តំណាងប្រជាពលរដ្ឋនៃសហគមន៍ជ្រោយចង្វា បញ្ជាក់នៅថ្ងៃទី២៤ វិច្ឆិកា ថា ប្រជាពលរដ្ឋគ្រោងដុតកម្ទេចឲ្យអស់នូវទុយយោបូមខ្សាច់របស់ក្រុមហ៊ុនដែលសល់ពីម្សិលមិញ។ លោកថា លោក សម រង្ស៊ី និងលោក កឹម សុខា បានចុះទៅទីតាំងនោះ និងកំពុងចុះទៅពិនិត្យមើលកន្លែងបូមខ្សាច់មួយនៅក្បែរនោះដែរ ដែលប្រជាពលរដ្ឋចោទថា ការបូមខ្សាច់នេះបានធ្វើឲ្យបាក់ច្រាំងទន្លេនៅម្ដុំនោះ។
ស្របពេលមេដឹកនាំបក្សប្រឆាំងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀប នៅថ្ងៃទី២៤ វិច្ឆិកា នេះ លោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរខណ្ឌឫស្សីកែវ ក៏កំពុងចុះទៅជួបជួយដោះស្រាយជូនប្រជាពលរដ្ឋដែរ នៅថ្ងៃជាមួយគ្នានេះ។
កាលពីម៉ោង ១២អាធ្រាត្រយប់ថ្ងៃទី២២ ខែវិច្ឆិកា ក្រុមអ្នកភូមិតវ៉ាប្រឆាំងនឹងការលក់ដីរបស់វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ និងការលួចវាយបំផ្លាញប៉ាឆាស្ថិតនៅបណ្តោយផ្លូវជាតិ៦អា ហើយបានឈានទៅដល់ការតវ៉ាបិទផ្លូវជាតិលេខ៦អា អស់ជាច្រើនម៉ោង គឺចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោងជាង១០ ថ្ងៃទី២៣ វិច្ឆិកា។
អ្នកភូមិបានឲ្យដឹងថា ការបិទផ្លូវនេះជាការប្រឆាំងនឹងក្រុមហ៊ុន អេង កាំង ដែលបានឃុបឃិតគ្នាជាមួយអាជ្ញាធរ ចៅអធិការវត្ត គណៈកម្មការអាចារ្យទិញលក់ដីវត្ត និងបំផ្លាញប៉ាឆាដែលជាទីកន្លែងបូជាសពរបស់ប្រជាពលរដ្ឋចំណុះជើងវត្ត មានភូមិខ្ទរ បាក់ខែង និងព្រែកលៀប ជាដើម។
សូមរង់ចាំស្ដាប់ និងអានព័ត៌មានបន្ថែម...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។