ពលរដ្ឋ​នៅ​កំពង់ចាម​បារម្ភ​បាក់​ដី​ចូល​ទន្លេ​ដោយសារ​ក្រុមហ៊ុន​ចិន​ខួង​ដី​ពនិត្យ​ធ្វើ​ស្ពាន

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បារម្ភ​ទៅ​នឹង​គម្រោង​ធ្វើ​ស្ពាន​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​ខួង​ដី​នៅ​ក្នុង​ភូមិ​របស់​ពួក​គាត់ ដើម្បី​ពិនិត្យ​ស្ថានភាព​ដី។ ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ការ​ខួង​ដី​នោះ​អាច​ធ្វើ​ឱ្យ​ដីធ្លី​របស់​ពួក​គាត់​នៅ​ទីនោះ​រង​ការ​បាក់​ស្រុត ពីព្រោះ​កន្លែង​ខួង​នោះ គឺ​នៅ​ជាប់​នឹង​ទន្លេ។

កន្លង​មក ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ទីនោះ តែង​តែ​ត្រូវ​បាក់​ស្រុត​ជានិច្ច។ ចំណែក​អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ការ​ខួង​ដី​នោះ ដំបូង​ឡើយ​គឺ​មាន​ការ​យល់​ព្រម​ពី​ប្រជាពលរដ្ឋ ហើយ​ការ​ខួង​ដី​នោះ​គ្រាន់​តែ​ជា​ការ​សិក្សា​ពី​ស្ថានភាព​ដី​តែ​ប៉ុណ្ណោះ។

ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ក្នុង​ភូមិ​ខ្សាច់​ប្រឆេះ​លើ ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បាន​នាំ​គ្នា​ហាម​ឃាត់​សកម្មភាព​ខួង​ដី​ពី​សំណាក់​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ​ថា ស៊ាងហៃ ខន់ស្ត្រាក់សិន (Seanghai Contruction) ដែល​បាន​ចុះ​ពិនិត្យ​លើ​ស្ថានភាព​ដី ដើម្បី​សិក្សា​លើ​គម្រោង​ធ្វើ​ស្ពាន​ឆ្លង​កាត់​ពី​ស្រុក​ស្ទឹង​ត្រង់ មក​កាន់​ស្រុក​ក្រូចឆ្មារ។ ការ​ខួង​ដី​នោះ គឺ​មាន​ជម្រៅ​ជិត ១០០​ម៉ែត្រ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ថា នឹង​អាច​ធ្វើ​ឱ្យ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​នៅ​ក្នុង​ភូមិ ដែល​មាន​ទីតាំង​ជាប់​ដង​ទន្លេ​ផង​នោះ នឹង​អាច​បាក់​ស្រុត​មិន​ខាន។

ប្រជាពលរដ្ឋ​ម្នាក់ អ្នកស្រី ហោ កើយ ដែល​ក្រុមហ៊ុន​ចិន បាន​ខួង​ដី​ចំ​មុខ​ផ្ទះ​របស់​គាត់ មាន​ប្រសាសន៍​ថា ដំបូង​ឡើយ​ពួក​គាត់​មិន​យល់​ព្រម​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ខួង​ដី​នៅ​មុខ​ផ្ទះ​របស់​គាត់​នោះ​ទេ ប៉ុន្តែ​ក្រោយ​មក​ទើប​មាន​ការ​យល់​ព្រម ដោយ​មាន​លក្ខខណ្ឌ​ឱ្យ​ខួង​ដី​នោះ​ត្រឹម​ជម្រៅ ៦០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​ក៏​បន្ថែម​រហូត​ដល់ ៨០​ម៉ែត្រ។ អ្នកស្រី​បន្ត​ថា ជម្រៅ ៨០​ម៉ែត្រ​ទៅ​ហើយ ក្រុមហ៊ុន​ចិន នោះ​នៅ​តែ​មិន​ទាន់​បញ្ឈប់​ការ​ខួង​ដី​របស់​ខ្លួន​ទៀត ទើប​ធ្វើ​ឱ្យ​គ្រួសារ​គាត់ និង​អ្នក​ភូមិ​ឯ​ទៀត​នាំ​គ្នា​ឃាត់​ដំណើរ​ការ​ពិនិត្យ​ដី​របស់​ក្រុមហ៊ុន​នោះ​តែ​ម្តង ព្រោះ​ខ្លាច​បាក់​ស្រុត​ដី និង​ផ្ទះ​របស់​ពួក​គាត់៖ «ខ្ញុំ​មិន​ឱ្យ​ខួង​ដាច់​ខាត​ប្រសិន​បើ​អង្គការ​ណា​អាជ្ញាធរ​ប៉ូលិស​ទាហាន​ណា​ក៏ដោយ មក​ថា​សុំ​ដី​ហ្នឹង​ខួង​ទៅ​ខួង​មុខ​ផ្ទះ​លោក​ឯង​ចុះ។ ខ្ញុំ​ប្ដេជ្ញា​អ៊ីចឹង​ខ្លាច​ស្រុត​ដី​ស្រុត​ផ្ទះ​សម្បែង​បង​ប្អូន​កូន​ចៅ​ខ្ញុំ​ដែរ»

អ្នកស្រី​បញ្ជាក់​ថា គាត់​មិន​ចង់​ឱ្យ​ក្រុមហ៊ុន​ចិន នោះ​បន្ត​ដំណើរ​ការ​ខួង​ដី​ត​ទៅ​ទៀត​ឡើយ បើ​ទោះ​បី​ជា​មាន​លិខិត​ស្នាម​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ក៏ដោយ ពីព្រោះ​កាល​ណា​បាក់​ស្រុត​ដីធ្លី និង​ផ្ទះ​សម្បែង​ទៅ​ពួក​គាត់​មិន​ដឹង​ទៅ​រស់​នៅ​ទីណា​នោះ​ទេ។

ជំទប់​ទី​១ ឃុំ​ក្រូចឆ្មារ លោក ប៉ាវ សេងលី មាន​ប្រសាសន៍​ថា ដំណើរ​ការ​ខួង​ដី​ពី​សំណាក់​ក្រុមហ៊ុន​ចិន នោះ ដំបូង​ឡើយ គឺ​មិន​បាន​ជម្រាប​មក​អាជ្ញាធរ​ឃុំ និង​ស្រុក​ឱ្យ​បាន​ដឹង​នោះ​ទេ ហើយ​អាជ្ញាធរ​ឃុំ​ក៏​មិន​បាន​ដឹង​ថា ការ​ខួង​ដី​នោះ​មាន​គោល​បំណង​អ្វី​ពិត​ប្រាកដ​នោះ​ដែរ ទើប​ធ្វើ​ឱ្យ​លោក​មាន​ការ​បារម្ភ​ចំពោះ​បញ្ហា​នឹង​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ជាច្រើន​រយ​គ្រួសារ​នោះ៖ «បាទ! ព្រួយ​បារម្ភ​ដែល​ខ្លាច​ស្រុត​ដី​ទៅ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្រូចឆ្មារ»

អ្នក​បកប្រែ​ភាសា​ចិន លោក លីម សុខា ឱ្យ​ដឹង​ថា គម្រោង​ធ្វើ​ស្ពាន​នោះ​ជា​ដំបូង​ខាង​អ្នក​ជំនាញ​របស់​ចិន ត្រូវ​ពិនិត្យ​លើ​ស្ថានភាព​ដី​សិន ហើយ​ការ​ខួង​ដី​នោះ គឺ​គេ​កំណត់​ត្រឹម​តែ​ស្រទាប់​មាន​ថ្ម​តែ​ប៉ុណ្ណោះ គេ​នឹង​ផ្អាក​ទៅ​វិញ ដោយ​យក​ដី​នោះ​ទៅ​ពិនិត្យ​ក្នុង​កន្លែង​ពិសោធន៍។ លោក​បន្ត​ថា គម្រោង​នឹង​ត្រូវ​បញ្ចប់​ក្នុង​មួយ​សប្ដាហ៍ ហើយ​ដំណើរ​ការ​នេះ គឺ​មាន​ការ​អនុញ្ញាត​ពី​ខាង​រាជ​រដ្ឋាភិបាល ចំណែក​ខាង​ក្រុមហ៊ុន​ក៏​បាន​បញ្ជូន​លិខិត​អនុញ្ញាត​មក​ខាង​អាជ្ញាធរ​រួច​ហើយ​ដែរ៖ «ថា​អ៊ីចេះ គាត់​ខួង​ដល់​ថ្ម​បាន​អាច​ឈប់​បាន។ អត់​ទេ! ទោះ​ដល់​ថ្ម ឬ​មិន​ដល់​ថ្ម ក៏​ខ្ញុំ​លែង​ឱ្យ​ខួង​ហើយ ព្រោះ​ដល់​កំណត់ ៨០​ហើយ។ ឈប់​ឱ្យ​ខួង​ហើយ ប្រជាជន​គេ​ថា​ឈប់​ឱ្យ​ខួង​ហើយ ឱ្យ​លើក​ម៉ាស៊ីន​ចេញ។ ផ្ទះ​នៅ​មាត់​ច្រាំង​អ៊ីចឹង​បាក់​ច្រាំង​ទៅ មាន​ដី​ណា​នៅ? គាត់​ថា​អ៊ីចេះ បើ​បាក់​ផ្ទះ​ទៅ គាត់​ចេញ​លុយ​សង។ អត់​ជឿៗៗ អត់​ឱ្យ​សង​ទេ ខ្ញុំ​មាន​ប៉ុណ្ណា​ខ្ញុំ​នៅ​ប៉ុណ្ណឹង»

លោក​បន្ត​ថា នេះ​ជា​លើក​ទី​ពីរ​ក្នុង​ការ​ខួង​ពិនិត្យ​ស្ថានភាព​ដី​នៅ​ស្រុក​ក្រូចឆ្មារ ដោយ​លើក​ទី​មួយ អ្នក​ជំនាញ​មិន​បាន​រក​ឃើញ​ស្រទាប់​មាន​ថ្ម​ទេ ហើយ​ប្រសិន​បើ​ការ​ខួង​នោះ​នៅ​តែ​មិន​ប៉ះ​ចំ​ស្រទាប់​មាន​ថ្ម​ទៀត គម្រោង​ធ្វើ​ស្ពាន​នោះ​នឹង​អាច​ត្រូវ​ផ្អាក​ទៅ​វិញ។

អភិបាល​ស្រុក​ក្រូចឆ្មារ លោក ស្រេង លី មាន​ប្រសាសន៍​ថា ដំបូង​ឡើយ គឺ​មាន​ការ​យល់​ព្រម​ពី​សំណាក់​ម្ចាស់​ផ្ទះ ដើម្បី​ឱ្យ​ខួង​ដី​នោះ ហើយ​ការ​ខួង​នោះ គឺ​គ្រាន់​តែ​ជា​ការ​សិក្សា​ពី​ស្ថានភាព​ដី​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ខាង​លោក​មាន​ឯកសារ និង​ពន្យល់​អំពី​ការ​អនុវត្ត​គម្រោង​នោះ​ដល់​ប្រជាពលរដ្ឋ អំពី​ផល​ប្រយោជន៍​រួម។ ហើយ​ប្រសិន​បើ​ពួក​គាត់​យល់​ព្រម​នោះ អាជ្ញាធរ​នឹង​ឯកភាព​តាម តែ​បើ​ពួក​គាត់​មិន​យល់​ព្រម​ទេ អាជ្ញាធរ​ក៏​មិន​អាច​បង្ខំ​នោះ​ដែរ។ យ៉ាង​ណា​ក៏ដោយ សកម្មភាព​ខួង​ដី​នោះ ត្រូវ​បាន​ផ្អាក​វិញ​ទៅ​ហើយ ហើយ​ប្រជាពលរដ្ឋ​នៅ​តែ​ទាមទារ​ឱ្យ​ខាង​ក្រុមហ៊ុន​ដក​គ្រឿងចក្រ និង​បញ្ឈប់​សកម្មភាព​ខួង​ដី​នៅ​តំបន់​នោះ​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។