ប្រជាពលរដ្ឋជាច្រើនគ្រួសារនៃឃុំថ្មដា នៅថ្ងៃទី១២ សីហា បានបញ្ជាក់ថា ពួកគាត់មានការភ័យខ្លាចពីការគំរាមកំហែង និងបាត់បង់ដីធ្លីដែលពួកគាត់ធ្លាប់បង្កបង្កើនផល។ ក្រុមប្រជាពលរដ្ឋបន្តថា អ្នកភូមិត្រូវការដីដើម្បីធ្វើកសិកម្មជាចាំបាច់ ជាពិសេសនៅរដូវវស្សា ដូច្នេះរដ្ឋាភិបាលគួរតែពិចារណា និងដោះស្រាយបញ្ហានេះឲ្យបានឆាប់។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ជា សាយ័ន រស់នៅភូមិឯកភាព នៃឃុំថ្មដា មានប្រសាសន៍ថា ប្រជាពលរដ្ឋជាង ២០គ្រួសារ ដែលមានបញ្ហាដីធ្លី កំពុងតែជួបប្រទះនឹងការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃធ្ងន់ធ្ងរ។ លោកបន្តថា មន្ត្រីបរិស្ថាន និងប៉ូលិសការពារដីឲ្យក្រុមហ៊ុន បានគំរាម និងបានដកយកឧបករណ៍ធ្វើកសិកម្ម ខណៈដែលប្រជាពលរដ្ឋបានព្យាយាមចូលទៅកាប់ឆ្ការនៅលើដីរបស់ពួកគាត់ធ្លាប់ធ្វើកន្លងមក ដើម្បីបង្កបង្កើនផលនៅរដូវវស្សា៖ «និយាយអីចេះថា កុំទាន់តវ៉ាកុំទាន់ដាំដុះ ចាំបោះឆ្នោតសិន ពេលណាបោះឆ្នោតជាប់គណបក្សប្រជាជន ទើបគេវាស់ឲ្យ។ ឥឡូវហ្នឹងមិនដឹងម៉េចម៉ាទេ បានគេអត់វាស់ឲ្យ ដើរគំរាមរហូត ព្រលឹមឡើងកាំភ្លើងច្រូងច្រាងៗមករហូតហ្នឹងណា៎»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ឡេង ឌឿន រស់នៅភូមិសង្គមថ្មី នៃឃុំថ្មដា ដែរនោះ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ សមត្ថកិច្ច និងមន្ត្រីបរិស្ថានចំនួន ៤នាក់ បានចុះមកហាមឃាត់សកម្មភាពកាប់ឆ្ការព្រៃ ដើម្បីធ្វើកសិកម្មរបស់ប្រជាពលរដ្ឋក្នុងភូមិ និងបានឃ្លាំមើលសកម្មភាពពលរដ្ឋជាប្រចាំទៀតផង៖ «ទំនាស់រឿងដីធ្លីជាមួយក្រុមហ៊ុនហ្នឹង ហើយដោះស្រាយៗ ខ្ញុំតវ៉ាតាំងពីឆ្នាំ២០១០ មកម្ល៉េះ ហើយឥឡូវហ្នឹង គ្មានដោះស្រាយទេ។ គេថាតែចូលកាប់មិនថាស្រីថាប្រុសទេ ដាក់ខ្នោះតែទាំងអស់ហ្នឹង»។
ទាក់ទិននឹងបញ្ហានេះ មេឃុំថ្មដា លោក ព្រំ ង៉ុន បានទទួលទូរស័ព្ទ ហើយបានផ្ដាច់ទៅវិញ នៅពេលដែលវិទ្យុអាស៊ីសេរី បានជម្រាបសួរអំពីករណីនេះ។
ទោះជាយ៉ាងណា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មានប្រសាសន៍ថា លោកមិនបានជ្រាបច្បាស់អំពីព័ត៌មាននេះទេ ក៏ប៉ុន្តែ កន្លងមកមានមន្ត្រីជំនាញ និងក្រុមនិស្សិតបានចុះវាស់វែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះម្ដងរួចហើយ។ លោកបន្តថា ក្រុមការងារចម្រុះរបស់ខេត្ត និងស្រុក នឹងចុះទៅពិនិត្យផ្ទាល់ និងដោះស្រាយបញ្ហានេះក្នុងពេលដ៏ឆាប់ខាងមុខ៖ «យើងមិនដែលឃាត់ទេ ប៉ុន្តែបើដីដែលគាត់អះអាងជាដីព្រៃអី អាហ្នឹងក្រុមយុវជនចុះវាស់កន្លងមកហ្នឹង ព្រោះអាហ្នឹងវាមានគោលការណ៍គេក្នុងការវាស់ ឥឡូវនេះយើងរៀបចំបន្តការងារហ្នឹងបន្តទៀត»។
មន្ត្រីគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរអាចហាមឃាត់ប្រជាពលរដ្ឋបាន លុះត្រាតែប្រជាពលរដ្ឋទាំងនោះទៅទន្ទ្រានយកដីថ្មីបន្ថែមទៀត ក៏ប៉ុន្តែ អាជ្ញាធរមិនអាចហាមឃាត់មិនឲ្យពលរដ្ឋបង្កបង្កើនផលនៅលើដីដែលពួកគាត់មានស្រាប់នោះទេ៖ «ប្រសិនជាអាជ្ញាធរ និងខាងបរិស្ថាន អានេះបើសិនជាមានពិតមែនថារារាំងប្រជាពលរដ្ឋមិនឲ្យបង្កបង្កើនផលនៅលើដី ដែលធ្លាប់អាស្រ័យផល ហើយដកដីនោះទៅឲ្យក្រុមហ៊ុន អានេះគឺជារឿងមួយដែលរំលោភសិទ្ធិទៅលើពួកគាត់យ៉ាងធ្ងន់ធ្ងរ»។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តពោធិ៍សាត់ កាលពីដើមខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ មានក្រុមសមត្ថកិច្ចចម្រុះ និងកងយោធាការពារព្រំដែនស្រុកវាលវែង បានរំលោភយកដីប្រជាពលរដ្ឋចំនួនបីភូមិ គឺភូមិឯកភាព ភូមិសង្គមថ្មី និងភូមិកណ្ដាល នៃឃុំថ្មដា ដែលមានទំហំ ២.៣០៩ហិកតារ ទៅឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះ អិម.ឌី.អេស របស់លោកឧកញ៉ា ទ្រី ភាព។ នៅពេលនោះ គេឃើញមានតែប្រជាពលរដ្ឋនៅក្នុងភូមិសង្គមថ្មី ប៉ុណ្ណោះ ដែលហ៊ានងើបឡើងតវ៉ានឹងការរឹបអូសនេះ។ ក្រុមប្រជាពលរដ្ឋក៏ត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនដោះស្រាយសំណងជូនពួកគាត់មួយចំនួនធំហើយដែរ ក៏ប៉ុន្តែ នៅមានប្រជាពលរដ្ឋជាង ៤០គ្រួសារទៀត មកពីភូមិឯកភាព និងភូមិសង្គមថ្មី នៅមិនទាន់ដោះស្រាយចប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
