ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​មន្ត្រី​យោធា​បារម្ភ​ខ្លាច​បាត់​ដី​នៅ​បាវិត

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ ចំនួន ៩​គ្រួសារ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កំពង់​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ដោយ​ចាញ់​ក្ដី​ក្នុង​រឿង​ទំនាស់។ ក្ដី​បារម្ភ​របស់​អ្នក​ស្រុក​នេះ ដោយសារ​រឿង​ក្ដី​ក្នុង​ទំនាស់​ដី​នោះ​ដោះស្រាយ​មិន​ចេញ​ជាង ១០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ មន្ត្រី​យោធា​ដែល​បាន​ចុះ​អង្កេត​ពី​បញ្ហា​ទំនាស់​នេះ បញ្ជាក់​ថា រឿង​ក្ដី​នេះ​ត្រូវ​ដោះស្រាយ​បញ្ចប់​នៅ​ស្ថាប័ន​តុលាការ។

ក្រុម​អ្នក​ភូមិ​ដែល​មាន​ទំនាស់​ដី​នៅ​ខេត្ត​ស្វាយរៀង ចំនួន​ជាង ១២​ហិកតារ បាន​អំពាវនាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ជួយ​អន្តរាគមន៍ និង​ពន្លឿន​ការ​ដោះស្រាយ​ក្នុង​ទំនាស់​ដី​ឲ្យ​មាន​តម្លាភាព។ ប្រជាពលរដ្ឋ​ថ្លែង​ដូច​នេះ បន្ទាប់​ពី​ស្វែង​រក​ការ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ជាច្រើន​ស្ថាប័ន តែ​គ្មាន​ដំណោះស្រាយ។

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ម្នាក់​រស់​នៅ​ភូមិ​ត្រពាំងផ្លុង សង្កាត់​បាទី ក្រុង​បាវិត លោក ឯក សារឿន ថ្លែង​នៅ​ថ្ងៃ​ទី​២៤ មីនា ថា លោក​មាន​ក្ដី​បារម្ភ​ខ្លាច​បាត់​ដី ដោយសារ​អស់​ជំនឿ​ក្នុង​ការ​រក​ដំណោះស្រាយ​នា​ពេល​កន្លង​មក។ ម្យ៉ាង ចុង​បណ្ដឹង​នៃ​ទំនាស់​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ ធ្វើ​ឲ្យ​អាជ្ញាធរ​ដែល​មាន​អំណាច​ដោះស្រាយ​ក្នុង​វិវាទ​នេះ មាន​ការ​ក្រែង​រអា និង​រុញរា​ក្នុង​ការ​រក​ដំណោះស្រាយ បាន​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

លោក ឯក សារឿន៖ «ប្ដឹង​ទៅ​សាលា​ដំបូងៗ​គេ​ហៅ​ទៅ​ដែរ ប៉ុន្តែ​គេ​អត់​កាត់ មិន​ដឹង​គាត់​យល់​យ៉ាង​ម៉េច​ទេ។ ក្រោយ​មក​បន្តបន្ទាប់​ទៀត​ហ្នឹង ខ្ញុំ​ប្ដឹង​ទៅ​កន្លែង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទីប្រឹក្សា​សម្ដេច​នាយក។ ហើយ​ចុង​ក្រោយ​មក ក៏​មាន​សម្ដេច ហេង សំរិន ហ្នឹង គាត់​មាន​លិខិត​អន្តរាគមន៍​មួយ​ដែរ។ ដល់​ចំពោះ​ខ្ញុំ​យក​មក​ក្រោមៗ​ទៅ​ហាក់​ដូច​គេ​មិន​សូវ​អើពើ ដូច​មិន​មាន​ប្រសិទ្ធភាព​អ៊ីចឹង។ ហើយ​ដល់​ពួក​ខ្ញុំ​ឥឡូវ​ហ្នឹង មិន​ដឹង​ទៅ​រក​វិធី​ណា​ទៀត​ទេ អ៊ីចឹង​បាន​ខ្ញុំ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សូម​ឲ្យ​សម្ដេច​ជួយ​ពួក​ខ្ញុំ​ផង»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ទំនាស់​ម្នាក់​ទៀត លោក ភឿង សុគន្ធី ឲ្យ​ដឹង​ថា ដី​របស់​លោក​ដែល​មាន​ទំនាស់​ដោះស្រាយ​មិន​ចេញ​នោះ​មាន​ចំនួន ៤​ហិកតារ បាន​កាន់​កាប់​​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។ ក្រោយ​មក​មាន​ទំនាស់​ប្ដឹង​គ្នា​ជាមួយ លោក ចៅ ភិរុណ ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ។

លោក ភឿង សុគន្ធី បញ្ជាក់​ថា ដោយ​ឃើញ​ចុង​បណ្ដឹង​ជា​មន្ត្រី​យោធា​ដែល​មាន​តំណែង​ខ្ពស់ ទើប​រួម​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ផ្សេង​ទៀត ប្ដឹង​ទៅ​ស្ថាប័ន​មួយ​ចំនួន រួម​មាន តុលាការ ព្រឹទ្ធសភា និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជាដើម។ ហើយ​ស្ថាប័ន​ទាំង​នោះ​ក៏​បាន​ចេញ​ដីកា​បង្គាប់​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ដី​ដែល​មាន​ទំនាស់​នោះ​ក៏​ពុំ​ទាន់​មាន​ពន្លឺ​ណា​មួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​ឡើយ៖ «ក្ដី​ព្រួយ​បារម្ភ​ខ្លាច​រដ្ឋាភិបាល​ហ្នឹង ច្បាប់​ចេញ​ហើយ​ថា​អ្នក​រំលោភ​យក​ដី​គេៗ​មាន​អំណាច​អ៊ីចឹង គេ​ត្រូវ​គ្នា​អ៊ីចឹង ខ្លាច​គាត់​មិន​ដោះស្រាយ​ឲ្យ​យើង​តែ​ប៉ុណ្ណឹង​ទេ។ ជឿជាក់​លើ​សម្ដេច ហើយ​សម្ដេច​គាត់​ថា​មិន​ឲ្យ​អ្នក​ណា​មួយ​បាត់​បង់​ដី មិន​ត្រូវ​គេ​រំលោភ​យក​ដី ពីព្រោះ​ដី​ខ្ញុំ​នេះ​បើ​សិន​និយាយ​ពិត​រុករាន​ពី ៧៩ មក»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ចុង​បណ្ដឹង លោក ចៅ ភិរុណ ដើម្បី​មាន​ឱកាស​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ មីនា។

ប៉ុន្តែ នាយ​រង​អធិការកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ ដែល​បាន​ចុះ​អង្កេត​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អ៊ិត ជី មាន​ប្រសាសន៍​ថា ក្នុង​ទំនាស់​នេះ ចុង​បណ្ដឹង​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់ ឬ​ហៅ​ថា ប្លង់​រឹង ដែល​ចេញ​ដោយ​សុរិយោដី​ខេត្ត ចំណែក​ឯ​អ្នក​ភូមិ​ទាំង ៩​គ្រួសារ​នោះ ពុំ​មាន​ប័ណ្ណ​កាន់​កាប់​នោះ​ទេ។ ហើយ​ទំនាស់​នេះ​មាន​ការ​រាំង​ស្ទះ ដែល​មិន​អាច​សម្រួល​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​បាន ទើប​បញ្ជូន​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៖ «ខ្ញុំ​ស្រាវជ្រាវ​ទី​ក៏​ខ្ញុំ​មិន​អាច​ជួយ​ដោះស្រាយ​គាត់​បាន ព្រោះ​ថា​នេះ​វា​ជា​សិទ្ធិ​សមត្ថកិច្ច​របស់​តុលាការ ដែល​គេ​មាន​សិទ្ធិ​សម្រេច ខាង​ខ្ញុំ​នេះ​មាន​សិទ្ធិ​សម្រួល។ ហើយ​ដល់​សម្រួល វា​មិន​បាន​ភាគី​ទាំង​២​ហ្នឹង មាន​ភាគី​ណា​ព្រម​ចូល​សម្រួល​ក៏​មិន​អាច​សម្រួល​គ្នា​បាន។ អ៊ីចឹង​ក៏​ស្នើសុំ​ជូន​យោបល់​ទៅ​រដ្ឋមន្ត្រី​ហ្នឹង តើ​គួរ​ទុក​ឲ្យ​ភាគី​ទាំង​២​ហ្នឹង​ប្ដឹង​ផ្ដល់​គ្នា​នៅ​តុលាការ​ទៅ»

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ត្រឹមត្រូវ។ ដី​ដែល​មាន​ទំនាស់​នោះ​ទំហំ​ជាង ១២​ហិកតារ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ នៅ​ភូមិ​តាពៅ និង​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ដី​នេះ​មាន​ទំនាស់​ប្ដឹង​ផ្ដល់​រវាង​ប្រជាពលរដ្ឋ​ចំនួន ៩​គ្រួសារ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ ប្ដឹង​គ្នា​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។