ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ស្រុក​មេមត់​ដោះស្រាយ​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ម៉ែន​សារុន

0:00 / 0:00

ប្រជាពលរដ្ឋ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ប្រមាណ​ជា ១០០​នាក់ នាំ​គ្នា​ឡើង​មក​សាលា​ស្រុក​មេមត់ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់។ អាជ្ញាធរ​ស្រុក បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់ ដោយ​សន្យា​ថា​នឹង​មាន​ការ​ប្រជុំ​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ​នៅ​សប្ដាហ៍​ក្រោយ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ដែល​បាន​ឈូស​ឆាយ​លើ​ដី​ដំណាំ​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ លោក ផុន សុផល ឱ្យ​ដឹង​ថា ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ហាម​ឃាត់​ត្រាក់ទ័រ​ឈូស​ឆាយ និង​ជីក​ជា​ប្រឡាយ​លើ​ដី ដែល​លោក​អះអាង​ថា ប្រជាពលរដ្ឋ​បាន​កាន់​កាប់​ជាច្រើន​ឆ្នាំ​ហើយ​នោះ ជា​ច្រើន​លើក​ច្រើនសា​មក​ហើយ។ ប៉ុន្តែ​ស្ងាត់ៗ គឺ​ខាង​ភាគី​ក្រុមហ៊ុន យក​អាត្រាក់​ទៅ​ជីក​ប្រឡាយ​ព័ទ្ធ​ជា​របង​ព្រំ​ដី​តែ​ម្តង ដោយ​អះអាង​ថា ដី​តំបន់​នោះ​ជា​ដី​ក្រុមហ៊ុន ហើយ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ ដែល​បាន​កាន់​កាប់​ដី​ខុស​ច្បាប់ ប៉ុន្តែ​ពួក​គាត់​ឆ្ងល់​ថា ពី​ដំបូង​ឡើយ​មិន​ដឹង​ជា​ក្រុមហ៊ុន​នៅ​ទីណា​ទេ តែ​ពេល​ពួក​គាត់​ដាំ​ដំណាំ​បាន​ហើយ បែរ​ជា​ក្រុមហ៊ុន​អះអាង​ថា ជា​ដី​របស់​ខ្លួន​ទៅ​វិញ។

លោក ផុន សុផល៖ «ខ្ញុំ​គិត​ថា ដី​ហ្នឹង​មិន​មែន​ជា​ដី​របស់​ក្រុមហ៊ុន​ទេ ពីព្រោះ​ថា មិន​ឃើញ​អ្វី​ជា​ភស្តុតាង​របស់​ក្រុមហ៊ុន ដូច​ថា​ឃើញ​ថា​ជា​ក្រវាត់ ជា​ប្រឡាយ ឬ​ដំណាំ​អី​ជា​របស់​ក្រុមហ៊ុន។ ប្រជាពលរដ្ឋ​ទៅ​ហ្នឹង​ឃើញ​តែ​ជា​ព្រៃស្រោង​ព្រៃ​ធំ នាំ​គ្នា​កាប់​ឆ្ការ ដើម្បី​កាន់​កាប់​ទៅ​រហូត​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ច្រើន​ឆ្នាំ​កន្លង មាន​អ្នក​ខ្លះ ១០​ឆ្នាំ ៨​ឆ្នាំ ៦​ឆ្នាំ ៣ ឬ​៤​ឆ្នាំ​អ៊ីចឹង​ទៅ ស្រាប់​តែ​ក្រុមហ៊ុន​ឃើញ​ស្រឡះ​មក​វាត់ និង​ពុះ​ឡូ​យក​ហ្មង»

ប្រភព​ដដែល​បន្ត​ថា ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ សុំ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ជា​មុន ទម្រាំ​មាន​ការ​ដោះស្រាយ​ណា​មួយ​ដល់​ពួក​គាត់។ ហើយ​ប្រសិន​បើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គាត់​ទេ ប្រជាពលរដ្ឋ​ទាំង​នោះ​នឹង​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​តែ​ម្តង។

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១ សីហា។ ប៉ុន្តែ លោក​ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ពេល​កន្លង​ទៅ​ថា ដី​តំបន់​នោះ​ជា​ដី​របស់​ក្រុមហ៊ុន ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ហើយ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ ដែល​បាន​នាំ​គ្នា​ចូល​ទៅ​កាប់​រុក​រាន​ដី​ក្រុមហ៊ុន​ដាំ​ដំណាំ​ដោយ​លួច​លាក់ និង​ខុស​ច្បាប់។

ចំណែក​អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុណ្ណារ៉ា មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​ហើយ ហើយ​ពួក​គាត់​យល់​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ខាង​អាជ្ញាធរ​ស្រុក សន្យា​ថា​នឹង​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ និង​តំណាង​ក្រុមហ៊ុន មក​ធ្វើ​ការ​ដោះស្រាយ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ៖ «ចង់​ដឹង​ច្បាស់ ចាំ​មក​ជួប​ផ្ទាល់។ ខ្ញុំ​អឺ! កំពុង​រង់ចាំ​ការ​ដោះស្រាយ​សប្ដាហ៍​ក្រោយ​ជាមួយ​តំណាង​ក្រុមហ៊ុន និង​តំណាង​ពួក​គាត់ ហើយ​បើ​ចង់​ដឹង​ច្បាស់​មក​ជួប​ផ្ទាល់»

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ដែល​អះអាង​ថា ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ នៅ​ឃុំ​ជាំក្រវៀន គឺ​កើត​ឡើង​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព័ទ្ធ​ជា​របង​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង ៣០០​ហិកតារ ដែល​មាន​ពលរដ្ឋ​ប្រមាណ ១៥០​គ្រួសារ បាន​អាស្រ័យ​ផល។ ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង និង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។