ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានប្រកាសថា គិតមកទល់ដើមខែកុម្ភៈ ឆ្នាំ២០១៤ នេះ រដ្ឋាភិបាលបានសម្រេចចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៣.៣លានក្បាលដីហើយ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលបានរិះគន់ថា ការងារចែកប័ណ្ណកម្មសិទ្ធិដីធ្លីនោះ នៅយឺតយ៉ាវ និងបញ្ហាដីធ្លីគឺជាទំនាស់សំខាន់មួយនៅក្នុងសង្គមក្នុងពេលបច្ចុប្បន្ន។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានទទួលស្គាល់ចំពោះការប្រឹងប្រែងរបស់មន្ត្រីរដ្ឋាភិបាលក្នុងការផ្ដល់ដីដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកខ្វះដីតាមរូបភាពរដ្ឋាភិបាលធ្វើប្រទានកម្ម និងផ្ដល់សម្បទានដីសង្គមកិច្ច។ ប៉ុន្តែពួកគេបានរិះគន់ថា នីតិវិធីតវ៉ា និងដោះស្រាយទំនាស់ក្នុងកិច្ចដំណើរការផ្ដល់ដី និងវាស់ដីផ្ដល់ប័ណ្ណកម្មសិទ្ធិនោះ នៅមានការខ្វះចន្លោះជាច្រើន។
លោក អ៊ូច ឡេង ប្រធានអង្គការមិនមែនរដ្ឋាភិបាលធ្វើសកម្មភាពលើការងារដីធ្លី ឈ្មោះក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅថ្ងៃទី១២ កុម្ភៈ ថា ការផ្ដល់កម្មសិទ្ធិដីនោះ នៅមិនទាន់ឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្រីក្រនៅឡើយទេ។ ជាពិសេស ការផ្ដល់កម្មសិទ្ធិដីនោះ បើផ្ដល់ឲ្យបានដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ គឺមានប្រយោជន៍ជាងផ្ដល់ឲ្យក្រុមហ៊ុន ពីព្រោះមានក្រុមហ៊ុនខ្លះមិនបានដាំដុះអ្វីនៅលើដីដែលរដ្ឋផ្ដល់សម្បទានឲ្យទេ៖ «ការផ្តល់ក្បាលដីមិនទាន់បញ្ចប់ទេ។ តាមខ្ញុំគឺបានពី ៥% ទៅ ១០% ប៉ុណ្ណោះទេ។ យើងគិតថា ផ្ទៃដីធំធេងណាស់ដែលផ្តល់ទៅឲ្យក្រុមហ៊ុនឯកជន»។
ចំណែកលោក ឡាត់ គី មន្ត្រីកម្មវិធីដីធ្លីរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការផ្ដល់កម្មសិទ្ធិដីនៅកម្ពុជា នេះ ភាគច្រើនបានដល់ដៃអ្នកមានធនធានប៉ុណ្ណោះ ទោះបីផ្ដល់តាមរូបភាពការធ្វើប្រទានកម្ម ឬការផ្ដល់តាមរូបភាពសម្បទានដីសង្គមកិច្ចក៏ដោយ។
លោក ឡាត់ គី បានបន្ថែមឲ្យដឹងថា ចំពោះការវាស់ដីផ្ដល់ប័ណ្ណកម្មសិទ្ធិវិញ គឺមានបញ្ហាមិនប្រក្រតីជាច្រើន ដូចជាការផ្សព្វផ្សាយព័ត៌មានមិនបានទូលាយធ្វើឲ្យម្ចាស់ដីបានត្រៀមខ្លួនពេលមានការតវ៉ាមិនមានចម្លើយដោះស្រាយភ្លាមៗ ហើយការវាស់តាមបទបញ្ជា ០១ របស់រដ្ឋាភិបាលនោះ បានជាប្រយោជន៍ដល់អ្នកមានលុយច្រើនជាងអ្នកក្រ៖ «គោលជំហរដែលប្រកាសខ្ញុំទទួលស្គាល់ថា ពិតជាល្អមែននៅក្នុងគោលដៅជួយទៅដល់អ្នកក្រីក្រ។ ប៉ុន្តែជាក់ស្តែងអ្នកទទួលបានផលប្រយោជន៍ លាភសក្ការៈពីសកម្មភាពនេះ ខ្ញុំគិតថា ភាគតិចណាស់ជាជនក្រីក្រពិតប្រាកដ។ អានេះយើងបានទទួលជាច្រើនតាមរបាយការណ៍ ហើយភាគច្រើនអ្នកទទួលបានផលប្រយោជន៍ច្រើន គឺជាអ្នកមាន និងអ្នកមានអំណាច»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្រ្តីនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានទេ ដើម្បីសុំការពន្យល់បន្ថែម និងឆ្លើយតបការលើកឡើងរបស់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា សកម្មភាពធ្វើប្រទានកម្មនិងចុះបញ្ជីដីធ្លីចេញប័ណ្ណតាមបទបញ្ជា ០១ របស់រដ្ឋាភិបាល បានអនុវត្តនៅ ៣៥៧ឃុំ នៅទូទាំងប្រទេស ក្នុងនោះវាស់វែងបានដី ៧១ម៉ឺនក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិស្ថាពរដល់ដៃប្រជាពលរដ្ឋជាង ៤៥ម៉ឺនប័ណ្ណ។
កាលពីថ្ងៃទី១០ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតចំនួនជាង ៤ពាន់នាក់ (៤.០០០) នៅកោះពេជ្រថា សកម្មភាពវាស់ដីចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋនៅតែបន្តធ្វើតទៅទៀត ជាពិសេសត្រូវធ្វើដោយនិស្សិតជាង ៦០០នាក់ ដែលបានប្រឡងជាប់ជាមន្ត្រីសុរិយោដីក្នុងពេលចុះទៅវាស់ដីដោយស្ម័គ្រចិត្តតាមការអំពាវនាវរបស់រដ្ឋាភិបាលមុនពេលបោះឆ្នោតកន្លងទៅ។
ទំនាស់ក្នុងការដណ្តើមកាន់កាប់ដីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន និងអ្នកមានអំណាចនៅតែកើតមានជារៀងរាល់ថ្ងៃ បើទោះបីជាមានគោលនយោបាយរដ្ឋាភិបាល និងមានក្រុមការងារចុះទៅវាស់ដីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក៏ដោយ។ មានសំណុំរឿងទំនាស់ដីខ្លះបានកើតមាន និងមិនទាន់ដោះស្រាយចេញជាច្រើនឆ្នាំមកហើយ ដូចជាករណីទំនាស់ដីនៅបឹងកក់ នៅបុរីកីឡា នៅភូមិឡពាង ខេត្តកំពង់ឆ្នាំង ទំនាស់ដីនៅតំបន់បឹងប្រាំ ក្នុងខេត្តបាត់ដំបង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។