កាលពីទៀបភ្លឺ ក្រុមអ្នកភូមិដែលមានជម្លោះដីធ្លីជាមួយលោកឧកញ៉ា ប៉ែន លឹម អតីតទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ជា ស៊ីម នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននាំគ្នាមកលុតជង្គង់លើកដៃសំពះសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមពោធិ៍ខាងកើតភូមិគ្រឹះរបស់លោក នៅក្បែរវិមានឯករាជ្យ ប៉ុន្តែត្រូវបានអាជ្ញាធរធ្វើការបំបែក និងបានប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋថែមទៀត។
តំណាងអ្នកភូមិ លោកស្រី សាត សាវឿន មានប្រសាសន៍ថា ពួកគាត់តំណាងអោយអ្នកភូមិប្រមាណ ២០០គ្រួសារ ដែលមានជម្លោះដីធ្លីអូសបន្លាយតាំងពីឆ្នាំ២០០៧ មក និងមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកស្រីបន្តថា ដោយអស់ជម្រើសទើបនាំគ្នាលើកបដា និងលុតជង្គង់អង្វរលោកនាយករដ្ឋមន្ត្រី ប៉ុន្តែលទ្ធផលដែលទទួលបានគឺអំពើហិង្សា។
លោកស្រី សាត សាវឿន៖ «នេះខ្ញុំជម្រាបដល់ប្រមុខរដ្ឋាភិបាល និងលោកជំទាវអោយបានដឹង សម្រាប់ថាខ្ញុំប្រជាពលរដ្ឋខ្ញុំឈឺចាប់មកសំពះសុំ ពួកខ្ញុំទន់ភ្លន់ណាស់មកដល់អោយក្រាបថ្វាយបង្គំទៅអស់ជម្រើសហើយ។ ប៉ូលិសវាយក៏វាយចុះ ធ្វើម៉េច ប៉ូលិសគេវាយមែន។ សបញ្ជាក់អោយឃើញថា នៅក្នុងព្រៃគេធ្វើបាប មកដល់ក្នុងស្រុកហើយគេធ្វើបាប សម្លម្ជូរមួយឆ្នាំងនេះពិតជាជូរណាស់។ ហីសម្ដេចក៏ដែរ អោយខ្ញុំទៅជួបនឹងធុងសំរាម ក៏ខ្ញុំទៅដែរ ទៅទាំងស្រាតក៏ខ្ញុំទៅដែរ ក្រែងខ្ញុំស្លៀកសម្លៀកបំពាក់មានគ្រឿងសព្វាវុធ ស្រាតក៏ខ្ញុំទៅដែរ ទឹកចុងក្រោយរបស់អ្នកព្រំដែនហើយ ឈឺចាប់ណាស់»។
ស្របគ្នានេះដែរ ពលរដ្ឋមានបញ្ហាដីធ្លីពាក់ព័ន្ធនឹងការដកហូតដីសម្រាប់ព្រលានយន្តហោះក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក៏បាននាំគ្នាលើកបដាសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី។
តំណាងពលរដ្ឋ លោក សុខ គឹមសុន មានប្រសាសន៍ថា ពួកគាត់ភ័យខ្លាចអាជ្ញាធររឹបអូសដីដោយពុំមានសំណងសមរម្យ នៅពេលដែលពួកគាត់នៅមិនទាន់ទទួលបានព័ត៌មានពីការផ្ដល់សំណងនៅឡើយ៖ «ទាំងអស់ហ្នឹង ៧៨គ្រួសារ យោងតាមអភិបាលខេត្តកាត់អោយ។ ក្នុងអភិបាលខេត្តគាត់អត់ទាន់កំណត់ថាដេញយើងថ្ងៃណាដែរ គ្រាន់តែបិទប្រកាសថាដីហ្នឹងដីដកហូតតែម្តង។ យើងបារម្ភថា ទី១ ទៅគាត់កែប្រែក្នុងចិត្តទៅថាដីហ្នឹងយើងប្រគល់អោយគាត់ ហើយបានគាត់មិនតវ៉ាបានមិននិយាយ ដល់ពេលគាត់ដកហូតទៅ តើខ្ញុំបានអីនិយាយជាមួយគាត់។ តើអោយពួកខ្ញុំទៅនៅឯណា? ពួកខ្ញុំបារម្ភបាននាំគ្នាម៉ោអោយសម្ដេចជួយ»។
តាមការអះអាងរបស់ពលរដ្ឋ អោយដឹងថា ខាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្វែរអោយពួកគេដាក់លិខិតតវ៉ាទៅអាកាសចរណ៍ស៊ីវិល និងទៅទីស្ដីការគណៈរដ្ឋមន្ត្រីជំនួសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។