ពលរដ្ឋ​ប្រមាណ​១៥​គ្រួសារ​នៅ​ភ្នំពេញថ្មី​ទាមទារ​សំណង​ពី​ផល​ប៉ះពាល់​នៃ​ការ​ជួសជុល​ផ្លូវ

ប្រជាពលរដ្ឋ​ប្រមាណ ១៥​គ្រួសារ រស់​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទាមទារ​អោយ​សាលា​រាជធានី​ភ្នំពេញ ផ្តល់​សំណង​អោយ​ពួក​គាត់​ជា​មុន​សិន មុន​នឹង​សាលា​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ជួសជុល​សាងសង់​កំណាត់​ផ្លូវ​បេតុង​ប្រវែង ២.០០០​ម៉ែត្រ ដែល​ពួក​គាត់​ចោទ​ប្រកាន់​ថា ប៉ះពាល់ ឬ​បាត់​បង់​ផ្ទះ​សម្បែង​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឡូញ រ័ត្នមុនី បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា អ្នកស្រី​បាន​រស់​នៅ​ក្នុង​ភូមិ​ពោងពាយ តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​សព្វថ្ងៃ​អ្នកស្រី​មាន​ផ្ទះ​ល្វែង​មួយ​ខ្នង​បណ្តោយ ១០​ម៉ែត្រ។ អ្នកស្រី​ថា គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ សាងសង់​ផ្លូវ​ចាក់​បេតុង​នោះ នឹង​ប៉ះពាល់​លើ​ផ្ទះ​របស់​អ្នកស្រី​ទាំង​មូល តែ​សាលា​ក្រុង​មិន​បាន​និយាយ​ដល់​ការ​សង​សំណង​ឡើយ។

អ្នកស្រី ឡូញ រ័ត្នមុនី៖ «គ្រាន់​តែ​ថា​ចង់​អ៊ីចេះ យើង​មិន​មែន​ឃាត់ឃាំង​គេ​អោយ​អភិវឌ្ឍ​ទេ អោយ​អភិវឌ្ឍ ក៏ប៉ុន្តែ​ធ្វើ​ម៉េច​ដោះស្រាយ​អោយ​ប្រជាពលរដ្ឋ​ដែល​គ្នា​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​ជា​ប្រជាពលរដ្ឋ​មួយ​ដែរ ហើយ​បើ​យើង​មិន​ដោះស្រាយ​អោយ​គេ​ទៅ​រស់​នៅ​ណា​ទៅ និយាយ​រួម​ទៅ​អត់​មាន​និយាយ​ថា តើ​ផ្ទះ​របស់​យើង​អោយ​ប៉ុន្មាន​ម៉ឺនៗ គឺ​អត់​និយាយ​ហ្មង និយាយ​តែ​រឿង​ធ្វើ​ផ្លូវ​ហ្មង បើ​សិន​ជា​និយាយ​ថា ដោះស្រាយ​អោយ​យើង អោយ​ផ្ទះ​យើង​តម្លៃ​ប៉ុន្មាន បើ​សិន​យើង​មិន​យល់​ព្រម​ទេ សឹម​គិត​គ្នា​ទៀត ប៉ុន្តែ​អត់​និយាយ​ជាមួយ​យើង​ហ្មង»

បើ​តាម​លិខិត​ដែល អ្នកស្រី ឡូញ រ័ត្នមុនី ទទួល​បាន​ពី​សាលា​ខណ្ឌ​សែនសុខ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣ អោយ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ជួស​ជុល​សាងសង់​ផ្លូវ​បេតុង​លេខ​១០០៣ ទំហំ ២០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ពោងពាយ ខណ្ឌ​សែនសុខ។ សាលា​ខណ្ឌ​បាន​ស្នើ​អោយ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០០៣ រុះរើ​សំណង់​គ្រប់​ប្រភេទ​ចេញ​ពី​ផ្លូវ​សាធារណៈ ហើយ​ព្រមាន​ថា ក្នុង​ករណី​ម្ចាស់​ដី​ឡូត៍​ណា​មិន​ចូល​រួម​សហការ សាលា​ខណ្ឌ​សែនសុខ នឹង​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូចខាត ឬ​បាត់​បង់​ទ្រព្យ​សម្បត្តិ​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខណ្ឌ​សែនសុខ លោក លី សាវ៉េត បាន​ទេ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយ​លោក​បាន​ដាក់​ទូរស័ព្ទ​ចុះ បន្ទាប់​ពី​ដឹង​ថា វិទ្យុ​អាស៊ីសេរី ទូរស័ព្ទ​ទៅ។

អ្នកស្រី ឡូញ រ័ត្នមុនី និយាយ​ថា អ្នកស្រី​នឹង​មិន​រុះរើ​ផ្ទះ​របស់​អ្នកស្រី​ឡើយ ប្រសិន​បើ​គ្មាន​សំណង​អោយ​បាន​ត្រឹមត្រូវ​ជា​មុន។ អ្នកស្រី​នឹង​ធ្វើ​លិខិត​តវ៉ា​ទៅ​សាលា​ខណ្ឌ​សែនសុខ នៅ​សប្ដាហ៍​ក្រោយ ដើម្បី​អោយ​រក​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។