ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​អះអាង​ថា​វៀតណាម​រារាំង​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​ជិត​ព្រំដែន

0:00 / 0:00

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​វៀតណាម បាន​រារាំង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​នៅ​ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​ខ្លួន​ឡើយ ដោយ​អះអាង​ថា ដី​តំបន់​នោះ​ជា​ដី​តំបន់​ស​រវាង​ប្រទេស​ទាំង​ពីរ។

ប្រជាពលរដ្ឋ​ខ្មែរ​អះអាង​ថា ខាង​ភាគី​វៀតណាម គឺ​មិន​មាន​តំបន់​ស​នោះ​ទេ ប៉ុន្តែ​ខាង​ដី​ខ្មែរ​បែរ​ជា​មាន​តំបន់​ស​ទៅ​វិញ ស្រប​ពេល​ការ​បោះ​បង្គោល​ព្រំដែន​មាន​រួច​ទៅ​ហើយ​នោះ។ ចំណែក​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មិន​ទាន់​ទទួល​បាន​របាយការណ៍​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ​ហើយ គេ​មិន​អាច​ចាត់​ទុក​ដី​តំបន់​នោះ​ថា​ជា​តំបន់​ស​ទៀត​ឡើយ។

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​រូង ស្រុក​មេមត់ ឱ្យ​ដឹង​ដូចៗ​គ្នា​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម។ បញ្ហា​ទាំង​នោះ គឺ​ពួក​គាត់​មិន​អាច​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​របស់​ខ្លួន​បាន​ឡើយ បើ​ទោះ​បី​ជា​ដី​នោះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ទៅ​ហើយ។

អាជ្ញាធរ​វៀតណាម តែង​តែ​មក​គំរាម​កំហែង​រារាំង​មិន​ឱ្យ​ពួក​គាត់​បាន​ធ្វើ​ស្រែ​នោះ​ឡើយ ដោយ​អះអាង​ថា ដី​ដែល​នៅ​ក្នុង​បង្គោល​ព្រំដែន​កម្ពុជា ជា​តំបន់​ស។ ដោយ​ឡែក​ខាង​ទឹក​ដី​វៀតណាម វិញ គឺ​មិន​មាន​តំបន់​ស​នោះ​ទេ។ លើស​ពី​នេះ​ទៀត ពួក​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​លំបាក ក្នុង​ការ​រស់នៅ​ដោយសារ​គ្មាន​ដី​សម្រាប់​ធ្វើ​ចម្ការ ហើយ​គ្មាន​មុខ​របរ​សម្រាប់​រក​ចិញ្ចឹម​ជីវិត ដែល​ជំរុញ​ឱ្យ​ពួក​គាត់​ត្រូវ​ធ្វើ​ជា​កម្មករ​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ទីនោះ​ទៅ​វិញ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​រូង អ្នកស្រី ស៊ា លាង អាយុ ៤៧​ឆ្នាំ មាន​ប្រសាសន៍​ថា គាត់​មាន​ដី​ប្រមាណ​ជាង ៣​ហិកតារ ដែល​បាន​កាន់​កាប់​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ហើយ​បន្ត​ធ្វើ​ស្រែ​នៅ​លើ​ដី​របស់​ខ្លួន​រហូត​មក។ អ្នកស្រី​បន្ត​ថា ទើប​តែ​នៅ​ឆ្នាំ​១៩៩៥-៩៦ ក៏​មាន​ការ​ហាម​ឃាត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម មិន​ឱ្យ​អ្នកស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ទៅ​ធ្វើ​ស្រែ​នៅ​លើ​ដី​របស់​ខ្លួន​ឡើយ ដោយ​អាជ្ញាធរ​ទាំង​នោះ​បញ្ជាក់​ថា ជា​ដី​ស្ថិត​នៅ​ក្នុង​តំបន់​ស ហើយ​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ផ្អាក​ការ​ធ្វើ​មួយ​រយៈ ដើម្បី​រង់ចាំ​ការ​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ ហើយ​នឹង​ត្រឡប់​ទៅ​ធ្វើ​វិញ។

អ្នកស្រី​បន្ថែម​ថា រហូត​ដល់​ឆ្នាំ​២០១០ គឺ​មាន​ការ​បោះ​បង្គោល​ជា​ផ្លូវ​រវាង​ប្រទេស​ទាំង​ពីរ គឺ​បង្គោល​លេខ​៩៨ និង​៩៩ ប៉ុន្តែ​អ្នកស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត នៅ​តែ​មិន​អាច​ចូល​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​របស់​ខ្លួន​បាន​ដដែល បើ​ទោះ​បី​ជា​ដី​អ្នកស្រី​មាន​ចម្ងាយ​ជាង ៣០០​ម៉ែត្រ ពី​បង្គោល​ព្រំដែន​មក​ក្នុង​ដី​កម្ពុជា យ៉ាង​ណា​ក៏ដោយ៖ «គេ​ថា​អត់​ឱ្យ​ខ្ញុំ​ធ្វើ គេ​ថា​ដាក់​ដី​របស់​ខ្ញុំ​ថា​ជា​ដី​តំបន់​ស លោកគ្រូ។ ដាក់​ដី​តំបន់​ស។ បង​យល់​ថា ត្រឹមត្រូវ​ទេ​កាល​ដែល​ដាក់​ដី​បង​ឯង​ជា​ដី​តំបន់​ស? ខ្ញុំ​យល់​ថា អត់​ត្រឹមត្រូវ​ទេ លោកគ្រូ ព្រោះ​អី​ដី​របស់​ខ្ញុំ​ខាង​លើ​បង្គោល​ឆ្ងាយ​ណាស់»

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ដោយសារ​គាត់​មិន​មាន​ដី​ស្រែ​សម្រាប់​ធ្វើ ក៏​ចេះ​តែ​នាំ​គ្នា​ជម្នះ​ចិត្ត​ចូល​ទៅ​ធ្វើ​លើ​ដី​របស់​ខ្លួន​ជាច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ត្រូវ​បាន​ខាង​អាជ្ញាធរ​វៀតណាម គំរាម​កំហែង​មិន​ឱ្យ​ចូល​ធ្វើ​អ្វី​បាន ហើយ​ពេល​ខ្លះ​ថែម​ទាំង​ចាប់​យក​សម្ភារៈ គោ​ក្របី ដើម្បី​យក​ទៅ​ផាក​ពិន័យ​ទៀត​ផង។ អ្វី​ដែល​អ្នកស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ចង់​បាន​នោះ គឺ​ចង់​ឱ្យ​បាន​ដី​ស្រែ​យក​មក​ធ្វើ​ដូច​ធម្មតា​ឡើង​វិញ ហើយ​សុំ​ឱ្យ​អាជ្ញាធរ​គណៈកម្មាធិការ​ព្រំដែន ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ឱ្យ​បាន​ចប់​សព្វគ្រប់។

ជំទប់​ទី​ពីរ ឃុំ​រូង និង​ជា​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មាន​បញ្ហា​ដី​ជាមួយ​អាជ្ញាធរ​វៀតណាម ដែរ​នោះ លោក ស៊ុំ ម៉ៅ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឃុំ​រូង គឺ​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន​៤ ដែល​កំពុង​មាន​បញ្ហា​ដីធ្លី​ជាមួយ​អាជ្ញាធរ​ព្រំដែន​វៀតណាម។ លោក​បន្ត​ថា ភូមិ​ចំនួន​៤​នោះ គឺ​ភូមិ​ត្រពាំងឫស្សី ភូមិ​រូង ភូមិ​បេង និង​ភូមិ​បុស្ស ដែល​មាន​ប្រជាពលរដ្ឋ ១៤​គ្រួសារ​ប៉ុណ្ណោះ ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ចំពោះ​ការ​ហាម​ឃាត់​មិន​ឱ្យ​ពួក​គាត់​បាន​ចូល​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន។ ក្រៅ​ពី​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​នោះ​ឡើយ។ លោក​បន្ថែម​ទៀត​ថា ទំនាស់​ដីធ្លី​ចាប់​ផ្តើម​កើត​ឡើង​ខ្លាំង គឺ​នៅ​ឆ្នាំ​១៩៩៥ ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​បាន​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​ខ្លួន​ឡើយ ដោយ​រង់ចាំ​បោះ​បង្គោល​ជា​ផ្លូវ​ការ។ រហូត​ដល់​ឆ្នាំ​២០១០ ជា​ពេល​ដែល​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ភាគី​ប្រទេស​ទាំង​ពីរ​រួច​ហើយ បែរ​ជា​អាជ្ញាធរ​វៀតណាម និង​វរៈ​ព្រំដែន​ខ្មែរ​បន្ត​ហាម​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​កាន់​កាប់​លើ​ដី​របស់​ខ្លួន​ដដែល ដោយ​អាជ្ញាធរ​វៀតណាម ទាំង​នោះ​អះអាង​ជា​តំបន់​ស។ ជំទប់​ដដែល​អះអាង​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ ពីព្រោះ​ប្រទេស​វៀតណាម អាច​មក​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​មក​ទល់​នឹង​បង្គោល​ព្រំដែន ៩៨ និង ៩៩ តែ​ម្តង ដោយ​មិន​មាន​តំបន់​ស​នោះ​ទេ ដោយ​ឡែក​ដី​ប្រជាពលរដ្ឋ​ខ្មែរ​ចម្ងាយ​ប្រមាណ​ជាង ៣០០​ម៉ែត្រ​ពី​បង្គោល​ទាំង​នោះ​មក​ទឹក​ដី​កម្ពុជា​ហើយ​នោះ នៅ​តែ​មិន​អាច​ធ្វើ​អ្វី​បាន។

លោក ស៊ុំ ម៉ៅ៖ «កន្លង​មក​ហ្នឹង ឃើញ​តែ​ប្រជាជន​វា​ធ្វើ​បាន​ដោយ​សុខសាន្ត ទៅ​ដោយ​មិន​ឃើញ​អាជ្ញាធរ​ខ្មែរ​យើង​ហាម​ឃាត់​យ៉ាង​ណា​នោះ​ទេ។ ដោយ​ឡែក​តែ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​ទេ ដែល​អាជ្ញាធរ​វៀតណាម​យួន​ហ្នឹង មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​មិន​ឱ្យ​ចូល​ទៅ​ធ្វើ​ដី​របស់​ខ្លួន។ មាន​ទាំង​យក​កាំភ្លើង​យក​អី​មក​គំរាម​កំហែង មិន​ឱ្យ​ចូល​ទៅ​ធ្វើ​លើ​ដី​របស់​ខ្លួន ដោយ​ទុក​ថា​ជា​តំបន់​សៗ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា គណៈកម្មាធិការ​ព្រំដែន​ខ្មែរ​យើង​ហ្នឹង​មាន​វិធីសាស្ត្រ និង​វិធានការ​របៀប​ម៉េច​ដែរ? បើ​ខាង​យួន​អត់​មាន​តំបន់​ស រីឯ​ខ្មែរ​មាន​តំបន់​ស! ហើយ​ខ្ញុំ​ក៏​មិន​យល់​ពី​បញ្ហា​ហ្នឹង​ដែរ បើ​តាម​ខ្ញុំ​គិត​ពិចារណា​មើល​ទៅ​ឃើញ​ថា តំបន់​ស កាល​ណា​កន្លែង​ណា​មួយ​មិន​ទាន់​បោះ​បង្គោល ជាពិសេស​នៅ​បង្គោល​ព្រំដែន​៩៨ និង​៩៩​ហ្នឹង​បោះ​រួច​ហើយ ទុក​ឱ្យ​ស​ដូចម្តេច​ទៀត? ខ្ញុំ​ឆ្ងល់​អ៊ីចឹង​ដែរ»

លោក​បញ្ជាក់​ថា ថ្មីៗ​នេះ គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៤ អាជ្ញាធរ​វៀតណាម បាន​យក​បង្គោល​ឡាក់​តូច​មក​បោះ​លើ​ដី​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​អះអាង​ថា ជា​បង្គោល​រណប ចំណែក​អាជ្ញាធរ​ខ្មែរ​មិន​បាន​ដឹង​ឮ​ចំពោះ​ការ​បោះ​បង្គោល​នោះ​ឡើយ គឺ​ជា​ការ​បោះ​ដោយ​ឯកតោភាគី។

ទាក់ទង​បញ្ហា​នេះ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ មិថុនា ថា បញ្ហា​នេះ​លោក​មិន​ទាន់​ទទួល​របាយការណ៍​ពី​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​មូលដ្ឋាន​នោះ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា តំបន់​នោះ​មាន​ការ​បោះ​បង្គោល​ព្រំដែន​ធំៗ​ជា​ផ្លូវ​ការ​ចប់​សព្វគ្រប់​ហើយ។ លោក​បន្ត​ថា កាល​ណា​គេ​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ​ហើយ គឺ​មិន​មាន​តំបន់​ស​ទៀត​នោះ​ទេ៖ «ខ្ញុំ​គ្មាន​ទទួល​របាយការណ៍​ពី​ក្រុម​ការងារ​យើង​ខ្ញុំ​ពី​ខេត្ត​កំពង់ចាម មក​ទេ​ណា៎! អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា វា​ការ​ពិត​ប៉ុណ្ណា​ទេ។ ប៉ុន្តែ​ជា​គោលការណ៍ វា​មិន​ត្រូវ​មាន​បញ្ហា​អ៊ីចឹង​ទេ ព្រោះ​យើង​ការ​បោះ​បង្គោល​កន្លែង​ហ្នឹង វា​ខ័ណ្ឌ​ព្រំ​សីមា ហើយ​គេ​ដឹង​ថា កន្លែង​ណា​ធ្វើ​ចូល​គ្នា​ចេញ​គ្នា​យើង​ចេញ​ទៅ​ខាង​គេៗ​ចូល​មក​ខាង​យើង​វា​ត្រូវ​គ្នា ហើយ​វា​មាន​ជា​គោលការណ៍​ដោះដូរ​ដី ដូច្នេះ​វា​គ្មាន​តំបន់​ស​អី​ទៀត​ទេ វា​ចប់​អស់​ហើយ»

លោក​បន្ថែម​ទៀត​ថា ចំណែក​ការ​បោះ​បង្គោល​ធំ និង​បង្គោល​តូច ឬ​ហៅ​ថា​បង្គោល​ព្រំ​សីមា​ណា​មួយ​នោះ គឺ​ទាល់​តែ​មាន​យល់​ព្រម និង​ដឹង​ឮ​ពី​ភាគី​ទាំង​សង​ខាង។ ប្រសិន​បើ​ករណី​ដែល​អាជ្ញាធរ​ព្រំដែន​វៀតណាម ចូល​មក​បោះ​ដោយ​ស្ងាត់ៗ ពោល​គឺ​អាជ្ញាធរ​ព្រំដែន​ខ្មែរ​នៅ​តាម​មូលដ្ឋាន​មិន​បាន​ដឹង​ឮ ឬ​ចូលរួម​នោះ​ទេ។ លោក​បញ្ជាក់​ថា គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​អាជ្ញាធរ​ខ្មែរ​អាច​ដក​បង្គោល​ដែល​បោះ​ដោយ​ឯកតោភាគី​នោះ​បោះ​ចោល​តែ​ម្តង ពីព្រោះ​វា​ជា​រឿង​ដែល​ភាគី​មួយ​បាន​លួច​ចូល​មក​បោះ​បង្គោល​តែ​ម្នាក់​ឯង​តែ​ម្តង។ លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​កាន់​កាប់​លើ​ដី​របស់​ពួក​គាត់​នៅ​កន្លែង​ដែល​បាន​បោះ​បង្គោល​ព្រំដែន​រួច​ហើយ​ទៀត​នោះ ប្រជាពលរដ្ឋ​គប្បី​ប្ដឹង​មក​អាជ្ញាធរ ហើយ​អាជ្ញាធរ​តាម​មូលដ្ឋាន ត្រូវ​រាយការណ៍​ករណី​វិវាទ​ទាំង​នោះ​មក​ថ្នាក់​ជាតិ ដើម្បី​ធ្វើ​ការ​ដោះស្រាយ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ចាម លោក ខុន ខូយ យល់​ថា បញ្ហា​ទំនាស់​ដីធ្លី​តាម​ព្រំដែន​កម្ពុជា​វៀតណាម នៅ​តែ​កើត​ឡើង​ដូច​នេះ ដែល​ធ្វើ​ឱ្យ​ខាង​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ប្រសិន​បើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់​នោះ​ទេ៖ «ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ ប្រសិន​បើ​រដ្ឋាភិបាល​គាត់​មិន​ចាត់​វិធានការ​ដោះស្រាយ​ទេ វា​អាច​នឹង​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ គឺ​អាច​នឹង​មាន​ជម្លោះ​នឹង​អាច​កាន់​តែ​កើត​មាន​ឡើង​រវាង​ប្រជាពលរដ្ឋ​ទាំង​ពីរ រវាង​ប្រទេស​ទាំង​ពីរ»

លោក​បន្ថែម​ទៀត​ថា ជា​ការ​ប្រសើរ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​មន្ត្រី​រាជ​រដ្ឋាភិបាល គប្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​រាល់​តំបន់​ដែល​មាន​ជម្លោះ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​បាន​នូវ​ការ​ដោះស្រាយ​មួយ​ដ៏​ត្រឹមត្រូវ និង​ដើម្បី​រក្សា​បាន​នូវ​បូរណភាព​ដែនដី។

បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ចាប់​ផ្ដើម​បោះ​ជា​ផ្លូវ​ការ​ក្រោយ​ពេល​សន្ធិសញ្ញា​បំពេញ​បន្ថែម ដែល​ធ្វើ​ឡើង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម កាល​ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​បាន​បោះ​បង្គោល​ធំៗ​ប្រមាណ​ជា ៣០០​បង្គោល។ ចំណែក​បង្គោល​តូចៗ ឬ​បង្គោល​ខ័ណ្ឌ​សីមា​មាន​ជាច្រើន​ពាន់​បង្គោល ប៉ុន្តែ​អាច​មាន​ការ​ប្រែប្រួល​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។