បញ្ហាទំនាស់ដីធ្លីនៅប្រទេសកម្ពុជា មានច្រើនរូបភាព។ នៅឯភូមិមួយក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋបានចោទប្រកាន់អាជ្ញាធរដែនដីថាបាននាំនិស្សិតទៅវាស់វែងលើដីធ្លីដែលពួកគាត់បានកាន់កាប់ និងបង្កបង្កើនផលជាច្រើនឆ្នាំមកហើយ ហើយអាជ្ញាធរភូមិ ឃុំ ក៏បានដឹងឮរួចហើយដែរ ឲ្យទៅអ្នកមកពីភូមិផ្សេង។
តើហេតុអ្វីបានជាអាជ្ញាធរដែនដីភូមិ ឃុំ ធ្វើដូច្នោះ?
ប្រជាពលរដ្ឋ ៧៦គ្រួសារ នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ បានមកដាក់ពាក្យបណ្ដឹងនៅ សមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្ស ខេត្តកំពង់ឆ្នាំង សុំការជួយអន្តរាគមន៍ផ្នែកច្បាប់។ ពួកគាត់ចោទប្រកាន់ថា អាជ្ញាធរភូមិ ឃុំ បាននាំនិស្សិតទៅវាស់ដីពួកគាត់ឲ្យប្រជាពលរដ្ឋនៅឃុំផ្សេង។
ស្ត្រីអ្នកភូមិឈ្មោះ សោម យ៉ូត អាយុ ៦៥ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ថា ដីរបស់គាត់ដែលមានទទឹង ២៥ម៉ែត្រ និងបណ្ដោយប្រមាណ ៧៥ម៉ែត្រនេះ គាត់បានកាន់កាប់ និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ។ ឥឡូវ ស្រាប់តែលោកមេឃុំបែរជាឲ្យក្រុមនិស្សិតវាស់វែងឲ្យប្រជាពលរដ្ឋមកពីឃុំស្វាយជ្រំ ទៅវិញ៖ «ខ្ញុំតំណាងឲ្យប្រជាជនទាំង ៧៦គ្រួសារនេះ សំណូមពរឲ្យសម្ដេចនាយកជួយប្រជាជនភូមិក្រាំងលាវ នេះផង។ ដីវាកាន់តែតូចទៅ ឯកូនចៅក៏កាន់តែច្រើន បើសិនជាដីហ្នឹងបានទៅឈ្មួញ ប្រជាជនក្រាំងលាវ អត់មានដីឲ្យកូនចៅធ្វើស្រែទេ»។
បុរសអ្នកភូមិម្នាក់ទៀតបន្ថែមថា រីឯដីរបស់គាត់វិញ គាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨០ មកម្ល៉េះ តែឥឡូវ លោកមេឃុំក៏ឲ្យក្រុមនិស្សិតវាស់ឲ្យអ្នកផ្សេងទៅវិញ។ គាត់ថា ដោយអាជ្ញាធរជាអ្នកបំពានលើប្រជាពលរដ្ឋ ដូច្នេះហើយទើបគាត់មកពឹងអង្គការក្រៅរដ្ឋាភិបាល និងពឹងប្រព័ន្ធផ្សព្វផ្សាយឲ្យជួយគាត់៖ «បើតាមការយល់ គឺគាត់សម្អាងទៅលើខ្សែរយៈភូមិ ឃុំ ព្រោះគឺជាគ្រួសារបងប្អូនគេ ម្ល៉ោះហើយគេមានបំណងចង់រំលែកដីហ្នឹងឲ្យបងប្អូនគេ»។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា ដីនេះធ្លាប់មានទំនាស់ប្ដឹងផ្ដល់គ្នាដល់តុលាការកំពូល រវាងប្រជាពលរដ្ឋក្នុងភូមិ និងអ្នកទិញដីពីលោកអតីតមេឃុំក្រាំងលាវ គឺលោក ថោង ស៊ីម។ សាលដីកាតុលាការកំពូល បានសម្រេចឲ្យភាគីអ្នកភូមិជាអ្នកឈ្នះក្ដី។ អាជ្ញាធរភូមិ ឃុំ ក៏បានដឹងឮរួចហើយដែរ តែលុះដល់ក្រុមនិស្សិតមកវាស់វែង អាជ្ញាធរភូមិ ឃុំ បែរជាឲ្យក្រុមនិស្សិតវាស់វែងឲ្យភាគីចាញ់ក្ដីដែរ ទើបប្រជាពលរដ្ឋធ្វើការតវ៉ាដូច្នេះ។
ពន្យល់ចំពោះបញ្ហានេះ មេឃុំក្រាំងលាវ គឺលោក កែ រិន មានប្រសាសន៍ថា ដោយភាគីអ្នកចាញ់ក្ដីក៏មានលិខិតកាន់កាប់ដីធ្លីដែរ ទើបអាជ្ញាធរសម្រេចឲ្យនិស្សិតវាស់វែងឲ្យយ៉ាងដូច្នេះ៖ «អានេះគឺគេមានសិទ្ធិដូចគ្នា ម្ចាស់ដីក៏មានសិទ្ធិ ប្រជារាស្ត្រក៏មានសិទ្ធិ ទាំង២ហ្នឹងមានសិទ្ធិដូចគ្នា។ ម្ចាស់ដីគេមានប័ណ្ណ ឯប្រជារាស្ត្រក៏មានសិទ្ធិ ដល់អ៊ីចឹង ខ្ញុំឲ្យវាស់ទាំងអស់គ្នាទៅ ដល់មានទំនាស់ គេនាំគ្នាមកដោះស្រាយទៅ អាជ្ញាធរនឹងដោះស្រាយជូន»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្ស ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា អាជ្ញាធរភូមិ ឃុំ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ព្រោះបានដឹងពីការសម្រេចរបស់សាលដីកាតុលាការកំពូល សម្រេចថាអ្នកភូមិជាម្ចាស់ដីហើយ តែអាជ្ញាធរនៅតែបំពាន៖ «មន្ត្រី ឬអាជ្ញាធរដែលបានប្រើអំណាចដោយរំលោភ គេបានដឹងដីនោះគេមានម្ចាស់ហើយ នៅតែទៅចង្អុលបង្ហាញឲ្យជំនាញ ឬក្រុមនិស្សិតធ្វើការវាស់វែងលើដីរបស់ប្រជាពលរដ្ឋឲ្យអ្នកដទៃទៀត នោះគួរតែត្រូវផ្ដន្ទាទោស គួរតែនាំទៅផ្ដន្ទាទោសតាមផ្លូវច្បាប់»។
លោក សំ ច័ន្ទគា បន្តថា ករណីប្រហាក់ប្រហែលគ្នានេះ បានកើតមាននៅច្រើនកន្លែងទៀតក្នុងខេត្តកំពង់ឆ្នាំង ដែលរាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយគួរតែធ្វើការស្រាវជ្រាវ ដើម្បីជួយដោះស្រាយជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
