ពលរដ្ឋ​រិះគន់​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន​​ថា​មិន​ចាត់​វិធានការ​អ្នក​ទន្ទ្រាន​ព្រៃ​ភ្នំ​យក​ដី

ដោយ ហ៊ុំ ចំរើន
2016-01-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កាស៊ីណូ​នៅ​តំបន់​ដី​ភ្នំ ដែល​អ្នក​ភូមិ​អះអាង​ថា មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦
កាស៊ីណូ​នៅ​តំបន់​ដី​ភ្នំ ដែល​អ្នក​ភូមិ​អះអាង​ថា មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦
Photo provided

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន មួយ​ចំនួន​រិះគន់​ប្រធាន​មន្ទីរ​បរិស្ថាន​​​ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ​ថា មិន​ចាត់​វិធានការ​​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ទន្ទ្រាន​ព្រៃភ្នំ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ​ទេ។ ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់​​​ប្ដឹង​​អាជ្ញាធរ​ឲ្យ​ចាប់​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយ​ដី​ភ្នំ ដើម្បី​​ផ្ដន្ទាទោស​តាម​ច្បាប់ តែ​ពុំ​ទទួល​បាន​លទ្ធផល។

​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​វិធានការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ប៉ៃលិន ថា​មិន​អើពើ​ថែរក្សា​សម្បត្តិ​ធនធាន​របស់​រដ្ឋ​ឲ្យ​បាន​គងវង់ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ទៅ​ថ្ងៃ​អនាគត​​នោះ​ទេ។

ពលរដ្ឋ​នៅ​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​​ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា កន្លង​ទៅ​ មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ ខេត្ត​ប៉ៃលិន​ ដែល​មាន​អំណាច​ម្នាក់​ឈ្មោះ​ មិន សាវុធ យក​គ្រឿង​ចក្រ​មួយ​គ្រឿង​ឈូស​ឆាយ​ព្រៃភ្នំ វប្បធម៌ ធម្មជាតិ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់ យក​ដី​អស់​ប្រមាណ ២​ហិកតារ​​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នោះ​ទេ។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា អ្នក​ភូមិ​មាន​​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ខ្លាច​​​ដី​ភ្នំ​នោះ​ធ្លាក់​ទៅ​ជា​កម្មសិទ្ធិ​ឯកជន ដោយសារ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ទន្ទ្រាន​ដី​ភ្នំ៖ «ការ​កាប់​ព្រៃភ្នំ​យក​ដី​នៅ​តំបន់​ផ្សារ​ព្រំ​នៅ​មាន ២​កន្លែង​ផ្សេង​ទៀត​ គឺ​នៅ​ខាង​មុខ​មួយ​កន្លែង​ និង​នៅ​ខាង​ក្រោយ​ភ្នំ​មួយ​កន្លែង»

ស្រដៀង​គ្នា​នេះ​ដែរ​ ពលរដ្ឋ​នៅ​ស្រុក​សាលាក្រៅ ម្នាក់​ទៀត​អះអាង​ថា​ សមត្ថកិច្ច​ជំនាញ​ ជា​ពិសេស​គឺ​មន្ត្រី​បរិស្ថាន​ ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​ភាគ​ច្រើន​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​ ហើយ​គ្មាន​អំណាច​ ចំណែក​អ្នក​មាន​លុយ​ និង​មាន​អំណាច​វិញ តែង​រួច​ខ្លួន​ជា​ប្រចាំ។

ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា​ ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ នោះ​ដី​ភ្នំ​នៅ​ជាយ​ខ្មែរ-​ថៃ ឃុំ​ស្ទឹងកាច់ នឹង​ហិនហោច​អស់​​គ្មាន​សល់​នៅ​ថ្ងៃ​ណា​មួយ​ជា​ពុំ​ខាន៖ «បាទ! ដី​ភ្នំ​ដែល​គេ​ទន្ទ្រាន​នោះ​ ប្រហែល​ជា​គេ​មាន​គម្រោង​សាងសង់​អ្វី​មួយ​ហើយ​មើល​ទៅ ព្រោះ​អី​នៅ​ក្បែរ​នោះ​ជា​តំបន់​បន​ល្បែង​កាស៊ីណូ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ គឺ​លោក​ មិន សាវុធ​ ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា។ ប៉ុន្តែ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន លោក​ គឹម សុខា មាន​ប្រសាសន៍​ថា ពុំ​មែន​សមត្ថកិច្ច​មិន​ទប់ស្កាត់​អ្នក​ឈូស​ឆាយ​ដី​ភ្នំ​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា ប៉ូលិស​អន្តោប្រវេសន្ត​ដែល​ឈូស​ឆាយ​ដី​ភ្នំ​នៅ​ផ្សារ​ព្រំ​នោះ​ សមត្ថកិច្ច​បាន​ទៅ​ហាម​ឃាត់​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ ម្យ៉ាង​ទៀត​លោក​ថា បាន​​បញ្ជូន​រឿង​នេះ​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​រួច​រាល់​ហើយ។

លោក​បន្ថែម​ថា​ ចំពោះ​ការ​សម្រេច​យ៉ាង​ណា​នោះ​គឺ​ជា​សិទ្ធិ​របស់​​តុលាការ ពុំ​មាន​ពាក់ព័ន្ធ​នឹង​មន្ទីរ​បរិស្ថាន​​ឡើយ៖ «ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា​ តំបន់​ដែល​ខ្ញុំ​ការពារ​ គឺ​ខ្ញុំ​មើល​ទាំង​អស់​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ទន្ទ្រាន​យក​ដី​បាន​នោះ​ទេ។ ម្យ៉ាង​ទៀត ខ្ញុំ​ក៏​មាន​យុទ្ធសាស្ត្រ​ផ្សេង​ដែរ​នៅ​ឆ្នាំ​២០១៦​នេះ គឺ​ធ្វើ​យ៉ាង​ណា​រៀប​ចំ​ឲ្យ​មាន​ព្រៃឈើ​ដុះ​នៅ​លើ​ភ្នំ​ឡើង​វិញ​ឲ្យ​បាន»

លោក​បន្ត​ថា អ្នក​ដែល​លួច​កាប់​​រុករាន​ដី​ព្រៃ​នៅ​ស្រុក​សាលាក្រៅ ភាគ​ច្រើន​​អ្នក​មាន​លុយ​មាន​អំណាច រី​ឯ​ប្រជាពលរដ្ឋ​មាន​ចំនួន​តិចតួច ហើយ​លោក​ថា អាជ្ញាធរ​មាន​វិធានការ​ទប់ស្កាត់​លើ​ការងារ​នេះ​ហើយ។

យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​ទៅ​លើ​វិធានការ​របស់​សមត្ថកិច្ច​ជំនាញ​ខេត្ត​ប៉ៃលិន​នោះ ទេ។ អ្នក​ស្រុក​លើក​ឡើង​ថា​ កន្លង​ទៅ​សមត្ថកិច្ច​ពុំ​ទាន់​ចាប់​អ្នក​មាន​លុយ​មាន​អំណាច​ណា​ម្នាក់​ដាក់​ពន្ធនាគារ​នៅ​ឡើយ​ទេ។ តួយ៉ាង​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត ដែល​សមត្ថកិច្ច​ឃាត់​គ្រឿង​ច្រក​នោះ​ នៅ​មាន​សេរីភាព​ដើរ​ហើរ​បាន​ដូច​ពលរដ្ឋ​ធម្មតា​ដដែល។ ចំណែក​ឯ​ពលរដ្ឋ​ក្រីក្រ​វិញ​ បើ​ហាន​ឈូស​ឆាយ​ដី​ខុស​ច្បាប់​បែប​នេះ និង​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​​គុក​បាត់​ទៅ​ហើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ប៉ៃលិន អ្នកស្រី​ ប្រាក់  សុភិម៉ា កក់សំគាល់​ថា បើ​ទោះ​ជា​សមត្ថកិច្ច​មាន​វិធានការ​ទប់ស្កាត់​ការ​កាប់​ព្រៃឈើ​យក​ដី​ក៏​ដោយ តែ​អ្នក​លួច​ទន្ទ្រាន​ដី​ព្រៃ​នៅ​ខេត្ត​ប៉ៃលិន នៅ​​មានតែ​សកម្មភាព​កើត​ឡើង​ដដែល។

អ្នកស្រី​ពុំ​មាន​ជំនឿ​ទៅ​លើ​វិធានការ​ទប់ស្កាត់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ លើ​ការ​បង្ក្រាប​អ្នក​មាន​លុយ​មាន​អំណាច​​ លួច​​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​នោះ​ទេ៖ «បើ​សមត្ថកិច្ច​ទប់ស្កាត់​ជា​រឿង​ល្អ​ហើយ​ តែ​ខ្ញុំ​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ជា​ទូទៅ​តែ​ម្ដង កុំ​បង្ក្រាប​ចំពោះ​តែ​ពលរដ្ឋ​ក្រីក្រ​ តែ​មិន​ទប់​ស្កាត់​អ្នក​មាន​លុយ​មាន​អំណាច​នោះ»

​ប្រជាពលរដ្ឋ​អះអាង​ថា ដី​ព្រៃ​​ភ្នំ​នៅ​ភូមិ​ផ្សារ​ព្រំ យ៉ាង​ហោច​ណាស់​​ចំនួន៤​កន្លែង ស្ថិត​នៅ​ជួរភ្នំ​សារាវ៉ាន់ និង​​មាន​ចម្ងាយ​ប្រមាណ ៤០០​ម៉ែត្រ​ពី​ជាយដែន​កម្ពុជា-​ថៃ ភ្នំ​តំបន់​នេះ​ត្រូវ​គេ​លួច​ទន្ទ្រាន​​យក​ដី​​ជា​បន្ត​បន្ទាប់។ កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​ សមត្ថកិច្ច​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​​ ធ្លាប់​បាន​ដឹក​​នាំ​កម្លាំង​ចម្រុះ​ជាង ១០​នាក់​ ទៅ​ដក​ដំណាំ​ល្ពៅ​របស់​​​​ប្រជាពលរដ្ឋ​​ចំនួន ៤០​គ្រួសារ ដែល​ជិត​ប្រមូល​ផល​ទៅ​ហើយ ដោយ​ចោទ​ថា​ ពួកគាត់​ដាំដុះ​នៅ​លើ​ដី​ព្រៃ​ខុស​ច្បាប់​​ នៅ​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ម្ដង​រួម​មក​ហើយ។

កាល​ណោះ​ ពលរដ្ឋ​ចំនួន ៣​នាក់​ ត្រូវ​បាន​​សាលាដំបូង​ខេត្ត​កោះ​ហៅ​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ដាំដុះ​នោះ។ ប៉ុន្តែ​​​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ ប្រឆាំង​នឹង​ការ​កោះ​ហៅ​នេះ ដោយ​ពួកគាត់​យល់​ឃើញ​ថា ​ជា​រឿង​អយុត្តិធម៌​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​សង​ផល​ដំណាំ​ដែល​បាន​ដក​បំផ្លាញ​នោះ។ ក្រោយ​មក​រឿង​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​កាត​តវ៉ា​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល