ក្រុមហ៊ុនឯកជនឈ្មោះ ហ្វីភី ម៉ាឡេស៊ី (Fephy Malaysia) ដែលចូលទៅដាក់បង្គោលកំណត់ព្រំដីសម្បទានសេដ្ឋកិច្ចនៅស្រុកគូលែន ខេត្តព្រះវិហារ កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ។
ប្រជាពលរដ្ឋទាំងនៅក្នុងឃុំស្រយង់ និងឃុំភ្នំត្បែង២ តែងប្រមូលផ្ដុំគ្នាតវ៉ា ព្រមទាំងរៀបចំឯកសារផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុននេះជាបន្តបន្ទាប់។
ក្រុមអ្នកភូមិបរិបូរណ៍ នៃឃុំភ្នំត្បែង២ ស្រុកគូលែន ឱ្យដឹងថា ពួកគេកំពុងនាំគ្នាផ្ដិតមេដៃ រៀបចំឯកសារធ្វើពាក្យបណ្ដឹង ដាក់ទៅអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋជាច្រើនទៀត ឱ្យជួយដោះស្រាយលើបញ្ហាដែលក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី ដើរបោះបង្គោលកំណត់ព្រំដីចូលទៅក្នុងស្រែ និងចម្ការជាច្រើនហិកតារ។
ក្រុមអ្នកភូមិ ព្រួយបារម្ភថា បង្គោលស៊ីម៉ងត៍ដែលក្រុមហ៊ុនដើររាយបណ្ដាក់ ដើម្បីបោះកំណត់ព្រំដីសម្បទានសេដ្ឋកិច្ច ទៅតាមគំនូសថ្នាំក្រហមដែលពួកគេបាញ់នោះ នឹងធ្វើឱ្យបាត់បង់ដីស្រែចម្ការច្រើនរយហិកតារនៅពេលខាងមុខ។
បុរសអ្នកភូមិបរិបូរណ៍ មួយរូប ក្នុងចំណោមជាច្រើនទៀត គឺលោក តាំង ថានី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ថា រូបគាត់ និងអ្នកភូមិជាង ១០០គ្រួសារទៀត កំពុងភ័យខ្លាចបាត់បង់ដីស្រែចម្ការ ដោយសារតែក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី បោះបង្គោលយក៖ «ដីស្រែខ្ញុំ ៤ហិកតារ នៅម្ដុំអូររីហាំង ព្រៃអារក្ស ប៉ះទាំងអស់។ ខាងពួកខ្ញុំកំពុងរៀបចំស្នាមមេដៃ ដាក់ទៅខាងអង្គការសិទ្ធិមនុស្ស និងទៅខាងគ្រប់ស្ថាប័ន ឱ្យជួយដោះស្រាយជូនប្រជាពលរដ្ឋផង»។
ចាប់តាំងតែពីដើមខែសីហា មក ក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី បានយកបង្គោលស៊ីម៉ងត៍ដើរដាក់តាមព្រៃ បំណងបោះពង្រីកព្រំដីសម្បទានសេដ្ឋកិច្ច។ កាលពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែសីហា អ្នកភូមិក្ដាក់ និងភូមិបរិបូរណ៍ នៃឃុំភ្នំត្បែង២ ប្រមាណ ៣០០គ្រួសារ ធ្លាប់បានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនម្ដងមកហើយ។
មេឃុំភ្នំត្បែង២ លោក ប៉ោយ ទុំ បានចោទប្រកាន់អាជ្ញាធរស្រុកគូលែន និងខេត្តព្រះវិហារ ថាបានរំលោភលើអំណាចរដ្ឋបាលឃុំសង្កាត់ ដោយចុះហត្ថលេខាប្រគល់ដីរបស់ឃុំភ្នំត្បែង២ ជាច្រើនហិកតារ ទៅឱ្យក្រុមហ៊ុន មិនបានឆ្លងកាត់អាជ្ញាធរឃុំទេ។ លោក ប៉ោយ ទុំ បានព្រមានថា លោកនឹងរួមគ្នាជាមួយប្រជាពលរដ្ឋជាច្រើនភូមិ ធ្វើជំរឿនផ្ទៃដីដែលប៉ះពាល់ ហើយរៀបចំជាឯកសារប្រគល់ទៅឱ្យចៅហ្វាយស្រុកគូលែន និងចៅហ្វាយខេត្តព្រះវិហារ ដោះស្រាយឱ្យបានត្រឹមត្រូវ ប៉ុន្តែប្រសិនបើអាជ្ញាធរស្រុកគូលែន និងខេត្តព្រះវិហារ មិនដោះស្រាយទេ គឺលោកនឹងធ្វើពាក្យប្ដឹងទៅរដ្ឋសភា ដើម្បីឱ្យកោះហៅអាជ្ញាធរទាំងពីរទៅសាកសួរ៖ «ដោយសាររំលោភលើច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ឃុំមិនបានចុះហត្ថលេខាប៉ះពាល់លើដីប្រជាពលរដ្ឋ អ៊ីចឹងឃុំត្រូវប្ដឹងជំទាស់ទៅលើអភិបាលស្រុកគូលែន និងអភិបាលខេត្តព្រះវិហារ»។
ចាប់តាំងពីក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី បញ្ជូនគ្រឿងចក្រទៅឈូសឆាយពង្រីកដីសម្បទានសេដ្ឋកិច្ចនៅឃុំស្រយង់ និងឃុំភ្នំត្បែង២ ស្រុកគូលែន គឺកើតមានការតវ៉ាជាច្រើនពីប្រជាពលរដ្ឋសហគមន៍ព្រៃឈើ ហើយអ្នកភូមិខ្លះ ក៏បានដាក់ពាក្យប្ដឹងមន្ត្រីដែលការពារក្រុមហ៊ុន ពីបទប្រើអាវុធបាញ់គំរាមខុសច្បាប់ផងដែរ។
កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ ប្រជាពលរដ្ឋ ៣នាក់ នៅភូមិស្រយង់ខាងជើង ឃុំស្រយង់ បានដាក់ពាក្យប្ដឹងទៅតុលាការខេត្តព្រះវិហារ ចោទប្រកាន់មន្ត្រីយោធាម្នាក់ឈ្មោះ សុខ អារុន ដែលអះអាងថា ជាតំណាងឱ្យក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី ពីបទប្រើអាវុធខ្លីបាញ់គំរាមពួកគេជាច្រើនគ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
