ប្រជាពលរដ្ឋជាង ៨០គ្រួសារ រស់នៅភូមិបឹងខុនឆាង ខេត្តកោះកុង មិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលក្រុមនិស្សិតស្ម័គ្រចិត្តរបស់ប្រមុខដឹកនាំចុះវាស់ និងផ្តល់សលាកបត្រតាំងពីចុងឆ្នាំ២០១២ នៅឡើយទេ។
បញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ជួយពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ធិដីលំនៅឋាន និងដីបង្កបង្កើនផល ជូនពួកគាត់បានប្រើប្រាស់ និងមានទំនុកចិត្តក្នុងការគ្រប់គ្រងដីធ្លីនាថ្ងៃអនាគត។
ក្រុមប្រជាពលរដ្ឋមានគ្នាជិត ៤០នាក់ រស់នៅភូមិបឹងខុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តំណាងឲ្យពលរដ្ឋចំនួន ៨១គ្រួសារ នៅព្រឹកថ្ងៃទី៧ ខែតុលា បានយកញត្តិដាក់ជូនសាលាខេត្តកោះកុង ការិយាល័យតំណាងរាស្ត្រ អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) និងសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង ស្នើឲ្យជួយអន្តរាគមន៍ផ្តល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់។
តំណាងពលរដ្ឋភូមិបឹងខុនឆាង លោក ទា សារី បានឲ្យដឹងថា ក្រុមនិស្សិតបានចុះវាស់ដីធ្លី និងផ្តល់សលាកបត្រជូនពួកគាត់ កាលពីចុងឆ្នាំ២០១២ មកម្ល៉េះ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរមិនទាន់ផ្តល់ប្លង់ក្រដាសកម្មសិទ្ធិជូនទេ៖ «ខាងក្រុមការងារសម្ដេច ហ៊ុន សែន គាត់បានវាស់ចេញជាសលាកបត្រហ្នឹងហើយ តែមិនទាន់បានប្លង់។ វាស់ហ្នឹងចាប់វាស់តាំងពីចុងឆ្នាំ២០១២ មកម្ល៉េះ។ សុំឲ្យបានប្លង់មក ព្រោះអីខ្ញុំអត់មានដីមានធ្លីរស់នៅទេ។ បានដីហ្នឹងមក បានបង្កបង្កើនផល និងធ្វើផ្ទះរស់នៅ ព្រោះពួកខ្ញុំហ្នឹងអត់មានដីមានធ្លីទេ»។
ញត្តិដាច់ដោយឡែកពីគ្នា ដែលពលរដ្ឋដាក់ជូនអាជ្ញាធរខេត្តកោះកុង បានបញ្ជាក់ថា ដីធ្លីរបស់ពលរដ្ឋទាំង ៨១គ្រួសារ នៅភូមិបឹងខុនឆាង ត្រូវក្រុមនិស្សិត និងអាជ្ញាធរមូលដ្ឋាន បានចុះវាស់វែងដល់ទីកន្លែងកាលពីចុងឆ្នាំ២០១២។ ហើយសកម្មភាពនេះ ក្រុមជំនាញក៏បានប្រកាសផ្សព្វផ្សាយជាសាធារណៈនៅការិយាល័យភូមិបាលក្រុងខេមរភូមិន្ទ ដើម្បីកែតម្រូវ និងដោះស្រាយទំនាស់។ ជាងនេះ ប្រជាពលរដ្ឋក៏បានទៅកែតម្រូវ និងបំពេញសលាកបត្រព័ត៌មាន ត្រៀមទទួលប្លង់កម្មសិទ្ធិរៀងៗខ្លួន។ ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋទាំង ៨១គ្រួសារ មិនទាន់បានប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់នៅឡើយទេ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ លោក អ៊ិន គង់ជិត ទទួលស្គាល់ថា ពលរដ្ឋទាំង ៨១គ្រួសារ ពិតជាត្រូវក្រុមនិស្សិតប្រមុខដឹកនាំ ចុះវាស់ដីជូនកាលពីចុងឆ្នាំ២០១២ និងមិនទាន់បានប្លង់កម្មសិទ្ធិពីអាជ្ញាធរពិតមែន។ លោកស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នជំនាញពាក់ព័ន្ធ ជួយពន្លឿន និងដោះស្រាយផ្តល់ប័ណ្ណកម្មសិទ្ធិដីលំនៅឋាន និងដីបង្កបង្កើនផលជូនពលរដ្ឋនៅភូមិបឹងខុនឆាង ឲ្យមានប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ ដូចពលរដ្ឋដទៃទៀត៖ «យើងយល់ឃើញថា គោលនយោបាយវាស់វែងដីធ្លីតាមបទបញ្ជាលេខ០១ ដោយក្រុមយុវជនហ្នឹង ឃើញថាពីដំបូងហ្នឹងវាល្អហើយ។ ប៉ុន្តែមកដល់ឥឡូវ ហេតុអីវាស់វែងរួចហើយ ម្ដេចក៏មិនចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ? អ៊ីចឹង ការធ្វើកន្លងមកហ្នឹង គ្រាន់តែជារូបភាពបោកបញ្ឆោតហ្នឹង? មិនមែនជាសុឆន្ទៈក្នុងការដោះស្រាយបញ្ចប់ជម្លោះដីធ្លីប្រជាជន ហើយដែលធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទៅលើរដ្ឋាភិបាលទេឬ?»។
លោក អ៊ិន គង់ជិត រិះគន់ថា រដ្ឋាភិបាល ឬក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរទុកឲ្យបញ្ហាផ្តល់ប័ណ្ណប្លង់កម្មសិទ្ធិដីធ្លី ដែលប្រមុខដឹកនាំបានជំរុញ និងដាក់ចេញ អូសបន្លាយពេលយូរ និងអនុវត្តមិនមានប្រសិទ្ធភាពនោះទេ។
អភិបាលខេត្តកោះកុង លោក ប៊ុន ឡឺត មានប្រសាសន៍ថា នឹងពិនិត្យលើករណីពលរដ្ឋទាំង ៨១គ្រួសារ រស់នៅភូមិបឹងខុនឆាង ដែលស្នើប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីទាំងនេះ។ លោកថា កន្លងមក ដីធ្លីដែលពលរដ្ឋស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ជាដីមានទំនាស់ និងមិនទាន់ដោះស្រាយរួចរាល់៖ «បាទ! ខ្ញុំដឹងហើយរឿងប័ណ្ណកម្មសិទ្ធិដែលក្រុមនិស្សិតវាស់វែងហ្នឹង គឺវាមានពាក់ព័ន្ធខាងអភិរក្សគេប្ដឹង។ អ៊ីចឹងយើងត្រូវសម្របសម្រួលជាមួយខាងអភិរក្សជាមុនសិន»។
យ៉ាងណាក៏ដោយ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ស្នើដល់ផ្នែកពាក់ព័ន្ធ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យពិនិត្យដោះស្រាយ និងឈានដល់ផ្តល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនពលរដ្ឋទាំង ៨១គ្រួសារ នៅភូមិបឹងខុនឆាង ដូចពលរដ្ឋដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
