លោកបន្ថែមថា កាលពីពេលរាជរដ្ឋាភិបាលដាក់តំបន់នោះវិនិយោគឱ្យក្រុមហ៊ុន គឺមិនបានពិគ្រោះយោបល់ពីជនជាតិដើមភាគតិចឡើយ ជាហេតុឱ្យពួកគាត់អាចប្រឈមនឹងការបាត់បង់ប្រពៃណី វប្បធម៌ និងមុខរបរមិនខាន។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកសណ្ដាន់ លោក អ៊ុន បុត្រ មានប្រសាសន៍ថា ក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគដីតំបន់នោះ គឺមាន ៥ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន សម្បត្តិ ប្រាទីនឹម ក្រុមហ៊ុន ប៉ាពីអាក្រូ ក្រុមហ៊ុន អានម៉ារ៉ាឌី ក្រុមហ៊ុន ខាឌី ឬ ស៊ី.អេ.ឌី.អាយ និងក្រុមហ៊ុន សលសុភា ពាណិជ្ជគ្រូប ជាដើម។ លោកបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំងប្រាំនោះ គឺមានក្រុមហ៊ុនខ្លះបានដាំដំណាំកៅស៊ូរួចរាល់ហើយ ហើយមានខ្លះកំពុងដាំដុះ និងខ្លះគ្រោងធ្វើការអភិវឌ្ឍបន្តបន្ទាប់។ លោកបញ្ជាក់ថា ការផ្តល់ដីសម្បទានតំបន់នោះ គឺមុនអាណត្តិដែលលោកជាអភិបាលស្រុកទៅទៀត។ ក្រោយមក ធ្វើឱ្យកើតមានបញ្ហាជាហូរហែរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ពីព្រោះការវិនិយោគដីតំបន់នោះ គឺវាស្ថិតនៅក្បែរភូមិអ្នកស្រុកពេក ដែលវាពិបាកសម្រាប់ពួកគាត់លែងគោក្របី និងម្យ៉ាងក៏មានផលប៉ះពាល់លើដីចម្ការវិលជុំរបស់ជនជាតិភាគតិចទៀតផង។
លោក អ៊ុន បុត្រ៖ «កន្លែងហ្នឹងយើងបានធ្វើវេទិកាសាធារណៈ ហើយគាត់បានលើកឡើងណា ហើយឧត្តមប្រធានគណៈកម្មការថ្នាក់ជាតិ គាត់បានទទួលយកសំណូមពរហ្នឹង និងរាយការណ៍ជូនថ្នាក់លើ ប៉ុន្តែមិនដឹងថាដំណោះស្រាយមិនដឹងលទ្ធផលនៅឡើយទេ ព្រោះថា សំណូមពរប្រជាជនហ្នឹងគាត់ចង់បានព្រៃមកវិញខ្លះ។ ព្រៃដែលរដ្ឋាភិបាលផ្តល់ឱ្យក្រុមហ៊ុនវិនិយោគហើយហ្នឹងហ្អា! គាត់ចង់សុំព្រៃហ្នឹងមកវិញខ្លះ ដើម្បីទុកសម្រាប់ចម្ការវិលជុំសម្រាប់ពួកគាត់»។
ដោយឡែកមន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកំពង់ធំ លោក ញ៉ែម សារ៉ាត មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនលើដីតំបន់នោះ គឺវាពិតជាបង្កផលប៉ះពាល់ដល់ជនជាតិភាគតិចកួយ និងជនជាតិខ្មែរចំនួន ៩ភូមិ ដែលស្មើនឹងជាង ៥០០គ្រួសារ។ លោកបន្តថា ត្បិតតែក្រុមហ៊ុនពីរដែលគ្រោងនឹងដាក់ដំណើរការ មិនទាន់ចាប់ផ្តើមដំណើរទាំងស្រុងក៏ដោយ ប៉ុន្តែបើដំណើរការទៅ ប្រពៃណី វប្បធម៌ មុខរបររបស់ពួកគាត់ អាចប្រឈមនឹងការបាត់បង់មិនខាន។
លោកបន្ថែមថា ខាងសមាគមអាដហុក ក៏បានជួយរៀបចំពាក្យបណ្ដឹង ដាក់ទៅថ្នាក់ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្នើសុំផ្ទៃដីប្រមាណ ៥ពាន់ហិកតារ គ្រាន់រក្សាទុកជាព្រៃសហគមន៍សម្រាប់ចម្ការវិលជុំ និងសម្រាប់ការស់នៅរបស់ពួកគាត់ ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
