ក្រុមសហគមន៍ទំនាស់ដីធ្លីមកពីច្រើនកន្លែង កំពុងប្រមូលផ្ដុំគ្នានៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដោយចាប់ផ្ដើមពីថ្ងៃសុក្រ ទី២១ រហូតដល់ថ្ងៃទី២២ ខែមីនា ដើម្បីប្រារព្ធខួប ៥ឆ្នាំនៃការបាញ់រះលើពលរដ្ឋដែលមានជម្លោះដីធ្លីនៅជីក្រែង។
សកម្មជនតវ៉ាទំនាស់ដីធ្លី គឺព្រះភិក្ខុ លួន សុវ៉ាត។ ព្រះអង្គមានថេរដីកាកាលពីព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ថា មានសហគមន៍ទំនាស់ដីធ្លីបុរីកីឡា សហគមន៍បឹងកក់ សហគមន៍ថ្មគោល នៃទីក្រុងភ្នំពេញ ព្រមទាំងសហគមន៍ទំនាស់ដីធ្លីពីតំបន់ផ្សេងទៀតទូទាំងប្រទេសប្រមាណ ៣០០នាក់ បានទៅជួបជុំគ្នានៅឃុំជីក្រែង ស្រុកជីក្រែង។ ទាំងក្រុមសហគមន៍ទំនាស់ដីធ្លី រួមនឹងសកម្មជនសិទ្ធិមនុស្សខ្លះផង បាននាំគ្នាប្រារព្ធខួបគំរប់ ៥ឆ្នាំនៃការបាញ់រះទៅលើអ្នកឃុំជីក្រែង ដែលតវ៉ារឿងដីធ្លី ព្រមទាំងរំលឹកដល់ខួប ៣ឆ្នាំនៃការដោះលែងតំណាងអ្នកភូមិជីក្រែង ជាច្រើននាក់ ចេញពីពន្ធនាគារផង។
ព្រះភិក្ខុ លួន សុវ៉ាត បានបញ្ជាក់ទៀតថា នៅក្នុងការប្រារព្ធខួប ៥ឆ្នាំនៃការបាញ់រះទៅលើអ្នកជីក្រែង នោះ គឺសហគមន៍ដីធ្លីជាច្រើន ព្រមទាំងសកម្មជនសិទ្ធិមនុស្សផង នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នា៖ «ពេលល្ងាចយើងមានពិធីក្រុងពាលី សូត្រមន្ត ហើយនិងទេសនា ក្រោមប្រធានបទ ព្រះពុទ្ធសាសនា ដើម្បីសង្គមជាតិ មានយុត្តិធម៌ សន្តិភាព សិទ្ធិសេរីភាព បញ្ឈប់អំពើហិង្សា ហើយពេលរាត្រី យើងមានពិធីដុតទៀន ធ្វើពិធីបួងសួង ដើម្បីសុំសិទ្ធិសេរីភាពដោះលែងអ្នកជាប់ពន្ធនាគារ ហើយក៏មានបញ្ចាំងកុនឯកសារផ្សេងៗ ស្ដីអំពីការរំលោភដីធ្លីទូទាំងប្រទេស ហើយនិងរឿងបាញ់ប្រហារកម្មករថ្មីៗហ្នឹង។ រឿងបាញ់បង្ក្រាបបាតុកម្មអីផ្សេងៗជូនសហគមន៍ ជូនប្រជាពលរដ្ឋទស្សនា»។
កាលពីអំឡុងខែមីនា ឆ្នាំ២០០៩ ក្រុមអ្នកភូមិជីក្រែង ជាច្រើនគ្រួសារ បានកើតមានទំនាស់ដីស្រែប្រាំងជាមួយក្រុមអ្នកមានអំណាចនៅទំនប់៧៨។ ជាច្រើនថ្ងៃក្រោយមក ក្រុមសមត្ថកិច្ចបានបង្ក្រាប និងបាញ់រះទៅលើក្រុមអ្នកភូមិ បណ្ដាលឱ្យរងរបួសចំនួន ៤នាក់ និងចាប់ខ្លួនជាច្រើននាក់ទៀតដាក់ពន្ធនាគារ។ រហូតមកដល់បច្ចុប្បន្ន ទំនាស់ដីធ្លីនោះនៅមិនទាន់មានការដោះស្រាយយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
