"ពលរដ្ឋ​ជាង​៣​ម៉ឺន​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយសារ​សម្បទាន​ដី​សេដ្ឋកិច្ច"

0:00 / 0:00

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា “ការ​វិភាគ​ស្ថិតិ​ស្ដីពី​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា” កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ ការស្រាវជ្រាវ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន ៥​ពាន់​គ្រួសារ (៣៥.៦០៤) នៅ​ទូទាំង​ប្រទេស រង​ផល​ប៉ះពាល់​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ។

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា រក​ឃើញ​ថា សម្បទាន​ដី​សេដ្ឋកិច្ច​ជា​មូលហេតុ​នៃ​វិវាទ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ចំនួន ១៨ ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន ៥​ពាន់​គ្រួសារ។

របាយការណ៍​សិក្សា​កម្រាស់​ជាង ៣០​ទំព័រ​នៃ​អង្គការ​នេះ បញ្ជាក់​ទៀត​ថា មាន​សម្បទាន​ដី​សេដ្ឋកិច្ច ១៥៨​ក្រុមហ៊ុន គឺ​ជា​មូលហេតុ​នៃ​ទំនាស់​ដីធ្លី ហើយ​មាន​ករណី​វិវាទ​តែ ២៦,៥៨% ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ដោះស្រាយ​រួចរាល់។ ចំណែក​វិវាទ ៤៣,៣៩% ទៀត នៅ​មិន​ទាន់​មាន​ដំណោះស្រាយ និង ៣១,៨៤% ផ្សេង​ទៀត ត្រូវ​បាន​ដោះស្រាយ​ដោយ​ផ្នែក។

របាយការណ៍​នេះ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ប្រភព​គេហទំព័រ​របស់​ក្រសួង​កសិកម្ម​ គេហទំព័រ Sithi.org សាលាខេត្ត បណ្ដាញ​អង្គការ​មិនមែន​រដ្ឋាភិបាល សារព័ត៌មាន សៀវភៅ​ព្រះរាជ​កិច្ច និង​ការ​ចុះ​សិក្សា​ដោយ​ផ្ទាល់ ហើយ​ទិន្នន័យ​ដែល​យក​មក​ប្រើ គឺ​ជា​ទិន្នន័យ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ចាប់​ពី​ឆ្នាំ​១៩៩៥ មក​ដល់​ឆ្នាំ​២០១៥។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បណ្ឌិត តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​រក​ឃើញ​នេះ នឹង​ជួយ​បង្ហាញ​និន្នាការ​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​អាច​ឱ្យ​គេ​កំណត់​បាន​នូវ​ក្ដី​កង្វល់​របស់​ប្រជា​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​សម្បទាន​ដី​សេដ្ឋកិច្ច៖ «គ្រប់​ភាគី​ពាក់ព័ន្ធ​គប្បី​បន្ត​ការងារ​មួយ​ចំនួន​ដូចជា បន្ត​តាមដាន ត្រួតពិនិត្យ វាស់វែង និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស។ កំណត់​ប្រភេទ និង​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​ដើម្បី​កាត់បន្ថយ​វិវាទ​រវាង​គម្រោង​វិនិយោគ និង​សហគមន៍​មូលដ្ឋាន។ គ្រប់​គម្រោង​វិនិយោគ​ត្រូវតែ​ធ្វើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម ប្រកប​ដោយ​តម្លាភាព និង​មាន​ការ​ចូលរួម​ឱ្យ​ស្របតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ»

​មន្ត្រី​តំណាង​ក្រសួង​បរិស្ថាន លោក ស៊ី រ៉ាមុនី បាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​ស្ដីពី​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ ថា​មិន​ឆ្លុះបញ្ចាំង​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ពេល​បច្ចុប្បន្ន។ លោក​ថា ទិន្នន័យ​មួយ​ចំនួន​មាន​ភាព​ខ្វះ​ចន្លោះ និង​ខ្វះខាត​ព័ត៌មាន ជា​ពិសេស​ព័ត៌មាន​ពី​ខាង​ក្រសួង​បរិស្ថាន និង​គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី។

លោក​បញ្ជាក់​ថា ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម បាន​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​អនុវត្ត​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល ចុះ​ដោះស្រាយ​ទំនាស់ និង​វាស់វែង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ៖ «រាជរដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​ផ្ដល់​អាទិភាព​ទៅ​ឱ្យ​សហគមន៍​មូលដ្ឋាន​ជានិច្ច។ បើ​ក្នុង​ករណី​ដែល​មាន​ជម្លោះ ឬ​មាន​បញ្ហា​តវ៉ា​ផ្សេងៗ អាទិភាព​គឺ​បាន​ទៅ​ខាង​ប្រជាជន​ហើយ។ ក្រុមហ៊ុន​ពុំ​មាន​សិទ្ធិ​តវ៉ា​អ្វី​ទេ បើ​ក្រុមហ៊ុន​មិន​ចេះ​សម្របសម្រួល​ដោះស្រាយ​ដោយ​ខ្លួនឯង​ទេ បាន​ន័យ​ថា ក្រុមហ៊ុន​ហ្នឹង​អស់​ដី»

របាយការណ៍​ស្រាវជ្រាវ​នេះ គឺ​ជា​របាយការណ៍​អំពី​ស្ថានភាព​សម្បទាន​ដី​សេដ្ឋកិច្ច​ឆ្នាំ​២០១៥ មិន​មែន​ស្ថានភាព​ឆ្នាំ​២០១៦ នោះ​ទេ។ លោក តឹក វណ្ណារ៉ា បញ្ជាក់​ថា របាយការណ៍​នេះ​មាន​ភាព​រឹងមាំ​អាច​គួរ​ឱ្យ​ទុក​ចិត្ត​បាន។ ដោយឡែក​របាយការណ៍​វិភាគ​ស្ថិតិ​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦ នឹង​ត្រូវ​ចេញផ្សាយ​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ។

ការ​សិក្សា​បង្ហាញ​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១,៥​លាន​ហិកតារ (១.៥៣២.៧៨៣,៦៥) ទៅ​ឱ្យ​ក្រុមហ៊ុន ២៦៧​ក្រុមហ៊ុន ដើម្បី​វិនិយោគ​លើ​ដំណាំ​កៅស៊ូ ដំឡូង​មី អាកាស្យា អំពៅ និង​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេង​ទៀត។ ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​លាត​សន្ធឹង​លើ​ផ្ទៃដី​នៃ​ខេត្ត​ចំនួន ១៨ ហើយ​ខេត្ត​ដែល​មាន​ទំហំ​សម្បទាន​ដី​សេដ្ឋកិច្ច​ច្រើន​ជាង​គេ គឺ​ខេត្ត​ក្រចេះ និង​ខេត្ត​ពោធិ៍សាត់ ដែល​ខេត្ត​នីមួយៗ មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ទៅ​ជាង ២០​ម៉ឺន​ហិកតារ។

ទន្ទឹម​នឹង​នេះ សម្បទាន​ដី​សេដ្ឋកិច្ច​ជិត​ពាក់​កណ្ដាល (៤៨%) នៃ​ចំនួន​សម្បទាន​ដី​សេដ្ឋកិច្ច​សរុប​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឱ្យ​ក្រុមហ៊ុន ត្រូវ​បាន​រក​ឃើញ​ថា ត្រួត​ស៊ី​គ្នា​ជាមួយ​តំបន់​ព្រៃស្រោង និង​ព្រៃ​ពាក់​កណ្ដាល​ស្រោង។ ម្យ៉ាងវិញទៀត សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ៧២​ក្រុមហ៊ុន ក៏​ត្រូវ​បាន​រក​ឃើញ​ថា ត្រួតស៊ីគ្នា​ជាមួយ​តំបន់​ការពារ​ធម្មជាតិ និង​ព្រៃ​ការពារ ហើយ​តំបន់​ការពារ​ធម្មជាតិ ដែល​សម្បទាន​ដី​សេដ្ឋកិច្ច​ច្រើន​ជាង​គេ គឺ​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ដែល​មាន​សម្បទាន​សេដ្ឋកិច្ច​ជិត ៧​ម៉ឺន​ហិកតារ (៦៦.២៥២)។

ស្ថាប័ន​រដ្ឋ​ដែល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ គឺ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (១៤១​ក្រុមហ៊ុន និង​ក្រសួង​បរិស្ថាន ៦៦​ក្រុមហ៊ុន)។

បើ​ទោះបីជា​យ៉ាង​ណា របាយការណ៍​បង្ហាញ​ថា រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ទំហំ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២០​ម៉ឺន​ហិកតារ (២០៤.៦៥៦,៣៨) ពី​ក្រុមហ៊ុន​ចំនួន ៧៨។ ក្រៅ​ពី​នេះ មាន​ក្រុមហ៊ុន​ជាង ២០​ផ្សេង​ទៀត ដែល​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៩​ម៉ឺន​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​ស​ម្រេច​ដក​ហូត​សិទ្ធិ​វិនិយោគ​តែម្ដង៕

វីដេអូ៖ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយ​សម្បទាន​ដី​សេដ្ឋកិច្ច​​

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយ​សម្បទាន​ដី​សេដ្ឋកិច្ច ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយ​សម្បទាន​ដី​សេដ្ឋកិច្ច

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។