សមត្ថកិច្ច​រុះរើ​ខ្ទម​និង​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ចំណាក​ស្រុក​នៅ​មណ្ឌលគិរី

0:00 / 0:00

ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​កាប់​ឆ្ការ​ព្រៃ​តាំងទី​លំនៅ​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​រុះរើ​ដុត​ខ្ទម និង​ដក​បំផ្លាញ​ផល​ដំឡូង​ក្រោម​ហេតុផល​ថា ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​ដី​តំបន់​អភិរក្ស​ខុស​ច្បាប់។

ខ្ទម​ប្រក់​ពី​ផ្ទាំង​កៅស៊ូ​ជាង ៥០​ខ្ទម និង​ដើម​ដំឡូង​ប្រមាណ ៤​ហិកតារ ត្រូវ​ក្រុម​សមត្ថកិច្ច​ចម្រុះ​​ដក​រុះរើ​ដុត​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា នៅ​ចំណុច​ត្រពាំងទូក ឃុំ​អូរព្រះ។

ប្រជាពលរដ្ឋ​ឈ្មោះ សារ៉ន សុខណេង រៀបរាប់​ថា កងកម្លាំង​ចម្រុះ រួម​ទាំង​ប្រជា​សហគមន៍​នៅ​តំបន់​​​នោះ​ប្រមាណ ៤០​នាក់ បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ដែល​បោះតង់​សំពត់​កៅស៊ូ​រស់​នៅ​តំបន់​នោះ​ចេញ ហើយ​រុះរើ​ខ្ទម​ដុត​ចោល រួម​ទាំង​ដក​ដើម​ដំឡូង​ដែល​ប្រជាពលរដ្ឋ​ដាំ​ច្រើន​ខែ​ចោល​អស់​គ្មាន​សល់។

គាត់​បន្ត​ថា រដូវ​នេះ​ភ្លៀង​កំពុង​ធ្លាក់​ជោកជាំ អ្នក​ភូមិ​គ្មាន​រោង​ស្នាក់នៅ ហេតុ​នេះ​ការ​បណ្ដេញ​​​ប្រជាពលរដ្ឋ​ដោយ​ហិង្សា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​ដោយសារ​គ្មាន​ជម្រក​ស្នាក់​​​នៅ៖ «ជនរងគ្រោះ គេ​កំពុង​ដុត​រុះរើ​ផ្ទះ​សម្បែង កំពុង​ដុត កំពុង​ចាក់​សាំង​ដុត។ ប្រជាពលរដ្ឋ​គេ​អត់​ឲ្យ​ចូល​ជិត ប៉ុន្តែ​នាំ​គ្នា​នៅ​ហ្នឹង​ទាំង​អស់ អត់​ឲ្យ​ទៅ​ណា​ទេ ហា​ហុកសិប​នាក់»

កាល​ពី​ខែ​មេសា កន្លង​ទៅ អាជ្ញាធរ​ចម្រុះ​ស្រុក​កែវសីមា បាន​អនុវត្ត​វិធានការ​ក្តៅ​ដូចគ្នា​បណ្ដេញ​​​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​ចេញ​ពី​រោង​ស្នាក់នៅ ហើយ​រុះរើ​ដុត​បំផ្លាញ​រោង​ចោល ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​តំបន់​អភិរក្ស​សត្វព្រៃ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ខ្លះ​ទៅ​សុំ​វត្ត​អារាម​ស្នាក់​នៅ ខ្លះ​ទៀត​បាន​មក​ធ្វើ​ខ្ទម​រស់​​នៅ​ជា​ថ្មី​នៅ​ទីតាំង​ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​នោះ​វិញ។

​អភិបាល​ស្រុក​កែវសីមា លោក សិន វណ្ណវុធ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​​​ចេញពី​តំបន់​នោះ​មែន ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​នៅ​តែ​បន្ត​ចូល​មក​សង់​ខ្ទម​រស់​នៅ​ជា​ថ្មី​ក្នុង​តំបន់​អភិរក្ស ជាពិសេស​តំបន់​នោះ​បាន​ប្រគល់​ជូន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​អភិរក្ស​ជា​តំបន់​ព្រៃ​ផ្ដល់​ផល​សហគមន៍។

លោក​បន្ត​ថា អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​​បំពេញ​បែបបទ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច ប្រសិន​ប្រជាពលរដ្ឋ​គ្មាន​ដី​រស់​នៅ​ពិត​ប្រាកដ ប៉ុន្តែ​រហូត​​ពេល​នេះ​មិន​ឃើញ​មាន​ពលរដ្ឋ​ណា​ម្នាក់​ស្នើ​សុំ​ដី​សង្គមកិច្ច​នោះ​ទេ៖ «ការ​កាប់​រាន​នេះ​ថ្មីៗ​ទេ ហើយ​យើង​ក៏​បាន​ហាម​ឃាត់ ប៉ុន្តែ​ពួកគាត់​ជួនកាល​ពេល​ដែល​យើង​ដេញ​​គាត់​ទៅ ហើយ​ពេល​យើង​មក​វិញ គាត់​កាប់​ទៀត​ទៅ​ណា! បើ​សិន​ជា​គាត់​សុំ​តាម​ច្បាប់​ត្រឹមត្រូវ ខេត្ត​មណ្ឌលគិរី​នេះ គឺ​មាន​ដី​សម្រាប់​សម្បទាន​សង្គមកិច្ច ប៉ុន្តែ​យើង​ធ្វើ​ត្រូវ​មាន​បែបបទ​ដែរ មិន​មែន​​ថា អ្នក​ណា​ក៏​អាច​ទៅ​សុំ​បាន​ដែរ អ្នក​ខ្លះ​មាន​ដី​មាន​ធ្លី​នៅ​តែ​សុំ​ទៀត​វា​ខុស​ហើយ អ្នក​អត់​នៅ​តែ​​អត់​អ៊ីចឹង»

​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ចាត់​ទុក​ចំណាត់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​ប្រើ​ហិង្សា​បំផ្លាញ​រោង​ស្នាក់ និង​ផលដំណាំ​ប្រជាពលរដ្ឋ​ថា​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ។

លោក​កត់​សំគាល់​ថា ការ​ប្រើ​អំពើ​ហិង្សា​​បណ្ដេញ​ប្រជាពលរដ្ឋ មិន​មែន​ជា​ដំណោះស្រាយ​ត្រឹមត្រូវ​សម្រាប់​ហេតុផល​ការពារ​តំបន់​អភិរក្ស​នោះ​​ឡើយ៖ «នៅ​កន្លែង​ហ្នឹង​ច្រើន​តែ​មាន​មន្ត្រី​អាជ្ញាធរ​ចុះ​ទៅ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ទេ។ មិន​គួរ​ចុះ​ទៅ​ដក​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​ដែរ នៅ​ពេល​ដែល​ដំណោះស្រាយ​ហ្នឹង​មិន​ទាន់​បាន​ដោះស្រាយ​រួច​ដែរ គួរ​តែ​ផ្លាស់ប្ដូរ​ឥរិយាបថ ចៀសវាង​ប្រើ​អំពើ​ហិង្សា ទោះ​បី​ជា​រូបភាព​ណា​មួយ​ក៏ដោយ»

យ៉ាង​ណា​ក៏ដោយ​ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រង​ការ​បណ្ដេញ​ចេញ និង​រុះរើ​បំផ្លាញ​ខ្ទម​ស្នាក់​​​នៅ​អះអាង​ថា ពួកគេ​មិន​ដឹង​ថា​ចាក​ចេញ​ទៅ​ទី​ណា​ទេ ព្រោះ​អ្នក​ភូមិ​ពិត​ជា​គ្មាន​ដី​រស់​នៅ។ អ្នក​ភូមិ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ​សម្រាប់​ប្រជាពលរដ្ឋ​​​តាំង​ទី​លំនៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ជា​ពិសេស​ក្នុង​រដូវ​ភ្លៀង​កំពុង​ធ្លាក់​ជោកជាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។