សហគមន៍​២០​ក្រុម​នៅ​មណ្ឌលគិរី​យក​ញត្តិ​តវ៉ា​ដាក់​ជូន​អាជ្ញាធរ​ដោះស្រាយ

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច ២០​ក្រុម មក​ពី​ស្រុក​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី នាំ​យក​ញត្តិ​តវ៉ា​និង​ពាក្យ​ប្ដឹង​ច្រើន​ករណី​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​ទាមទារ​ឲ្យ​ដោះស្រាយ។ បញ្ហា​ទាំង​នោះ រួម​មាន​ការ​រំលោភ​ដីធ្លី បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច និង​ធនធាន​ធម្មជាតិ។ នេះ​ជា​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​២០១៤ ដែល​សហគមន៍​នាំ​គ្នា​យក​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា បាន​អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់​មក​ពី​សហគមន៍​នានា​ក្នុង​ខេត្ត​ជួប​ពិភាក្សា​តវ៉ា​ពី​បញ្ហា​រំលោភ​ដីធ្លី​និង​សកម្មភាព​កាប់​បំផ្លាញ​​ព្រៃឈើ​នៅ​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់​នៅ។

ការ​ជួប​ពិភាក្សា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រជា​សហគមន៍​ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​យក​ញត្តិ​តវ៉ា និង​​ពាក្យ​បណ្ដឹង​ច្រើន​ករណី​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​ធ្វើការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព។

​តំណាង​សហគមន៍​ជនជាតិ​ព្នង​មកពី​ស្រុក​ពេជ្រាដា លោក ឃុត ចាន់រ៉ា រៀបរាប់​ថា ក្នុង​កិច្ចប្រជុំ​​ពិភាក្សា​នេះ​ក្រុម​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាន​សន្យា​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​សិក្សា​បញ្ហា​តវ៉ា​​របស់​សហគមន៍ ប៉ុន្តែ​សហគមន៍​មាន​ជំនឿ​តិចតួច​ថា ការ​សន្យា​នេះ​អាច​មានការ​ដោះស្រាយ​បាន​​លទ្ធផល​ល្អ។

លោក​បន្ត​ថា យ៉ាងណា​សហគមន៍​ផ្ដល់​លទ្ធភាព​ជូន​មន្ត្រី​អាជ្ញាធរ​ដើម្បី​ធ្វើ​ឲ្យ​មាន​ជំនឿ​​ឡើង​វិញ​ពី​ពលរដ្ឋ​ទាក់ទិន​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​មន្ត្រី​បម្រើ​រាស្ត្រ​ពិតប្រាកដ៖ «ប្រហែលជា​សន្យា​ខ្យល់ ឬ​សន្យា​យ៉ាង​ម៉េច​ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​គាត់​សន្យា​ថា នឹង​អនុវត្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ រួមគ្នា​បង្ក្រាប​ទាំង​ប្រជាពលរដ្ឋ ទាំង​អាជ្ញាធរ ហើយ​បញ្ហា​ដីធ្លី​គាត់​ថា នឹង​ព្យាយាម​​ដោះស្រាយ​បណ្តើរៗ។ ឥឡូវ​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​គេ​មាន​ដំណោះស្រាយ ឬ​ធ្វើការ​យ៉ាង​ម៉េចៗ​សិន»

ញត្តិ​តវ៉ា​សំខាន់​គឺ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៨​ភូមិ មក​ពី​ស្រុក​ពេជ្រាដា ៥​ភូមិ និង​ស្រុក​អូររាំង ៣​ភូមិ ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​លប់​ចោល​សម្បទាន​ដី​សេដ្ឋកិច្ច​ជាង ៩​ពាន់​​ហិកតារ នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ណាំលា ពី​ក្រុមហ៊ុន​ឈ្មោះ មេហ្គា ហ្វឺស ខបផូរ៉េសិន ប៊ឺហេដ (Mega First Corporation Berhad) និង​ពាក្យ​ប្ដឹង​ពី​បញ្ហា​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន សុវណ្ណ រាជសី និង​​ក្រុមហ៊ុន ឫទ្ធីគីរីសីមា។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​​ខេត្ត​នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​​ផ្ទាល់។ លោក​បន្ត​ថា ករណី​ក្រុមហ៊ុន​សម្បទាន​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលា អាជ្ញាធរ​ខេត្ត​​បាន​ស្នើសុំ​តាមរយៈ​ក្រសួង​មហាផ្ទៃ រក្សា​តំបន់​នោះ​ជា​តំបន់​អភិរក្ស​តាម​សំណើ​ប្រជាពលរដ្ឋ​​រួច​ហើយ។ ដោយ​ឡែក​ក្រុមហ៊ុន​ចំនួន​ពីរ​​ទៀត គឺ​ក្រុមហ៊ុន​សុវណ្ណ រាជសី និង​ក្រុមហ៊ុន ឬទ្ធីគីរីសីមា ​អាជ្ញាធរ​ខេត្ត​ក៏បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ដូចគ្នា។

លោក យឹម លុច៖ «ភាគ​ច្រើន​គាត់​សំណូមពរ​តាម​ផ្នែក​នីមួយៗ អ្នក​ខ្លះ​មាន​ទុក្ខ​កង្វល់​រឿង​នេះ​មួយ អ្នក​ខ្លះ​មាន​ទុក្ខ​កង្វល់​​រឿង​នេះ​ពីរ។ ផ្ដោត​ជា​សំខាន់​ទៅ​លើ​រឿង​ព្រៃឈើ​ហ្នឹង។ ខ្ញុំ​បាន​ដោះស្រាយ​ជាមួយ​គាត់​ហើយ យើង​​នឹង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ណា​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​គាត់»

​ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់​ថា ការ​ជួប​ពិភាក្សា​រវាង​មន្ត្រី​អាជ្ញាធរ​ខេត្ត និង​សហគមន៍​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​រួម​​គ្នា​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ប្រសិន​អាជ្ញាធរ​ធ្វើ​ឲ្យ​ប្រាកដ​ថា បញ្ហា​របស់​​ប្រជាពលរដ្ឋ​ពិតជា​បាន​ដោះស្រាយ​នោះ វា​នឹង​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ប្រជាពលរដ្ឋ​លើ​មន្ត្រី​មូលដ្ឋាន៖ «អ្វី​ដែល​សហគមន៍​លើក​ឡើង​និង​អ្វី​ដែល​អាជ្ញាធរ​ខេត្ត​បាន​សន្យា​ហ្នឹង ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មាន​​ឆន្ទៈ​ធ្វើ​ទៅ​តាម​ការ​ស្នើ​ផ្ទាល់​របស់​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រជាពលរដ្ឋ​នឹង​មាន​ជំនឿ​លើ»

កាល​ពី​ខែ​មីនា កន្លង​ទៅ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​​អូររាំង ពេជ្រាដា ស្រុក​កែវសីមា និង​ក្រុង​សែនមនោរម្យ បាន​ដាក់​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​​ថ្កោល​ទោស​ឧក្រិដ្ឋជន​ព្រៃឈើ​តាំង​ពី​ឆ្នាំ​២០០២ រហូត​បច្ចុប្បន្ន និង​ទាមទារ​ឲ្យ​មានការ​ផ្ដន្ទាទោស​ពួក​​គេ​តាម​ច្បាប់​កំណត់ ក៏ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​តាម​សំណើ​ប្រជាពលរដ្ឋ​នៅ​ឡើយ។ តំណាង​សហគមន៍​ដដែល​ឲ្យ​ដឹង​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត ប្រសិន​ការ​​សន្យា​របស់​អាជ្ញាធរ​ខេត្ត​មិន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។