ពលរដ្ឋ​នៅ​មណ្ឌលគិរី​ប្រឈម​មុខ​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ក្នុង​រឿង​ជម្លោះ​ដី

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ស្ទៀង ជាង ១០០​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ប្រឈម​មុខ​តវ៉ា​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សុវណ្ណ រាជសី ដែល​អម​ដោយ​កង​ប្រដាប់​អាវុធ​មាន​ប៉ូលិស​កងរាជអាវុធហត្ថ​ក្នុង​ជម្លោះ​ដណ្ដើម​ដី​គ្នា។

0:00 / 0:00

អ្នក​ភូមិ​ចោទ​ថា ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក​ដី​សហគមន៍​ទើប​អ្នក​ភូមិ​លើក គ្នា​ទៅ​ការពារ​ដី​ដែល​ក្រុមហ៊ុន​ប៉ុនប៉ង​យក​ដាំ​កៅស៊ូ។

ជម្លោះ​ស្រែក​តវ៉ា​ត​ទល់​គ្នា​រវាង​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា កើត​មាន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៩ ខែ​កុម្ភៈ បន្ទាប់​ពី​ក្រុមហ៊ុន សុវណ្ណ រាជសី បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​គ្រប់​គ្រង​ដី​ប្រមាណ​ជាង ១០០​ហិកតារ ដែល​អ្នក​ភូមិ​អះអាង​ថា ជា​ដី​សហគមន៍​អភិរក្ស។

មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ចោទ​ប្រកាន់​ភាគី​ក្រុមហ៊ុន បុគ្គលិក​ជា​ជនជាតិ​វៀតណាម ថា​ប្រើប្រាស់​កងកម្លាំង​រាជរដ្ឋាភិបាល មាន​ប៉ូលិស និង​កងរាជអាវុធហត្ថ​ប្រដាប់​ដោយ​កាំភ្លើង គំរាម​ប្រជាពលរដ្ឋ​ក្នុង​ការ​តវ៉ា​នេះ។

អ្នក​តវ៉ា​ម្នាក់​ឈ្មោះ មឿន ឃឿន មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​មាន​មន្ត្រី​អាជ្ញាធរ​មាន​សមត្ថកិច្ច​មូលដ្ឋាន​មាន​វត្តមាន​ដោះស្រាយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ ក៏​ប៉ុន្តែ​បុគ្គលិក​ក្រុមហ៊ុន​អម​ដោយ​កង​ប្រដាប់​អាវុធ​មាន​គ្នា ១០​នាក់ បាន​ដក​ថយ ហើយ​ព្រមាន​ថា នឹង​នាំ​កងកម្លាំង​ថ្នាក់​ខេត្ត​មក​បង្ក្រាប​ប្រជាពលរដ្ឋ​នៅ​វេលា​រសៀល​ទៀត។

លោក​បន្ត​ថា ក្រុមហ៊ុន​បាន​រំលោភ​ឈូស​ឆាយ​ដី​សហគមន៍ ហេតុ​នេះ​អ្នក​ភូមិ​បាន​នាំ​គ្នា​មក​ការពារ​ដី​កុំ​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ជា​លើក​ទី​២​ទៀត៖ «ក្រុមហ៊ុន​សុវណ្ណ រាជសី គេ​ឈូស​ឆាយ ប៉ុន្មាន​ឆ្នាំ​មុន ឥឡូវ​នៅ​សល់​តិចតួច​ហ្នឹង ពួក​ខ្ញុំ​ចង់​ដណ្ដើម​យក​ពី​ក្រុមហ៊ុន។ ក្រុមហ៊ុន​ធ្វើ​បាន ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​ធ្វើ​មិន​បាន ពួក​ខ្ញុំ​មាន​ដី​សហគមន៍ ចុង​ក្រោយ​ពី​ខ្ញុំ​គ្មាន​ដី​សហគមន៍​តិចតួច​ណា​ផង»

សេចក្ដី​រាយការណ៍​របស់​អាជ្ញាធរ​ភូមិ​ឆ្នែង ឲ្យ​ដឹង​ថា ដី​ដែល​កើត​មាន​ជម្លោះ​មាន​ទំហំ​ជាង ១២៥​ហិកតារ ឋិត​នៅ​ចំណុច​ក្បាល​ដំរី ក្នុង​ឃុំ​ស្រែខ្ទុំ ជា​អតីត​ព្រៃ​សហគមន៍​ភូមិ​ឆ្នែង ១២៤​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន​សុវណ្ណ រាជសី ឈូស​ឆាយ​កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​មិន​ទាន់​បាន​ដាំដុះ។

ប្រធាន​ភូមិ​ឆ្នែង លោក ខៀវ សំបូរ មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​សម្របសម្រួល​បោះ​បង្គោល​កំណត់​ព្រំ​ដី​ក្រុមហ៊ុន និង​ដី​សហគមន៍​រួច​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ឈូស​ឆាយ​ចូល​ដី​សហគមន៍ ទើប​អ្នក​ភូមិ​នាំ​គ្នា​ទៅ​វាស់​យក​ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ​មក​វិញ។

លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​បាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ដី​ទំនាស់៖ «វា​មិន​តាម​ដែល​វា​ថា​ហ្នឹង​ណា វា​ចេះ​តែ​វាងៗ ធ្លាក់​លើ​ស្រែ​ដដែល អ៊ីចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត​គេ​ហ្នឹង កងកម្លាំង​ប្រដាប់​អាវុធ​ហ្នឹង កាំភ្លើង​ហ្នឹង ៥​ដើម កាំភ្លើង​ខ្លី ២​ដើម អាកា​ហ្នឹង ៣​ដើម»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បាន​ទូរស័ព្ទ​ទាក់ទង​តំណាង​ក្រុមហ៊ុន​សុវណ្ណ រាជសី សុំ​បញ្ជាក់​ពី​ករណី​នេះ ប៉ុន្តែ​អ្នក​ទទួល​ទូរស័ព្ទ​បញ្ជាក់​ថា លោក​មិន​មាន​វត្តមាន​ក្នុង​ប្រទេស​ទេ។

ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​ស្រែខ្ទុំ លោក ប៊ុត សំអែល មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​ពី​មេ​ភូមិ​ហើយ។ លោក​គ្រោង​រៀបចំ​កម្មវិធី​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​លោក​មិន​ទាន់​កំណត់​ពេល​នៅ​ឡើយ ដោយសារ​រង់ចាំ​ឆ្លង​យោបល់​ពី​អភិបាល​ស្រុក៖ «វា​មាន​ការ​ទាមទារ អ៊ីចឹង​ក្រោយ​ពី​ស្រុក​សម្រុះសម្រួល​ឈាន​ដល់​ការ​ចែក​ព្រំប្រទល់​គ្នា។ មូលដ្ឋាន​ខ្ញុំ​មាន​តែ​ហៅ​គាត់​មក​សម្របសម្រួល គាត់​មិន​ពេញ​ចិត្ត​កន្លង​មក ខ្ញុំ​រាយការណ៍​ជូន​អភិបាល​ស្រុក»

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា បាន​ចុះ​ទៅ​ឃ្លាំមើល​បញ្ហា​នេះ បាន​កត់​សម្គាល់​ថា រហូត​មក​ទល់​នឹង​រសៀល​ម៉ោង ៤ មិន​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​មក​ដូច​ការ​ព្រមាន​របស់​បុគ្គលិក​ក្រុមហ៊ុន​ទេ។ ចំណែក​អ្នក​តវ៉ា​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត ពីព្រោះ​ពួកគាត់​អះអាង​ថា ដី​សហគមន៍ រួម​ទាំង​ព្រៃ​ឈើ​តំណម​របស់​អ្នក​ភូមិ ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​អស់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។