ក្រុមមន្ត្រីមូលដ្ឋានឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សម្របសម្រួលឲ្យសហគមន៍ទទួលយកប្រាក់ ២ម៉ឺនដុល្លារ សម្រាប់ធ្វើពិធីសែនព្រេនលោះលៀងព្រលឹងដូនតាអារក្សអ្នកតាព្រៃភ្នំតាមជំនឿអ្នកភូមិ ហើយយល់ព្រមឲ្យក្រុមហ៊ុនមេហ្គាហ្វើស បន្តការឈូសឆាយដីសម្បទានជាថ្មីទៀត។ ចំណែកសហគមន៍បានច្រានចោលសំណើនេះ។
អាជ្ញាធរឃុំដាក់ដាំ មិនទទួលបានលទ្ធផលវិជ្ជមានឲ្យអ្នកភូមិទទួលប្រាក់ ២ម៉ឺនដុល្លារពីក្រុមហ៊ុនមេហ្គាហ្វើស ដើម្បីបញ្ឈប់ការតវ៉ាប្រឆាំងក្រុមហ៊ុនសម្បទានមួយនេះបានទេ។
អ្នកភូមិជាង ២០នាក់ មកពីឃុំដាក់ដាំ និងឃុំប៊ូស្រា បាននាំគ្នាទៅសាលាឃុំដាក់ដាំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ខណៈក្រុមមន្ត្រីមូលដ្ឋានគ្រោងប្រជុំចាស់ទុំក្នុងភូមិ ហើយសម្របសម្រួលឲ្យព្រឹទ្ធាចារ្យប្រចាំភូមិទទួលយកប្រាក់ធ្វើពិធីសែនព្រេនបែបប្រពៃណីជនជាតិដើម ក៏ប៉ុន្តែសមាជិកសហគមន៍អ្នកតវ៉ាបានជំទាស់ការទទួលយកប្រាក់នោះ។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី លោក ក្រើង តុលា អះអាងថា ផលប៉ះពាល់ជីវភាពរស់នៅរបស់អ្នកភូមិ គឺជាប្រការសំខាន់ដែលសហគមន៍ជំទាស់ទៅនឹងគម្រោងផ្ដល់ដីសម្បទាននៅតំបន់នោះ ពីព្រោះកន្លងទៅនេះ ក្រុមហ៊ុនបានឈូសឆាយប៉ះពាល់តំបន់ព្រៃកប់សព ព្រៃសក្ការៈបូជា និងជាពិសេសតំបន់ដីសម្បទានដែលរដ្ឋបានផ្ដល់ទៅឲ្យក្រុមហ៊ុនគឺជាប្រភពទឹកប្រើប្រាស់របស់សហគមន៍នៅស្រុក និងក្រុងចំនួនបីដែលប្រើប្រាស់ទឹកអូរធម្មជាតិ។ ហេតុនេះប្រសិនតំបន់នោះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុននឹងបង្កផលប៉ះពាល់គុណភាពទឹកអូរចំនួន៤ ដែលអ្នកភូមិនៅជុំវិញតំបន់នោះប្រើប្រាស់៖ «មិនអាចប្រគល់ឲ្យក្រុមហ៊ុនបានទេ ប្រសិនក្រុមហ៊ុនធ្វើឲ្យពួកគាត់នឹងធ្វើបាតុកម្មធំនៅខែខាងមុខ»។
ក្រុមហ៊ុនមេហ្គា ហ្វើស ទទួលបានដីសម្បទានជាង ៩ពាន់ហិកតារនៅស្រុកអូររាំង តាំងពីឆ្នាំ២០១២។ ក៏ប៉ុន្តែសហគមន៍រស់នៅឃុំចំនួន៤ ក្នុងស្រុកពេជ្រាដា ស្រុកអូររាំង និងក្រុងសែនមនោរម្យ ព្រមាននឹងប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំតវ៉ាទាមទារឲ្យក្រុមហ៊ុនប្រគល់ដី និងសំណងខូចខាតតំបន់ព្រៃគោរពបូជា និងទាមទារឲ្យប្រមុខរាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុននេះ បន្ទាប់ពីក្រុមហ៊ុនឈូសឆាយបង្កផលប៉ះពាល់តំបន់ព្រៃឈើដល់សិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេឃុំដាក់ដាំ លោក សំ វាន្នី សុំអធិប្បាយបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ។ ចំណែកអភិបាលស្រុកអូររាំង លោក នង ទុណារី ទទួលស្គាល់ថា មន្ត្រីមូលដ្ឋានពិតជាចង់សម្របសម្រួលជាមួយអ្នកភូមិបញ្ចប់ជម្លោះទាក់ទិនគម្រោងសម្បទានមួយនេះ។ លោកថា ប្រាក់ពីរម៉ឺននេះមិនមែនជាប្រាក់ទិញលក់ដីនោះទេ ពីព្រោះក្រុមហ៊ុនបានកាត់ចេញដីមានផលប៉ះពាល់ រួមទាំងតំបន់អូរដែលអ្នកភូមិប្រើប្រាស់ ក៏ប៉ុន្តែប្រាក់នេះក្រុមហ៊ុនប្រគល់ជូនអ្នកភូមិដើម្បីប្រារព្ធពិធីប្រពៃណីតាមជំនឿអ្នកភូមិតែប៉ុណ្ណោះ៖ «គោលបំណងរបស់ស្រុករបស់អាជ្ញាធរចង់ឲ្យមានការចូលរួមពីគាត់ទាំង ខាងប្រពៃណី និងបច្ចេកទេស។ ធ្វើនេះពាក់ព័ន្ធកន្លែងចង្អុលបង្ហាញកន្លែងផលប៉ះពាល់ទេ ប៉ុន្តែភាគច្រើនកន្លែងប៉ះពាល់យើងកាត់ជូនគាត់ ទាំងកន្លែងកប់ខ្មោច ព្រៃតំណម ចម្ការវិលជុំ ចម្ការទទួលផល»។
កាលពីដើមខែសីហា ក្រុមអាជ្ញាធរមានប៉ូលិស កងរាជអាវុធហត្ថ និងយោធាស្រុកអូររាំង ប្រមាណ ៣០នាក់ ខ្លះកាន់អាវុធខ្លះស្លៀកពាក់ឯកសណ្ឋានគ្មានអាវុធដឹកនាំដោយអភិបាលរងស្រុកបានរារាំងមិនឲ្យអ្នកភូមិជាង ១០០នាក់ ចូលទៅតំបន់សែនព្រេនតំបន់សក្ការៈរបស់អ្នកភូមិ ដោយសំអាងថា តំបន់នោះជាដីសម្បទានរបស់ក្រុមហ៊ុនមេហ្គា ហ្វើស។ ការប្រឈមមុខអូសបន្លាយអស់រយៈពេលជាងមួយម៉ោង ទើបក្រុមសមត្ថកិច្ចបើកផ្លូវឲ្យអ្នកភូមិចូលទៅធ្វើពិធីសែនព្រេនតាមប្រពៃណីជនជាតិដើមភាគតិច។
មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក សុក រដ្ឋា ដែលបានឃ្លាំមើលបញ្ហានេះចាត់ទុកសកម្មភាពឈូសឆាយព្រៃសហគមន៍ពីសំណាក់ក្រុមហ៊ុនថា ជាកំហុសរបស់មន្ត្រីពាក់ព័ន្ធដែលមិនពិគ្រោះយោបល់ផលប៉ះពាល់ជាមួយសហគមន៍ទើបកើតមានជម្លោះដីធ្លីនេះឡើង។ លោកថា ការសម្របសម្រួលដោយមន្ត្រីមូលដ្ឋានមិនមែនជាយន្តការដោះស្រាយផ្ដល់យុត្តិធម៌ជូនសហគមន៍ឡើយ៖ «គួរគិតគូរដែរ មិនមែនយើងផ្ដល់សំណងដើម្បីទិញទឹកចិត្តផ្នែកណាមួយឲ្យប្រជាពលរដ្ឋ ផ្ដិតមេដៃ ហើយក្រុមហ៊ុនឈូសឆាយព្រៃបន្ថែម អាហ្នឹងខុសច្បាប់ហើយ»។
ទោះជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ លោក ក្រើង តុលា អះអាងថា រហូតបច្ចុប្បន្នក្រុមហ៊ុនឈូសឆាយព្រៃតំបន់នោះអស់ប្រមាណ ២០០ហិកតារបង្កផលប៉ះពាល់តំបន់ជម្រកសត្វព្រៃតំបន់ស្វែងរកអនុផលព្រៃឈើសហគមន៍ ហេតុនេះរាជរដ្ឋាភិបាលតោងពិនិត្យ និងលុបចោលការផ្ដល់ដីសម្បទាននៅតំបន់នោះពីក្រុមហ៊ុន ហើយប្រគល់ជូនសហគមន៍អភិរក្សដូចធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
