ក្នុងរយៈពេលមួយទសវត្សរ៍ កម្មវិធីចុះបញ្ជីដីធ្លីបានទទួលជោគជ័យ ដោយបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីច្រើនជាង ១,៧លានក្បាលដី។ ប៉ុន្តែអង្គការសង្គមស៊ីវិលរកឃើញថា ដីប្រជាពលរដ្ឋខ្លះត្រូវបានឆ្វៀលចេញពីតំបន់ចុះបញ្ជីដោយមូលហេតុជាច្រើន។
អង្គការសង្គមស៊ីវិលរកឃើញថា ដីកំពុងមានវិវាទដីមានព្រំប្រទល់ត្រួតលើដីរបស់រដ្ឋ ឬដីគ្មានឯកសារគ្រប់គ្រាន់ និងដីមានតម្លៃខ្ពស់ កំពុងស្ថិតនៅក្រៅតំបន់ចុះបញ្ជីដីធ្លីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ការឆ្វៀលចេញពីការចុះបញ្ជីដីធ្លី ធ្វើឲ្យអង្គការសង្គមស៊ីវិលបារម្ភពីស្ថិរភាព និងសុវត្ថិភាពដីធ្លីនៅកម្ពុជា ដែលអាចនាំឲ្យកើតចេញជាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។ ការរកឃើញនេះ ធ្វើឡើងដោយអង្គការទស្សនៈពិភពលោក (World Vision) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ដែលគេស្គាល់ជាទូទៅថា អង្គការ អែនជីអូ ហ្វ័ររ៉ុម (NGO Forum)។
ក្នុងរបាយការណ៍កម្រាស់ជិត ៣០០ទំព័រ ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា សិក្សាលើខេត្តចំនួន ៤ រួមមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ រកឃើញថា ផ្នែកខ្លះក្នុងតំបន់ចំនួន ២ ក្នុងចំណោមតំបន់សិក្សា ត្រូវបានឆ្វៀលចេញពីការចុះបញ្ជីដីធ្លី។
របាយការណ៍ស្រាវជ្រាវរកឃើញថា ការឆ្វៀលក្បាលដីចេញពីដំណើរការនៃការចុះបញ្ជីមានចំនួនច្រើនបំផុតនៅក្នុងភូមិទំនប់ ក្នុងរាជធានីភ្នំពេញ។ បើទោះជាមានប្រជាពលរដ្ឋចំនួន ៨៦១គ្រួសារ រស់នៅភូមិនោះក៏ដោយ ក៏មានក្បាលដីចំនួន ១៩៥ប៉ុណ្ណោះ ត្រូវបានវិនិច្ឆ័យ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤១ ប៉ុណ្ណោះ។
នៅឯភូមិ៣ នៃខេត្តព្រះសីហនុ មានដីចំនួន ៦៦៨ឡូត៍ មិនត្រូវបានធ្វើការវិនិច្ឆ័យទេ ដោយសារតែដីឡូត៍ទាំងនោះឋិតនៅជាប់តំបន់អភិវឌ្ឍន៍កំពង់ផែ ដីគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដីចំណីផ្លូវរថភ្លើង ឬឋិតនៅលើដីដែលត្រូវពង្រីកផ្លូវ។ ផ្ទុយទៅវិញ ភូមិនៅតាមជនបទក្នុងខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ មានភូមិតិចតួចប៉ុណ្ណោះដែលត្រូវបានឆ្វៀលចេញ ហើយដំណើរចុះបញ្ជីអនុវត្តបានយ៉ាងរលូន។
នាយកប្រតិបត្តិអង្គការ អិនជីអូ ហ្វ័ររ៉ុម លោក ឈិត សំអាត បញ្ជាក់ថា ការឆ្វៀលក្បាលដីប្រជាពលរដ្ឋចេញពីដំណើរការចុះបញ្ជីដីធ្លី មកពីកង្វះនីតិវិធីច្បាស់លាស់ មានលក្ខណៈស្មុគស្មាញខ្លាំង និងពុំមានហេតុផលផ្លូវច្បាប់អ្វីជាសម្អាង ដើម្បីឆ្វៀលក្បាលដីទាំងនោះចេញពីដំណើរការចុះបញ្ជី។
លោក ឈិត សំអាត៖ «តំបន់មួយចំនួនត្រូវបានឆ្វៀលចេញ និងប្រជាពលរដ្ឋមួយចំនួនធំនៅតែបន្តការទាមទារ និងមិនទាន់បានទទួលនូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ពីដំណើរការនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅឡើយ។ ករណីខ្លះទៀត តំបន់នោះនៅតែជាសំណួរនៅឡើយ ថាតើតំបន់នោះត្រូវបានប្រកាសកំណត់ជាតំបន់វិនិច្ឆ័យ ឬយ៉ាងណា?»។
ជុំវិញការឆ្វៀលក្បាលដីប្រជាពលរដ្ឋចេញពីតំបន់ចុះបញ្ជីដីធ្លីនៅភូមិ៣ ក្នុងខេត្តព្រះសីហនុ នាយករងទីចាត់ការអន្តរវិស័យ និងជាតំណាងអភិបាលខេត្តព្រះសីហនុ ពន្យល់ថា មុននឹងមានការប្រកាសតំបន់វិនិច្ឆ័យ លុះត្រាមានក្រុមចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធដោយក្រសួងដែនដី នគរូបនីយកម្ម រួមផ្សំធនធានមនុស្ស បច្ចេកទេស សម្ភារៈ និងថវិកា។
លោកបន្តថា ចំពោះនីតិវិធីច្បាប់នៃការឆ្វៀលក្បាលដីចេញវិញ គឺក្នុងករណីដីមានទំនាស់ធំៗមិនច្បាស់លាស់ ស្មុគស្មាញភូមិសាស្ត្រ ចៀសវាងការស្ទះដំណើរការនៃការចុះបញ្ជី៖ «ការចុះបញ្ជីជាប្រព័ន្ធ គឺធ្វើទាំងអស់មួយភូមិក្នុងមួយឃុំ ដូច្នេះយើងធ្វើមួយភូមិម្តងៗ ក្នុងមួយឃុំ ប៉ុន្តែករណីធំៗមិនច្បាស់លាស់ ស្មុគស្មាញភូមិសាស្ត្រ តម្រូវឆ្វៀលចេញ នេះជានីតិវិធីបច្ចេកទេស ពីព្រោះវាមានរយៈពេលនៃការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ មានការកំណត់រយៈពេលចេញប័ណ្ណទូទាំងភូមិ ដោយដីឆ្វៀលអនុញ្ញាតឲ្យចុះបញ្ជីបំពេញបន្ថែម»។
ដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ កំពុងដំណើរការនៅតាមខេត្តក្រុងចំនួន ១៥ ក្នុងចំណោម ២៤ ខេត្ត រាជធានី។ ក្នុងរយៈពេលជាង ១០ឆ្នាំ រាប់ពីឆ្នាំ២០០១ ដល់ខែវិច្ឆិកា ឆ្នាំ២០១១ កម្មវិធីនេះបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង ១,៧លានក្បាលដី។
ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជាកម្មវិធីដោយឡែកពីការអនុវត្តបទបញ្ជា ០០១ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ដែលប្រើក្រុមនិស្សិតចុះទៅវាស់វែងដីជូនអ្នកភូមិ។ តាមរបាយការណ៍ដែលដកស្រង់ពីគេហទំព័ររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គិតត្រឹមថ្ងៃទី១៤ ខែមីនា ក្រសួងដែនដី បានផ្ដល់កម្មសិទ្ធិដីធ្លីដល់អ្នកភូមិបានចំនួនជាង ១,៥ម៉ឺនក្បាលដី (១៥៩,២៣៤)។
អ្នកភូមិម្នាក់រស់នៅក្នុងភូមិមិត្តភាព ក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ លោកស្រី ថោង យាន និយាយថា មន្ត្រីសុរិយោដីមិនទាន់ចុះបញ្ជីដីធ្លី និងប្រគល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់សហគមន៍គាត់នៅឡើយទេ។ អ្នកភូមិរាប់រយគ្រួសារបានដាក់លិខិតទៅសង្កាត់ស្នើសុំឲ្យមានការចុះវាស់វែងដីជាលក្ខណៈប្រព័ន្ធ ប៉ុន្តែត្រូវបដិសេធដោយលើកហេតុផលថា តំបន់នោះកំពុងឋិតក្នុងតំបន់អភិវឌ្ឍន៍។
លោកស្រីព្រួយបារម្ភថា បើគ្មានការចុះបញ្ជីដីធ្លី ឬគ្មានប្លង់កម្មសិទ្ធិស្របច្បាប់ នោះអ្នកភូមិអាចប្រឈមនឹងការបណ្ដេញចេញដូចអ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ខណៈដែលស្ថិរភាពដីធ្លីរបស់ពួកគាត់មានលក្ខណៈផុយស្រួយ៖ «បារម្ភខ្លាំងណាស់រាល់ថ្ងៃនេះ។ ខ្ញុំអ្នកណាដែលតស៊ូរឿងសុវត្ថិភាពដីធ្លី ខ្ញុំតែងតែចូលរួមនឹងគេ ទាមទារសិទ្ធិដូចគ្នាអ៊ីចឹង។ ខ្ញុំឃើញមានកង្វល់ អ៊ីចឹងខ្ញុំតែងតែព្យាយាមតស៊ូមតិជួយអ្នកដែលរងគ្រោះរាល់ថ្ងៃហ្នឹង ព្រោះយើងខ្លាចថា យើងអាចប្រឈមមុខដូចគេដែរ ដោយសារយើងធ្វើសំណើទៅគេបដិសេធ ហើយចំណាត់ថ្នាក់ដីយើងមិនទាន់ច្បាស់លាស់»។
សុវត្ថិភាពដីធ្លីគឺជាកត្តាចម្បងសម្រាប់ធានានូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីឲ្យជីវភាពរបស់ពលរដ្ឋមានភាពប្រសើរឡើង និងរួមចំណែកក្នុងការពន្លឿនការកាត់បន្ថយភាពក្រីក្រ ដោយលើកកម្ពស់លទ្ធភាពរបស់ពលរដ្ឋក្នុងការខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍មុខងារទីផ្សារដីធ្លី និងបង្កើនការវិនិយោគទុន។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ លោក ប៉េង ហុងសុជាតិខេមរ៉ូ បានទេ នៅថ្ងៃទី២០ ខែមីនា ដោយអ្នកលើកទូរស័ព្ទប្រាប់ថា លោកកំពុងជាប់បេសកកម្មទៅប្រទេសវៀតណាម។
អង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការរឿងបញ្ហាដីធ្លីផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមានរៀបចំផែនការដើម្បីបញ្ចៀសការឆ្វៀលដីចេញ និងដោះស្រាយតំបន់ដែលត្រូវបានឆ្វៀលចេញពីបញ្ជីដីធ្លីនៅពេលកន្លងមក។ បញ្ជាក់ឲ្យច្បាស់ពីស្ថានភាពមុនអនុម័តការអភិវឌ្ឍ និងសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់។ បញ្ជាក់ឲ្យច្បាស់ពីលក្ខខណ្ឌកំណត់លើស្ថានភាពមិនច្បាស់លាស់អាចត្រូវវិនិច្ឆ័យ និងគាំទ្រដល់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង ដើម្បីធានាដំណោះស្រាយតាមនីតិវិធីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
