សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​ពោធិ៍សាត់​ថា​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ដីធ្លី

តុលាការ​ខេត្ត​ពោធិ៍សាត់ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ លោក គុជ វេង ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ចំនួន ៤.៥០០​ដុល្លារ ក្រោម​បទ​ចោទ​ឆបោក បន្ទាប់​ពី​បាន​បើក​សវនាការ​អស់​រយៈពេល​ជិត ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី២០ សីហា។ មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ និង​សង្គម​ស៊ីវិល​តាម​ដាន​ដំណើរ​ការ​ជំនុំ​ជម្រះ​នេះ បាន​ចាត់​ទុក​សាលក្រម​របស់​ចៅក្រម​ថា មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់ លោក គុជ វេង ឡើយ។

0:00 / 0:00

ចៅក្រម​ជំនុំ​ជម្រះ​រឿង​ក្ដី​ឆបោក​របស់​សកម្មជន​ដីធ្លី និង​ព្រៃ​ឈើ លោក គុជ វេង បាន​ប្រកាស​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ក៏ប៉ុន្តែ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​តែ​រយៈពេល ៣​ខែ ១៥​ថ្ងៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​សម្រេច​ទោស​នេះ គឺ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ភាព​យុត្តិធម៌ ពីព្រោះ​ចៅក្រម​បាន​ផ្អែក​តែ​ទៅ​លើ​សាក្សី​ដាក់​បន្ទុក​ម្នាក់ និង​មិន​បាន​យក​ចម្លើយ​សាក្សី​ដោះ​បន្ទុក​ទៅ​អនុវត្ត។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​ថា សាក្សី​ដាក់​បន្ទុក​មាន​រហូត​ដល់ ៤​នាក់ ក៏ប៉ុន្តែ​បាន​មក​ចូល​រួម​ក្នុង​សវនាការ​តែ​ម្នាក់ ហើយ​ចម្លើយ​សាក្សី​ដាក់​បន្ទុក​ពុំ​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ៖ «មាន​សាក្សី​ជាច្រើន​បាន​បញ្ជាក់​ថា លោក គុជ វេង មិន​បាន​ប្រព្រឹត្ត ហើយ​សាក្សី​សម្រាប់​សាក្សី​ដាក់​បន្ទុក​នោះ គឺ​អត់​បាន​បង្ហាញ​ជាក់​លាក់​ថា គុជ វេង ប្រាកដ​ជា​ប្រព្រឹត្ត​អីចឹង​មែន»

ចំណែក​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ លោក ចាន់ សុជាតិ បាន​បញ្ជាក់​ថា កូន​ក្ដី​របស់​លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ ហើយ​លោក​នឹង​សួរ​យោបល់​កូន​ក្ដី​លោក​បន្ត​ទៀត​ថា តើ​ត្រូវ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ឬ​យ៉ាង​ណា៖ «វា​អត់​មាន​អី​ស៊ី​សង្វាក់​ទេ ដោយសារ​វា​ដាច់​ដោយ​ឡែក​ពី​គ្នា ត្រង់​ថា​ពេល​វេលា​នៃ​ការ​ចោទ​ប្រកាន់ ហើយ​ពេល​វេលា​ដែល​គាត់​មាន​វត្តមាន​ខុស​គ្នា ព្រោះ​ថា​អា​ថ្ងៃ​ដែល​គេ​ចោទ​ថា​គាត់​ទៅ​យក​លុយ គឺ​ថ្ងៃ​ហ្នឹង​គាត់​មក​ប្រជុំ​នៅ​អង្គការ​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់។ អីចឹង មនុស្ស​អត់​ស្ថិត​នៅ​ក្នុង​ពេល​វេលា និង​ទី​កន្លែង​គ្នា អីចឹង​វា​អត់​អាច​មាន​បទ​ល្មើស​កើត​ឡើង​ទេ»

ចៅក្រម​ជំនុំ​ជម្រះ​ក្ដី លោក ម៉ៅ ស៊ីណា បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​ដីកា​សម្រេច​ទោស លោក គុជ វេង នោះ​ទេ នៅ​រសៀល​ថ្ងៃ​ទី២០ សីហា ដោយ​លោក​បាន​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី ទៅ​សួរ​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ដើម្បី​បកស្រាយ​បន្ថែម​លើ​សាលក្រម​នេះ។

ចំណែក លោក ប៉ង់ ចាន់សុយុទ្ធារ៉ា មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា សំណុំ​រឿង​នៅ​ក្នុង​ដៃ​របស់​ចៅក្រម ហើយ​ចៅក្រម​ជា​អ្នក​សម្រេច ដោយ​ផ្អែក​លើ​ការ​ដាក់​បន្ទុក ឬ​ដោះ​បន្ទុក​យ៉ាង​ណា​នោះ គឺ​ជា​រឿង​របស់​ចៅក្រម៖ «បើ​ថា​ការ​ហ្នឹង​ពិនិត្យ​ឃើញ​ថា វា​មិន​អាច​ទទួល​យក​បាន យើង​អាច​ឲ្យ​ពិរុទ្ធជន​ហ្នឹង​ប្ដឹង​ឧទ្ធរណ៍​ទៅ​ដើម្បី​ឲ្យ​ខាង​លើ​គេ​ពិនិត្យ​ទៀត»

តំណាង​សហគមន៍​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ជាង ២០​នាក់ ក្នុង​គោល​បំណង​មក​ចូល​រួម​ស្ដាប់​សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី២០ សីហា បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ដីកា​សម្រេច​របស់​ចៅក្រម​ថា បាន​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ និង លោក គុជ វេង។

តំណាង​សហគមន៍​ម្នាក់​មក​ពី​ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ភឿង គឹមហួយ បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍ ទន្ទឹង​ចាំ​មើល​ការ​ដោះ​លែង លោក គុជ វេង ចេញ​ពី​ពន្ធនាគារ​នៅ​ក្នុង​រយៈពេល ១៥​ថ្ងៃ ក្រោយ​ការ​ប្រកាស​សាលក្រម​នេះ៖ «ខ្ញុំ​ត្រេក​អរ​ណាស់​ដែល​គេ​បាន​ដោះ​លែង លោក គុជ វេង ប៉ុន្តែ​ដែល​ខ្ញុំ​បារម្ភ​មួយ​ទៀត គឺ​ទាក់ទង​ទៅ​នឹង ១៥​ថ្ងៃ ហើយ​ខ្លាច​អត់​បាន​ដោះ​លែង ហើយ​មួយ​ទៀត​បែរ​ជា​ឲ្យ​គាត់​សង​លុយ​ទៅ​ដើម​បណ្ដឹង ៤.៥០០​ដុល្លារ អីចឹង​សម្រាប់ លោក គុជ វេង គាត់​អត់​បាន​យក គាត់​មិន​ដឹង​បាន​លុយ​ពី​ណា​សង​គេ​ទេ»

ការ​ចាប់​ខ្លួន​របស់​សកម្មជន​ដីធ្លី និង​ព្រៃ​ឈើ ប្រចាំ​ស្រុក​ក្រគរ លោក គុជ វេង នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ចេញ​សេចក្ដី​ថ្លែងការណ៍​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង ដោយ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ចាត់​ទុក​ករណី​ចោទ​ប្រកាន់​នេះ គឺ​កើត​ចេញ​ពី​ភាព​សកម្ម​និយម​របស់​លោក​ក្នុង​ការ​ការពារ​ដីធ្លី និង​ព្រៃ​ឈើ ពី​សំណាក់​អ្នក​មាន​លុយ និង​មាន​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។