ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋ​ដោះស្រាយ​ជម្លោះ​ដីធ្លី

0:00 / 0:00

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ជិត ២​រយ​នាក់ មក​ពី ២៥​សហគមន៍ បាន​យក​ញត្តិ​ដាក់​នៅ​សាលា​ខេត្ត​មណ្ឌលគិរី។ ការ​សុំ​កិច្ច​អន្តរាគមន៍​របស់​អ្នក​ភូមិ​នេះ នៅ​បន្ទាប់​ដី​ព្រៃ និង​ព្រៃ​ឈើ​ច្បោះ​របស់​ពួក​គេ ត្រូវ​បាន​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ដោយ​គ្មាន​សំណង។ ចំណែក​អភិបាល​រង​ខេត្ត​មណ្ឌលគិរី ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​សន្យា​ថា​នឹង​យក​បញ្ហា​ទាំង​នេះ​ទៅ​ពិនិត្យ និង​ចុះ​សិក្សា។

សំឡេង​ជនជាតិ​ដើម​ភាគ​តិច៖ «ខ្ញុំ​សូម​អង្វរ សូម​ទុក​ឲ្យ​ពួក​ខ្ញុំ​រស់​ដូច​មុន​ផង។ ពួក​ខ្ញុំ​អត់​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចិញ្ចឹម​ឲ្យ​អំណោយ​ទេ»

នេះ​ជា​សម្រែក​ទាមទារ​រក​យុត្តិធម៌​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខណៈ​ពួក​គេ​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​សាលា​ខេត្ត​មណ្ឌលគិរី និង​ជំរុញ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ធ្វើ​ការ​ឲ្យ​មាន​តម្លាភាព ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ លើ​ដី​សម្បទាន​សេដ្ឋកិច្ច។ ប្រជាពលរដ្ឋ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ក្រុមហ៊ុន​ទាំង​នោះ​បាន​អនុវត្ត​ផែនការ​របស់​ខ្លួន​លើស​ពី​អ្វី​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មេសា នោះ ប្រជាពលរដ្ឋ​ជិត ២០០​នាក់ មក​ពី ២៥​សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី បាន​ជួប​ជុំ​ជា​ថ្មី​ទៀត ដោយ​ពួក​គាត់​អះអាង​ថា គឺ​ដើម្បី​ជំរុញ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ៖ «ចេញ​ពី​ជំនាន់ ប៉ុល ពត ហ្នឹង​មាន​អី។ ឪពុក​ម្ដាយ​ខ្ញុំ​នៅ​ជិត​ព្រៃ រក​ពី​ព្រៃ​ទេ ហូប​រាល់​ថ្ងៃ​ហ្នឹង​ណា រួច​ដល់​ពេល​កាប់​អ៊ីចឹង ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​ស៊ី​ស្អី។ ខ្ញុំ​សួរ​មើល​ឲ្យ​ពួក​ខ្ញុំ​រស់​រាល់​ថ្ងៃ»

រស់​នៅ​ភូមិ​ឡៅកា ឃុំ​សុខដុម ក្រុង​សែនមនោរម្យ លោកស្រី ម៉ារ៉ ងំ ថ្លែង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ក្នុង​សហគមន៍​កាល​ណា ពេល​នោះ​ហើយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​សហគមន៍​បាន​កើត​រឿង​ដ៏​ចម្រូងចម្រាស​ឡើង។ លោកស្រី​បន្ត​ថា អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ​ដែល​អ្នក​ភូមិ​បាន​ចុះ​តវ៉ា​ប្រឆាំង​ការ​អភិវឌ្ឍ​នេះ។ ការ​វិនិយោគ​ដែល​អ្នក​ស្រុក​ចាត់​ទុក​ថា មិន​អាច​ទទួល​យក​បាន​នោះ ពីព្រោះ​តែ​ការ​អភិវឌ្ឍ​ទាំង​នេះ​ពុំ​បាន​គិតគូរ​ពី​ផល​ប្រយោជន៍​របស់​អ្នក​ស្រុក​ម្ដង​ណា​ទេ។ ម៉ារ៉ ងំ ឲ្យ​ដឹង​ទៀត​ថា គម្រោង​វិនិយោគ​នេះ​មិន​ត្រឹម​តែ​ពុំ​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជំរុញ​ឲ្យ​ពួក​គេ​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​ទៀត​ផង៖ «អស់​លោក​ទាំងអស់​គ្នា​អង្គុយ​លើ​កៅអី ឥត​ដឹង​ទុក្ខ​ធុរៈ​ប្រជារាស្ត្រ​ពួក​ខ្ញុំ​របៀប​ម៉េច។ អត់​ដឹង​ឈឺ​ចាប់​របៀប​ម៉េច​ទេ។ ពួក​ខ្ញុំ​អត់​មាន​ដី​ស្រែ មាន​តែ​ដី​ភ្នំ បើ​ដី​ភ្នំ​ពួក​ខ្ញុំ​បាន​អី​ធ្វើ បាន​អី​ស៊ី។ ពួក​ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​គេ​បាន​មួយ​ថ្ងៃ​តែ ២​ម៉ឺន ណា​ចិញ្ចឹម​កូន»

២៦-មេសា-២០១៤៖ សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ដែល​ត្រូវ​ក្រុមហ៊ុន​កាប់​ទន្ទ្រាន​លើ​ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី។
២៦-មេសា-២០១៤៖ សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ដែល​ត្រូវ​ក្រុមហ៊ុន​កាប់​ទន្ទ្រាន​លើ​ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី។ (RFA)

ការ​ប្រមូល​ផ្ដុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ មេសា កន្លង​ទៅ​ជា​ថ្មី​ម្ដង​ទៀត​នេះ ក្រុម​អ្នក​ភូមិ​ដែល​ភាគ​ច្រើន គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង ត្រូវ​បាន​មន្ត្រី​សាលា​ខេត្ត​មណ្ឌលគិរី អនុញ្ញាត​ឲ្យ​តំណាង​របស់​ពួក​គេ​ចំនួន ១៩​នាក់ ចូល​ទៅ​ពិគ្រោះ​យោបល់។ នៅ​ក្នុង​ជំនួប​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ នោះ ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ដី​ស្រែ​ទី​កប់​ខ្មោច ព្រៃ​សហគមន៍ និង​ដើម​ច្បោះ ត្រូវ​បាន​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ហើយ​រំលោភ​បំពាន​លើស​គោលការណ៍​ច្បាប់​ស្រស់ៗ​តែ​ម្ដង៖ «ក្រុមហ៊ុន​មាន​ច្រើន ឈូស​ឆាយ​ដី​ពួក​ខ្ញុំ​ដែល​អាស្រ័យ​ផល​ប្រចាំ​ថ្ងៃ។ ចិញ្ចឹម​កូន​សព្វថ្ងៃ។ មុខ​របរ​ដែល​ពួក​ខ្ញុំ​ធ្លាប់​អស់​រលីង ចុង​ផ្ដៅ​ពួក​ខ្ញុំ​ធ្លាប់​កាប់​អស់​រលីង។ មិន​មែន​ទីផ្សារ​អង្គុយ​ចាំ​តែ​ឲ្យ​យើង​ហុច​លុយ ឲ្យ​គេ​មក​យក​ទេ។ ពួក​ខ្ញុំ​ទីផ្សារ ពួក​ខ្ញុំ​ក្នុង​ព្រៃ»

ចំណែក លោក វង់ កុសល មន្ត្រី​ផ្នែក​ច្បាប់​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ដែល​ឃ្លាំ​មើល​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​សហគមន៍​ជនជាតិ​ភាគ​តិច​ព្នង ទាំង ២៥​សហគមន៍ កាល​ពី​ថ្ងៃ​ទី​២៨ មេសា ចាត់​ទុក​ថា កង​កម្លាំង​ប្រដាប់​អាវុធ និង​សមត្ថកិច្ច​នគរបាល ដែល​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ខាង​មុខ​សាលា​ខេត្ត ជាពិសេស​មន្ត្រី​សាលា​ខេត្ត​មណ្ឌលគិរី ពិត​ជា​មាន​ការ​អត់ធ្មត់ បើ​ប្រៀបធៀប​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត ដែល​មាន​ការ​បង្ក្រាប​រាល់​ពេល​មាន​បាតុកម្ម​ម្ដងៗ​នោះ៖ «យើង​ឃើញ​ថា បញ្ហា​នេះ​វា​ជា​ផ្លែផ្កា​មួយ​ហើយ។ ជា​ដំណើរ​មួយ​ឈាន​ទៅ​រក​ដំណោះស្រាយ​ហើយ»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ចាត់​ទុក​កិច្ច​ប្រជុំ​ដែល​ប្រើ​ពេល​ជិត ៥​ម៉ោង កាល​ពី​ថ្ងៃ​ទី​២៨ មេសា ថា គឺ​ជា​ការ​ឆ្លើយ​យក​រួច​តែ​ខ្លួន​របស់​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ពួក​គេ​ពុំ​មាន​ជំនឿ​សោះ​ឡើយ​ថា ចំណាត់​ការ​របស់​អភិបាល​រង​ខេត្ត​មណ្ឌលគិរី នេះ​អាច​រក​ច្រក​ចេញ​បាន​ឡើយ។

ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ មក​ពី​ស្រុក​អូរាំង ស្រុក​កែវសីមា ស្រុក​ពេជ្រដា និង​មួយ​ក្រុង គឺ​ក្រុង​សែនមនោរម្យ ផង​ពុំ​បាន​បិទ​ផ្លូវ និង​ធ្វើ​ឲ្យ​រាំង​ស្ទះ​កិច្ចការ​រដ្ឋបាល​សាធារណៈ​របស់​ស្ថាប័ន​រដ្ឋ​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ។ បើ​ទោះ​ជា​ហិង្សា​ពុំ​បាន​កើត​ឡើង​ក្ដី តែ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រាយ​នាក់ ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ខាង​មុខ​សាលា​ខេត្ត​មណ្ឌលគិរី។ លើស​ពី​នេះ​ទៀត ឡាន​ទឹក​បង្ក្រាប​បាតុកម្ម ត្រូវ​បាន​គេ​ដាក់​ដើម្បី​ស្វាគមន៍​រួច​ជា​ស្រេច ប្រឆាំង​ការ​ទាមទារ​ណា​មួយ​ដែល​ឈាន​ដល់​ការ​ប្រើ​ហិង្សា​របស់​អ្នក​ភូមិ​នោះ។

ក្រុម​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី បាន​ចោទ​ប្រកាន់​ថា ព្រៃ​ឈើ​ត្រូវ​បាន​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ ដោយ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​មាន​រដ្ឋបាល​ព្រៃ​ឈើ និង​បរិស្ថាន។ អ្នក​ភូមិ​ចាត់​ទុក​ថា ការ​បង្កើត​ស្ថាប័ន​ទាំង​នេះ​ពុំ​បាន​ជួយ​អ្វី​សោះ​ឡើយ​ដល់​អ្នក​រស់​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បាន​បង្ក​ផល​លំបាក​កាន់​តែ​ខ្លាំង​ឡើងៗ​ថែម​ទៀត ដូច​ជា ព្រៃ​ឈើ​ត្រូវ​រង​ការ​បំផ្លាញ ដីធ្លី​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​ដោយ​ពុំ​មាន​សំណង ហើយ​ចំណូល​ត្រូវ​ធ្លាក់​ចុះ ព្រោះ​ពុំ​មាន​ទីតាំង​ប្រកប​មុខ​របរ​ទៀត​នោះ៖ «ដែល​កន្លែង​បង​ប្អូន​ជនជាតិ​ពួក​ខ្ញុំ​នៅ​មាន​ជ័រ​របស់​ពួក​ខ្ញុំ មាន​ចុង​ផ្ដៅ​របស់​ពួក​ខ្ញុំ មាន​ស្លឹក​ពៀប មាន​ឃ្មុំ ពួក​ខ្ញុំ​សម្រាប់​ដើរ​យក​ដល់​ខែ​រដូវ​របស់​ពួក​ខ្ញុំ ឥឡូវ​មាន​ឯណា​ទៀត។ សូម្បី​តែ​ជ្រក​ក៏​គ្មាន មនុស្ស​ជ្រក​ក៏​គ្មាន​ទៀត។ ព្រៃ​អស់​រលីង»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយ​រង​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក សារ៉ូ រតនា បដិសេធ​ថា ជំនាញ​របស់​រដ្ឋ​មួយ​នេះ​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ឡើយ។ លោក​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ គិត​មក​ដល់​ពេល​នេះ​បទល្មើស​ព្រៃ​ឈើ​ត្រូវ​បាន​ទប់ស្កាត់ ហើយ​អ្នក​ប្រព្រឹត្តិ​ដោយ​ផ្ទាល់ ត្រូវ​បញ្ជូន​ទៅ​តុលាការ​ថែម​ទៀត​ផង។

ក្រុម​អ្នក​ភូមិ​នៅ​តែ​ស្តី​បន្ទោស​ថា ទាំង​រដ្ឋបាល​ព្រៃ​ឈើ និង​ជំនាញ​បរិស្ថាន ពុំ​ដែល​ទប់ស្កាត់​បាន​ម្ដង​ណា​ឡើយ​ប្រឆាំង​អ្នក​ដឹក​ឈើ​ទ្រង់ទ្រាយ​ធំ ក៏ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ធ្វើ​អាជីវកម្ម​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រឆាំង​ថ្ងៃ និង​ស្នើសុំ​កិច្ច​អន្តរាគមន៍ បទល្មើស​ព្រៃ​ឈើ​វិញ​តែង​ត្រូវ​គំរាម​ដាក់​ពន្ធនាគារ និង​ចាត់​ទុក​យុទ្ធនាការ​ប្រឆាំង​បទល្មើស​ព្រៃ​ឈើ​ដែល​ដឹក​នាំ​ដោយ​ឈ្មួញ​វិញ​ថា ផ្ទុយ​នឹង​គោលការណ៍​ច្បាប់។

របាយការណ៍​សាលា​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ក្រោយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​នេះ មាន​ក្រុមហ៊ុន​ចំនួន​២៨​ហើយ​បាន​ដាក់​ទុន​វិនិយោគ​នៅ​ខេត្ត​ប៉ែក​ភូមិ​ភាគ​ឦសាន​មួយ​នេះ។ ក្នុង​នោះ​មាន ១១​ក្រុមហ៊ុន គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។ ចំណែក ១៧​ក្រុមហ៊ុន​ផ្សេង​ទៀត​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម ក៏ប៉ុន្តែ​ក្នុង​ចំណោម ២៨​ក្រុមហ៊ុន មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា រីទ្ធីគិរីសីមា ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ក្នុង​ស្រុក​កែវសីមា លើ​ផ្ទៃដី ៥​ពាន់​ហិកតារ ត្រូវ​រដ្ឋាភិបាល​លុប​ចោល។ មូលហេតុ​ដែល​បញ្ឈប់​គម្រោង​មិន​ឲ្យ​វិនិយោគ​នេះ ព្រោះ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ ហើយ​បន្ទាប់​មក​ទុក​ដី​ឲ្យ​នៅ​ទំនេរ។

អភិបាល​រង​ខេត្ត​មណ្ឌលគិរី ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី លោក យីម លុច ទទួល​ស្គាល់​ថា ការ​កាប់​ព្រៃ​ឈើ គឺ​ពិត​ជា​កើត​ឡើង​ពិត​មែន ក៏ប៉ុន្តែ​លោក​អះអាង​ថា នោះ​ក៏​ព្រោះ​តែ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល។ ហេតុ​នេះ គេ​មិន​អាច​រាប់​បាន​ថា នេះ​ជា​បទល្មើស​ព្រៃ​ឈើ​ឡើយ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​កាប់​ពិត​មែន តែ​ថា​ដី​ព្រៃ​ក្រោយ​ពី​កាប់​រួច ត្រូវ​បង្កើត​ទៅ​ជា​ចម្ការ​កៅស៊ូ​វិញ ហើយ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ការងារ​ធ្វើ​ពី​គម្រោង​វិនិយោគ​នេះ​ថែម​ទៀត​ផង៖ «ប្រមូល​រាជ​រដ្ឋាភិបាល​របស់​យើង​នេះ។ ការ​វិនិយោគ​នេះ គឺ​សំដៅ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ការងារ​ធ្វើ កែលំអ​ជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើរ​ឡើង»

លោក យីម លុច អភិបាល​រង​ខេត្ត​មណ្ឌលគិរី នៅ​ក្នុង​ជំនួប​ជាមួយ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៤។
លោក យីម លុច អភិបាល​រង​ខេត្ត​មណ្ឌលគិរី នៅ​ក្នុង​ជំនួប​ជាមួយ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៤។ (RFA/Morm Moniroth)

បដិសេធ​នឹង​បញ្ហា​នេះ លោក ច័ន្ទ រ៉ា ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ឃុំ​ប៊ូស្រា ថ្លែង​ថា ព្រោះ​តែ​ធ្វើ​ជា​កម្មករ​ឲ្យ​ក្រុមហ៊ុន​នៅ​ក្នុង​សហគមន៍ រូប​គាត់​បាន​ក្លាយ​ជា​អ្នក​ពិការ​ម្រាមដៃ​ម្ខាង ដោយសារ​ម៉ាស៊ីន​ពេល​កំពុង​បំពេញ​ការងារ។ ហេតុ​នេះ​លោក​អះអាង​ថា ការ​ធ្វើ​ជា​កម្មករ​ពុំ​មែន​ជា​ជម្រើស​របស់​អ្នក​ភូមិ​ឡើយ៖ «ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ទៅ​ស៊ី​ឈ្នួល​គេ គឺ​មិន​បាន​មិន​កើត​ទេ។ ខ្ញុំ​ឯកឧត្ដម​ដាច់​ដៃ​មួយ ធ្វើ​ការ​សូហ្វីន​កាស៊ីដេ។ ខ្ញុំ​តូច​ចិត្ត​ណាស់ ម៉ែ​ឪ​ខ្ញុំ​បង្កើត​មក​ម្រាមដៃ​ដប់ ឥឡូវ​នៅ​សល់​ប្រាំបួន​កន្លះ។ ខ្ញុំ​សុខ​ចិត្ត​លា​ឈប់​ពី​សូហ្វីន»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា អះអាង​ថា អ្វី​ដែល​ក្រុម​សហគមន៍​ឡើង​តវ៉ា​នៅ​ថ្ងៃ​នេះ ព្រោះ​តែ​ពួក​គេ​ចង់​បាន​ដំណោះស្រាយ​មួយ​ប្រកប​ដោយ​តម្លាភាព។ លោក សុខ រដ្ឋា ឲ្យ​ដឹង​ទៀត​ថា ការ​ស៊ើប​អង្កេត​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​បាន​រក​ឃើញ​បញ្ហា​ដ៏​ចម្រូងចម្រាស​ប្រហាក់​ប្រហែល​នឹង​ការ​តវ៉ា​របស់​អ្នក​ភូមិ​នេះ​ដែរ៖ «ពួក​គាត់​ឯកភាព​ទាំងអស់ ឡើង​មក​ធ្វើ​ការ​តវ៉ា​នៅ​ទី​រួម​ខេត្ត​នេះ​ឲ្យ​អាជ្ញាធរ​ខេត្ត ពន្លឿន​ក្នុង​ការ​ដោះស្រាយ ពីព្រោះ​អី​យើ​ង​ឃើញ​ថា ព្រៃ​កាន់​តែ​មាន​ការ​បាត់​បង់ ហើយ​ដីធ្លី​ក៏​កាន់​តែ​មាន​បញ្ហា​កើត​ឡើង​បណ្ដើរៗ​ដែរ។ បើ​តាម​ជាក់ស្ដែង យើង​មើល​ឃើញ​តាម​អាដហុក យើង​ស៊ើប​អង្កេត​កន្លង​មក»

មន្ត្រី​សម្រប​សម្រួល​ប្រចាំ​តំបន់ មក​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ឯម សុភ័ក្ត្រ ឲ្យ​ដឹង​ថា ការ​ប្រមូល​ផ្ដុំ​ជា​ថ្មី​ទៀត​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ត្រូវ​ខកខាន​ចូល​រួម​ទៅ​វិញ ដោយសារ​ពួក​គេ​ត្រូវ​បាន​មេ​ឃុំ លោក ព្យើប ពេ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​នគរបាល​ស្រុក​ចុះ​រារាំង និង​ហាម​ឃាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។