ពាក្យបណ្ដឹងទាក់ទងនឹងរឿងដីធ្លី ព្រៃឈើ និងបទល្មើសនេសាទសរុបជាង ២០បណ្ដឹង ត្រូវបានប្រជាពលរដ្ឋមកពីតាមបណ្ដាស្រុកផ្សេងៗនៃខេត្តកំពង់ឆ្នាំង ដាក់ជូនអភិបាលខេត្តនេះដោះស្រាយព្រមគ្នា នៅថ្ងៃទី១៩ ខែមីនា។ មន្ត្រីសាលាខេត្តបានទទួលយកពាក្យបណ្ដឹងទាំងនោះ ដោយមានការចុះហត្ថលេខាទទួល ប៉ុន្តែមិនសរសេរឈ្មោះ ឬឆ្លើយតបយ៉ាងណានោះទេ។ ក្រុមម្ចាស់ពាក្យបណ្ដឹងបានសម្ដែងការខកចិត្តចំពោះរឿងនេះ។
ក្រុមប្រជាពលរដ្ឋ និងមន្ត្រីមកពីគណបក្សប្រឆាំងសរុបប្រមាណជា ១០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខសាលាខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំការឆ្លើយតបពីអាជ្ញាធរ បន្ទាប់ពីបានដាក់ពាក្យបណ្ដឹងរបស់ខ្លួនដល់ដៃមន្ត្រីសាលាខេត្ត។ ពលរដ្ឋខ្លះបានពោលទាំងអស់សង្ឃឹមថា ការប្ដឹងផ្តល់នោះ ដូចយកក្រដាសទៅបោះចោលក្នុងធុងសំរាម និងខ្លះទៀតពោលថា យ៉ាងហោចណាស់ក៏អាជ្ញាធរបានដឹងពីទុក្ខកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋដែរ។
ប្រជាពលរដ្ឋម្នាក់មកពីស្រុករលាប្អៀរ អ្នកស្រី ទឹម ស៊ីឡាត់ មានប្រសាសន៍ថា នៅក្នុងភូមិអ្នកស្រីមានប្រជាពលរដ្ឋចំនួន ១៧គ្រួសារ មានជម្លោះដីធ្លីជាមួយនឹងមេភូមិអណ្ដូងចេក នៃឃុំជើងគ្រាវ តាំងពីឆ្នាំ២០១១ មិនទាន់មានដំណោះស្រាយអ្វីឡើយ។ ការដាក់ពាក្យបណ្ដឹងនៅសាលាខេត្តនាពេលនេះ អ្នកស្រីក៏មិនសូវជាមានសង្ឃឹមប៉ុន្មានដែរ ប៉ុន្តែអ្នកស្រីនឹងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរ៖ «ប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងនេះមានអ្នកមកទទួល ដល់ពេលទទួលហើយ គាត់បានស៊ីញេ តែគាត់អត់ដាក់ឈ្មោះ និងប្រគល់ក្រដាសហ្នឹងជូនប្រជាពលរដ្ឋវិញទេ។ តើគាត់ធ្វើដល់អភិបាលខេត្ត ធ្វើដល់ថ្នាក់រដ្ឋបាលហើយនេះ គាត់ធ្វើដើម្បីអ្វីគាត់ ធ្វើមើលងាយប្រជាពលរដ្ឋ ឬយ៉ាងម៉េច?»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតមកពីស្រុកកំពង់លែង លោក ឈឹម គឹមឈៀក ឲ្យដឹងថា ប្រជាពលរដ្ឋមកពីឃុំប្រឡាយមាស និងឃុំផ្លូវទូក បាននាំគ្នាផ្ដិតមេដៃប្ដឹងនាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ហៅតាហោ ពីបទបណ្ដែតបណ្ដោយឲ្យជនជាតិវៀតណាម នេសាទខុសច្បាប់ ប៉ុន្តែបានបើកយុទ្ធនាការបង្ក្រាបតែទៅលើប្រជាពលរដ្ឋខ្មែរ ដែលនេសាទជាលក្ខណៈគ្រួសារទៅវិញ៖ «ខ្ញុំមានរូបថតមួយចំនួនពីមុខរបរល្មើសច្បាប់ ដូចជាអួនខ្នាតធំ ដែលគាត់អូសពេញទន្លេ ហើយសមត្ថកិច្ចជលផលអត់យកភ្នែកមើល ហើយសម្រាស់ធំៗ សមត្ថកិច្ចជលផលអត់យកភ្នែកមើលឃើញតែអាតូចៗ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះជាមួយវិទ្យុអាស៊ីសេរី ឡើយ នៅថ្ងៃទី១៩ ខែមីនា ដោយលោកអះអាងថា កំពុងជាប់ប្រជុំ។
យ៉ាងណា នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ឆ្នាំង លោក អ៊ុក ឌឹម បានបង្ហើបថា លោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ២២បណ្ដឹង ដែលភាគច្រើន គឺជារឿងដីធ្លីចាស់ៗ ប៉ុន្តែលោកនឹងរៀបចំឯកសារទាំងនោះដាក់ជូនអភិបាលខេត្តពិនិត្យ។
ត្រង់ចំណុចនេះ អភិបាលរងទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីខេត្តកំពង់ឆ្នាំង លោក ចេង ញ៉ាន់ បញ្ជាក់ថា រាល់បណ្ដឹងទាក់ទងនឹងបញ្ហាដីធ្លី លោកបានជូនយោបល់ទៅលោកអភិបាលខេត្តរួចហើយ ប៉ុន្តែត្រង់ថា អភិបាលខេត្តលោកចាត់ចែងយ៉ាងណានោះ គឺធ្លាក់ទៅខាងនាយកទីចាត់ការអន្តរវិស័យជាអ្នកចាត់ការបន្ត៖ «អ៊ីចឹង រឿងច្រើនហ្នឹងមិនប្រាកដថាខេត្តត្រូវតែដោះស្រាយទាំងអស់ទេ វាមានរឿងខ្លះកំពុងស្ថិតក្នុងដៃតុលាការអ៊ីចឹង។ យើងនឹងបង្វិលទៅខាងតុលាការ ហើយរឿងណាដែលត្រូវអាចសមត្ថកិច្ចត្រឹមស្រុក ឬក៏ឃុំអី ស្រាវជ្រាវហ្នឹង គឺយើងបែងចែកតាមហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ចគា ថ្លែងថា ការរៀបចំពាក្យបណ្ដឹងដាក់ជូនសាលាខេត្តនាពេលនេះ គឺជាការផ្ដួចផ្ដើមរបស់សមាគមអាដហុក ដែលធ្វើឡើងនៅទូទាំងប្រទេស ទៅលើបណ្ដឹងរបស់ប្រជាពលរដ្ឋដែលខ្លួនកំពុងតាមដាន។ លោកថា សម្រាប់នៅខេត្តកំពង់ឆ្នាំង មានពាក្យបណ្ដឹងដីធ្លីចំនួន៦ ក្នុងចំណោមពាក្យបណ្ដឹងជាង១០ បានដាក់ចូលសាលាខេត្តនៅព្រឹកថ្ងៃទី១៩ ខែមីនា នេះ៖ «សូមឲ្យរាជរដ្ឋាភិបាលបញ្ចប់អធិក នៃរឿងដីធ្លីរឿងព្រៃឈើនេះឲ្យបានល្អ កុំឲ្យមានភាពច្របូកច្របល់ដូចសព្វថ្ងៃនេះទៀតបាទ!»។
នៅអំឡុងពេលនៃការជួបប្រជុំគ្នា ដើម្បីដាក់ពាក្យបណ្ដឹងនៅសាលាខេត្តនេះ គេមិនឃើញវត្តមានអ្នកមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង នោះទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៩ ខែមីនា នេះដែរ ក្រុមអ្នកភូមិបឹងកក់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន ២៤គ្រួសារ បានចូលទៅវាស់វែងដីធ្លីក្នុងបរិវេណដីដែលក្រុមហ៊ុនបានឈូសឆាយ ដោយអះអាងថា ដីទាំងនោះ គឺជាកម្មសិទ្ធិរបស់ពួកគាត់ ហើយក្រុមហ៊ុនបានរំលោភយក។ ការវាស់វែងនេះ គឺដើម្បីចង់ដឹងពីទំហំដីពិតប្រាកដ និងរៀបចំឯកសារប្ដឹងទៅអង្គការក្រៅរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
