ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទាមទារឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយពន្លឿនការដោះស្រាយវិបត្តិដីធ្លីនៅភូមិឡពាង នៃឃុំតាជេស។ ការទាមទារនេះ ធ្វើឡើងនៅអំឡុងពេលនៃការចុះចែកអំណោយសប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋភូមិឡពាង ជាង ១០០គ្រួសារ នៅព្រឹកថ្ងៃទី២៥ ខែមីនា។
តំណាង និងប្រជាពលរដ្ឋភូមិឡពាង បញ្ជាក់ថា វិបត្តិដីធ្លីរបស់ពួកគាត់នឹងមិនអាចដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗបាននោះទេ ខណៈដែលគណៈកម្មការចម្រុះរបស់អាជ្ញាធរខេត្ត បង្កើតឡើងដើម្បីស៊ើបអង្កេតរកការពិតជុំវិញរឿងនេះ តាំងពីដើមខែមីនា ឆ្នាំ២០១៤ មិនទាន់ឃើញមានសកម្មភាពអ្វីសោះនោះ។
ប្រជាពលរដ្ឋម្នាក់ លោក អៀរ ចិន មានប្រសាសន៍ថា អំណោយជាអង្ករ និងទឹកស៊ីអ៊ីវ ដែលលោកទទួលបាននៅថ្ងៃនេះ គឺគ្រាន់តែបានដោះស្រាយមួយគ្រាខ្លីប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាអាយុជីវិត និងក្ដីសង្ឃឹមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារលោកឲ្យមានភាពថិតថេរនោះ គឺដីស្រែទំហំ ២ហិកតារ ដែលក្រុមហ៊ុនបានរំលោភយក។ លោកបន្តថា ក្រោយពីមានជម្លោះដីធ្លីជាង ១០ឆ្នាំមកនេះ ជីវភាពគ្រួសារលោកបានធ្លាក់ដុនដាបខ្លាំង តែលោកសង្ឃឹមថានឹងអាចស្ដារជីវភាពនេះឡើងវិញបាន ប្រសិនបើលោកទទួលបានដីស្រែមកធ្វើកសិកម្មវិញ៖ «សូមសំណូមពរឲ្យរាជរដ្ឋាភិបាលដោះស្រាយដីខ្ញុំបានមកវិញ។ សព្វថ្ងៃកូនចៅចេញដើរស៊ីឈ្នួលគេអស់ហើយទៅថៃ ហើយនៅខ្ញុំស៊ីឈ្នួលគេដកស្ទូង ខំកាប់ស្លឹកដេររកទទួលទាន ខែវស្សាឡើងកាប់ជន្លេន ចាប់កូនកង្កែបរកចិញ្ចឹមជីវិតសព្វថ្ងៃ»។
ទាក់ទងបញ្ហានេះអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរី ឡើយ នៅថ្ងៃទី២៥ ខែមីនា ដោយលោកទាមទារឲ្យធ្វើលិខិតស្នាមតាមបែបបទរដ្ឋបាលចូលទៅសាលាស្រុក ឬខេត្ត មុននឹងធ្វើការសម្ភាស។
យ៉ាងណា មេឃុំតាជេស លោក សួស ស៊ីផៃ បញ្ជាក់ថា គណៈកម្មការចម្រុះស៊ើបអង្កេតរឿងដីធ្លីនៅភូមិឡពាង នេះបានបង្កើតរួចហើយ និងពុំមានការផ្លាស់ប្ដូរសមាសភាពអ្វីនោះទេ ប៉ុន្តែមិនទាន់មានដំណើរការ ដោយរង់ចាំមើលសកម្មភាពពីអាជ្ញាធរថ្នាក់ខេត្ត៖ «អនុវត្តទៅ យើងនឹងដឹងពីលទ្ធផលពីការអនុវត្តការងារ។ សេចក្ដីត្រូវការរបស់គាត់ អាចធំអាចតូចទៅតាមគ្រួសារនីមួយៗ ហើយយើងមិនអាចទស្សន៍ទាយបានទេថា តើគាត់នឹងត្រូវការអ្វី ប៉ុន្តែខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋគាត់ឆ្លាត ព្រមទទួលយកការដោះស្រាយ ដើម្បីគាត់យកថវិកាគាត់ទៅរកទិញដីកន្លែងផ្សេងៗទៀត ដើម្បីបង្កបង្កើនផល»។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤ តំណាងអ្នកភូមិឡពាង និងមន្ត្រីនៃសមាគមអាដហុក (Adhoc) បានប្រតិកម្ម និងធ្វើសំណើទៅកាន់អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីសុំដកសមាជិកនៃគណៈកម្មការនេះចំនួន ៤រូប ក្នុងចំណោម ១៥រូបដែលបានបង្កើតឡើង គឺមានទី១ លោក ថៃ ហ៊ី ទី២ លោក ឡំ ឡី ទី៣ លោក ដង គ្រីយ៉ា និងទី៤ លោក ជួប ច័ន្ទធឿន ដោយអះអាងថា អ្នកទាំងនោះមានជាប់ពាក់ព័ន្ធទំនាស់ផលប្រយោជន៍ក្នុងរឿងដីធ្លីនៅភូមិឡពាង។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា ក្នុងករណីដែលពុំមានការផ្លាស់ប្ដូរសមាសភាព ឬនីតិវិធីថ្មីក្នុងជួរគណៈកម្មការចម្រុះនោះទេ នឹងធ្វើឲ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត និងគ្មានការចូលរួមពីពួកគាត់ ដែលជាសញ្ញាមួយបង្ហាញពីការបរាជ័យក្នុងការដោះស្រាយវិបត្តិដីធ្លីនេះ៖ «គណៈកម្មការនេះត្រូវប្រកាន់ជំហរមួយ គឺជំហរឯករាជ្យជំហរស្វែងរកយុត្តិធម៌ និងដំណោះស្រាយ»។
តំណាងប្រជាពលរដ្ឋភូមិឡពាង លោក រាជ សីម៉ា បញ្ជាក់ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ខេ.ឌី.ស៊ី អាចនៅបន្តអូសបន្លាយយូរទៀត ប្រសិនបើអាជ្ញាធរមិនជ្រើសរើសយកគ្រួសារដែលធ្លាប់មានទំនាស់ចំនួន ១០៨គ្រួសារ ក្នុងចំណោម ៥២គ្រួសារ ដែលកំពុងតវ៉ាសព្វថ្ងៃមកដោះស្រាយ។ លោកថា ការអូសបន្លាយពេលវេលានេះអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកភូមិកាន់តែខ្លាំង បើទោះបីជាមានអំណោយសប្បុរសធម៌ដូចថ្ងៃនេះរាប់សិបដងទៀត ក៏មិនអាចទ្រទ្រង់ជីវភាពពួកគាត់បានដែរ។
ជំនួយសប្បុរសធម៌ពីពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បាននាំយកអង្ករចែកជូនអ្នកភូមិឡពាង ចំនួន ១០២គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន ១៣គីឡូក្រាម ទឹកត្រី ១ដប និងសម្ភារៈមួយចំនួនទៀត។ ក្រៅពីនេះ មានជំនួយជាសាលារៀនសម្រាប់កុមារពីថ្នាក់ទី១ ដល់ទី៣ ចំនួន១ខ្នង ៣បន្ទប់ ដែលគ្រោងនឹងសាងសង់ក្នុងភូមិឡពាង ផ្ទាល់នៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។