សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​គ្រោង​ធ្វើ​បាតុកម្ម​លើក​ទី​៣​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន

0:00 / 0:00

សហគមន៍​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី គ្រោង​ធ្វើ​បាតុកម្ម​លើក​ទី​បី​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​សហគមន៍​និង​ធនធានធម្មជាតិ ប្រពៃណី​វប្បធម៌ អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច។ គម្រោង​ធ្វើ​បាតុកម្ម​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ក្រុម​អាជ្ញាធរ​ខេត្ត​មិន​បាន​ផ្ដល់​លទ្ធផល​ស្វែង​ដំណោះស្រាយ​សមស្រប​អាច​ឲ្យ​អ្នកភូមិ​ទទួល​យក​បាន។

ជាង​បី​សប្ដាហ៍​កន្លង​ទៅ​នេះ​សមាជិក​សហគមន៍​ប៊ូស្រា ៨៥០​គ្រួសារ រង់ចាំ​លទ្ធផល​ដំណោះស្រាយ​​ការ​តវ៉ា​របស់​ពួកគាត់​តាម​ការសន្យា​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បន្ទាប់​ពី​ពួកគាត់​បាន​ធ្វើ​បាតុកម្ម​ពីរ​លើក​នៅ​មុខ​សាលា​ឃុំ​ប៊ូស្រា និង​មុខ​សាលាស្រុក​ពេជ្រាដា កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា។

ក្រោយ​បាតុកម្ម​ទាំង​ពីរ​លើក​អាជ្ញាធរ​ស្រុក​ពេជ្រាដា បាន​រៀបចំ​កម្មវិធី​ចុះ​ដោះស្រាយ​បញ្ហា​តវ៉ា​ជូន​​​សហគមន៍​ប៊ូស្រា ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា រួម​មាន៖ ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៥​គ្រួសារ​ជាមួយ​ក្រុមហ៊ុន ណាវ៉ា រ៉ាស៊ី (Nava Rasy)។ ករណី​ក្រុមហ៊ុន​ដាក់ឡាក់ (DaklaK) ជីក​ប្រឡាយ​កាត់​​ផ្លូវ​ប្រជាពលរដ្ឋ។ ករណី​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​នៅ​ប៉ុស្តិ៍​៦ ហើយ​កម្លាំង​ការពារ​មិន​អនុញ្ញាត និង​បញ្ហា​បុគ្គលិក​ក្រុមហ៊ុន អិល.ខេ.អិល នៅ​តំបន់​នោះ​គំរាម​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ជាដើម។

តំណាង​សហគមន៍ លោក មើល ចេវ ថ្លែង​ថា មិន​មាន​លទ្ធផល​ណា​មួយ​គួរ​កត់សំគាល់​ក្នុង​ការ​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការ​សន្យា​លុប​ប្រឡាយ​របស់​ក្រុមហ៊ុន​​ដាក់ឡាក់ ជីក​កាត់​ផ្លូវ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ក៏​ត្រូវ​ពន្យារ​ពេល​ដែរ។

លោក​បន្ត​ថា អ្នក​ភូមិ​នឹង​​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​បន្ត​ទៀត​​នៅ​ថ្នាក់​ស្រុក ឬ​ខេត្ត​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ៖ «តាម​ពិត​គេ​ដោះស្រាយ​ជា​លក្ខណៈ​បុគ្គល ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​អត់​ទទួល​ស្គាល់​ទេ​តាម​សហគមន៍​​ហ្នឹង គឺ​តស៊ូ​មតិ​ម្ដង​ទៀត​នៅ​សាលា​ខេត្ត​ចុង​ក្រោយ​នេះ។សហគមន៍​កំពុង​ពិភាក្សា​គ្នា​ដាក់​កំណត់​ថ្ងៃ​​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង»

​តំណាង​សហគមន៍​មកពី​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូស្រា កាល​ពី​សប្ដាហ៍​មុន​នេះ​បាន​ជួប​ប្រជុំ​គ្នា​ពីរ​លើក​​​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​បាតុកម្ម​លើក​ទី​បី រួម​មាន​ការ​ដាក់​លិខិត​ជម្រាប​ជូន​អាជ្ញាធរ​ខេត្ត​ស្ដីពី​ការ​​​ធ្វើ​បាតុកម្ម និង​អំពាវនាវ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​មកពី​បណ្ដា​ស្រុក​នានា ចូល​រួម​បាតុកម្ម​លើក​ទី​​​បី​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុង​សែនមនោរម្យ នៅ​ចុងខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា។

តំណាង​សហគមន៍​មួយ​រូប​ទៀត គឺ​លោក ក្រោះ សុខ រៀបរាប់​ដែរ​ថា បាតុកម្ម​នៅ​ក្រុង​សែនមនោរម្យ ​អាច​នឹង​មាន​ការ​បិទ​ផ្លូវ​ដើម្បី​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការ​ទាមទារ​របស់​ពល​រដ្ឋ​ឲ្យ​មាន​​ប្រសិទ្ធភាព។

លោក​បន្ត​ថា ការ​សន្យា​របស់​មន្ត្រី​អាជ្ញាធរ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៧ ខែ​តុលា មិន​មាន​សញ្ញា​វិជ្ជមាន​ណា​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន​ឡើយ៖ «ម្នាក់ៗ​នៅ​តែ​មាន​គំនិត​ថា យើង​នៅតែ​ធ្វើ​បន្ត​គម្រោង​បាតុកម្ម គាត់​ចង់​ឲ្យ​យើង​រៀបចំ​ឲ្យ​ស្រួល​ដើម្បី​​ឲ្យ​យល់​ថា បាតុកម្ម​នេះ​ខ្លាំង​ជាង​មុន។ មួយ​ទៀត​យើង​ចង់​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​បាតុកម្ម​ដែរ ហើយ​​បណ្ដាញ​ផ្សេង​តាម​យើង​ដឹង​ខាង​ដាក់​ដាំ​ស្អី​គាត់​សួរ​យើង​ត្រូវការ​គាត់​អត់ បើ​យើង​ធ្វើ​ខាង​មុខ​នេះ»

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា សហគមន៍​ប៊ូស្រា ចេញ​សេចក្ដី​ថ្លែងការណ៍​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី ការ​បាត់បង់​ធនធាន​ធម្មជាតិ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ចំនួន​ប្រាំពីរ រួម​មាន៖ ភូមិ​ពូលុ ពូចារ ពូទឺត ឡាំមេះ ប៊ូស្រា ពូរាំង និង​ភូមិ​ពូទឹល។

តំណាង​អ្នកភូមិ​បាន​នាំ​យក​លិខិត​ថ្លែងការណ៍​ដាក់​ជូន​ស្ថាប័ន​ព្រឹទ្ធ​សភា រដ្ឋសភា ក្រសួង​វប្បធម៌ ក្រសួង​កិច្ចការ​នារី ស្ថានទូត​អាមេរិក តំណាង​សហគមន៍​អឺរ៉ុប ការិយាល័យ​​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ដោយ​ឡែក​ស្ថានទូត​វៀតណាម និង​ស្ថានទូត​ចិន មិន​ទទួល​លិខិត​ថ្លែងការណ៍​នោះ​ទេ។

ទាក់ទិន​គម្រោង​ធ្វើបាតុកម្ម​លើក​ទី​បី​របស់​សហគមន៍​ប៊ូស្រា​នេះ អភិបាលរង​ខត្ត​មណ្ឌលគិរី លោក ស្វាយ សំអៀង និង​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន នៅ​ថ្ងៃ​ទី​៧ ខែ​តុលា បដិសេធ​មិន​អធិប្បាយ​ដោយសារ​ហេតុផល​លោក​ទាំង​ពីរ​ជាប់​ប្រជុំ។ ក៏ប៉ុន្តែ​កន្លង​ទៅ​នេះ ក្នុង​ការ​សន្យា​ជាមួយ​ពលរដ្ឋ​លោក​ទាំង​ពីរ​បាន​អះអាង​ថា បញ្ហា​ដែល​កើត​ឡើង​​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ពួកគេ​នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។ ចំណែក​បញ្ហា​ណា​ទាក់ទិន​សមត្ថកិច្ច​អាជ្ញាធរ​ថ្នាក់​ជាតិ អាជ្ញាធរ​ខេត្ត​នឹង​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​វិធានការ​បន្ត។

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ន​នេះ​សហគមន៍​ប៊ូស្រា មិន​ទាន់​​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ដូច​ការ​សន្យា​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នោះ​នៅ​ឡើយ។ ដោយ​ឡែក​អាជ្ញាធរ​ថ្នាក់​ជាតិ​ក៏​មិន​បាន​ឆ្លើយ​តប ឬ​បញ្ចេញ​ប្រតិកម្ម​ណា​មួយ​ទាក់ទិន​សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​នោះ​ដែរ។

​ប្រធាន​កម្មវិធី​ដីធ្លី​ធនធាន​ធម្មជាតិ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ឡាត់ គី សំដែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​មន្ត្រី​រាជរដ្ឋាភិបាល ក៏​ដួច​ជា​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​តួនាទី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ជនជាតិ​ដើម​ភាគតិច​ងាយ​រងគ្រោះ។

លោក​ថ្លែង​ថា បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​តម្រូវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ទប់ស្កាត់​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ក៏​​ប៉ុន្តែ​ទំនង​បទ​បញ្ហា​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទិន​បញ្ហា​នេះ​មិន​ត្រូវ​បាន​មន្ត្រី​ថ្នាក់ក្រោម​យក​ចិត្ត​ទុក​​ដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ យ៉ាង​ណា​លោក​អំពាវនាវ​ផង​ដែរ​ឲ្យ​សមត្ថកិច្ច​ផ្ដល់​ឱកាស​ឲ្យ​សហគមន៍​បញ្ចេញ​មតិ និង​មិន​ត្រូវ​ធ្វើ​​ទុក្ខបុកម្នេញ​គំរាមកំហែង​សិទ្ធិ​តស៊ូ​មតិ​ដោយ​សន្តិវិធី​របស់​សហគមន៍​ឡើយ។ ចំណែក​សហគមន៍​​ក៏​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​តស៊ូ​មតិ​បែប​អហិង្សា​ដើម្បី​បំពេញ​សិទ្ធិ​តវ៉ា​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់។

លោក ឡាត់ គី៖ «ការ​ស្វែង​រក​ដំណោះស្រាយ បើ​កាលណា​ដំណោះស្រាយ​អត់​បាន​ទទួល​អ៊ីចឹង​យុទ្ធនាការ​ក្នុង​ការ​​ស្វែងរក​ដំណោះស្រាយ ទោះ​បី​លើក​ទី​បី លើក​ទី​បួន លើក​ទី​ប្រាំ​ទៀត​វា​ជា​រឿង​តម្រូវ​ការ​ដែល​​ជា​សេរីភាព​របស់​ពួកគាត់។ នេះ​ជា​មូលដ្ឋាន​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គាត់​ដើម្បី​ការពារ​​ធនធាន​ពួកគាត់​ឲ្យ​បាន​គង់វង្ស»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥ ដែល​សហគមន៍​ប៊ូស្រា ធ្វើ​បាតុកម្ម​ប្រឆាំង រួមមាន ក្រុមហ៊ុន អិល.ខេ.អិល (LKL) ក្រុមហ៊ុន​ខេ-ហ្វើស (K-First) ក្រុមហ៊ុន​មេហ្គាហ្វើស (Mega-First) ក្រុមហ៊ុន​សុខហ្វីន ខេស៊ីឌី (Socfin-KCD) និង​ក្រុមហ៊ុន​ដាក់ឡាក់។ ដោយ​ឡែក​សហគមន៍​ប៊ូស្រា កំពុង​សិក្សា​ពី​លទ្ធភាព​ប្តឹង​ក្រុមហ៊ុន​សុខហ្វីន ខេស៊ីឌី ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​បារាំង តាម​ផ្លូវ​តុលាការ​​​ប្រទេស​បារាំង ដោយសារ​តែ​ក្រុមហ៊ុន​នេះ​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​ឡាយ​នៃ​សហគមន៍​ប៊ូស្រា បាត់បង់​របរ​
​ចិញ្ចឹម​ជីវិត​បែប​ប្រពៃណី និង​កំពុង​រស់​នៅ​ក្នុង​សភាព​ក្រីក្រ។

អ្នក​ភូមិ​មួយ​ចំនួន​ត្រូវ​បណ្ដេញ​ចេញ​​ដោយ​គ្មាន​សំណង ឬ​ស្ទើរ​គ្មាន​សំណង គ្រួសារ​ទាំង​នោះ​រង​ការ​ខូចខាត​ផ្នែក​សម្ភារៈ​ធ្ងន់ធ្ងរ និង​ជាង​នេះ​ទៅ​ទៀត អ្នក​ភូមិ​រង​នូវ​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ដោយសារ​ក្រុមហ៊ុន​បំផ្លាញ​ព្រៃ​អារក្ខ​និង​ព្រៃ​ដូនតា​ពួកគេ​អស់​ជាច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។