ក្រុមសហគមន៍ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិក្រេះ ឃុំពយ ស្រុកអូរជុំ ខេត្តរតនគិរី តវ៉ាថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ស៊ី.អ.ឌី (CRD) បានរំលោភឈូសឆាយដីតំបន់ព្រៃសហគមន៍ ព្រៃត្រៀមបម្រុង ព្រៃសក្ការបូជា និងតំបន់ព្រៃជម្រកសត្វដែលអ្នកភូមិអភិរក្សជាសម្បត្តិធម្មជាតិ ដើម្បីយកដីដាំកៅស៊ូ។ បច្ចុប្បន្ន អ្នកភូមិត្រូវការដីនោះវិញទុកជាដីត្រៀមបម្រុង ដើម្បីចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព។
ប្រជាពលរដ្ឋភូមិក្រេះ មានប្រុសស្រីចាស់ក្មេងប្រមាណ ៦០នាក់ បាននាំគ្នាទាមទារឲ្យក្រុមហ៊ុន ស៊ី.អ.ឌី ប្រគល់ដីប្រមាណ ២០០ហិកតារ ដែលក្រុមហ៊ុនបានឈូសឆាយព្រៃសហគមន៍ កាលពីឆ្នាំ២០១៣ ហើយដាំកៅស៊ូ។
ការតវ៉ានេះ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា នៅការដ្ឋានចម្ការកៅស៊ូរបស់ក្រុមហ៊ុននៅចំណុចអូរក្រាល និងមានសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ មេភូមិ និងតំណាងក្រុមហ៊ុន មានវត្តមាននៅទីនោះ ក៏ប៉ុន្តែមិនមានអំពើហិង្សាអ្វីកើតមានក្នុងការទាមទារនោះទេ។
តំណាងសហគមន៍ លោក កាំ ប្ល៉សើណក រៀបរាប់ថា អ្នកភូមិមិនយល់ព្រមប្រគល់ដីឲ្យក្រុមហ៊ុនទេ បើទោះបីក្រុមហ៊ុនបានដាំកៅស៊ូលើដីនោះប្រមាណមួយឆ្នាំកន្លងទៅក្តី។ លោកថា ជាកំហុសរបស់ក្រុមហ៊ុន និងមន្ត្រីជំនាញ ដែលបានឃុបឃិតរំលោភឈូសឆាយដីត្រៀមបម្រុងរបស់សហគមន៍៖ «សហគមន៍ហ្នឹងគេអត់ព្រមទេ ព្រោះគេដឹងហ្នឹងពីជីដូនជីតាដីគេហ្នឹង ព្រំប្រទល់កាំ ហើយនិងក្រេះ ត្រង់ហ្នឹងហើយ។ សហគមន៍គេចែកឲ្យហើយក្រុមហ៊ុនចន្លោះភ្នំ និងភ្នំហ្នឹង តែគាត់ហ្នឹងអត់ព្រមទេ»។
សហគមន៍ភូមិក្រេះ កាលពីខែកក្កដា បានគូសផែនទីដីសហគមន៍ និងរៀបចំបែបបទឯកសារ គ្រោងស្នើសុំចុះបញ្ជីដីអ្នកភូមិជាកម្មសិទ្ធិសមូហភាព ក្នុងនោះក្រៅពីដីដែលកាន់កាប់ជាលក្ខណៈគ្រួសារ អ្នកភូមិត្រូវការដីត្រៀមបម្រុង ដីតំបន់កប់សព និងព្រៃគោរពបូជាប្រពៃណីជនជាតិដើម។ ក៏ប៉ុន្តែ បញ្ហានេះប្រឈមទៅនឹងការជំទាស់ពីក្រុមហ៊ុន ស៊ី.អ.ឌី ដោយសារដីក្នុងផែនទីសហគមន៍ ត្រួតជាន់គ្នាជាមួយដីសម្បទានដែលក្រុមហ៊ុនគ្រប់គ្រង និងដាំកៅស៊ូមួយចំណែក។
តំណាងក្រុមហ៊ុន លោក សាំង ចាន់ថា អះអាងថា ដីដែលអ្នកភូមិទាមទារវិញ គឺជាដីសម្បទានដែលក្រុមហ៊ុនបានដាំដុះ មុនពេលសហគមន៍គូសផែនទីកំណត់ជាដីសហគមន៍។ លោកបន្តថា អ្នកភូមិទាមទារយកដីដាំកៅស៊ូរួចចំនួន ១០ហិកតារ និងដីមិនទាន់ដាំដុះ ៦២ហិកតារ ពីក្រុមហ៊ុន ក៏ប៉ុន្តែភាគីក្រុមហ៊ុនមិនយល់ស្រប។ ទន្ទឹមនេះដែរ លោកផ្ដើមគំនិតថា ប្រសិនអ្នកភូមិព្រមបញ្ឈប់ការទាមទារដីដាំកៅស៊ូ ១០ហិកតាររបស់ក្រុមហ៊ុន លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនពីលទ្ធភាពប្រគល់ដី ៦២ហិកតារ ដែលមិនទាន់ដាំដុះប្រគល់ឲ្យសហគមន៍បញ្ចប់ជម្លោះនេះ៖ «ក្នុងនាមយើងជាអ្នកដោះស្រាយ យើងលើកគោលការណ៍សាកល្បង ហើយខ្ញុំយកមកពិភាក្សាជាមួយក្រុមហ៊ុនសិន ខ្ញុំនឹងជំរុញឲ្យក្រុមហ៊ុនឯកភាពទៅ ព្រោះពួកគាត់ប្រជាពលរដ្ឋ យើងជាក្រុមហ៊ុន វាខុសគ្នាអ៊ីចឹង»។
មេឃុំពយ លោក ញឹង ភឿន បានហៅទង្វើក្រុមហ៊ុន ស៊ី.អ.ឌី ថាបំពានទៅលើគោលនយោបាយស្បែកខ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតម្រូវឲ្យកាត់ផលប៉ះពាល់ប្រជាពលរដ្ឋចេញពីដីសម្បទាន។ លោកទទួលស្គាល់ថា ក្រុមហ៊ុនបានឈូសឆាយតំបន់ព្រៃសហគមន៍ ដោយមិនបានពិគ្រោះយោបល់ពីផលប៉ះពាល់ប្រជាពលរដ្ឋអ្នកអភិរក្សព្រៃឈើនៅតំបន់នោះ៖ «បើតាមគម្រោងរបស់សម្ដេចតេជោ គាត់មានបង្ហាញផែនទីស្បែកខ្លាស្អីគេហ្នឹង ប៉ុន្តែអាហ្នឹងអត់មានស្បែកខ្លាទេ ទៅជាស្បែកសទាំងអស់ ព្រោះភ្នំខ្ពស់ប៉ុណ្ណាក៏ដោយ គេឈូសទាំងអស់»។
ក្រុមហ៊ុន ស៊ី.អ.ឌី ទទួលបានដីសម្បទានជាង ៧.៥០០ហិកតារ នៅស្រុកអូរជុំ បរកែវ និងស្រុកអណ្ដូងមាស តាំងពីឆ្នាំ២០១១។
មន្ត្រីអង្គការអនុផលព្រៃឈើខេត្តរតនគិរី លោក ហេង សុខា បានកត់សម្គាល់ថា ការផ្តល់ដីសម្បទានដោយមិនបានសិក្សាជាក់លាក់ពីការថែរក្សា គ្រប់គ្រង និងអាស្រ័យផលទៅលើដីធ្លីព្រៃឈើរបស់អ្នកភូមិជនជាតិដើម គឺជាមូលហេតុនាំឲ្យមានទំនាស់ដីធ្លី និងប៉ះពាល់សិទ្ធិចុះបញ្ជីដីរបស់សហគមន៍។ លោកបន្តថា សហគមន៍ជនជាតិដើមមិនមានប្រពៃណីកាន់កាប់ដីជាកម្មសិទ្ធិឯកជននោះទេ ពីព្រោះការប្រើប្រាស់ដីរួមគ្នារបស់ក្រុមជនជាតិដើម បង្ហាញពីភាពសាមគ្គី និងជាការអភិរក្សប្រពៃណីវប្បធម៌ អត្តសញ្ញាណជនជាតិដើមឲ្យបាននៅគង់វង្ស៖ «ក្នុងដំណាក់កាលសំខាន់នេះ យើងកំពុងជួបបញ្ហាការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុន ដោយមិនមានការពិនិត្យច្បាស់លាស់ព្រំប្រទល់ដីសហគមន៍។ ហើយដីសហគមន៍ជនជាតិ មិនមានក្រដាសស្នាមស្អីទេ មានតែការស្គាល់ពីប្រពៃណីតែប៉ុណ្ណោះ នេះជាបញ្ហា ហើយកំពុងតែយើងដោះស្រាយរឿងហ្នឹង»។
សហភាពអឺរ៉ុប បានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងការពារសិទ្ធិដីធ្លី និងការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិចនៅក្នុងខេត្ត។
នៅក្នុងដំណើរទស្សនកិច្ចសារព័ត៌មានកាលពីខែកក្កដា នៅខេត្តរតនគិរី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងជាប្រធានសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean francois CAUTAIN) ថ្លែងចាប់អារម្មណ៍ថា ជំនួយសហគមន៍អឺរ៉ុប គឺធ្វើឡើងតាមរយៈរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់ការអភិវឌ្ឍវិស័យសិទ្ធិមនុស្ស បរិស្ថាន កសិកម្ម បណ្តុះបណ្តាលធនធានមនុស្ស លើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ និងជាពិសេស លើកកម្ពស់សិទ្ធិដីធ្លី និងការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិច។ លោកអំពាវនាវសុំឲ្យសហគមន៍មានបញ្ហាដីធ្លី ធ្វើរបាយការណ៍ទាន់ពេលវេលា ដើម្បីសហគមន៍អឺរ៉ុប ស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសមន្ត្រីអង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់សហការជាមួយមន្ត្រីអាជ្ញាធរ ដើម្បីសម្របសម្រួលឲ្យកម្មវិធីចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនសហគមន៍បានជោគជ័យ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) លោក ឆាយ ធី ហៅការស្វែងរកដំណោះស្រាយរវាងក្រុមហ៊ុន និងសហគមន៍បែបអហិង្សា ថាជាដំណើរឆ្ពោះទៅរកលទ្ធផលល្អ។ លោកថា ចំណុចអវិជ្ជមាននៃការតវ៉ានៅសល់តិចតួច ហេតុនេះលោករំពឹងថា ការសម្របសម្រួលមួយ នឹងអាចប្រព្រឹត្តទៅបាន ប្រសិនភាគីទាំងពីរឈរលើគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៖ «ខាងសហគមន៍ និងភាគីក្រុមហ៊ុន គាត់មានបំណងដោះស្រាយរួមគ្នា យើងឃើញថា ដំណោះស្រាយហ្នឹងវាអាចមានភាពល្អប្រសើរ។ មិនចាំបាច់ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ឬខេត្តថ្នាក់ជាតិអ្វីទេ នាំឲ្យមានការវែងឆ្ងាយលំបាក»។
យ៉ាងនេះក៏ដោយ ក្រុមអ្នកតវ៉ាបានយល់ព្រមចាកចេញពីកន្លែងតវ៉ា ដើម្បីយកសំណើរបស់ក្រុមហ៊ុន ទៅពិភាក្សាសម្រេចក្នុងសហគមន៍ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។