ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិចមកពីខេត្ត-ក្រុងចំនួន ១៣ ដោយមានមន្ត្រីរដ្ឋាភិបាលចូលរួមផង បានរួមគ្នាធ្វើសិក្ខាសាលាថ្នាក់ជាតិរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែកក្កដា នៅក្នុងខេត្តសៀមរាប។
សិក្ខាសាលាថ្នាក់ជាតិដែលមានមន្ត្រីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ចូលរួមប្រមាណ ១៤០នាក់នោះ នឹងផ្លាស់ប្ដូរយោបល់គ្នាស្ដីពីកម្មសិទ្ធិដីធ្លី ការចុះបញ្ជីជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លីជាសមូហភាពជូនជនជាតិដើមភាគតិច។
ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បរិស្ថាន ព្រមទាំងជំនួយផ្នែកច្បាប់ចំនួនជាង ២០អង្គភាព កំពុងជំរុញឱ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីធ្លីជាសមូហភាពជូនជនជាតិដើមភាគតិចជាច្រើនអំបូរក្នុងប្រទេសកម្ពុជា ឱ្យបានឆាប់រហ័ស។ ការជំរុញបែបនេះ ដោយសារតែគេយល់ឃើញថា គឺដើម្បីធានាសុវត្ថិភាពដីធ្លី និងវឌ្ឍនភាពសេដ្ឋកិច្ចគ្រួសាររបស់ជនជាតិដើមភាគតិច។
នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាល (NGO Forum) គឺលោក តឹក វណ្ណារ៉ា។ លោកមានប្រសាសន៍បន្ទាប់ពីបញ្ចប់ការថ្លែងបើកសិក្ខាថ្នាក់ជាតិកាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ថា រូបលោក ក៏ដូចជាអង្គការជាច្រើនទៀតជំរុញឱ្យក្រសួងចំនួន៣ របស់រដ្ឋាភិបាលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពន្លឿនការចុះបញ្ជីដីធ្លី និងទទួលស្គាល់ការចុះបញ្ជីដីសមូហភាពរបស់ជនជាតិដើមភាគតិចឱ្យបានឆាប់រហ័ស។

លោក តឹក វណ្ណារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្នដីសហគមន៍ជនជាតិដើមភាគតិចជាច្រើនកន្លែងកំពុងប្រឈមមុខនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនដែលជាហេតុធ្វើឱ្យអង្គការក្រៅរដ្ឋាភិបាលជាច្រើនព្រួយបារម្ភជុំវិញការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍមូលដ្ឋានរបស់សហគមន៍ជនជាតិដើមភាគតិចទាំងនោះ៖ «ឧទាហរណ៍ថា មានដីសហគមន៍ចំនួន ៥០០ហិកតារអ៊ីចឹងក្នុងចំនួនដីទាំងនោះ គួរទុកដីអភិវឌ្ឍន៍ចំនួនប៉ុន្មាន? ដីព្រៃជំនឿគួរទុកប៉ុន្មាន?»។
ក្រុមជនជាតិភាគតិច ក៏ចង់ឃើញរដ្ឋាភិបាលចុះបញ្ជីដីធ្លីជាសមូហភាពជូនសហគមន៍ពួកគេឱ្យបានឆាប់រហ័សដែរ។
យុវជនជនជាតិកួយ មកពីខេត្តព្រះវិហារ លោក លួត សាំង បានរិះគន់ថា បច្ចុប្បន្នមន្ត្រីរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើការចុះបញ្ជីដីធ្លី សមូហភាពជនជាតិដើមភាគតិចទេ។ យុវជនដដែលព្រួយបារម្ភខ្លាចបាត់បង់ដីធ្លីនៅក្នុងសហគមន៍របស់គាត់ ពីព្រោះតែគាត់មើលឃើញថា បច្ចុប្បន្នតំបន់សហគមន៍ជនជាតិភាគតិចរស់នៅច្រើនតែជាតំបន់ដែលក្រុមហ៊ុនត្រូវការស្នើសុំធ្វើជាដីសម្បទានសេដ្ឋកិច្ច៖ «ដូចដីសហគមន៍ជនជាតិដើមភាគតិចខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនឡាន ហ្វេង (Lan Feng) សហគមន៍ជនជាតិដើមភាគតិច (កួយ) នៅឃុំប្រមេរ គឺគាត់ប្រឈមនឹងបញ្ហាទំនាស់»។
ទោះជាយ៉ាងណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សៀក វណ្ណា បានឆ្លើយតបថា រដ្ឋាភិបាលមិនដែលព្រងើយកន្តើយក្នុងការចុះបញ្ជីដីសមូហភាពនៃសហគមន៍ជនជាតិដើមភាគតិចនោះទេ។ មន្ត្រីដដែលបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០១៦ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទទួលពាក្យស្នើសុំចុះបញ្ជីដីធ្លីជាសមូហភាពបានចំនួន៤៥ ក្នុងចំណោមសហគមន៍ជនជាតិភាគតិច១១៧ ដែលក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃ បានទទួលស្គាល់រួចហើយ។
ទោះយ៉ាងណា លោក តឹក វណ្ណារ៉ា ឱ្យដឹងថា តាមការស្រាវជ្រាវជាច្រើនឆ្នាំមកហើយ ជនជាតិភាគតិចនៅកម្ពុជា មានការរស់នៅប្រមូលផ្ដុំជាង ៥០០សហគមន៍ ហើយមានប្រមាណ ២៧អំបូរផ្សេងៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
